Showing posts with label ព័ត៌មាន. Show all posts
Showing posts with label ព័ត៌មាន. Show all posts

Wednesday, September 14, 2016

ជំរុញ​ឲ្យ​នាយកដ្ឋាន​អភិវឌ្ឍន៍​ឥស្លាម​ម៉ាឡេស៊ី​ ផ្ដល់​ការអប់រំ វិជ្ជាជីវៈ បច្ចេកទេស

កម្ពុជា​ថ្មី​
វិមាន



ភ្នំពេញ ៖ លោក អូស្មាន ហាស្សាន់ ជំរុញឲ្យក្រុមប្រតិភូ នាយកដ្ឋានអភិវឌ្ឍន៍ឥស្លាម ម៉ាឡេស៊ីផ្ដល់ការអប់រំ វិជ្ជាជីវៈ បច្ចេកទេស ជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសហគមន៍ខ្មែរឥស្លាមជនបទឲ្យបានលឿន សម្រាប់ជំហានទី១នេះ ដើម្បីបង្ហាញពីសកម្មភាពជឿជាក់ពីថ្នាក់ដឹកនាំ ។ លោកអូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ ក្រសួងការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ លោកបានបញ្ជាក់បែបនេះ ខណៈទទួលជួប ពិភាក្សាការងារជាមួយ គណៈប្រតិភូ អ្នកជំនាញបច្ចេកទេសម៉ាឡេស៊ី១២រូប នៅស្នាក់ការអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា កាលពីថ្ងៃទី ១៣ កញ្ញា ឆ្នាំ២០១៦នេះ។

លោក Haji Mohammad Nordin Ismail អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចការឥស្លាមម៉ាឡេស៊ី បានបញ្ជាក់ថា នៅក្នុងជាជំហានដំបូង ក្នុងដំណើរការ លើគម្រោងនានាសម្រាប់ឆ្នាំ២០១៦នេះ ក្រុមអ្នកឯកទេស របស់ស្ថាប័នលោក បានទទួលការអនុញ្ញាតិពីរដ្ឋាភិបាលម៉ាឡេស៊ីឲ្យ ចាប់ផ្ដើមចំណាយខ្ទង់ថវិកា ចំនួន៣០ម៉ឺនដុល្លារសិន ដើម្បីបើកវគ្គអប់រំ វិជ្ជាជីវៈ និងបច្ចេកទេស ជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ដល់សហគមន៍ខ្មែរឥស្លាមនៅជនបទក្នុងជំហ៊ានដំបូងនេះ។ ឆ្លើយតបតាមសំណើរបស់អង្គការ មូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា គឺត្រូវបើកវគ្គមុនគេនៅ ខេត្ដកំពង់ចាម និងខេត្ដកំពង់ឆ្នាំង។ រៀងរាល់ឆ្នាំរហូត ដល់បញ្ចប់បេសកកម្ម ដើមឆ្នាំ២០១៩។ ក្នុងពេលនេះ យើងផ្តើមពីវិស័យអប់រំជាមុន ដោយនឹងរៀបចំបំពាក់បំប៉នគ្រូបង្គោលថ្នាក់មត្តេយ្យ និង បឋមសិក្សា ហើយនឹងមានវគ្គអប់រំផ្សេងៗបន្ដទៀត។ ចំណែកប្រព័ន្ធផ្សេងៗ ៥ចំណុចទៀត នឹងបន្តតាមកាលវិភាគ ដែលបានដាក់ជូន ហើយកែប្រែតាមស្ថានភាពជាក់ស្ដែង។ តាមរយៈសកម្មភាពនេះជាការបង្ហាញ ពីការផ្សាភ្ជាប់ទំនាក់ទំនង ឲ្យកាន់តែជិតស្និទ្ធរវាងប្រទេសម៉ាឡេស៊ីនិងប្រទេសកម្ពុជាថែមទៀត។

លោក អូស្មាន ហាស្សាន់បាន ថ្លែងអំណរគុណដល់រដ្ឋាភិបាល ម៉ាឡេស៊ីដែលបានសម្រេច និងចាប់ផ្ដើមដំណើរការគម្រោងកញ្ចប់ថវិកាខាងលើដើម្បីជួយបណ្ដុះបណ្ដាល និងបំពេញសេចក្ដីត្រូវការរបស់សហគមន៍ខ្មែរឥស្លាម។ ក្នុងនាមថ្នាក់ដឹកនាំសាសនិក ឥស្លាមកម្ពុជា លោកមានក្ដីសង្ឃឹមយ៉ាងមុតមាំថា រដ្ឋាភិបាលម៉ាលេស៊ី នឹងបន្តបេសកកម្មនេះរហូតបានសម្រេច គ្រប់ផ្នែកទាំងអស់ដើម្បីចូលរួមអភិវឌ្ឍន៍លើកកម្ពស់វិស័យអប់រំ វិជ្ជាជីវៈ វិស័យឧស្សាហកម្ម និងកិច្ចការសាសនាឥស្លាមនៅកម្ពុជា ជាពិសេសគឺការកាត់បន្ថយភាពក្រីក្រ។

លោកបន្ដថា សម្រាប់៦ចំណុច ដែល ស្ថិតនៅក្រោមគម្រោងកញ្ចប់ថវិកា ក្រោមការ រាប់រងរបស់រដ្ឋាភិបាលម៉ាឡេស៊ី យើងខ្ញុំកំពុងរៀបចំមេក្រុមការងារតាមផ្នែកនិមួយៗ ដើម្បីទៅទទួលការបណ្ដុះបណ្ដាលពីម៉ាឡេស៊ី តែសម្រាប់ពេលវេលា ដែលក្រុមបច្ចេកទេសដាក់ជូន ហាក់បីដូចជាកៀកគ្នា និង រយៈពេលខ្លី យើងខ្ញុំសូមយកពេលនេះចាត់ចែងសមាស ភាពឲ្យសមស្របតាមជំនាញនិមួយៗ សិនបន្ទាប់មក ក្រុមគណៈដឹកនាំជាន់ខ្ពស់ នៃសាសនា ឥស្លាមកម្ពុជា យើងនិងស្នើសុំកំណត់ថេរវេលាទៅតាមផ្នែកនិមួយៗ ដើម្បីត្រៀមអនុវត្តការងារនេះឲ្យមានប្រសិទ្ធភាព ទៅតាមបណ្ដាខេត្ដផ្សេងៗ បន្តទៀត៕

ក្រសួង​វប្បធម៌​ដាក់​វិធានការ​​ដើម្បី​ពង្រឹងគុណភាព​ភាពយន្ត

Everyday



រាជធានី​ភ្នំពេញ ៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​តាម​រយៈ​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌​បាន​ដាក់​ឲ្យ​អនុវត្ត​នូវ​វិធានការ​៣​ចំណុច​ចំពោះ​ផលិតករ អ្នកដឹកនាំ​រឿង សំដៅ​ពង្រឹងគុណភាព​ក្នុង​ការ​ផលិតភាព​យន្ត​ឲ្យ​បាន​ល្អ​ប្រសើរ ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​នាយកដ្ឋាន​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៦​ឲ្យ​ដឹង​ថា អនុវត្ត​តាម​ស្មារតី​អង្គ​សិក្ខាសាលា​ភាពយន្ត​ក្រោម​ប្រធានបទ «​ដើម្បី​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​» ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០១៥ ដោយ​បាន​ឯកភាព​សម្រេច​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន សំដៅ​លើកកម្ពស់​សមត្ថភាព​ផលិត​ស្នាដៃ​ថ្មី​ប្រកបដោយ​គុណភាព មាន​ភាព​ទាក់ទាញ និង​អាច​ប្រកួតប្រជែង​បាន​នៅ​លើ​ទីផ្សារ​ភាពយន្ត​ក្នុងស្រុក​នោះ នាយកដ្ឋាន​សិល្បៈ​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌​បាន​ដាក់​ឲ្យ​អនុវត្ត​នូវ​វិធានការ៣​ចំណុច​ដល់​ចាងហ្វាង​ផលិតកម្ម​ភាពយន្ត ផលិតករ អ្នកដឹកនាំ​រឿង ផលិតករ​ភាពយន្ត​វ័យក្មេង ទាំងអស់ ។

១-​ភាព​មិន​ពេញលេញ​ក្នុង​ការ​ផលិត​ស្នាដៃ​ភាពយន្ត​នា​ពេល​បច្ចុប្បន្ន គឺ​កង្វះ​គុណភាព​នៃ​ការ​តែង​និពន្ធ​អត្ថបទ​និពន្ធ​រឿង ។ អត្ថបទ​និពន្ធ​រឿង​ល្អ​មួយ​ត្រូវ​មាន​លក្ខណៈសម្បត្តិ​វិជ្ជាជីវៈ​គ្រប់គ្រាន់​អាច​ពិនិត្យ​យល់ និង​អាច​វាយតម្លៃ​បាន​អំពី​គោល​គំនិត​រឿង មាតិកា និង​បរិបទ​នៃ​រឿង​នោះ​ទើប​នាយកដ្ឋាន​ទទួល​សំណើសុំ​ពិនិត្យ ដើម្បី​ផ្តល់​ការ​អនុញ្ញាត​ផលិត ។

២-​ឆ្លង​តាម​ការ​វាយតម្លៃ​លើ​ស្នាដៃ​ដែល​មាន​កន្លង​មក អ្នកដឹកនាំ​រឿង ដែល​មិន​មាន​លក្ខណៈសម្បត្តិ វិជ្ជាជីវៈ​បទ​ពិសោធន៍ និង​សមត្ថភាព​ជំនាញ​សម​ល្មម​ទេ​នឹង​មិន​អនុញ្ញាត​ឲ្យ​ដឹកនាំ​ផលិត​ស្នាដៃ​ភាពយន្ត​រឿង​ខ្នាត​វែង​ទៀត​ឡើយ ។ ចំពោះ​អ្នកដឹកនាំ​រឿង​ថ្មី ដែល​មាន​បំណង​ដឹកនាំ​ផលិតភាព​យន្ត​រឿង​ខ្នាត​វែង ត្រូវ​មាន​ស្នាដៃ​ភាពយន្ត​ខ្នាត​ខ្លី​ចំនួន​២​ស្នាដៃ​ដែល​ផលិត​ដោយ​សាមីខ្លួន​ផ្ទាល់ ដាក់​ភ្ជាប់​ជា​ឯកសារ​សម្រាប់​វាយតម្លៃ និង​វិនិច្ឆ័យ​សម្រេច​អំពី​សមត្ថភាព ចំណេះដឹង និង​បទ​ពិសោធន៍​របស់​ខ្លួន​មុន​នឹង​អនុញ្ញាត ឬ​មិន​អនុញ្ញាត​ឲ្យ​ដឹកនាំ​ផលិត​ស្នាដៃ​ភាពយន្ត ។

៣-​ចាប់​អនុវត្ត​ដំណើរការ​រៀបចំ​កសាង​បញ្ជី​ឈ្មោះ​អ្នកដឹកនាំ​រឿង ដោយ​ឆ្លង​តាម​រយៈ​ការ​វាយតម្លៃ​លើ​ស្នាដៃ​ដែល​មាន​រួច​ហើយ ការ​បណ្តុះបណ្តាល​ជំនាញ និង​ការ​សាកល្បង​បង្កើត​ស្នាដៃ​ថ្មី ។ បញ្ជី​ឈ្មោះ​អ្នកដឹកនាំ​រឿង​ត្រូវ​តែ​មានការ​ឯកភាព គាំទ្រ និង​ទទួលស្គាល់​ជា​ទូទៅ​ក្នុង​ឧស្សាហកម្ម​ភាពយន្ត​ជាតិ ។

សេចក្តីជូនដំណឹង​នោះ​ស្នើ​សុំ​ឲ្យ​ចាងហ្វាង​ផលិតកម្ម ផលិតករ អ្នកជំនាញ​ភាពយន្ត ផលិតករ​វ័យក្មេង​ទាំងអស់​ត្រូវ​អនុវត្ត​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ។ សេចក្តីជូនដំណឹង​នោះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​ទស្សនិកជន​ភាគច្រើន​ដែល​ទស្សនា​ខ្សែភាពយន្ត​ខ្មែរ​មួយ​ចំនួន​ពិនិត្យ​ឃើញ​ថា នៅ​មាន​កម្រិត និង​មាន​កង្វះខាត​គុណភាព​ច្រើន ។

ភាពយន្ត​ខ្មែរ​បាន​ងើបឡើង​វិញ ក្នុង​រយៈពេលប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ប៉ុន្តែ​អ្នកជំនាញ​បាន​ព្យាករ​ទុក​ថា វិស័យ​ភាពយន្ត​ខ្មែរ​អាច​នឹង​ធ្លាក់​ចុះ​វិញ បន្ទាប់​ពី​ផលិតករ និង​អ្នកដឹកនាំ​រឿង​នៅ​តែ​ផលិត​ស្នាដៃ​ភាពយន្ត​របស់​ខ្លួន​ដោយ​មិន​មានគុណ​ភាព​នោះ ៕

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស ជុំវិញការធ្វើតេស្តនុយក្លេអ៊ែរ ដោយកូរ៉េខាងជើង

Fresh News



(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជា សូមសម្តែងចេញនូវ ក្តីព្រួយបារម្ភជាពន់ពេក ចំពោះការធ្វើតេស្តនុយក្លេអ៊ែរ កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ ដោយសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ (DPRK) ដែលជាទង្វើបានបង្ហាញយ៉ាងច្បាស់ក្រឡែតពី ការរំលោភបំពានទៅលើ ដំណោះស្រាយពាក់ព័ន្ធនានា របស់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ (UNSC) ហើយនឹងអាចកាន់តែយ៉ាប់យ៉ឺនជាងនេះទៀត ចំពោះស្ថានការណ៍ដែល ផុយស្រួយស្រាប់ទៅហើយ នៅតំបន់ឧបទ្វីបកូរ៉េ។

ក្រសួងការបរទេស នៃកម្ពុជា សូមបញ្ជាក់ សាជាថ្មីម្តងទៀតនូវសារៈសំខាន់នៃសន្តិភាព និងសន្តិសុខ នៅក្នុងតំបន់ឧបទ្វីបកូរ៉េ និង សូមអះអាងឡើងវិញចំពោះ ការគាំទ្រការលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅក្នុងតំបន់នេះដើម្បីជាប្រយោជន៍នៃសន្តិភាព សន្តិសុខ និងស្ថិរភាព ព្រមទាំងធ្វើការអំពាវនាវដោយទទូចឲ្យ DPRK គោរពទៅតាមដំណោះស្រាយពាក់ព័ន្ធនានា ដែលចេញដោយ UNSC៕

Tuesday, September 13, 2016

ឯ​.​ឧ​ត្ត​ម សម រង្ស៊ី គាំទ្រ​ឲ្យ​ដំឡើង​ប្រាក់ខែ​គោល​ជូន​កម្មករ​កាត់ដេរ​១៨០​ដុល្លារ​យ៉ាងតិច​

ថ្មី​ៗ
និពន្ធដោយ: ចំណារ



ភ្នំពេញ​៖ រហូតមកដល់​ពេលនេះ កម្មករ​នៅក្នុង​វិស័យ​កាត់ដេរ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទទួលបាន​ប្រាក់ខែ​គោល​ចំនួន​១៤០​ដុល្លារ​អាមេរិក​។ ប៉ុន្តែ សម្រាប់​ឆ្នាំ​២០១៧​ខាងមុខនេះ សហជីព​នៅក្នុង​ប្រទេស​កម្ពុជា​ទាម​ទាម​ឲ្យ​ដំឡើង​រហូតដល់​ជិត​១៨០​ដុល្លារ​។ ការទាមទារ​នេះ ទទួលបាន​ការគាំទ្រ​ពី​ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្សប្រឆាំង​សង្គ្រោះ​ជាតិ និង​ជា​អតីតរដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៅ​ទសវត្សរ៍​៩០ ។

«​ខ្ញុំ​សូម​គាំទ្រ ការទាមទារ របស់​សហជីព តំណាង​ឲ្យ​កម្មករ​នៅ​ប្រទេស​កម្ពុជា ដែល​ទាមទារ ឲ្យ​ថៅកែ​រោងចក្រ ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា ពី​១៤០​ដុល្លារ ដល់​១៨០​ដុល្លារ​យ៉ាងតិច សម្រាប់​ឆ្នាំ​២០១៧​ខាងមុខ​»​។ នេះ គឺជា​អត្ថាធិប្បាយ​របស់​ឯកឧត្តម សម រង្សី នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ឯកឧត្តម​នៅ​ថ្ងៃទី​១១​ខែកញ្ញា​ឆ្នាំ​២០១៦​នេះ​។

​ឯកឧត្តម សម រង្ស៊ី បាន​បន្តទៀតថា ការទាមទារ​នេះ ត្រឹមត្រូវ​ណាស់ ពីព្រោះ ប្រាក់ខែ​គោល ១៤០ ដុល្លារ​ដូច​សព្វថ្ងៃនេះ កម្មករ​មិនអាច​រស់​បានទេ​។ ទី​២ កម្រិត​ប្រាក់់ខែ​នៅ​កម្ពុជា​នេះ មិនអាច​ប្រៀបធៀប​ទៅនឹង​ប្រាក់ខែ​កម្មករ​នៅ​ប្រទេសជិតខាង​បានទេ ពីព្រោះ​ទំនិញ​នៅ​ប្រទេស​កម្ពុជា ថ្លៃ​ជាង​នៅ​ប្រទេសជិតខាង ឆ្ងាយ​ណាស់​។ ទី​៣ នៅ​ប្រទេស​កម្ពុជា សេវាសាធារណៈ​ដូចជា​ប្រព័ន្ធ​អប់រំ និង​ប្រព័ន្ធ​សុខាភិបាល តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ចំណាយលុយ ច្រើនជាង​នៅ​ប្រទេសជិតខាង និង​ទី​៤ នៅ​ប្រទេស​កម្ពុជា មិនមាន​សេវា​សង្គមកិច្ច ជួយ​ទ្រទ្រង់​ជីវភាព​រស់នៅ របស់​ប្រជាពលរដ្ឋ​ក្រីក្រ ដូច​នៅ​ប្រទេសជិតខាង​ទេ​។​

​សូមបញ្ជាក់ថា ការប្រកាស​គាំទ្រ​ប្រាក់ខែ​គោល​១៨០​ដុល្លារ​របស់​កម្មករ​ពី​សំណាក់ ឯកឧត្តម សម រង្ស៊ី នៅថ្ងៃនេះ បាន​ធ្វើឡើង​បន្ទាប់ពី​ភាគី​សហជីព បានដាក់​សំណើរ​ទាមទារ​ប្រាក់ខែ​គោល​ចំនួន ១៧៩,៦ ដុល្លារ​អាមេរិក​សម្រាប់​កម្មករនិយោជិត​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង សម្រាប់​ឆ្នាំ​២០១៧ ខាងមុខនេះ​៕

ការពិភាក្សា​សេចក្តី​ព្រាង​ច្បាប់​«សិទ្ធិ​ទទួល​ព័ត៌មាន»​មានក្តីបារម្ភច្រើន

VOA
ហ៊ាន សុជាតា

វគ្គបណ្តុះ​បណ្តាល​ក្រុម​ការងារ​បច្ចេកទេស​មួយ​ស្តីពី​ច្បាប់​សិទ្ធិ​ទទួល​ព័ត៌មាន ក្រោម​ប្រធានបទ «ការការពារ​អ្នក​ផ្តល់​ព័ត៌មាន និង​ការសម្ងាត់​រដ្ឋ» ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី៨ ខែកញ្ញា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)

គិត​ត្រឹម​ដើម​ខែ​កញ្ញា​ឆ្នាំ​២០១៦​នេះ​ សេចក្តី​ព្រាង​ច្បាប់​«សិទ្ធិ​ទទួល​ព័ត៌មាន» ត្រូវ​បាន​​​​ពិភាក្សា​ដល់​ជំពូក​ទី៤​ និង​ជំពូក​ទី៥​ ត្រង់​ចំណុច​ព័ត៌មាន​សម្ងាត់​ និង​ការ​ការពារ​អ្នក​ផ្តល់​ព័ត៌មាន។
ភ្នំពេញ —
សេចក្តី​ព្រាង​ច្បាប់​ «សិទ្ធិ​ទទួល​ព័ត៌មាន» ត្រូវ​បានពិភាក្សា​ដល់​ចំណុច​ព័ត៌មាន​សម្ងាត់​ និង​ការ​ការពារ​អ្នក​ផ្តល់​ព័ត៌មាន​ ​គិត​ត្រឹម​ដើម​ខែ​កញ្ញា​ឆ្នាំ​២០១៦​នេះ។ ​អ្នក​ជំនាញ​យល់​ថា​ ដំណើរ​ការ​នៃ​ការ​ធ្វើ​ច្បាប់​ដែល​ឲ្យ​ភាគី​ពាក់ព័ន្ធ​ចូល​រួម​ផ្តល់​យោបល់​ និង​មាន​ការ​ផ្សព្វផ្សាយ​ទូលំ​ទូលាយ​បែប​នេះ អាច​ជា​គំរូ​ល្អ​ក្នុង​ការ​តាក់តែង​ច្បាប់​ដទៃ​ទៀត​ ​ចៀស​វាង​មានភាព​ចម្រូង​ចម្រាស​កើតឡើង​ដូច​ច្បាប់​ដទៃ​កន្លង​មក។​ ក៏​ប៉ុន្តែ ​អ្នកជំនាញ​ក៏​អះអាង​ដែរថា​ ការ​កសាង​ទំនុក​ចិត្ត​ពលរដ្ឋ​ឲ្យ​ជឿ​លើ​ប្រព័ន្ធ​តុលាការ​ក៏​ជា​រឿង​ចាំបាច់​ដែរ។​

គិត​ត្រឹម​ដើម​ខែ​កញ្ញា​ឆ្នាំ​២០១៦​នេះ​ សេចក្តី​ព្រាង​ច្បាប់​«សិទ្ធិ​ទទួល​ព័ត៌មាន» ត្រូវ​បានពិភាក្សា​ដល់​ជំពូក​ទី៤​ និង​ជំពូក​ទី៥​ ត្រង់​ចំណុច​ព័ត៌មាន​សម្ងាត់​ និង​ការ​ការពារ​អ្នក​ផ្តល់​ព័ត៌មាន។​ អ្នក​ជំនាញពេញ​ចិត្ត​ចំពោះ​ដំណើរ​ការ​នៃ​ការ​ធ្វើ​ច្បាប់​«សិទ្ធិ​ទទួល​ព័ត៌មាន»​នេះ​ ដែល​មាន​ភាគី​ពាក់ព័ន្ធ​ចូលរួម​ច្រើន​ និង​មាន​កិច្ច​ពិភាក្សា​លម្អិត ក៏​ប៉ុន្តែ​ពួកគេ​ទាម​ទារ​ឲ្យ​មាន​ប្រព័ន្ធ​តុលាការ​ឯករាជ្យ​ ដើម្បី​ការ​អនុវត្ត​ច្បាប់​កាន់​តែ​មាន​ប្រសិទ្ធភាព។​

សេចក្តី​ព្រាង​ច្បាប់​«សិទ្ធិ​ទទួល​ព័ត៌មាន»​ដែល​មាន​៩​ជំពូកនិង​៣៦​មាត្រា​នេះ​ កំពុង​ស្ថិត​ក្រោម​ការ​ពិភាក្សា​ដោយ​ក្រុម​អ្នក​ជំនាញ​មក​ពី​រដ្ឋាភិបាល ​អង្គការ​សង្គម​ស៊ីវិល ​និង​អ្នក​ជំនាញ​សារ​ព័ត៌មាន​ ដើម្បី​សម្រេច​បាន​ច្បាប់​មួយ​ដែល​កាន់​តែ​សុក្រឹត្យ​ និង​អាច​ទទួល​យក​បាន​ពី​គ្រប់ភាគី។​

សេចក្តី​ព្រាង​ច្បាប់​ដដែល​នេះ​បាន​កំណត់ភារកិច្ច​ដែល​ស្ថាប័ន​សាធារណៈ​នានា​ត្រូវ​ផ្តល់​ និង​ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​ជា​សាធារណៈ​ ព្រម​ទាំង​កាត់​បន្ថយ​ព័ត៌មាន​សម្ងាត់​ឲ្យ​មាន​កម្រិត​ទាប​បំផុត។ ​ក៏ប៉ុន្តែ​និយម​ន័យ​នៃ​ពាក្យ​ថា​«ព័ត៌មាន​សម្ងាត់»​ ដែល​សំដៅ​ដល់​ព័ត៌មាន​ទាក់ទង​នឹង​សន្តិសុខជាតិ​នោះ​កំពុងពិភាក្សា​នៅ​ឡើយ។​

ថ្លែង​នៅ​ក្នុង​វគ្គ​បណ្តុះ​បណ្តាល​ក្រុម​ការងារ​បច្ចេកទេស​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ ក្រោម​ប្រធាន​បទ​«ការ​ការពារ​អ្នក​ផ្តល់​ព័ត៌មាន​ និង​ការ​សម្ងាត់​រដ្ឋ» ​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​អ្នកស្រី​វ៉ាន់ ហ៊ីលី​ (Wan Hea Lee) ​តំណាង​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ ថ្លែង​តាម​រយៈ​អ្នក​បកប្រែ​ភាសា​យ៉ាង​ដូច្នេះ​ថា៖

«អ្នក​ព័ត៌មាន​ត្រូវ​ការ​នូវ​ច្បាប់​ដើម្បី​ការពារ​សិទ្ធិ​របស់​ពួក​គាត់។​ កន្លងមកគឺ​ថា ​អ្នក​ផ្តល់​ព័ត៌មាន​តែង​តែ​ជួប​នូវ​ផល​វិបាក។ ​ពួកគេ​ភាគ​ច្រើន​ត្រូវ​បាន​គេ​យក​ច្បាប់​មក​សង្កត់ ​ដាក់​ទោសទណ្ឌ​ទៅលើ​ពួក​គេ។​ យើង​មាន​ច្បាប់​ស្តីពី​ការ​ផ្តល់​នូវ​ព័ត៌មាន​នេះ​ដោយ​អ្នក​ជំនាញ។​ ហើយ​យើង​ត្រូវ​ការ​នូវ​តុលាការ​ឯករាជ្យ​មួយ​ដែល​សិទ្ធិ​របស់​សាធារណជន​ត្រូវ​មាន​តុល្យភាព»។​

លោក​ព្រាប ​កុល ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ យល់​ថា​ ការតាក់​តែង​ច្បាប់​«សិទ្ធិ​ទទួល​ព័ត៌មាន»​ឲ្យ​មាន​ភាព​លម្អិត​ និង​គ្រប់​ជ្រុងជ្រោយ​នេះ​ អាច​ជួយ​ជំរុញ​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​កាន់​តែ​ប្រសើរ​ ក៏​ប៉ុន្តែ​លោក​ថ្លែងថា​ ការ​កសាង​ទំនុក​ចិត្ត​ពលរដ្ឋ​ឲ្យ​ជឿលើ​អ្នក​អនុវត្ត​ច្បាប់​ក៏​ជា​រឿង​ចាំបាច់​ដែរ​ ជា​ពិសេស​គឺ​ប្រព័ន្ធ​តុលាការ។​

«តុលាការ​ឯករាជ្យ ​វា​សំខាន់​សម្រាប់​ច្បាប់​ទាំង​អស់។​ ពេល​អនុវត្ត​ត្រូវ​ចូល​ទៅ​ប្រព័ន្ធ​តុលាការ។ ​អញ្ចឹងភាព​ឯករាជ្យ​នៃ​ប្រព័ន្ធ​យុត្តិធម៌​គឺ​ជា​ចាំ​បាច់​បំផុត។​ បញ្ហា​ទំនុក​ចិត្ត​ពលរដ្ឋ​លើ​ប្រព័ន្ធ​យុត្តិធម៌​យើង​នេះ​ជា​វិបត្តិ​សង្គម​ មាន​ប្រភព​មូលហេតុ​ដោយសារ​អំពើ​ពុក​រលួយ ​និង​ការជ្រៀត​ជ្រែក​នយោបាយ។​ ដំណោះ​ស្រាយ​គឺ​ធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​ ធ្វើ​ឲ្យ​ឃើញ​ជាក់​ស្តែង​ក្នុង​រយៈ​ពេល​មិនយូរ​ ​ឲ្យ​ពលរដ្ឋ​ឃើញ​វិញ​ថា​ អ្វី​ដែល​ជា​ការ​ព្រួយ​បារម្ភ​ពីមុន​ត្រូវ​បាន​កែ​សម្រួល»។​

លោក​ព្រាប កុល​បន្ថែម​ថា​ រដ្ឋាភិបាល​អាច​យក​ដំណើរ​ការ​នៃ​ការ​តាក់តែង​ច្បាប់ «សិទ្ធិ​ទទួល​ព័ត៌មាន»​នេះ​ជា​គំរូ​ល្អ​មួយ​សម្រាប់​ការ​តាក់​តែង​ច្បាប់​ផ្សេងៗ​ទៀត​ ចៀសវាង​មាន​ភាព​ចម្រូង​ចម្រាស​ដូច​ច្បាប់​មួយ​ចំនួន​កន្លង​មក​ ជា​ឧទាហរណ៍​ច្បាប់​សហជីពជាដើម។​

«គំរូ​ល្អ​ទី១​គឺ​ការ​តាក់​តែង​នៃ​ច្បាប់​នេះ​ អនុញ្ញាត​ឲ្យ​មាន​ការ​ផ្តល់​ទិន្នន័យ​ចូល​ ឬ​ធាតុ​ចូល​ពី​ភាគី​ពាក់ព័ន្ធ​ ទាំង​សង្គម​ស៊ីវិល​ វិស័យ​ឯកជន​ អ្នក​សិក្សា​ស្រាវជ្រាវ​ រាជ​រដ្ឋាភិបាល​ សារព័ត៌មាន​ មហាជន​ទូទៅ​គឺ​គ្រប់​សមាសភាព។​ គំរូ​ល្អ​ទី​២​គឺ​ពេល​វេលា​សម្រាប់​ពិគ្រោះ​យោបល់​គឺ​មាន​ពេល​គ្រប់​គ្រាន់​សម្រាប់​ជជែក​គ្នា​ដោយ​ការ​ជួប​ផ្ទាល់​ជជែក​គ្នា​ដោយ​ក្រុម​ការងារ​បច្ចេកទេស។​ ទី៣​មាន​សិក្ខាសាលា​ដើម្បី​ឲ្យ​ភាគី​ច្រើន​ទៀត​ផ្តល់​យោបល់។ ​ហើយ​សំខាន់​ជាង​គេ​គឺ​មាន​លើ​គេហទំព័រ​ ផ្តល់​ឲ្យ​សាធារណ​ជន​ចូលរួម​ផ្តល់​យោបល់»។​

ទន្ទឹម​នឹង​ដំណើរ​ការសេចក្តី​ព្រាង​ច្បាប់​«សិទ្ធិ​ទទួល​ព័ត៌មាន» ​ដែល​មាន​ចែង​អំពី​ «ព័ត៌មាន​សម្ងាត់»​ និង«ការ​ការពារ​អ្នក​ផ្តល់​ព័ត៌មាន»​ ហើយ​នោះ​ ​នា​ពេល​ថ្មីៗ​នេះ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ក៏​កំពុង​រៀបចំ​បង្កើត​មាតិកា​នៃ​សេចក្តី​ព្រាង​ច្បាប់ស្តី​ពី​«ការការ​ពារ​សាក្សី​ និង​បុគ្គល​រាយ​ការណ៍»​ផង​ដែរ។​

លោក ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នៅក្នុង​វគ្គបណ្តុះ​បណ្តាល​ក្រុម​ការងារ​បច្ចេកទេស​មួយ​ស្តីពី​ច្បាប់​សិទ្ធិ​ទទួល​ព័ត៌មាន​ក្រោម​ប្រធានបទ​«ការការពារ​អ្នក​ផ្តល់​ព័ត៌មាន និង​ការសម្ងាត់​រដ្ឋ» ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី៨ ខែកញ្ញា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/ VOA)
លោក​ឱម យ៉ិនទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ​ឲ្យ​ដឹង​ថា​ ច្បាប់ស្តីពី​«ការការ​ពារសាក្សី​ និង​បុគ្គល​រាយ​ការណ៍»​គឺ​ជា​ច្បាប់​មួយ​ដែល​ក្មេង​ជាង​គេ​នៅ​លើ​ពិភព​លោក​ ដែល​មាន​វត្តមាន​ត្រឹម​ជាង​១០​ឆ្នាំ​ប៉ុណ្ណោះ។​ លោក​ឱម យ៉ិនទៀង​ឲ្យ​ដឹង​ទៀត​ថា​ ច្បាប់ថ្មី​នេះ​គ្រោង​នឹង​កំណត់​ឲ្យមាន​អានុភាពគ្រប​ដណ្តប់​លើ​រាល់​បុគ្គល​រាយ​ការណ៍​ រាប់​បញ្ចូល​ទាំង​អ្នករាយ​ការណ៍​អំពី​គ្រឿង​ញៀន​ ជួញ​ដូរ​ផ្លូវ​ភេទ​ លាង​លុយ​ខ្មៅ​ ឧក្រិដ្ឋ​កម្ម​ និង​អំពើពុករលួយ​ជាដើម។​

កាល​ពី​ដើម​ឆ្នាំ​២០១៦​ មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ហៅ​កាត់​ថា ​CCIM ​បាន​ចេញរបាយ​ការណ៍​មួយ​មាន​ចំណង​ជើង​ថា​«ឧបសគ្គ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ»។​ ​ របាយ​ការណ៍​នោះ​បញ្ជាក់​ថា​ ​ជា​ទូទៅ​អ្នក​សារ​ព័ត៌មាន​មាន​ការ​លំបាក​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​កាប់​ឈើ​ខុស​ច្បាប់​ អំពើ​ពុក​រលួយ​ ការ​រំលោភ​ដី​ធ្លី ​ការ​ប្រើប្រាស់​ថវិកា​ថ្នាក់​ជាតិ ​និង​ថ្នាក់​ក្រោម​ជាតិ​ ទ្រព្យ​សម្បត្តិ​របស់​មន្ត្រី​សាធារណៈ ​ សេចក្តី​សម្រេច​ ឬ​ឯកសារ​របស់​តុលាការ​ កំណត់​ហេតុ​ប្រជុំ​របស់​រដ្ឋសភា ​និង​សេចក្តី​ព្រាង​ច្បាប់​ចម្រូង​ចម្រាស់​នានា៕

ផែនការរៀបចំធ្វើមហាបាតុកម្មប្រឆាំងនឹងតុលាការក្រុងភ្នំពេញ ត្រូវបានលោក ផៃ ស៊ីផាន ឆ្លើយតបថា «គឺជាជម្រើសដ៏មហាគ្រោះថ្នាក់បំផុត»

Fresh News



(ភ្នំពេញ)៖ មេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា នៅថ្ងៃអាទិត្យនេះ បានព្រមានជាថ្មីថា នឹងធ្វើបាតុកម្មទ្រង់ទ្រាយធំទូទាំងប្រទេស បើសិនជាមិនអាចរក ដំណោះស្រាយនយោបាយជាមួយ គណបក្សកាន់អំណាចបាន។ លោក កឹម សុខា បានអះអាងថា មហាបាតុកម្មនោះគឺជាជម្រើសចុងក្រោយ ដែលធ្វើឡើងបន្ទាប់ពី តុលាការសម្រេចរឿងក្តីរបស់លោក ដោយបិទច្រកតវ៉ា, ទោះបីយ៉ាងណានៅព្រលប់ថ្ងៃទី១១ ខែកញ្ញានេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឆ្លើយតបនឹងការព្រមានរបស់លោក កឹម សុខា ថា «នេះគឺជាជម្រើសដ៏មហាគ្រោះថ្នាក់បំផុតរបស់ ​កឹម សុខា​ ចំពោះកម្ពុជាបច្ចុប្បន្ន»។

លោក ផៃ ស៊ីផាន បានថ្លែងបញ្ជាក់ប្រាប់អង្គភាព Fresh News ឲ្យដឹងយ៉ាងដូច្នេះថា «នេះគឺជាជម្រើសដ៏មហាគ្រោះថ្នាក់បំផុតរបស់​ កឹម សុខា​ ចំពោះកម្ពុជាបច្ចុប្បន្ន ក៏ដូចជាការប្រឆាំងផ្ទាល់ចំពោះ ផលប្រយោជន៍ របស់មហាជនទូទៅដែលទទួលបានផលប្រយោជន៍ពីសន្តិភាព និងស្ថេរភាព​។ បំណងដ៏អាក្រក់នេះគឺមិនត្រឹមតែប្រឆាំង នឹងកិច្ចការរបស់តុលាការនោះទេ គឺការបង្ហាញយ៉ាងជាក់ច្បាស់នូវការ ប្រមាថប្រឆាំង នឹងនីត្យានុកលភាពក៏ដូចជា ប្រក្រតីភាពនៃដំណើរការរបស់ស្ថាប័នរដ្ឋ»។​

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាដដែលរូបនោះ បានបន្តអះអាងយ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលស្របច្បាប់នៃអាណត្តិរបស់ខ្លួន ទទួលបានអំណាចប្រតិបត្តិ និងសុពលភាពក្នុងការប្រឆាំង ឬបង្រ្កាបបំបាត់ចលនាក្រៅច្បាប់ដែលរៀបចំ និងដឹកនាំដោយលោក កឹម សុខានេះ បើទោះបី​ស្ថិតនៅក្នុងតម្លៃណាក៏ដោយ។​ ចលនាមហាជនក្រៅច្បាប់ដែលត្រៀមរៀបចំដឹកនាំដោយ កឹម សុខានេះ គឺមិនស្ថិតនៅក្នុងបរិបថសេរីភាពបញ្ចេញយោបល់នោះទេ ក៏ប៉ុន្តែវាជាចលនាបះបោល នៃឧទ្ទាមកម្មមួយដែលច្បាប់រដ្ឋ មិនអនុញ្ញាតជាដាច់ខាត។ លោក កឹម សុខា នឹងត្រូវ​​បង់តម្លៃខ្ពស់បំផុត នោះបើចលនាក្រៅច្បាប់នេះនឹងប្រព្រឹត្ត​ពិតប្រាកដមែននោះ។ ជម្រើសនៃកិច្ចការពារនីតិរដ្ឋគឺជាផលប្រយោជន៍ដ៏ឧត្ដុង្គឧត្ដមនៃមូលដ្ឋានគ្រឹះលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស»។​

ការសម្តែងប្រតិកម្មខ្លាំងរបស់មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលនៅពេលនេះ ធ្វើឡើងបន្ទាប់ពីលោក កឹម សុខា នៅក្នុងពិធីសំណេះសំណាលជាមួយសកម្មជនយុវជន មកពីខេត្តកណ្តាល នៅទីស្នាក់ការកណ្តាលគណបក្សសង្រ្គោះជាតិ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦នេះ បានព្រមាមធ្វើមហាបាតុកម្ម ប្រសិនបើតុលាការ សម្រេច រឿងក្តីរបស់លោក ដោយបិទច្រកតវ៉ា, ប៉ុន្តែនៅព្រលប់ថ្ងៃអាទិត្យនេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឆ្លើយតបនឹង ការព្រមានរបស់លោក កឹម សុខា ថា «នេះគឺជាជម្រើសដ៏មហាគ្រោះថ្នាក់បំផុត»៕

សិស្ស​ប្រឡង​បាក់​ឌុប​ជាប់​និទ្ទេស​A ចំនួន ៣០​នាក់ នឹង​ទទួលបាន​រង្វាន់​ម៉ូតូ​ពី​តំណាងរាស្ត្រ​ព្រៃវែង​

ថ្មី​ៗ
និពន្ធដោយ: ថ្មីៗ



ភ្នំពេញ​៖ បេក្ខជន​ប្រឡង​ជាប់​សញ្ញាបត្រ​ទុតិយ​ស​ភូមិ (​បាក់​ឌុប​) និទ្ទេស A ចំនួន​៣០ នាក់ ក្នុងចំណោម​សិស្ស​ជាប់​និទ្ទេស A ៤០៥ នាក់​នឹងត្រូវ​ទទួលបាន​ម៉ូតូ​ម្នាក់​មួយគ្រឿង ពី​លោក ស សុខា តំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង របស់​គណបក្ស​ប្រជាជន​កម្ពុជា​។​

តំណាងរាស្ត្រ​គណបក្ស​ប្រជាជន និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​សស​យក​) មណ្ឌល​ព្រៃវែង​លោក ស សុខា បានប្រកាសថា លោក​នឹង​ប្រគល់​ម៉ូតូ​៣០​គ្រឿង ដល់​បេក្ខជន​ប្រឡង​ជាប់​និទ្ទេស​A ចំនួន​៣០​នាក់ នៅ​ខេត្ត​ចំនួន​ពីរ គឺ​ខេត្តព្រៃវែង និង​ខេត្តបន្ទាយមានជ័យ​។ បើតាម​លោក ស សុខា ក្រៅពី​ប្រគល់​ម៉ូតូ​នេះ បេក្ខជន​ជាប់​និទ្ទេស​៣០​នាក់ ក៏​អាច​ទទួលបាន​អាហារូបករណ៍​សិក្សា​ពី​លោក​ផងដែរ ។​

តំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង​រូបនេះ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​យ៉ាង​ដូច្នេះ​ថា​៖«​តាម​ផែនការ និង​ការប្រកាស​សន្យា យើងខ្ញុំ​នឹង​រៀបចំ​ប្រគល់​ម៉ូតូ​ម្នាក់​១​គ្រឿង​ដល់​ជ័យលាភី​និទ្ទេស A ទាំង​១៤​នាក់​ក្នុង​ខេត្តព្រៃវែង​។ ដូចគ្នា​ដែរ ក៏​នឹង​ផ្ដល់​ម៉ូតូ​១​គ្រឿង​ដល់​ប្អូនៗ​និទ្ទេស A ទាំង​១៦​នាក់​ក្នុង​ខេត្តបន្ទាយមានជ័យ នាពេល​ឆាប់ៗ​ខាងមុខនេះ​»​។

​បេក្ខជន​ប្រឡង​ជាប់​សញ្ញាបត្រ​ទុតិយ​ស​ភូមិ (​បាក់​ឌុប​) នៅ​ឆ្នាំនេះ មាន​ចំនួន​៥៥ ៧៥៣​នាក់ ត្រូវជា ៦២,១៨% នៃ​បេក្ខជន​វត្តមាន​ចំនួន ៨៩ ៦៦១​នាក់ ។ ក្នុងចំណោម​បេក្ខជន​ប្រឡង​ជាប់​ទាំងនេះ មាន​បេក្ខជន​ទទួលបាន​និទ្ទេស A មាន​ចំនួន ៤០៥ នាក់ ។ និទ្ទេស B មាន​ចំនួន ២ ៨០១ ។ និទ្ទេស C មាន​ចំនួន ៥ ៥៩៥ នាក់ ។ និទ្ទេស D មាន​ចំនួន ៨ ៨៣៥ នាក់ និង​និទ្ទេស E មាន​ចំនួន ៣៨ ១១៧ នាក់​។​

ខេត្ត​ដែល​សិស្ស​ជាប់​និទ្ទេស A ចំនួន​៤០៥​នាក់ មកពី​រាជធានី ខេត្ត​ចំនួន​១៩ ក្នុងនោះ​រួមមាន​រាជធានី​ភ្នំពេញ មាន​ចំនួន ១៨៣ នាក់ , សៀមរាប មាន​ចំនួន ៣៦ នាក់​, បាត់ដំបង មាន​ចំនួន ៣៤ នាក់ ,​កណ្តាល មាន​ចំនួន ២៩ នាក់​, កំពង់ចាម មាន​ចំនួន ២០ នាក់​,​បន្ទាយមានជ័យ មាន​ចំនួន ១៦ នាក់​,​ព្រៃវែង មាន​ចំនួន ១៤ នាក់​,​កំពត មាន​ចំនួន ១១ នាក់​,​ត្បូងឃ្មុំ មាន​ចំនួន ១១ នាក់​,​តាកែវ មាន​ចំនួន ១១ នាក់​,​កំពង់ធំ មាន​ចំនួន ១០ នាក់​,​ក្រចេះ មាន​ចំនួន ០៩ នាក់​,​កំពង់ឆ្នាំង មាន​ចំនួន ០៧ នាក់​,​ព្រះសីហនុ មាន​ចំនួន ០៧ នាក់​,​កំពង់ស្ពឺ មាន​ចំនួន ០២ នាក់​,​ពោធិ៍សាត់ មាន​ចំនួន ០២ នាក់​,​មណ្ឌលគិរី មាន​ចំនួន ០១ នាក់​,​ប៉ៃលិន មាន​ចំនួន ០១ នាក់ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​ចំនួន ០១ នាក់​៕

ក្រសួងការបរទេសកម្ពុជា៖ ពលករ-ពលការិនីខ្មែរ០៤នាក់ទៀត ធ្វើការនៅប្រទេសម៉ាឡេស៊ី នឹងវិលត្រលប់មកកម្ពុជាវិញជាបន្តបន្ទាប់ ក្នុងខែនេះ

Fresh News



(ភ្នំពេញ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ជួយសង្រ្គោះ និងធ្វើមាតុភូមិនិវត្តន៍ ពលករ-ពលការិនីចំនួន ០៦នាក់ ពីប្រទេសម៉ាឡេស៊ីមក កាន់ប្រទេសកម្ពុជាវិញ។ នៅក្នុងចំណោម ពលករ-ពលការិនី ០៦នាក់ មាន០៤នាក់ នឹងវិលត្រលប់មក កម្ពុជាជាបន្តបន្ទាប់ នៅក្នុងខែកញ្ញា ឆ្នាំ២០១៦។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦។

ពលករ-ពលការិនី០៤នាក់ នឹងវិលត្រលប់មកកម្ពុជាជាបន្តបន្ទាប់ នៅក្នុងខែកញ្ញា ឆ្នាំ២០១៦រួមមាន៖

១៖ ពលការិនី ឃាម សំ អាយុ៤១ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ធំ បានចាញ់បោកមេខ្យល់ ទៅដល់ម៉ាឡេស៊ី កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៤ ដោយធ្វើការងារតាមផ្ទះ។ ដោយធ្វើការលំបាកពេកគាត់បានស្នើសុំឲ្យស្ថានទូតជួយទាមទារប្រាក់ខែដែលនៅសល់ពីថៅកែ និងជួយឲ្យបានវិលត្រឡប់ មកកម្ពុជាវិញ។ ក្រោមកិច្ចអន្តរាគមន៍របស់ស្ថានទូត ថៅកែបានយល់ព្រមប្រគល់ប្រាក់ចំនួន៩៩៩០ រីងហ្គីត (ប្រាក់ខែ+ថ្លៃសំបុត្រយន្តហោះ) ឲ្យពលការិនី តាមសំណូមពររបស់ស្ថានទូត។ ពលការិនី ឃាម សំ នឹងមកដល់ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦វេលាម៉ោង ០៧៖៣៥នាទីព្រឹក តាមជើងយន្តហោះAK536 ។

២៖ ពលការិនី ឃឹម ស្រឿន អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម បានចាញ់បោកមេខ្យល់ទៅដល់ម៉ាឡេស៊ី កាលពីខែកញ្ញា ឆ្នាំ២០១៥ ដោយធ្វើ ការងារតាមផ្ទះ។ ដោយធ្វើការលំបាកពេក នាងបានស្នើសុំឲ្យស្ថានទូតជួយឲ្យបានវិលត្រឡប់មកកម្ពុជាវិញ និងពលការិនី គឹម ស្រឿន នឹងមកដល់ព្រលាន យន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី១៥ ខែ កញ្ញា ឆ្នាំ ២០១៦ វេលាម៉ោង ០៧៖៣៥នាទី ព្រឹកតាមជើងយន្តហោះAK536 ។

៣៖ ពលការិនី សុខ ខា អាយុ១៨ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម បានជាប់ឃុំនៅពន្ធនាគារ Juru ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃ ទី០១ កក្កដា ឆ្នាំ២០១៦ ដោយសារពុំមានលិខិតឆ្លងដែន។ បច្ចុប្បន្ន នាងបានរួចទោស ហើយស្ថានទូតបានឧបត្ថម្ភសំបុត្រយន្តហោះ ដល់នាងក្នុងការត្រឡប់មកកម្ពុជាវិញ។ ពលការិនី សុខ ខា នឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០១៦ វេលាម៉ោង ១៥:៥៥ នាទី តាម ជើងយន្តហោះ AK534 ។

៤៖ ពលករ ហឿន សុខឡា អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ បានជាប់ឃុំនៅពន្ធនាគារ Lenggeng ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ ដែលត្រូវបានប៉ូលីសម៉ាឡេស៊ីចាប់ខ្លួន ដោយសារលិខិតឆ្លងដែនផុតសុពលភាព។ បច្ចុប្បន្នពលករ រូបនេះ បានរួចទោស ហើយស្ថានទូតបានឧបត្ថម្ភសំបុត្រយន្តហោះ សម្រាប់ការវិលត្រឡប់មកកម្ពុជាវិញ។ ពលករ ហឿន សុខឡា នឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០១៦ វេលាម៉ោង១៥៖៥៥នាទី តាមជើងយន្តហោះ AK534 ។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ជួយសង្រ្គោះ និងធ្វើមាតុភូមិនិវត្តន៍ ពលករ-ពលការិនីចំនួន ២នាក់ មកកាន់ប្រទេសកម្ពុជា ដោយសុវត្ថិភាពហើយ រួមមាន៖
១៖ ពលការិនី រស់ មិថុនា អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម បានចាញ់បោកមេខ្យល់ ធ្វើការងារជាអ្នកបោសសំអាត ក្រោយទៅដល់ម៉ាឡេស៊ី កាលពីថ្ងៃទី២៥ ឧសភា ឆ្នាំ ២០១៥។ ដោយធ្វើការងារលំបាកពេក នាងបានស្នើសុំឲ្យស្ថានទូតជួយឲ្យបាន ត្រឡប់មកកម្ពុជាវិញ។

២៖ ពលការិនី ឯម ស៊ុន អាយុ២៩ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពត បានចាញ់បោកមេខ្យល់ ទៅដល់ម៉ាឡេស៊ីនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៥ ដោយធ្វើការងារតាមផ្ទះ។ ដោយធ្វើការលំបាកពេក នាងបានស្នើ សុំអោយស្ថានទូតជួយអោយបានវិលត្រឡប់មកកម្ពុជាវិញ។ ពលការិនី រស់ មិថុនា និងពលការិនី ឯម ស៊ុន បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ២០១៦ វេលាម៉ោង ០៧៖៣៥នាទីព្រឹក តាមជើងយន្តហោះAK536៕

សិស្ស​ឆ្នើម​និទ្ទេស A និង B ទទួលបាន​អាហារូបករណ៍​ពី​សាកលវិទ្យាល័យ​ល្បី​ជាងគេ​នៅ​កម្ពុជា​

CEN



ភ្នំពេញ​: ដើម្បី​ចូលរួមចំណែក​ក្នុង​វិស័យ​អប់រំ​នៅ​កម្ពុជា និង​ដើម្បី​លើកទឹកចិត្ដដ​ល់​សិស្ស​ពូកែ សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ (AUPP) បានប្រកាស​នៅ​ថ្ងៃ​សៅរ៍​ទី​១០ ខែកញ្ញា​នេះ​ថា AUPP នឹង​ផ្តល់​អាហារ​រូបករណ៍​ដល់​សិស្ស​ឆ្នើម​ទាំងអស់​ដែល​ទទួលបាន​និទ្ទេស A និង B ។​

​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់ AUPP បាន​ឲ្យ​ដឹងថា សិស្ស​ដែល​ទទួលបាន​និទ្ទេស A នឹង​ទទួលបាន​អាហារ​រូបករណ៍​ដែលមាន​តម្លៃ ៤៥០០​ដុល្លារ (​បួន​ពាន់​ប្រាំ​រយ​ដុល្លារ​) ក្នុង​មួយឆ្នាំ​សិក្សា រហូតដល់​ចប់​ថ្នាក់​បរិញ្ញាបត្រ​បូ​ន​ឆ្នាំ​។ ដោយឡែក​សិស្ស​ដែល​ទទួលបាន​និទ្ទេស B នឹង​ទទួលបាន​អាហារ​រូបករណ៍​ដែលមាន​តម្លៃ ៣០០០​ដុល្លារ (​បី​ពាន់​ប្រាំ​រយ​ដុល្លារ​) រហូតដល់​ចប់​ថ្នាក់​បរិញ្ញាបត្រ​ដូចគ្នា ។​

​ការផ្តល់​អាហារ​រូបករណ៍​នេះ គឺជា​ការលើកទឹកចិត្ត​យ៉ាងខ្លាំង​ទៅ ដល់​សិស្សានុសិស្ស ដើម្បី​ផ្តល់ឱកាស​ឱ្យ​ពួកគេ ទទួលបាន​នូវ​ការអប់រំ​ប្រកបដោយ​គុណភាព ហើយ​សញ្ញាបត្រ​ត្រូវបាន​ទទួលស្គាល់ ជា​សាកល​។​

AUPP ត្រូវបានគេទទួលស្គាល់​ថា​ជា​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​លេចធ្លោ​ជាងគេ​នៅ​កម្ពុជា ទាំង​គុណភាព និង​ស្តង់ដារ អន្តរជាតិ​។ រហូតដល់​ពេលនេះ AUPP បាន​ចុះ​កិច្ចព្រម ព្រៀង​ជាមួយ​សាកលវិទ្យាល័យ​ធំៗ​ចំនួន​ពីរ​នៅ​សហរដ្ឋអាមេរិក សម្រាប់​ការផ្តល់​កម្មវិធីសិក្សា​សញ្ញាបត្រ​ពីរ (Dual Degrees) ។ សញ្ញាបត្រ​មួយ​ចេញ​ដោយ AUPP និង​មួយទៀត​ចេញ​ដោយ​សាកលវិទ្យាល័យ​អា​រី​ហ្សូ​ណា (University of Arizona) ឬ​សាកលវិទ្យាល័យ​រដ្ឋ​ហ្វ​ត​ហេ​យ (Fort Hays State University) បន្ទាប់ពី​បញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​នៅ AUPP​។​

​សម្រាប់​ព័ត៌មាន​លម្អិត ចំពោះ​ការផ្តល់​អាហារ​រូបករណ៍​នេះ សូម​ទំនាក់ទំនង​មកកាន់​ទូរ​សព្ទ​លេខ ០២៣ ៩៩០ ០២៣/ ០១២ ២៦៦ ៦៣១/ ០១២ ៨៩៨ ១២៤ ឬ​ចូលទៅ​កាន់​គេហទំព័រ www.aupp.edu.kh៕​

Monday, September 12, 2016

អាជ្ញាធរ​ថៃ​ចាប់ខ្លួន​បញ្ជូន​ពលករ​ខ្មែរ ចំណាកស្រុក​ខុសច្បាប់​២៩​នាក់ មក​ឲ្យ​អាជ្ញាធរ​កម្ពុជា​វិញ​

CEN
ដោយ: សំណាង



ឧ​ត្ត​រ​មានជ័យ: ប្រជាពលរដ្ឋ​ខ្មែរ​២៩​នាក់ ស្រី​១១​នាក់ ក្នុងចំណោម​នោះ​មាន​ក្មេង​៤​នាក់ ដែល​មក​តាម​បណ្តា​ខេត្ត​ក្រុង​ក្នុងប្រទេស​កម្ពុជា បានធ្វើ​ចំណាកស្រុក​ទៅរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​បញ្ជូនមក​ត្រឡប់​ឲ្យ​អាជ្ញាធរ​កម្ពុជា​វិញ​តាម​មាត់​ច្រកទ្វារ​អន្តរជាតិ​ជាំ កាលពី​ព្រឹក​ថ្ងៃទី​៩ ខែ​ញ្ញា ឆ្នាំ​២០១៦​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង​។​

​សូមបញ្ជាក់ថា ពលករ​ទាំង​២៩​នាក់​ដែល​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​បញ្ជូនមក​ប្រគល់​ឲ្យ​អាជ្ញាធរ​កម្ពុជា​វិញ​នេះ​ក្នុងនោះ​មាន​ស្រី​១១​នាក់​ក្មេង​៤​នាក់​ហើយ​១៣​នាក់​មាន​ទីលំនៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​.​បន្ទាយមានជ័យ​២​នាក់​.​កំពង់ចាម​២​នាក់​.​បាត់ដំបង​២​នាក់​.​តាកែវ​២​នាក់​. ស្ទឹងត្រែង​៥​នាក់​និង​មកពី​ខេត្តសៀមរាប​៣​នាក់​។​

​ពលករ​ទាំងនេះ​អះអាងថា​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់​កាលពី​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៦​នៅ​ខេត្ត​ណាក់​ខន​ភ្នំ​ជាប់​ព្រំប្រទល់​ប្រទេស​ឡាវ​។​​ដូចគ្នា​នោះដែរ​ពលករ​ម្នាក់​ឈ្មោះ​យ៉ាន់ សុជា ភេទ​ប្រុស​អាយុ​២៤ ឆ្នាំ​មកពី​ខេត្តស្ទឹងត្រែង​និយាយថា​ខ្លួន​ចាញ់បោក​មេខ្យល់​ឈ្មោះ​ចិន​នាំ​ចូលទៅ​ប្រទេស​ថៃ​តាម​បន្ទាត់​ព្រំដែន​នៅ​ក្រុង​ប៉ោយប៉ែត​ដោយ​មេខ្យល់​នោះ​ធានាថា​នឹង​នាំទៅរក​ការងារ​ធ្វើ​លុះ​ទៅដល់​ខេត្ត​ណាក់​ខន​ភ្នំ​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​តែម្តង​។

​ក្រោយពី​សមត្ថកិច្ច​កម្ពុ​ជា​ទទួល​ពលករ​ទាំងអស់​នេះហើយ បានធ្វើ​ការអប់រំ និង​បាន​ឲ្យ​វិលត្រឡប់​ទៅកាន់​​ស្រុកកំណើត​វិញ​រៀងៗ​ខ្លួន​៕

គណៈ​ដឹកនាំ​សាសនា​ឥស្លាម​កម្ពុជា​កំណត់​យក​ថ្ងៃទី​១២​កញ្ញា​ជា​ថ្ងៃ​រ៉​យ៉ា​ហា​ជី​

ថ្មី​ៗ
និពន្ធដោយ: អ៊ីសា រ៉ហានី



ថ្ងៃបុណ្យ​រ៉​យ៉ា​ហា​ជី (​ចូលឆ្នាំ​) សម្រាប់​សាសនិក​ឥស្លាម​នៅ​ឆ្នាំនេះ គឺ​ត្រូវ​កំណត់​យក​ថ្ងៃទី​១២ កញ្ញា ឆ្នាំ​២០១៦​។ ការកំណត់​នេះ គឺធ្វើឡើង​ដោយ​គណៈ​ដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា​។​

ក្នុង​សេចក្តីជូនដំណឹង​របស់​គណៈ​ដឹកនាំ​ជាន់ខ្ពស់​សាសនា​ឥស្លាម​កម្ពុជា បាន​ប្រាប់​ដល់​ថ្នាក់ដឹកនាំ​ឥស្លាម​នៅ​គ្រប់​ខេត្ត​-​ក្រុង​រាជធានី​ទាំងអស់ ត្រូវ​ប្រារព្ធ​បុណ្យ​រ៉​យ៉ា​ហា​ជី នៅ​ថ្ងៃទី​១២ កញ្ញា ជា​កំហិត​។ ក្នុង​សេចក្តីជូនដំណឹង​ដែល​ចុះ​ថ្ងៃទី​៤ កញ្ញា បាន​បញ្ជាក់ថា ថ្នាក់ដឹកនាំ​សាសនា​តាម​សហគមន៍​ទូទាំងប្រទេស ត្រូវ​ប្រកាស​ជូនដំណឹង​នេះ ទៅដល់​សាសនិក​ឥស្លាម ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​រ៉​យ៉ា​ហា​ជី នៅ​ថ្ងៃទី​ខែ ដែល​បានកំណត់​ខាងដើម​។​

​ក្នុង​ពិធីបុណ្យ​រ៉​យ៉ា​ហា​ជី​នេះដែរ ក្រៅពី​ជួបជុំ​បងប្អូន និង​សាច់ញាតិ​ជិត​ឆ្ងាយ​ហើយ​នោះ នៅថ្ងៃនោះ​ផងដែរ​ក៏មាន​ពិធី​គួរ​បាន​(Qurban) ឫ​ហៅ​សំឡេះ​សត្វពាហនៈ មាន​សត្វ​អូដ្ឋ គោ ពពែ និង​ចៀម ដែលជា​ពិធី​មួយ​ដ៏​សំខាន់​នៅក្នុង​ថ្ងៃបុណ្យ​រ៉​យ៉ា​ហា​ជី​នោះ​ផងដែរ​។ ប្រវត្តិ​បុណ្យ​គួរ​បាន គឺជា​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ​ក្នុង​ជំនាន់​ព្យា​ការី​អ៊ីប្រាហ៊ីម និង​ព្យា​ការី​អ៊ី​ស្លា​អែល ដើម្បី​បង្ហាញ​ជំនឿ​ស្មោះត្រង់​ទៅ​ចំពោះ​ព្រះ​អ​ល់​ឡោះ​។​

​គួរ​បាន​នេះដែរ គឺ​តម្រូវ​ឲ្យ​សាសនិក​ឥស្លាម​ទាំងអស់ ដែលមាន​លទ្ធភាព ដើម្បី​ទិញ​សត្វពាហនៈ សម្រាប់​សំឡេះ​ចែកជូន​ដល់​សាសនិក​ឥស្លាម​ហូប​នៅក្នុង​ថ្ងៃ​រ៉​យ៉ា​ហា​ជី និង​ថ្ងៃ​បន្ទាប់​។ សម្រាប់​សត្វ​ចិញ្ចឹម​ដែល​ត្រឹមត្រូវ និង​ដែល​អាច​យកមក​ធ្វើ​គួរ​បាន​បាន ក្នុងនោះ​សត្វ​អូដ្ឋ គឺ​ត្រូវបាន​អាយុ ៥​ឆ្នាំ​ចូល​៦​ឆ្នាំ សត្វ​គោ ត្រូវបាន​អាយុ​២​ឆ្នាំ​ចូលទៅ​៣​ឆ្នាំ ពពែ​មាន​អាយុ​១​ឆ្នាំ និង​សត្វ​ចៀម ត្រូវមាន​អាយុ​៦​ខែ​ចូល​៧​ខែ​ឡើងទៅ​។ ហើយ​សត្វ​ទាំងអស់ ត្រូវមាន​សុខភាព​ល្អ មាន​អវៈយវៈ​គ្រប់គ្រាន់ ដោយ​មិនមាន​ពិការភាព ឫ​មាន​ផ្ទៃពោះ​ឡើយ​៕

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​មន្ទីរ​អ​.​ស​.​ប​ប្រតិកម្ម​ជាមួយ​អ្នកនាំពាក្យ​អ​.​ស​.​ប​ទទួលបន្ទុក​សិទ្ធិមនុស្ស

CEN
ដោយ: ឧត្តម

ភ្នំពេញ: ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​សេចក្តីប្រកាស​ព័​ត៍​មាន​កាលពី​ថ្ងៃទី​០៩ ខែកញ្ញា ឲ្យ​ដឹងថា ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​មន្ទីរ​អង្គការសហប្រជាជាតិ និង​អង្គការ​អន្តរជាតិ​នានា នៅ​ទីក្រុង​ហ្សឺ​ណែវ បានធ្វើការ​ប្រឆាំង​យ៉ាង​ម៉ឹងម៉ាត់​ចំពោះ​ខ្លឹមសារ​នៃ​កំណត់ហេតុ​សារ​ព័​ត៍​មាន​របស់​លោកស្រី រ៉ាវី​ណា ស្សាំ​ដា​សានី អ្នកនាំពាក្យ​នៃ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស កាលពី​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០១៦​។

​ក្រសួងការបរទេស​ក​ម្ពុ​ជា​បាន​បន្តថា ក្នុង​ខ្លឹមសារ​នៃ​កំណត់ហេតុ​អ្នកនាំពាក្យ​បានលើកឡើង​អំពី “​បរិយាកាស​គម្រាមកំហែង​” “​មូលដ្ឋាន​នៃ​ភស្តុតាង​ដាក់បន្ទុក​មាន​ភាពទន់ខ្សោយ​” “​កំហុសឆ្គង​នីតិវិធី​” ហើយ​ថែមទាំង “​ជម្រុញ​ឲ្យ​អាជ្ញាធរ​គោរព​តាម​ស្តង់ដារ​អន្តរជាតិ នៃ​ការកាត់ក្តី​ប្រកបដោយ​យុត្តិធម៌​” និង “​រំលឹក​រដ្ឋាភិបាល​អំពី​កាតព្វកិច្ច​ការចាត់វិធានកា​រ​ធានា​សុវត្ថិភាព​ដល់​ពលរដ្ឋ​កម្ពុជា​”​។​

​ទី​១ កំណត់ហេតុ​របស់​អ្នកនាំពាក្យ​ខាងលើនេះ​មាន​ខ្លឹមសារ​បញ្ច្រាស់​គ្នា​ទៅនឹង​ការប្រកាស​ព័​ត៍​មាន​ស្តីពី​លទ្ធផល​នៃ​ជំនួប​
​ចុងក្រោយ​ប​បង្អស់​រវាង​លោក​បាន គី​មូ​ន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ និង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ប្រព្រឹត្ត​ទៅក្នុង​កាលបរិច្ឆេទ​ដូចគ្នា​។ ទី​២ សារធាតុ​នៃ​បញ្ហា​ដែល​បានលើកឡើង គឺជា​បញ្ហា​ផ្ទៃក្នុង​របស់​កម្ពុជា​សុទ្ធសាធ ហើយ​ក្នុងនាម​ជា​រដ្ឋ​អធិបតេយ្យ​មួយ​ដែលមាន​កាតព្វកិច្ច​ទទួល​ខុសត្រូវ​ចំពោះ​ពលរដ្ឋ​របស់ខ្លួន​នោះ កម្ពុជា​មិនអាច​ទទួលយក​ការ​មួលបង្កាច់​ណាមួយ​ចំពោះ​រដ្ឋាភិបាល​ស្របច្បាប់ ហើយក៏​មិន​ទទួលបញ្ជា ឬ​ទទួលយក​ការវិនិច្ឆ័យ​ណាមួយ​ពី​តួអង្គ​បរទេស​ទាក់ទង​នឹង​ស្ថាប័ន​តុលាការ និង​ដំណើរការ​ប្រព្រឹត្តទៅ​នៃ​កិច្ចការរដ្ឋ​របស់​យើង​ដែរ​។​
រាជរដ្ឋាភិបាល​កម្ពុជា​សូម​គូសបញ្ជាក់​ពី​ការគោរព​អំណាច​និង​ឯករាជ្យភាព​របស់​ស្ថាប័ន​តុលាការ​និង​ការធានា​ជា​មូលដ្ឋាន​ទៅលើ​សិទ្ធិ​
​របស់​ពលរដ្ឋ​។ ជាច្រើនលើក​រួចហើយ យើង​បាន​ពន្យល់​យ៉ាងច្បាស់​ថា រឿងក្តី​ដែល​ពាក់ព័ន្ធ គឺ​ត្រូវបាន​ដាក់បន្ទុក​ចំពោះតែ​បុគ្គល​ដែល​បាន​ប្រព្រឹត្ត​ល្មើសច្បាប់​ជា​ធរមាន​ប៉ុណ្ណោះ​។​អ្នកនយោបាយ និង​អង្គការក្រៅរដ្ឋាភិបាល​អាច​អនុវត្ត តួនាទី​របស់​ពួកគេ​រៀងៗ​ខ្លួន​ចំពោះ​ពលរដ្ឋ​ដោយ​សេរី ឈរលើ​គោលការណ៍​នីតិរដ្ឋ​ដោយ​មិនមាន​ករណី​លើកលែង​ណាមួយ​ឡើយ​។​

​ទាក់ទង​នឹង​បរិយាកាស​រៀបចំ​ការបោះ​ឆ្នោត​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​សូម​ទាញ​ចំណាប់អារម្មណ៍​សាធារណៈមតិ​
​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​យ៉ាង​ង​ខ្លាំងក្លា និង​ប្រកបដោយ​សង្គតិភាព របស់​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​ធានាបាន​នូវ​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​។ ក្នុង​គោលដៅ​នេះ គួរកត់សម្គាល់​ផងដែរ​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) ត្រូវបាន​កែទម្រង់​ទាំង​បទដ្ឋាន​ច្បាប់ និង​ស្ថាប័ន តួយ៉ាង​តាមរយៈ​ការអនុម័ត​ច្បាប់​ពីរ គឺ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត កាលពី​ឆ្នាំ​២០១៥​។​បន្ថែម​លើ​នេះ ក្រោយពី​បានសម្រេច​កំណត់​យក​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៧ ជា​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា សង្កាត់ រួចមក បច្ចុប្បន្ននេះ គ​.​ជ​.​ប កំពុងតែធ្វើការ​ចុះឈ្មោះ​បោះឆ្នោត​តាម​ប្រព័ន្ធ​កំ​ព្យូ​រ​ទ័​រ ដែល​ដំណើរការ​នោះបាន​និង​ក​កំពុង​ប្រព្រឹត្តទៅ​ប្រកបដោយ​បរិយាកាស​សន្តិភាព ចាប់តាំងពី​ដើមខែ​កញ្ញា​មកម្ល៉េះ​៕

អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ ប្រារព្ធ​ខួប ២០ ឆ្នាំ និង​ដាក់​សម្ភោ​ធ​រឿង ស្រកា​មាស​

CEN
ដោយ: កក្កដា



ភ្នំពេញ: អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ (​ប៉េ អេស អឺ​) ដែលជា​អង្គការក្រៅរដ្ឋាភិបាល ផ្តោត​សំខាន់​លើ​ការអប់រំ បាន​ប្រារព្ធ​ខួប​លើក​ទី ២០ ឆ្នាំ​។ អង្គការ ប៉េ អេស អឺ បាន​បង្កើត​នូវ កម្មវិធី​គាំទ្រ​ជាច្រើន ដូចជា​ការផ្តល់​អាហារ ការ​ស្នាក់នៅ ការថែទាំ​សុខភាព ការអប់រំ​ទូទៅ ការបណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ការលើកកម្ពស់​គ្រួសារ ក្នុងន័យ​សម្រេច​ឱ្យបាន នូវ​គម្រោង​អប់រំ ប្រកបដោយ​ភាពជោគជ័យ ដើម្បី​ឆ្លើយតប​ទៅនឹង តម្រូវការ​ជា​មូលដ្ឋាន របស់​កុមារ​ក្រីក្រ នៅក្នុង​ប្រទេស​កម្ពុជា​។​

​អង្គការ ប៉េ អេស អឺ ត្រូវបាន​បង្កើតឡើង រយៈពេល ២០ ឆ្នាំ​មកហើយ ដោយ​ប្តី​ប្រពន្ធ​ជនជាតិ​បារាំង​ពីររូប គឺ​លោក Christian និង​លោកស្រី Marie France des
Pallières ហើយ​បាន​ជួយ​ដល់​កុមារ ប្រមាណ​ជាង មួយ​ម៉ឺន​នាក់ ឱ្យទទួល​បានការ​អប់រំ ដើម្បីឱ្យ​ពួគគេ​អាច​កសាង អនាគត​ដ៏​ភ្លឺស្វាង​។

​ស្ថាបនិក​ទាំងពីរ​រូប បាន​មានប្រសាសន៍ថា​៖ “​នៅពេលដែល​ពួកយើង បាន​បង្កើត​អង្គការ​នេះ​ឡើង យើង​ទាំងពីរ បាន​ប្រាប់​ខ្លួនឯង​ថា ប្រសិនបើ​ក្នុងអំឡុងពេល នៃ​ការចូលនិវត្តន៍​របស់​យើង យើង​អាចបង្កើត​នូវ​ភាព​ញញឹម ដល់​កុមារ​ក្រីក្រ នោះ​គឺមាន​តម្លៃ​បំផុត​។ ពិតប្រាកដ​ណាស់ ដើម្បី​ភាព​ញញឹម​នៃ​កុមារ ទោះបីជា យើង​បង្កើត​ស្នាមញញឹម ដល់​កុមារ បានត្រឹមតែ​ម្នាក់ ក៏​យើង​ត្រូវតែ​ពុះពារ ធ្វើការ​ងារ​នេះ ហេតុដូច្នេះ​បានជា អង្គការ​មួយ​នេះ ត្រូវបាន​ដាក់ឈ្មោះថា
​ដើម្បី​ភាព​ញ​ញឺ​ម​នៃ​កុមារ ”​។

​ចាប់តាំងពី​ឆ្នាំ ១៩៩៥ មក អង្គការ ប៉េ អេស អឺ បានសម្រេច​បាន​នូវ សមិទ្ធផល​ជា​បន្តបន្ទាប់ ជាច្រើន ដូចដែល បានចែង​នៅក្នុង បេសកកម្ម​របស់ខ្លួន​។ រហូតមកដល់ ពេលបច្ចុប្បន្ន​នេះ យើង​មាន​កុមារ​ចំនួន ៣.១០០ នាក់ កំពុង​ត្រូវបាន​ឧបត្ថម្ភ​ការសិក្សា ក្នុង​សាលា​រដ្ឋ និង​កុមារ​ចំនួន ១.២០០ នាក់ កំពុង​សិក្សា ក្នុង​ថ្នាក់​ព​ន្លឿ​ន ទាំង​ក្នុង​មណ្ឌល​របស់ អង្គការ ប៉េ អេស អឺ និង​សាលា​រដ្ឋ ដៃគូ​មួយចំនួនទៀត​។ រីឯ​វិទ្យាស្ថាន ប៉េ អេស អឺ វិញ ក្មេង​ជំទង់ ១.៥០០ នាក់ កំពុង​ទទួល​ការបណ្តុះបណ្តាល ក្នុង​ថ្នាក់​ត្រៀម និង​ក្នុង​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចំនួន ៣ គឺ​៖ សាលា​បដិសណ្ឋារកិច្ច និង ទេសចរណ៍ សាលា​បច្ចេកទេស និង​សាលា​ពាណិជ្ជ​សាស្ត្រ​។ នៅមាន​កុមារ​ចំនួន ៧០០ នាក់ ផ្សេងទៀត កំពុង​ទទួលបាន​អត្ថប្រយោជន៍ ពី​កម្មវិធី​បន្ថែម​ផ្សេងៗ ដែល​ទាំងនេះ ពិត​ជាមាន​សារៈសំខាន់ ក្នុងការ​ធ្វើឱ្យ​គម្រោង​អប់រំ ទទួលបាន​ជោគជ័យ​។​

​ក្នុងឱកាស​ដ៏​វិសេសវិសាល​នេះ អង្គការ ប៉េ អេស អឺ នឹង​ប្រារព្ធ​ពី​ធី​សម្ពោធ ខ្សែភាពយន្ត​រឿង “​ស្រកា​មាស​” ដែល​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​សាល​មហោស្រប​ចតុមុខ ក្រោម​ព្រះរាជ​វត្តមាន ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ព្រមទាំង​មានការ​ចូលរួម ពី​បណ្តា​ក្រុមហ៊ុន​ដៃគូ អង្គការ និង តំណាង​រាជរដ្ឋាភិបាល ប្រមាណ ៦០០ នាក់​។​

​ខ្សែភាពយន្ត​រឿង “​ស្រកា​មាស​” គឺជា​ខ្សែ​រឿង​មួយ​នេះ ចំណាយ​អស់​ទឹកប្រាក់ ប្រមាណ​ជា ៥០ ម៉ឺន​ដុល្លារ ដែលជា​ការចំណាយ​ថវិកា​ផ្ទាល់ របស់​ផលិតករ​បារាំង មួយរូប​។ រឿងនេះ​ផងដែរ គឺ​សុទ្ធតែ​ចូលរួម​សម្តែង ពី​ក្មេងៗ នៅលើ​គំនរ​សំរាម និង​និយាយ​ពី ជីវិត​ពិត​របស់​ពួកគេ​។

​លើសពីនេះទៅទៀត ខ្សែភាពយន្ត​នេះ នឹងត្រូវ​ចាក់​បញ្ចាំង នៅតាម​បណ្តា​រោងភាពយន្ត មួយចំនួន ដូចជា​៖ Major by cellcard ពីថ្ងៃ​ទី ១៣-១៦ ខែកញ្ញា ឆ្នាំ​២០១៦ Platinum Cineplex ពីថ្ងៃ​ទី ១៥-១៨ ខែកញ្ញា ឆ្នាំ​២០១៦ និង Legend Cinema ពីថ្ងៃ​ទី ១៦-១៩ ខែកញ្ញា ឆ្នាំ​២០១៦​។ សំបុត្រ​អាច​រក​ទិញ​បាន នៅតាម​រោងភាពយន្ត​នីមួយៗ​។

​ថវិកា​ដែល​បាន​ពី​ការលក់​សំបុត្រ នឹង​យកទៅ​ប្រើប្រាស់ ដើម្បី​គាំទ្រ​ដល់​កម្មវិធី​របស់ អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ​៕

Sunday, September 11, 2016

តំណាងរាស្រ្ត CNRP បានអះអាងថា «ការផ្តន្ទាទោសលោក កឹម សុខា គណបក្សគ្មានការភ្ញាក់ផ្អើលឡើយ» (មានប្រសាសន៍សម្ដេចប្រធានរដ្ឋសភា)

Fresh News



(ភ្នំពេញ)៖ ភ្លាមៗបន្ទាប់ពីការប្រកាសសាលក្រមរបស់តុលាការក្រុងភ្នំពេញ, ​លោក អ៊ូ ចាន់ឫទ្ធិ មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ បានប្រកាសនៅឯទីស្នាក់ការ កណ្តាលគណបក្សរបស់ខ្លួនថា ការកាត់ទោសរបស់សាលាដំបូងរាជធានីភ្នំពេញ លើករណីលោក កឹម សុខា គណបក្សសង្រ្គោះជាតិ គ្មានការភ្ញាក់ផ្អើលអ្វីនោះទេ។

ការប្រកាសបែបនេះរបស់លោក អ៊ូ ច័ន្ទប្ញទ្ធិ បានធ្វើឡើងបន្ទាប់ពីនៅវេលាម៉ោងប្រមាណ ២៖១៥នាទីរសៀលថ្ងៃនេះ ចៅក្រម កែវ មុន្នី បានប្រកាសសាលក្រម ដោយផ្តន្ទទោស លោក កឹម សុខា ដាក់ពន្ធនាគារ រយៈពេល៥ខែ និងពិន័យជាប្រាក់ ៨សែនរៀល ពីបទ «បដិសេធក្នុងការចូលខ្លួន» តាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ បន្ទាប់ពីបានបើកសវនាការជំនុំជម្រះរឿងក្តីលោក កឹម សុខា នៅព្រឹកថ្ងៃទី០៩ ខែកញ្ញានេះ។ ការប្រកាសសាលក្រមនេះ ចាត់ទុកជាចំពោះមុខ។

លោក អ៊ូ ចាន់ឫទ្ធិ បានប្រកាសនៅមុខសកម្មជន និងអ្នកគាំទ្ររបស់ខ្លួនយ៉ាងដូច្នេះថា «៥ខែ ៨០ម៉ឺនរៀល យើងអត់មានការភ្ញាក់ផ្អើលណាបងប្អូន តុលាការបែប ហ្នឹងរំលោភលើអភ័យឯកសិទ្ធិ អ្នកតំណាងរាស្រ្ត»។

ឆ្លើយតបនឹងការចោទប្រកាន់របស់លោក អ៊ូ ចាន់ឫទ្ធិ ថា តុលាការបានរំលោភលើ អភ័យឯកសិទ្ធិអ្នកតំណាងរាស្រ្ត ត្រូវបានសម្តេច ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា ធ្លាប់បានលើកឡើងថា «ខ្ញុំសូមប្រកាសថា អង្គសភា បានអនុម័តឲ្យសមត្ថកិច្ចបន្តចាត់ការ តាមនីតិវិធីលើករណីឯកឧត្តម កឹម សុខា តំណាងរាស្រ្តមណ្ឌល ខេត្តកំពង់ចាម នាសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៥ នៅថ្ងៃច័ន្ទ ទី៣០ ឧសភា ឆ្នាំ២០១៦»។

អ្នកនាំពាក្យគណបក្សកាន់អំណាច បដិសេធដាច់អហង្កាចំពោះការចោទប្រកាន់របស់បក្សប្រឆាំងថា «សាលក្រមរបស់តុលាការក្រុងភ្នំពេញ ស្ថិតនៅក្រោមសម្ពាធគណបក្សប្រជាជន»

Fresh News



(ភ្នំពេញ)៖ ភ្លាមៗបន្ទាប់ពីគណបក្សសង្រ្គោះជាតិ ចេញសេចក្តីថ្លែងការណ៍, នៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ លោក សុខ ឥសាន មន្រ្តីអ្នកនាំពាក្យនៃគណបក្សកាន់អំណាច បានធ្វើការប្រកាសបដិសេធដាច់អហង្កា ចំពោះការចោទប្រកាន់ទាំងឡាយណារបស់គណបក្សសង្រ្គោះជាតិ ដែលថាសាលក្រមរបស់តុលាការក្រុងភ្នំពេញ ស្ថិតនៅក្រោមសម្ពាធគណបក្សប្រជាជនកម្ពុជា​។

លោក សុខ ឥសាន បានបញ្ជាក់ទៀតថា ការមិនទទួលស្គាល់នូវសាលដីការបស់តុលាការ គឺជាសិទ្ធិរបស់បុគ្គលម្នាក់ៗ ប៉ុន្តែនីតិវិធីរបស់តុលាការនៅតែបន្ត មិនមានការរាំងស្ទះ ឬរងសម្ពាធពីស្ថាប័នណាមួយនោះទេ។

អ្នកនាំពាក្យគណបក្សកាន់អំណាចដដែលរូបនោះ បានថ្លែងយ៉ាងដូច្នេះថា «តុលាការគេបានដំណើរការ តាមនីតីវិធីរបស់គេរួចទៅហើយ សម្រេចរួចទៅហើយ ប្រសិនបើមិនមានជនប្រព្រឹត្តបទល្មើស គេមិនយកទៅកាត់ទោសទេ គេកាត់ទោសតែអ្នកប្រព្រឹត្តបទល្មើសនោះទេ គាត់ចង់ថាម៉េចគឺជារឿងរបស់គាត់ទេ ធម្មតាអ្នកជាប់ចោទ អ្នកល្មើសច្បាប់ មិនដែលទទួលស្គាល់ខ្លួនថា ល្មើសច្បាប់ទេ ហ្នឹងជាទូទៅចឹងហើយ មិនងាយមាននរណាប្រព្រឹត្តបទល្មើសហើយ ទទួលស្គាល់នោះទេ គណបក្សប្រជាជនកម្ពុជា មិនដែលទៅរករឿង ឬនៅពីក្រោយរឿងណានោះទេ»។ លោក សុខ ឥសាន បានអះអាងទៀតថា «គណបក្សប្រជាជន សុំធ្វើការបដិសេធរាល់ការចោទប្រកាន់ទាំងឡាយណា»។

ការអះអាង និងច្រានចោលការចោទប្រកាន់របស់គណបក្សកាន់អំណាច ធ្វើឡើងបន្ទាប់ពីនៅរសៀលថ្ងៃនេះ គណបក្សសង្គ្រោះជាតិបានចេញសេចក្តីថ្លែងការណ៍​ ដោយប្រកាសមិនទទួលយកសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានផ្តន្ទាទោស លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦នេះ និងថា សាលក្រមរបស់តុលាការក្រុងភ្នំពេញ ស្ថិតនៅក្រោមសម្ពាធគណបក្សប្រជាជនកម្ពុជា​។

សូមជំរាបថា នៅវេលាម៉ោង ២៖១៥នាទីរសៀល ថ្ងៃទី០៩ ខែកញ្ញានេះ សាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសលោក​ កឹម សុខា រយៈពេល ៥ខែ និងពិន័យជាប្រាក់ ៨សែនរៀល ពីបទ «បដិសេធក្នុងការចូលខ្លួន» តាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ បន្ទាប់ពីបានបើកសវនាការជំនុំជម្រះ រឿងក្តីលោក កឹម សុខា នៅព្រឹកថ្ងៃទី០៩ ខែកញ្ញានេះ។ ចៅក្រម កែវ មុនី បានប្រកាសថា សាលក្រមនេះ​ ប្រកាសចាត់ទុកជាចំពោះមុខ៕

លិខិតចំហររបស់អ្នកនាំពាក្យ៖ បើលោក កឹម សុខា ចូលតាមការហៅ ហើយឆ្លើយបែបណាក៏ដោយ ក៏មកដល់ពេលនេះ លោកក៏ពុំមានឋានៈជាពិរុទ្ធជននោះទេ

Fresh News



(ភ្នំពេញ)៖ នៅថ្ងៃទី១០​ ខែកញ្ញា​ ឆ្នាំ២០១៦នេះ លោក គឹម សន្តិភាព​ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបន្តចេញលិខិតចំហរ ជូនសាធារណមតិឲ្យជ្រាបជុំវិញ ការកោះហៅ រហូតដល់ការកាត់ក្តីផ្តន្ទាទោសលោក កឹម សុខា ប្រធានស្តីទីគណបក្ស សង្គ្រោះជាតិ ចំនួន៥ខែ និងពិន័យប្រាក់៨០ម៉ឺនរៀល។

លោក គឹម សន្តិភាព បានលើកឡើងនៅក្នុងលិខិតចំហរថា ចារីនៃបទល្មើសសញ្ចារកម្ម គឺជាជនទី៣ ដែលជាអន្តរការី នៃអំពើពេស្យាចារ! ដៃគូរួមភេទផ្ទាល់ពុំមែនជាចារី នៃបទល្មើសនេះទេ តែជាសាក្សីដ៏សំខាន់ក្នុងការផ្តល់សាក្ខីកម្ម ដើម្បីស្វែងរកជនល្មើសនៃអំពើសញ្ចារកម្មនេះ! ហើយប្រសិនបើលោក កឹម សុខា ចូលខ្លួនតាមការហៅរបស់តុលាការ ទោះបីឆ្លើយបែបណាក៏ដោយ ក៏មកដល់ពេលនេះលោក កឹម សុខា ពុំមានឋានៈជាពិរុទ្ធជននោះទេ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនោះ បានបង្ហាញលិខិតចំហរ ដែលមានខ្លឹមសារទាំងស្រុងជូនសាធារណជន៖

បុគ្គលគ្រប់រូបដែលត្រូវបានចាត់ទុកថា ដឹងអំពីតម្រុយ ឬព័ត៌មាននៃអំពើល្មើសណាមួយត្រូវចូលរួម ផ្តល់សក្ខីកម្មដល់មន្ត្រី មានសមត្ថកិច្ច ដើម្បីស្វែងរកជនល្មើសមកផ្តន្ទាទោសតាមច្បាប់ ហើយក៏ជាការបង្ហាញឲ្យឃើញថា ជាពលរដ្ឋល្អក្នុងសង្គម ដែលបានចូលរួមលុបបំបាត់និទណ្ឌភាពផងដែរ!

ដោយឡែកឯកឧត្តម កឹម សុខា ដែលត្រូវបានស្ថាប័នអយ្យការកោះហៅក្នុងនាមសាក្សី ដើម្បីផ្តល់សក្ខីកម្មសម្រាប់ស្វែងរក ជនល្មើសក្នុងអំពើសញ្ចារកម្មនោះ ពុំបានបំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងនាមជាបុគ្គលដែលត្រូវបានកោះហៅផង និងក្នុង នាមជាពលរដ្ឋល្អក្នុងសង្គមផងនោះ បែរជាជ្រើសរើសយកវិធីគេចវេសមិនចូលខ្លួន ដែលត្រូវបានច្បាប់កំណត់ថា ជាបទល្មើស ដែលនាំឲ្យខ្លួនក្លាយជាពិរុទ្ធជននាពេលនេះ!

សូមបញ្ជាក់ថា ប្រសិនបើពិរុទ្ធជនរូបនេះចូលតាមការកោះហៅ ហើយទោះបីជាឆ្លើយបែបណាក៏ដោយ ក៏មកដល់ពេលនេះ គាត់ពុំមានឋានៈជាពិរុទ្ធជនបែបនេះទេ ហើយក្នុងនាមតំណាងរាស្ត្រ គួរធ្វើជាគំរូល្អដល់ប្រជាពលរដ្ឋ !

យើងក៏ពុំឃើញមានចំនុចណាមួយនៃរដ្ឋធម្មនុញ្ញ និងច្បាប់នានាដែលហាមមិនឲ្យស្ថាប័នតុលាការ កោះហៅតំណាងរាស្ត្រ នោះដែរ!

ហេតុដូចនេះសូមសាធារណជន មេត្តាជ្រាប និងសូមអំពាវនាវដល់ពិរុទ្ធជន កឹម សុខា គួរយកពេលវេលារបស់ខ្លួនពិភាក្សា ជាមួយមេធាវី ដែលមានជំនាញឯកទេស ដើម្បីការពារក្តីឲ្យខ្លួន ប្រសើរជាងយកពេលវេលាធ្វើរឿងឥតប្រយោជន៍ដល់ខ្លួន! ការជ្រើសរើសយកផ្លូវដើរដោយខ្លួនឯង ដោយប្រព្រឹត្តទង្វើប្រឆាំងនឹងច្បាប់បែបនេះ គឺជាការកំណត់យកអនាគត ដោយខ្លួនឯង!៕

សំណុំរឿងស្នេហ៍លួចលាក់ របស់ស្រីមុំ អាចនឹងធ្វើឲ្យលោក កឹម សុខា ក្លាយជាជនទី៧ ដែលត្រូវជាប់ពន្ធនាគារ ?

Fresh News



(ភ្នំពេញ)៖ ពាក្យចាស់ខ្មែរតែងបានទូន្មានភាពស្មោះត្រង់ ក្នុងចំណងអាពាហ៍ពិពាហ៍ ប្តីមួយប្រពន្ធមួយ នឹងនាំមកនូវក្តីសុខ សុភមង្គល ក្នុងសង្គមគ្រួសារ ហើយក៏មិនព្រួយមានរឿងនាំឲ្យ អាស្រូវកេរ្តិ៍ផងដែរ។ ផ្ទុយទៅវិញជនទាំងឡាយណា ដែលមិនអាចគោរព ឬបំភ្លេចនូវពាក្យទូន្មានទាំងនេះ បណ្តោយខ្លួនធ្លាក់ក្នុងអន្លង់នៃកាមតណ្ហាចង់ផ្លាស់ប្តូរដៃគូស្នេហ៍ពីមួយទៅមួយ ក៏មែងមានរឿងរ៉ាវក្នុងសង្គមគ្រួសារ ឬអាចភ្លាត់ទៅអាស្រូវកេរ្តិ៍ជាសាធារណក៏មាន។

មិនត្រឹមតែពាក្យចាស់ខ្មែរនោះទេ នៅក្នុងឱវាទរបស់ព្រះសម្មាសម្ពុទ្ធ ដែលប្រជាពលរដ្ឋខ្មែរតែងគោរពប្រណិបតន៍នោះ ក៏បានទូន្មាន និងក្រើនរំលឹកឲ្យជនទាំងឡាយចៀសឆ្ងាយពីការបណ្តែតបណ្តោយខ្លួនឲ្យធ្លាក់ក្នុងភ្លើងកាមតណ្ហានេះផងដែរ ព្រោះព្រះអង្គបានមើលឃើញច្បាស់ថា ជនទាំងឡាយដែលបណ្តែតបណ្តោយខ្លួនទៅតាមការអូសទាញនៃកាមគុណ កាមអារម្មណ៍នឹងនាំឲ្យធ្លាក់ក្នុងអន្លង់ទុក្ខ។

នៅក្នុងសង្គមរបស់មនុស្សមិនថាអតីតសម័យ ឬសម័យបច្ចុប្បន្ន គេតែងបានឃើញសង្គមគ្រួសារជាច្រើនទាំងរាស្រ្តសាមញ្ញ រហូតដល់អ្នកមានត្រកូលពូជពង្សខ្ពង់ខ្ពស់ តែងកើតមានរឿងរ៉ាវបែកបាក់ ព្រោះតែរឿងកាមគុណនេះ។ ក្នុងប្រវត្តិសាស្រ្តខ្មែរវិញ ព្រោះតែរឿងកាមគុណនាំឲ្យមានការបាត់បង់ទឹកដី (ព្រះជ័យជេដ្ឋាទី២ ១៦១៨-១៦២៨) នាំឲ្យម្ចាស់មា សម្លាប់ម្ចាស់ក្មួយក៏មាន (ព្រះរាជសំភារចៅ ពញាតូ ១៦២៩ - ១៦៣៤)។

ក្រឡេកមកសង្គមខ្មែរនាពេលបច្ចុប្បន្ន ក្រៅពីសាមញ្ញជនជាច្រើនត្រូវរងទុក្ខព្រោះតែភាពភ្លើតភ្លើនក្នុងផ្លូវកាមហើយនោះ លោក កឹម សុខា ជាប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ដែលជាបក្សប្រឆាំងដ៏ធំមួយនៅកម្ពុជា ចាត់ទុកជាបុគ្គលខ្ពង់ខ្ពស់ និងល្បាញល្បីមួយរូបនៅកម្ពុជា ក៏ត្រូវជួបទុក្ខ និងអាស្រូវកេរ្តិ៍ ព្រោះតែរឿងកាមតណ្ហា កាមគុណលួចលាក់មាននារីក្មេងក្បត់ ភរិយានេះផងដែរ (នេះបើយោងតាមខ្សែអាត់សំឡេង ដែលគេទម្លាយក្នុងទំព័រ Facebook «រឿងពិត CNRP»)។ មកដល់បច្ចុប្បន្នរឿងអាស្រូវកាមគុណ រវាងលោក កឹម សុខា និងនារីម្នាក់ឈ្មោះថា ខុម ចាន់តារាទី ហៅស្រីមុំ បានធ្វើឲ្យលោក កឹម សុខា ត្រូវអ័ព្ទយស និងជួបទុក្ខផ្ទួនៗ រហូតប្រឈមនិងការជាប់ទោសទណ្ឌថែមទៀតផង។ អាស្រូវផ្លូវភេទនេះមិនត្រឹមតែលោក កឹម សុខា ដែលជាអ្នកប្រព្រឹត្តនោះទេ ដែលត្រូវរងគ្រោះនៅមានជនជាច្រើនទៀត ក៏បានរងទុក្ខទោស រហូតជាប់ពន្ធនាគារជាច្រើននាក់។

តាមព្រះពុទ្ធោវាទការមិនត្រេកអរ និងប្រពន្ធខ្លួនទៅលួចមាននារីខាងក្រៅ ឬខ្លួនចាស់ហើយទៅលួចលាក់មាននារីក្មេង សុទ្ធតែ ជាប្រភពនៃក្តីវិនាស។ បរាភវសូត្រសម្តែងពីក្តីវិនាសទាំង១២ ព្រះសម្មាសម្ពុទ្ធ បានទូន្មានថា «ប្រុសមិនត្រេកអរនឹងប្រពន្ធខ្លួន ហើយទៅជាប់ជួននឹងស្រីពេស្យាទ្រុស្ត នឹងប្រពន្ធកូនជននានា ហេតុនោះទៅជានាំឱ្យវិនាស»។ «បុរសមានវ័យដែលចាស់ហួសពេក ហើយមានតម្រេកដោយក្ដីតណ្ហា នាំយកស្រីក្មេងមកធ្វើភរិយា ហេតុនោះទៅជានាំឱ្យវិនាស»។

ព្រះពុទ្ធោវាទព្រះសម្មាសម្ពុទ្ធ ដែលបានទូន្មានពិតជាមិនខុស! បច្ចុប្បន្នព្រោះតែការត្រេកត្រអាលក្នុងផ្លូវកាមនេះ បានធ្វើឲ្យលោក កឹម សុខា ដែលជាបុគ្គលខ្ពង់ខ្ពស់មួយរូបកំពុងជួបនូវក្តីវិនាស ហើយក្តីវិនាសនេះមិនត្រឹមកើតមានលើលោក កឹម សុខា ដែលជាអ្នកប្រព្រឹត្តផ្ទាល់នោះទេ សូម្បីតែអ្នកដែលព្យាយាមជួយលុបលាងទង្វើរបស់លោក ជាច្រើននាក់ទៀត ក៏រងទុក្ខដូចគ្នា។

ក្រៅពីលោក កឹម សុខា ដែលកំពុងប្រឈម និងការជាប់ពន្ធនាគារចំនួន៥ខែ ក្រោយពេលសាលក្រមចូលជាស្ថាពរហើយនោះ មានមនុស្សចំនួន ៦នាក់ហើយកំពុងជាប់ពន្ធនាគារ ហើយមានមនុស្សជាច្រើននាក់ទៀត កំពុងស្ថិតក្នុងដំណើរការនីតិវិធីរបស់តុលាការ។

មនុស្សចំនួន៦នាក់ ដែលកំពុងជាប់ពន្ធនាគារព្រោះតែសំណុំរឿងអាស្រូវផ្លូវភេទរវាងលោក កឹម សុខា និងកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រី មុំ រួមមាន៖ លោក ស៊ាង ចែត អតីតមេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម, លោក នី សុខា ប្រធានផ្នែកស៊ើប អង្កេតសមាគមអាដហុក, លោក យី សុខសាន្ត អនុប្រធាន ផ្នែកស៊ើបអង្កេត សមាគម អាដហុក, លោក ណៃ វ៉ងដា អនុប្រធានផ្នែកស៊ើបអង្កេត សមាគមអាដហុក, លោកស្រី លឹម មុនី មន្រ្តីអង្កេត ជាន់ខ្ពស់អាដហុក និងលោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប។ ពួកគាត់ទាំង ៦រូបនេះ ត្រូវបានតុលាការចោទប្រកាន់ពីបទសូកប៉ាន់ និងសមគំនិតសូកប៉ាន់សាក្សី ដែលត្រូវប្រឈមមុខជាប់ពន្ធនាគារពី៥ ទៅ១០ឆ្នាំ ក្នុងសំណុំរឿងស្រីមុំតែមួយ។

ក្រៅពីអ្នកជាប់ឃុំទាំង៦រូបនេះទៅនៅមានតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិពីររូប គឺលោក តុប វ៉ាន់ចាន់ តំណាងរាស្រ្តខេត្តកណ្តាល និងលោក ពិន រតនា តំណាងរាស្រ្តខេត្តបាត់ដំបង ក៏បានជាប់ក្នុងបណ្តឹង នៃសំណុំរឿងផ្លូវភេទនេះផងដែរ។

ស្រីមុំ ធ្លាប់បានបញ្ជាក់ក្នុងលិខិតចំហរបស់ខ្លួនថា លោក កឹម សុខា និងរូបនាង ពិតជាមានទំនាក់ទំនងស្នេហាលួចលាក់ជាមួយគ្នា។ ទំនាក់ទំនងស្នេហាលួចលាក់នេះ លោក កឹម សុខា បាននាំរូបនាងទៅលេងនៅប្រទេសថៃ ហើយថែមទាំងបានសន្យាឲ្យលុយ ទិញផ្ទះ ឲ្យថែមទៀតផង។

តែពេលនេះស្នេហា ដែលធ្លាប់តែផ្អែមល្ហែមរវាងលោក កឹម សុខា និងស្រីមុំ ពីអតីតកាលបានប្រែជាល្វីងជូរចត់ ដោយស្រីមុំ បានប្តឹងលោក កឹម សុខា និងអ្នកពាក់ព័ន្ធទារសំណងជំងឺចិត្តប្រមាណ ៣០ម៉ឺនដុល្លារអាមេរិក។

បើទោះបីរឿងអាស្រូវស្នេហារបស់លោក កឹម សុខា ជាគំរូអាក្រក់ក្នុងសង្គម តែក៏ជាកញ្ចក់មួយសម្រាប់សង្គមមនុស្សនាពេលបច្ចុប្បន្ន ទាំងអ្នកនយោបាយ និងប្រជាពលរដ្ឋទូទៅ បើចង់រួចផុតពីការអាស្រូវកេរ្តិ៍ដូចលោក កឹម សុខា និងរក្សាបានម្លប់ នៃភាពសុខសាន្តក្នុងគ្រួ សារ មិនគួរបណ្តោយឲ្យភ្លើងកាមគុណអូសទាញបាននោះឡើយ៕

Saturday, September 10, 2016

មេធាវី​គ្រោង​ដាក់​ករណី​ឃាតកម្ម​បណ្ឌិត កែម ឡី ក្នុង​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​អន្តរជាតិ

RFA
ដោយ មួង ណារ៉េត

មេធាវី​អង់គ្លេស លោក រីឆាត រ៉ូជើរ (Richard Rogers) នៃ​ក្រុមហ៊ុន​មេធាវី គ្លបល ឌីលីជេនស៍ (Global Diligence) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​បន្ទប់​ផ្សាយ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៥។

ស្តាប់​សំលេង


មេធាវី​ជនជាតិ​អង់គ្លេស លោក រីឆាត រ៉ូជើរ (Richard Rogers) នៃ​ក្រុមហ៊ុន​មេធាវី គ្លបល ឌីលីជិនស៍ (Global Diligence) ដែល​តំណាង​ពលរដ្ឋ​រងគ្រោះ​ក្រោម​របប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​ដាក់​ករណី​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី និង​ឯកសារ​ថ្មីៗ​បន្ថែម​ទៀត​ស្ដីពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ទៅ​ក្នុង​ពាក្យ​បណ្ដឹង​របស់​លោក​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC)។

សូម​ស្ដាប់​បទសម្ភាសន៍​របស់​លោក មួង ណារ៉េត ជាមួយ​លោក​មេធាវី រីឆាត រ៉ូជើរ ជុំវិញ​ពាក្យ​បណ្ដឹង​នេះ ដូច​ត​ទៅ៖

កម្ពុជា​ប្រតិកម្ម​ចំពោះ​ការ​រិះគន់​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​របស់​មន្ត្រី​អង្គការ​សហប្រជាជាតិ

RFA
ដោយ យាង សុជាមេត្តា

សកម្មភាព​របស់​សមត្ថកិច្ច​ខណ្ឌ​ដង្កោ ចាប់​ខ្លួន​សកម្មជន​ដីធ្លី​ដាក់​លើ​រថយន្ត បញ្ជូន​ទៅ​អធិការដ្ឋាន ក្នុង​ពេល​សកម្មជន​ដីធ្លី​ទាំង​នោះ ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ក្រោយ​ពន្ធនាគារ​ព្រៃស នៅ​ថ្ងៃ​ទី​៦ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Rann Samnang

​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​របស់​កម្ពុជា ប្រចាំ​មន្ទីរ​អង្គការ​សហប្រជាជាតិ និង​អង្គការ​អន្តរជាតិ នៅ​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland) នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ប្រតិកម្ម​ទៅ​នឹង​អ្នកនាំពាក្យ​នៃ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស អ្នកស្រី រ៉ាវីណា ស្សាំដាសានី (Ravina Shamdasani) ដែល​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​រិះគន់​ចំពោះ​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​របស់​កម្ពុជា ប្រចាំ​មន្ទីរ​អង្គការ​សហប្រជាជាតិ និង​អង្គការ​អន្តរជាតិ នៅ​ទីក្រុង​ហ្សឺណែវ ប្រកាស​ថា ពួកគេ​ប្រឆាំង​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ខ្លឹមសារ​នៃ​កំណត់ហេតុ​សារព័ត៌មាន​របស់​អ្នកស្រី រ៉ាវីណា ស្សាំដាសានី។

កាល​ពី​ថ្ងៃ​ទី​៦ ខែ​កញ្ញា អ្នកស្រី រ៉ាវីណា ស្សាំដាសានី អ្នកនាំពាក្យ​នៃ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស បាន​លើក​ឡើង​ពី​បរិយាកាស​គំរាមកំហែង​ទៅ​លើ​អ្នក​នយោបាយ​បក្ស​ប្រឆាំង​នៅ​កម្ពុជា ពី​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​របស់​បក្ស​កាន់​អំណាច​ធ្វើ​បាប​បក្ស​ប្រឆាំង និង​ពី​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ខ្មែរ​ជាដើម។

​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​របស់​កម្ពុជា ប្រចាំ​មន្ទីរ​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ ប្រតិកម្ម​ថា ការ​លើក​ឡើង​របស់​មន្ត្រី​នាំ​ពាក្យ​រូប​នេះ គឺ​មាន​ខ្លឹមសារ​បញ្ច្រាស​គ្នា​ទៅ​នឹង​ការ​ប្រកាស​ព័ត៌មាន​ស្ដីពី​លទ្ធផល​នៃ​ជំនួប​ចុង​ក្រោយ​បង្អស់​រវាង​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន (Ban Ki-Moon) ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​៦ ខែ​កញ្ញា នៅ​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ។

បន្ថែម​ពី​លើ​នេះ ពួកគេ​ថា សារធាតុ​នៃ​បញ្ហា​ដែល​អ្នកស្រី រ៉ាវីណា ស្សាំដាសានី លើក​ឡើង​គឺ​ជា​បញ្ហា​ផ្ទៃក្នុង​របស់​កម្ពុជា សុទ្ធសាធ ហើយ​ក្នុង​នាម​ជា​រដ្ឋ​អធិបតេយ្យ​មួយ កម្ពុជា​មិន​អាច​ទទួល​យក​ការ​មូល​បង្កាច់​ណា​មួយ​ចំពោះ​រដ្ឋាភិបាល​ស្រប​ច្បាប់ ហើយ​ក៏​មិន​ទទួល​បញ្ជា ឬ​ទទួល​យក​ការ​វិនិច្ឆ័យ​ណា​មួយ​ពី​តួអង្គ​បរទេស​ទាក់ទង​នឹង​ស្ថាប័ន​តុលាការ និង​ដំណើរ​ការ​ប្រព្រឹត្តិ​ទៅ​នៃ​កិច្ចការ​រដ្ឋ​របស់​កម្ពុជា។

ក្រៅ​ពី​រិះគន់​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​របស់​រដ្ឋាភិបាល​លើ​បក្ស​ប្រឆាំង និង​ការ​រឹតត្បិត​លើ​សិទ្ធិ​សេរីភាព​ពលរដ្ឋ អ្នកស្រី រ៉ាវីណា ស្សាំដាសានី ក៏​សម្ដែង​ការ​ព្រួយ​បារម្ភ​ពី​ការ​សំញែង​កម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល​នៅ​ក្បែរ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​ប្រកាស​របស់​មន្ត្រី​ជាន់​ខ្ពស់​យោធា​ដែល​ប្ដូរផ្ដាច់​ការពារ​រដ្ឋាភិបាល ហើយ​ប្រឆាំង​ទៅ​នឹង​ក្រុម​ដែល​ប្រឆាំង​រដ្ឋាភិបាល។ អ្នកស្រី រ៉ាវីណា ស្សាំដាសានី ទទូច​ឲ្យ​រដ្ឋាភិបាល​ធានា​នូវ​សុវត្ថិភាព​ដល់​ពលរដ្ឋ​គ្រប់​រូប ហើយ​ក៏​ទទូច​ឲ្យ​រដ្ឋាភិបាល​បង្ក​បរិយាកាស​ល្អ​សម្រាប់​ការ​បោះឆ្នោត​ក្នុង​ពេល​ខាង​មុខ។

​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ ការ​រិះគន់​ពី​សំណាក់​សហគមន៍​អន្តរជាតិ​មក​លើ​រដ្ឋាភិបាល​កម្ពុជា បាន​ធ្លាក់​មក​ជា​បន្តបន្ទាប់ ខណៈ​ដែល​គេ​មើល​ឃើញ​ថា ភាព​តានតឹង​នយោបាយ​កំពុង​តែ​ឡើង​កម្ដៅ​កាន់​តែ​ខ្លាំង​ឡើងៗ និង​បន្ទាប់​សកម្មជន​ការពារ​សិទ្ធិមនុស្ស មន្ត្រី គ.ជ.ប ត្រូវ​បាន​ចាប់​ខ្លួន និង​អ្នក​វិភាគ​រិះគន់​រដ្ឋាភិបាល​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់។

ទាក់ទង​នឹង​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា នេះ​ដែរ មន្ត្រី​នៃ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ឲ្យ​អាស៊ីសេរី ដឹង​នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ថា អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) នឹង​ធ្វើ​បទ​បង្ហាញ​ជូន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ នៅ​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ខាង​មុខ ដើម្បី​រាយការណ៍​ពី​បញ្ហា​សិទ្ធិមនុស្ស​ដែល​អ្នកស្រី​រក​ឃើញ​ក្នុង​ដំណើរ​ទស្សនកិច្ច​មក​កាន់​កម្ពុជា កាល​ពី​ខែ​មីនា កន្លង​ទៅ និង​ហេតុការណ៍​ទាំង​ឡាយ​ដែល​បាន​កើត​ឡើង​ក្នុង​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ។

​ក្នុង​ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា កាល​ពី​ខែ​មីនា អ្នកស្រី រ៉ូណា ស្មីត បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ដែល​អ្នកស្រី​ថា ប្រទេស​កម្ពុជា គឺ​កំពុង​ខិត​ទៅ​ជិត​ចំណុច​កំពូល​នៃ​គ្រោះថ្នាក់​ហើយ៕

ជប៉ុន​មាន​គំរោង​នាំ​រថភ្លើង​បែបនេះ​មក​ដាក់​នៅ​រាជធានី​ភ្នំពេញ​

រស្មី​កម្ពុជា
ដោយ៖ សុផល



(​តូ​ក្យូ​)៖​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និង​ទេសចរណ៍​របស់​ជប៉ុន​បាន​លើកឡើងថា​ជប៉ុន​ចង់​ជួយ​កម្ពុជា​ដើម្បី​សាងសង់​បណ្តាញ​រថភ្លើង​ស្វ័យប្រវត្តិ យូ​រី​កា​ម៉ូ​ម៉ិ ក្នុង​គោលបំណង​ជួយ​បញ្ចៀស​ការកកស្ទះ​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ​។​
​ ​
​លោក​កា​វ៉ា​ហ្គូ​ជី អ៊ី​ហ្ស៊ូ​មី ប្រធានការិយាល័យ​ផែនការ​ដឹកជញ្ជូន​ក្នុង​ទីក្រុង នៃ​ក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន​និង​ទេសចរណ៍​​របស់​ជប៉ុន​បាន​អះអាង​ប្រាប់​អ្នកកាសែត​កម្ពុជា​ដែល​បានធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​តូ​ក្យូ​កាល​ដើមខែ​កញ្ញា​ឆ្នាំ​២០១៦​ថា​៖​រដ្ឋាភិបាល​​ជប៉ុន​ត្រៀម​ជួយ​កម្ពុជា​ជានិច្ច​ក្នុង​ការដាក់​ឲ្យ​ដំណើរការ​រថភ្លើង​ប្រភេទ​យូ​រី​កា​ម៉ូ​ម៉ិ​(Yurikamome) នេះ​ពី​កណ្តាល​រាជធានី​ភ្នំពេញ​​ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។​

​លោក​អ៊ី​ហ្ស៊ូ​មី បានឱ្យដឹងថា​ភាគី​ជប៉ុន​បាន​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​កម្ពុជា​រួមទាំង​លោក​អភិបាល​រាជ​ធានី​ភ្នំពេញ​ផងដែរ​។ បច្ចុប្បន្ន ភ្នាក់ងារ​សហប្រតិបត្តិ​ការ​កម្ពុជា​ជប៉ុន​ចៃ​កា​( JICA) កំពុងតែ​សិក្សា ហើយ​លោក​រំពឹងថា​អ្វីៗ​នឹង​​ដំណើរការ​ទៅមុខ ដើម្បី​រួមចំណែក​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ​។​

​ទាក់ទង​នឹង​ទឹកប្រាក់​វិនិយោគ អ្នកជំនាញ​ជប៉ុន​រូប​នេះ​មិនបាន​វាយតម្លៃ​យ៉ាងណា​នោះឡើយ​ពីព្រោះ​លោក​ចាំមើល​ផែនការមេ​និង​ការស្ទង់មតិ​ជាមុនសិន​។​

​សូមបញ្ជាក់​ផងដែរ​ថា កាលពីពេល​ថ្មី​កន្លងមកនេះ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​លើកឡើងថា​ការកកស្ទះ​ចរាចរណ៍​មិន​ត្រឹមតែ​ជា​បញ្ហា​ប្រឈម​របស់​រាជធានី​ភ្នំពេញ​ទេ តែ​វា​ជា​កត្តា​រារាំង​ដល់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​កម្ពុជា​ផងដែរ​។​លោក​ក៏បាន​បង្ហើប​ផងដែរ​ថា ជប៉ុន​តាមរយៈ​ទីភ្នាក់ងារ JICA កំពុង​សិក្សា​លើ​គម្រោង «​រថភ្លើង​ស្វ័យប្រវត្តិ​»​ពី​ភ្នំពេញ​ទៅ​ព្រលានយន្តហោះ​អន្តរជាតិ​៕

មន្ត្រី​នាំពាក្យ ៖ លិខិត​របស់​តំណាងរាស្ត្រ​អាមេរិក​គ្មាន​ឥទ្ធិពល​លើ​រដ្ឋាភិបាល​កម្ពុជា​ទេ

រស្មី​កម្ពុជា
​ដោយ៖ វិបុល



(​ភ្នំពេញ​) ៖ កម្ពុជា ជា​រដ្ឋ​ឯករាជ្យ មិនអាច​ទទួលយក​សំណើ​របស់​តំណាងរាស្ត្រ​សហព័ន្ធ​សហរដ្ឋអាមេរិក ដែល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ក្រុងភ្នំពេញ គោរព​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​តាមរយៈ​ការបោះឆ្នោត​ប្រកបដោយ​សេរី និង​យុត្តិធម៌​ដោយមាន​ការចូលរួម​ពី​គ្រប់ភាគី​ពាក់​​ព័ន្ធ​នោះទេ​។​

​នេះ​ជាការ​អះអាង​របស់លោក​សុខ ឥសាន មន្ដ្រី​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​ការឆ្លើយតប​ទៅនឹង​ប្រធាន​គណៈកម្មាធិការ​​កិច្ចការបរទេស​នៃ​សភាតំណាងរាស្ត្រ​របស់ សហរដ្ឋអាមេរិក លោក អេ​ដ រ៉​យ ដែល​កាលពី​ថ្ងៃ​អង្គារ ទី​៧​ខែកញ្ញា​បាន​ផ្ញើលិខិត​ទៅកាន់​​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ថា ប្រសិនបើ​ការបោះឆ្នោត​នៅពេល​ខាង​គ្មាន​ការចូលរួម​ដោយ​សេរី​ពី​ថ្នាក់ដឹកនាំ​គណ​​បក្ស​សង្គ្រោះ​ជាតិ​ទេ នោះ​ដំណើរការ​បោះឆ្នោត​នៅពេល​ខាងមុខ​ក៏​មិន​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ដែរ ហើយ​សហរដ្ឋអាមេរិក​នឹងមិន​​អាច​ទទួលយក​បានទេ​ចំពោះ​លទ្ធផល​ពី​ការបោះឆ្នោត​នោះ​។​

​ថ្លែង​ក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ​ក្រៅ​ស្រុក​មួយ លោក សុខ ឥសាន បាន​ច្រានចោល​លិខិត​របស់លោក អេ​ដ រ៉​យ (Ed Royce)​ប្រធាន​​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការបរទេស​នៃ​រដ្ឋសភា សហរដ្ឋអាមេរិក ដែល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ស​កម្ពុជា បើកផ្លូវ​ឲ្យ​លោក សម រង្ស៊ី និង​លោក កឹម សុខា ចូលរួម​ដំណើរការ​បោះឆ្នោត​ដោយ​សេរី និង​គ្មាន​ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​។​

​មន្ត្រី​នាំពាក្យ​បក្ស​កាន់អំណាច​រូបនេះ​អះអាងថា កម្ពុជា​ជា​រដ្ឋ​ឯករាជ្យ ហើយ​ថា លិខិត​របស់លោក អេ​ដ រ៉​យ​គ្មាន​ឥទ្ធិពល​អ្វី​លើ​នីតិរដ្ឋ​របស់​​កម្ពុជា នោះទេ​។

​លោក​បន្តថា ពលរដ្ឋ​ខ្មែរ​ជាង ១៥​លាន​នាក់ នៅតែ​អាច​ចូលរួម​ការបោះឆ្នោត​តាម​ធម្មតា បើទោះបីជា​គ្មាន​វត្តមាន​លោក សម រង្ស៊ី​និង​​លោក កឹម សុខា ក៏ដោយ​៖ “...​ទោះបីជា លោក សម រង្ស៊ី គ្មាន​វត្តមាន ប៉ុន្តែ​ខ្ញុំ​គិតថា រឿង​លោក សម រង្ស៊ី​ជា​រឿង​បុគ្គល​សុទ្ធសាធ​ដែល​គាត់​ប្រព្រឹត្ត​ល្មើសច្បាប់​ហើយ​ត្រូវ​ប្រឈម ចំពោះមុខ​ច្បាប់​...​បរទេស​ខ្លះ​ហ្នឹង​គួរតែ​យល់​បញ្ហា​ពិត​នៅ​កម្ពុជា យ៉ាងម៉េច​ហើយ​កុំ​យក​មនុ​ស្សម្នាក់​ដែលមាន​ទោស​ហើយ មាន​សាលក្រម​ស្ថាពរ​របស់​តុលាការ​ហើយ ហើយ​មក​ចង់​ស្ទូច​ស្ទង់​ហ្នឹង តើ​វា​មាន​ប្រយោជន៍​អី​ខ្លះ​...”​។​

​ទោះជា​យ៉ាងណាក៏ដោយ លោក សុខ ឥសាន បញ្ជាក់​ជំហរ​ថា ការលើកលែងទោស​ឲ្យ​លោក សម រង្ស៊ី​ដើម្បី​បាន​ចូលរួម​ការបោះឆ្នោត​​លើក​នេះ នឹងមិន​អាចធ្វើ​ទៅបាន​ទេ លុះត្រាតែ​មេដឹកនាំ​បក្សប្រឆាំង​រូបនោះ​ចូលខ្លួន​ទទួលទោស​តាមផ្លូវ ច្បាប់​ជាមុនសិន​៖“...​បើ​និយាយ​ពី សម រង្ស៊ី ឲ្យ​ចូល​ស្រុក​វិញ គឺ​មិនអាច​ទៅរួច​ជាដាច់ខាត​...​រឿង​របស់គាត់​គឺជា​រឿង​បរិហាកេរ្តិ៍​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដល់​គេ​ប្ដឹងទៅ ត្រូវ​តុលាការ​កាត់ទោស អ៊ីចឹង​ហើយ​ឲ្យ​យើង​ថា​ម៉េច​...”៕

សហភាព​អឺរ៉ុប គាំទ្រ និង​គំនិត​ផ្តួចផ្តើម​ថ្មី ស្តីពី កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​ភ័ស្តុភារ​ដឹកជញ្ជូន ដែល​ជួយ​បង្កើន​ការតភ្ជាប់​អាស៊ាន​

CEN
ដោយ: ដាវុធ



ភ្នំពេញ: នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ សហភាព​អឺរ៉ុប លោក​ទេសរដ្ឋមន្ត្រី បានស្នើ​ឱ្យ​សហភាព​អឺរ៉ុប គាំទ្រ​ដល់​ការបង្កើត ក្រុមប្រឹក្សា​ជាតិ​ដឹកជញ្ជូន ជួយ​កំណត់​ផែនការមេ នៃ​ភ័ស្តុភារ​ដឹកជញ្ជូន ជួយ​អភិវឌ្ឍន៍​តំបន់ គ្រប់គ្រង​ច្រក​ត្រួត ពិនិត្យ​ព្រំដែន ការងារ​ស្តីពី​ការអនុវត្ត កិច្ចព្រមព្រៀង​ដឹកជញ្ជូន ឆ្លងកាត់​ព្រំដែន ក្នុង​បរិបទ​អាស៊ាន និង​មហា​អនុតំបន់​ទន្លេមេគង្គ​។​

​នៅ​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ទីស្តីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ជួបពិភាក្សា​ការងារ ជាមួយ​លោកស្រី Fiona Ramsey ទីប្រឹក្សា​របស់​ប្រធាន​កិច្ចសហប្រតិបត្តិការ សហភាព​អឺរ៉ុប​។​

​លោកស្រី Ramsey បាន​មានប្រសាសន៍ថា ការបង្កើត​កម្មវិធី​ពាណិជ្ជកម្ម សហភាព​អឺរ៉ុប ហើយ​ថា ប្រតិភូ​សហភាព​អឺរ៉ុប ប្រចាំ​នៅ​កម្ពុជា បានជ្រើសរើស អ្នកពិគ្រោះ​យោបល់​អន្តរជាតិ ដែល​ទទួលបន្ទុក លើ​ការសិក្សា​កំណត់ និង​បង្កើត​គម្រោង សម្រាប់​ឆ្នាំ​២០១៧ រួចហើយ​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ថ្លែងថា សហភាព​អឺរ៉ុប ដែល​បានផ្តល់​កា រ​គាំទ្រ​ជា​បន្ត និង​គំនិត​ផ្តួចផ្តើម​ថ្មី ស្តីពី កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​ភ័ស្តុភារ​ដឹកជញ្ជូន ដែល​ជួយ​បង្កើន ការតភ្ជាប់​អាស៊ាន​។​

​លោក​ទេសរដ្ឋមន្ត្រី បានកត់សម្គាល់ អំពី​របៀប ដែល​ភ័ស្តុភារ​ដឹកជញ្ជូន ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​។ ដោយ​លោក​ទេសរដ្ឋមន្ត្រី បានស្នើ​ឱ្យ​សហភាព​អឺរ៉ុប គាំទ្រ​ដល់​ការបង្កើត ក្រុមប្រឹក្សា​ជាតិ​ដឹកជញ្ជូន ជួយ​កំណត់​ផែនការមេ នៃ​ភ័ស្តុភារ​ដឹកជញ្ជូន ជួយ​អភិវឌ្ឍន៍​តំបន់​គ្រប់គ្រង ច្រក​ត្រួតពិនិត្យ​ព្រំដែន ការងារ​ស្តីពី​ការអនុវត្ត​កិច្ចព្រមព្រៀង ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន (CBTA) ក្នុង​បរិបទ​អាស៊ាន និង​មហា​អនុតំបន់​ទន្លេមេគង្គ និង​គាំទ្រ​ដល់​ការកសាង​សមត្ថភាព ដែល​ទាក់ទង​ទៅនឹង ប្រតិបត្តិ​ការចុះបញ្ជី​នាវា សញ្ជាតិ​កម្ពុជា​នេះ (Flag of Convenience) និង​តម្រូវការ​ហេដ្ឋារចនា សម្ព័ន្ធ ដឹកជញ្ជូន​ផ្នែក​ទន់ ផ្សេងៗ​ទៀត​៕

រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ស្នើឱ្យ USAID ផ្តល់​ការគាំទ្រ​ដល់ មន្ត្រី​ឧ​ទ្យា​នុ​រក្ស

CEN
ដោយ: ដាវុធ



ភ្នំពេញ: រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បានស្នើ​ឱ្យ USAID ពិចារណា​ផ្តល់​ការគាំទ្រ ដល់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ដែលមាន​ភារកិច្ច​ចម្បង ក្នុងការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ ជាពិសេស ការកសាង​សមត្ថភាព មន្ត្រី​ឧ​ទ្យា​នុ​រក្ស តាមរយៈ​កម្មវិធី​បណ្តុះ​បណ្តាល​ផ្សេងៗ​។​

​ការលើកឡើង​បែបនេះ នៅ​ល្ងាច​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០១៦ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​អនុញ្ញាតឱ្យ​អ្នកស្រី Polly Dunford នាយក​បេសកកម្ម ទីភ្នាក់ងារ​សហរដ្ឋអាមេរិក ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ (USAID) និង​សហការី ចូលជួប​សម្តែង​ការគួរសម ក្នុងខណ​:​ដែល​អ្នកស្រី ទើបត្រូវ​បានតែងតាំង ឱ្យមក​បំពេញការងារ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក​រដ្ឋមន្ត្រី បានលើកឡើង អំពី​វឌ្ឍនភាព​ការងារ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ ក្រោយពី​រាជរដ្ឋាភិបាល បាន​កែសម្រួល​ភារកិច្ច រវាង​ក្រសួងបរិស្ថាន និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​

​អ្នកស្រី Polly Dunford បាន​សម្តែង​នូវ​ការ​កោត​ស​សើរ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង របស់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជកា នៃ​ក្រសួងបរិស្ថាន ក្នុង​ការធ្វើ​ទំនើបកម្ម​ស្ថាប័ន និង​ការអបអរសាទរ ចំពោះ​សមិទ្ធផល​នានា ក្នុងការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ ដែល​ក្រសួង​ទទួលបាន​មកដល់​ប​ច្ចប្ប​ន្ន ហើយ​អ្នកស្រី បានលើកឡើង​នូវ ការបន្ត​កិច្ចសហប្រតិបត្តិការ និង​ផ្តល់​ការគាំទ្រ​ដល់ ក្រសួងបរិស្ថាន ដើម្បី​រួមចំណែក​ដល់ ការពង្រឹង និង​ពង្រីក​វឌ្ឍនភាព ការងារ​បន្ថែមទៀត​៕

ក្រសួងការបរទេស​ជ​ប៉ុនមាន​មន្ត្រី​ដែល​ចេះ​ភាសា​ខ្មែរ​ស្ទាត់ជំនាញ​១៤​នាក់​

ធ្មី​ៗ
និពន្ធដោយ: អ៊ឹង ចំរើន



កម្ពុជា និង​ជប៉ុន មាន​ទំនាក់ទំនង​គ្នា​តាំងពីដើម​សតវត្សរ៍​ទី​១៧​មកម្ល៉េះ​។ ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ បានចាប់ផ្តើម​ផ្លូវការ​នៅ​ថ្ងៃទី​៩ ខែមករា ឆ្នាំ​១៩៥៣ ហើយ​ត​ភ្ជាប់​ឡើងវិញ​នៅ​ឆ្នាំ​១៩៩២ បន្ទាប់ពី​កម្ពុជា​រួចផុត​ពីរ​បប​ខ្មែរក្រហម​។ បច្ចុប្បន្ន​ជប៉ុន​-​កម្ពុជា កាន់តែ​ខិតជិត​រកគ្នា​តាមរយៈ​វិស័យ​ការទូត ពាណិជ្ជកម្ម និង​ទេសចរណ៍​។

នៅ​ក្រសួងការបរទេស​ជប៉ុន មន្ត្រី​ចំនួន​១៤​ដែល​បម្រើ​ការទាក់ទង​នឹង​កម្ពុជា សុទ្ធតែ​ចេះ​ភាសា​ខ្មែរ​យ៉ាង​ស្ទាត់ជំនាញ​។ កាលពី​សប្តាហ៍​មុន អ្នកកាសែត​៥​រូប ត្រូវបាន​អញ្ជើញ​ឲ្យ​ទៅ​ទស្សនកិច្ច​រយៈពេល​៤​ថ្ងៃ​នៅក្នុង​ទីក្រុង​តូ​ក្យូ ហើយ​នៅពេលនោះ អ្នកស្រី Ai Onishi មន្ត្រី​ការិយាល័យ​អាស៊ី​-​អាគ្នេយ៍​ទី​១ និង​ជា​អ្នកទទួលបន្ទុក​ផ្នែក​ទំនាក់ទំនង​ជាមួយ​កម្ពុ​ជា បាន​អះអាងថា ក្រសួងការបរទេស​ជ​ប៉ុនមាន​អ្នកចេះ​ភាសា​ខ្មែរ​ដ៏​ស្ទាត់ជំនាញ​១៤​នាក់ ក្នុងនោះ​មាន​ស្រី​៣​នាក់​។​

​អ្នកស្រី Ai Onishi ដែល​ធ្លាប់​បម្រើការ​នៅ​ស្ថានទូត​ជប៉ុន​នៅ​កម្ពុជា និង​ធ្លាប់បាន​សិក្សា​ភាសា​ខ្មែរ​រយៈពេល​២​ឆ្នាំ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បានបញ្ជាក់​ប្រាប់​អ្នកកាសែត​ខ្មែរ​ថា មន្ត្រី​ជប៉ុន​ទាំង​១៤​ដែល​ចេះ​ភាសា​ខ្មែរ មាន​មួយចំនួន​បម្រើការ​នៅ​ក្រសួងការបរទេស​ផ្នែក​ទំនាក់ទំនង​ជាមួយ​កម្ពុ​ជា មួយចំនួន​បម្រើការ​នៅ​ស្ថានទូត​ជប៉ុន​នៅ​រាជធានី ក្នុងនោះ​មាន​លេខា​ទី​២​ទូត គឺ​អ្នកស្រី Kaori Tanabe ហៅ គ​ន្ធា ហើយ​បុគ្គលិក​មួយចំនួនទៀត​ប​ម្រើ​ការ​នៅ​ប្រទេស​ទី​បី​ដែល​ពាក់ព័ន្ធ​នឹង​កម្ពុជា​។​

​អ្នកស្រី Ai Onishi បាន​រៀបរាប់​ពី​ប្រវត្តិ​នៃ​ទំនាក់ទំនង​រវាង​ជប៉ុន​-​កម្ពុជា​ដែល​ចាប់ផ្តើម​ឡើង​តាំងពីដើម​សតវត្សរ៍​ទី​១៧ រហូតដល់​មានការ​សិក្សា​ឃើញថា មាន​ភូមិ​ជប៉ុន​មួយ​នៅ​ឃុំ​ពញ្ញាឮ ក្បែរ​ឧ​ត្តុ​ង្គ​។ ប្រទេស​ទាំងពីរ​ភ្ជាប់​ទំនាក់ទំនង​ការទូត​ផ្លូវការ​នៅ​ថ្ងៃទី​៩ ខែមករា ឆ្នាំ​១៩៥៣ ហើយ​នៅ​ឆ្នាំ​១៩៥៤ កម្ពុជា​បាន​លះបង់​សិទ្ធិ​ទាមទារ​សំណង​ដែល​កងទ័ព​ជប៉ុន​បង្ក​ការខូចខាត​កាលពី​សង្គ្រាមលោកលើកទី​ពីរ​។​

​នៅ​ឆ្នាំ​១៩៥៥ ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ បាន​បំពេញ​ព្រះរាជទស្សនកិច្ច​នៅ​ជប៉ុន ហើយ​នៅពេលនោះ ប្រទេស​ទាំង​ពីរបាន​ចុះសន្ធិសញ្ញា​មិត្តភាព​រវាង​គ្នា​។​

​ស្ថានទូត​ជប៉ុន​នៅ​កម្ពុជា​ត្រូវបាន​បិទ​នា​សម័យ​ខ្មែរក្រហម ហើយ​ត្រូវបាន​បើក​ដំណើរការ​ឡើងវិញ​នៅ​ឆ្នាំ​១៩៩២ ក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​។ បន្តបន្ទាប់​មកទៀត ជប៉ុន​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ដំណើរ​រៀបចំ​សន្តិភាព​នៅ​កម្ពុជា តាមរយៈ​ការបញ្ជូន​កម្លាំង និង​អ្នកសង្កេតការណ៍​នា​ការបោះឆ្នោត​សកល​ជា​លើកដំបូង​។​

ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​បានធ្វើ​ការផ្លាស់​ប្តូរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ជា​បន្តបន្ទាប់​។ ក្រៅពី​ទំនាក់ទំនង​ផ្នែក​សេដ្ឋកិច្ច ប្រទេស​ទាំងពីរ​រៀបចំ​ពិធី​ផ្លាស់ប្តូរ​ផ្នែក​វប្បធម៌ និង​រវាង​ប្រជាជន និង​ប្រជាជន ញឹកញាប់​ផងដែរ​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ជប៉ុន​គឺជា​សហប្រធាន​ជាមួយ​បារាំង​នៃ​គណៈកម្មាធិការ​អន្តរជាតិ​ដើម្បី​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ (ICC) ដែល​ធ្វើការ​លើ​គម្រោង​ជុស​ជុល​ប្រាសាទបាយ័ន អង្គរវត្ត បន្ទាយក្តី និង​សំបូរ​ព្រៃ​គុក ជាដើម​៕

ក្រុមមេធាវីរបស់លោក កឹម សុខា​ គ្រោងប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍ ចំពោះការកាត់ក្តីឱ្យ លោក កឹម សុខា ជាប់ពន្ធនាគារ៥ខែ

Fresh News



(ភ្នំពេញ)៖ អ្នកស្រី ម៉េង សុធារី មេធាវីម្នាក់ក្នុងចំណោមក្រុមមេធាវីការពារក្តីឱ្យ លោក កឹម សុខា បានអះអាងប្រាប់អង្គភាពព័ត៌មាន Fresh News នៅយប់ថ្ងៃទី០៩​ ខែកញ្ញានេះថា ក្រុមមេធាវីនឹងប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍ ចំពោះការសម្រេចឱ្យកូនក្តីរបស់ពួកគាត់ជាប់ពន្ធនាគារ៥ខែ នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅពេលណាដែលទទួលបានសាលក្រមជាផ្លូវការ។

អ្នកស្រី ម៉េង សុធារី បានលើកឡើងថា រហូតដល់ពេលនេះ ក្រុមមេធាវីមិនទាន់បានឃើញសាលក្រមជាផ្លូវការ ជុំវិញការសម្រេចផ្តន្ទាទោស លោក កឹម សុខា ឱ្យជាប់ពន្ធនាគារ៥ខែនោះទេ។ អ្នកស្រីអះអាងថា «បើសិនជា សាលក្រមផ្លូវការដែលយើងនឹងទទួលមានការសម្រេចដូច្នេះមែន ពួកយើងខ្ញុំក៏ដូចជាកូនក្តី នឹងសម្រេចប្តឹងឧទ្ធរណ៍ ជំទាស់ទៅនឹងសាលក្រមនេះហើយ ដោយសារកត្តាទី១ វាអយុត្តិធម៌ចំពោះកូនក្តីយើងខ្ញុំ ទាំងចំណាត់ការនីតិវិធី ហើយការប្រកាស តាមបទចោទមាត្រា៥៣៨ហ្នឹង ខ្ញុំយល់ថា វាអត់មានត្រូវមានបទល្មើសតាមមាត្រា៥៣៨ហ្នឹងទេ ដោយហេតុថា ការមិនចូលខ្លួនទៅបំភ្លឺនោះ គឺដោយសារមានមូលហេតុ»។

សូមបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦នេះ បានបើកសវនការជំនុំជម្រះលើរឿងក្តីពីបទ «បដិសេធក្នុងការចូលខ្លួន» របស់លោក​ កឹម​ សុខា ប្រធានស្តីទីរបស់គណបក្សសង្គោះជាតិ ហើយបានកាត់ទោសឱ្យ លោក កឹម សុខា ជាប់ពន្ធនាគារ៥ខែ និងពិន័យប្រាក់៨០ម៉ឺនរៀល។ ការកាត់ទោសនេះ ពុំមានវត្តមានរបស់មេធាវី ឬសាមីខ្លួនចូលរួមទេ៕

Thursday, September 8, 2016

ក្រុមហ៊ុន​ជប៉ុន​វិនិយោគ​៥០​លាន​ដុល្លារ​សាងសង់​សណ្ឋាគារ​នៅ​ភ្នំពេញ​

Fresh News
ដោយ ៖សុផល



(តូ​ក្យូ)៖​ដោយ​មើលឃើញ​សេដ្ឋកិច្ច ក៏ដូចវិនិយោគិន​បរទេស​នៅកម្ពុជាកាន់តែកើនឡើង ​ជាពិសេស​កំណើន​អ្នកទេសចរ​និង​ពាណិជ្ជករ​ជប៉ុន​នៅ​កម្ពុជា​ ក្រុមហ៊ុន​Starts Corporation INC.​ដែលជា​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ល្បីល្បាញ​របស់​ប្រទេស​ជប៉ុន បានដាក់​ទុនវិនិយោគ​ចំនួន​៥០​លាន​ដុល្លារ​អាមេរិក​ដើម្បី​សាងសង់​សណ្ឋាគារ​ផ្កាយ​បួន​មួយ​លើ​ផ្ទៃដី​២៣០០​ម៉ែត្រការ៉េ ។​ការសាងសង់​កំពុង​ចាប់ផ្តើម​ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ខែមេសា​ឆ្នាំ​២០១៨​ខាងមុខ​។​

​សណ្ឋាគារ​នេះ​មាន​ឈ្មោះថា Starts Hotel Emion Phonm ស្ថិតនៅ​ម្តុំ​មាត់ទន្លេ​ជិត ស​ណ្ឋាគារ Landscape ទល់មុខ​សណ្ឋាគារ​កាំបូឌីយ៉ាណា ក្នុង​ខណ្ឌដូនពេញ រាជធានី ភ្នំពេញ​។​

​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​កម្ពុជា​ក្នុងពេល​ទស្សនា​សណ្ឋាគារEmion Tokyo កាលពី​ថ្ងៃទី​៤ ខែកញ្ញា ២០១៦ លោក​ហ៊ី​រ៉ូ​តា​កា សេ​គី​ដូ (Hirotaka SEKIDO) អនុប្រធាន​ក្រុមហ៊ុន Starts Corporation បានឱ្យដឹងថា​ក្រុមហ៊ុន​បាន​សាងសង់​សណ្ឋាគារ​នៅ​ភ្នំពេញ​ដែលមាន​លក្ខណៈ​ស្ទើរតែ​ដូចគ្នា​ទាំងស្រុង​នឹង​សណ្ឋាគារ Emion នៅ​ទីក្រុង​តូ​ក្យូ​។​

​លោក សេ​គី​ដូ បាន​បញ្ជាក់ថា ការវិនិយោគ​ប្រមាណ​៥០​លាន​ដុល្លារ​ក្នុងការ​សាងសង់​សណ្ឋាគារ​នៅ​ភ្នំពេញ​នេះ ដោយសារតែ​សេដ្ឋកិច្ចកម្ពុជា​កំពុង​រីកចម្រើន​ជាង​៧​ភាគរយ ហើយ​ជី​ឌី​ភី​(GDP) ក៏​កើនឡើង ជាពិសេស​អ្នកទេសចរ និង​អ្នកវិនិយោគទុន​កំពុង​កើនឡើង​។​ចំណែក​ពលរដ្ឋ​ក៏មាន​ចំណូល​កើនឡើង ជាពិសេស​យុវជន​ច្រើន​កំពុងមាន​កំលាំង​ក្នុង​ការធ្វើការងារ​។​

​លោក​អនុប្រធាន​ក្រុមហ៊ុន​Starts Corporation បានបញ្ជាក់​ផងដែរ​ថា​ការភ្ជាប់​ជើងហោះហើរ​ត្រង់​រវាង​ជប៉ុន​និង​កម្ពុជា​នឹង​នាំ​អ្នកទេសចរ​និង​អ្នកវិនិយោគទុន​ជប៉ុន​មក​កម្ពុជា​កាន់តែច្រើន​៕

គ្មាន​ការចាប់ខ្លួន​លោក​កឹម សុខា​ទេ បើទោះបី​សាលក្រម​សម្រេច​ផ្ដន្ទាទោស​

រស្មី​កម្ពុជា
ដោយ ៖វិបុល



(​ភ្នំពេញ​) ៖ ស្អែក​នេះ សវនាការ​លើ​ករណីរ​បស់​លោក​កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នឹងត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ​បើក​​ជំនុំជម្រះ ដែល​ធ្វើ​ឲ្យ​មាន​ចំណាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​មហាជន​។ លើសពីនេះ​ទៀត គណបក្ស​សង្គ្រោះ​ជាតិ​ខ្លួនឯង​ក៏បាន​អំពាវនាវ​ឲ្យ​​អ្នកគាំទ្រ​របស់ខ្លួន មក​ប្រមូល​ផ្ដុំគ្នា​នៅ​ទីស្នាក់ការ​គណបក្ស ដោយ​ក្ដីបារម្ភ​ខ្លាច​មានការ​ឃាត់ខ្លួន​មេដឹកនាំ​របស់ខ្លួន​។ ប៉ុន្តែ​យ៉ាងណា ចំពោះ​ករណីនេះ ត្រូវបាន​អ្នកនាំពាក្យ​ក្រសួង​យុត្ដិធម៌ បញ្ជាក់ថា បើទោះបី​សាលក្រម​នៅ​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០១៦​ស្អែក​នេះ​សម្រេច​​ផ្តន្ទាទោស​រូបលោក​ក៏ដោយ​នោះ​នឹង​គ្មាន​ការចាប់ខ្លួន​លោក កឹម សុខា នោះឡើយ​។​

​ថ្លែង​ក្នុង​បទសម្ភាសន៍ ជាមួយ​បណ្ដាញសារព័ត៌មាន​ក្នុងស្រុក​មួយ លោក គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០១៦ បាន​ចេញមក​ពន្យល់​យ៉ាង​លំអិត​នៅ​ថា នឹង​គ្មាន​ការចាប់ខ្លួន​លោក កឹម សុខា នោះឡើយ បើទោះបី​សាលក្រម​នៅ​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០១៦​ខាងមុខនេះ សម្រេច​ផ្តន្ទាទោស​រូបលោក​ក៏ដោយ​នោះ​។​

​លោក​បាន​មានប្រសាសន៍ថា “...​ជាដំបូង​ខ្ញុំ​សូមបញ្ជាក់ថា តាម​អ្វីដែល​យើង​បានដឹង​នោះ នៅពេលនេះ ឯកឧត្តម កឹម សុខា​ស្ថិតក្នុង​​ឋានៈ​ជា​ជនជាប់ចោទ ក្នង​បទ​ចោទ​បដិសេធ​ក្នុងការ​ចូលខ្លួន តាម​មាត្រា​៥៣៨ នៃ​ក្រមព្រហ្មទណ្ឌ​ដែល​បទល្មើស​នេះ​អាច​ផ្តន្ទាទោស​​ដាក់ពន្ធនាគារ​ពី​១​ខែ ទៅ​៦​ខែ និង​ពិន័យ​ជា​ប្រាក់​ពី​១​សែន​រៀល​ទៅ​១​លាន​រៀល​...​ហេតុនេះ​នៅពេល​ជំនុំជម្រះ​ជាគោលការណ៍​តុលាការ​​មិនអាច​សម្រេច​ផ្តន្ទាទោស​លើសពី​កម្រិត​ទោស ដែល​បានកំណត់​ក្នុង​ច្បាប់​នោះឡើយ​... ចឹ​ង​ករណីនេះ​ជនជាប់ចោទ​អាច​ត្រូវបាន​តុលា​ការសម្រេច​ផ្តន្ទាទោស​ក្នុង​ចន្លោះ​ពី​១​ខែ ទៅ ៦​ខែ​តែប៉ុណ្ណោះ​...”​។​

​លោក​បន្ដថា “...​បើ​តុលាការ​សម្រេច​ផ្តន្ទាទោស​រយៈពេល​ក្រោម​១​ឆ្នាំ​បែបនេះ យោងតាម​មាត្រា​៣៥៣ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​តុលាការ​​មិនអាច​ចេញ​នូវ​សេចក្តីសម្រេច​ពិសេស​ណាមួយ​ទាក់ទង​នឹង​ការឃុំខ្លួន ឬ​បង្គាប់​ឲ្យ​ចាប់ខ្លួន​ជនជាប់ចោទ​បានទេ​ទោះ​មាន​វត្តមាន​ជន​​ជាប់ចោទ ឬ មិនមាន​វត្តមាន​ជនជាប់ចោទ​ក្នុងពេល​សវនាការ​នោះ​ក៏ដោយ​...​ប្រសិនបើ​តុលាការ​ចេញប្រកាស​សាលក្រម​នៅ​ថ្ងៃ​៩​ខាង​​មុខ សម្រេច​អំពី​ការផ្តន្ទាទោស​លើ​ជនជាប់ចោទ​ក៏ដោយ ក៏​សាលក្រម​នេះ​ពុំទាន់​ចូល​ជា​ស្ថាពរ​នៅឡើយ​ដែល​មិនអាច​អនុវត្ត​ភ្លាម​បាន​នោះទេ គឺ​លុះណាតែ​សាលក្រម​ចូល​ជា​ស្ថាពរ ទើប​តុលាការ​អាចអនុវត្ត​សេចក្តីសម្រេច ដែល​បានកំណត់​តាម​សាលក្រម​ស្ថាពរ​នេះ​...” ។​

​លើសពីនេះ​ទៀត លោក គឹម សន្តិភាព ក៏បាន​បញ្ជាក់ថា “...​យោងតាម​មាត្រា​៣៨២ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​ក្នុងករណី​មាន​វត្តមាន​​ជនជាប់ចោទ​ក្នុងពេល​សវនាការ​សាលក្រម​នោះ ជា​សាលក្រម​ចំពោះមុខ ដែល​ទុក​រយៈពេល ១​ខែ សម្រាប់​បណ្តឹង​ឧ​ទ្ទ​រណ៍​គិតពី​ថ្ងៃ​ប្រកាស​សាលក្រម​...​ក្នុងករណី​ពុំមាន​វត្តមាន​ជនជាប់ចោទ​ក្នុងពេល​សវនាការ តែ​ជនជាប់ចោទ​ទទួលបាន​ការជូនដំណឹង​ត្រឹមត្រូវ​តាមច្បាប់ សាលក្រម​នោះ ជា​សាលក្រម​ចាត់ទុក​ចំពោះមុខ ដែល​ទុក​រយៈពេល ១​ខែ សម្រាប់​បណ្តឹង​ឧ​ទ្ទ​រណ៍​គិតពី​ពេល​ទទួលដំណឹង​អំពី​សាលក្រម​...”៕

លោក ខៀវ កាញារីទ្ធ៖ សេចក្ដីព្រាងច្បាប់ ស្ដីពី «សិទ្ធិទទួលព័ត៌មាន» សម្រេចបាន ៤០% និង បញ្ចប់នៅពាក់កណ្ដាល ឆ្នាំ២០១៧

Fresh News



(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងឲ្យដឹងថា សេចក្ដីព្រាងច្បាប់ ស្ដីពី «សិទ្ធិទទួលព័ត៌មាន» គិតមកដល់ពេលនេះ សម្រេចបាន៤០%ហើយ និងបញ្ចប់នៅពាក់កណ្ដាលឆ្នាំ២០១៧។

ការថ្លែងដូចច្នេះធ្វើឡើងក្នុងឱកាសដែល លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ កម្មវិធីវគ្គបណ្ដុះបណ្ដាល «សិទ្ធិទទួលព័ត៌មាន» ជំនាន់ទី២ នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦នេះ។

លោក ខៀវ កាញារីទ្ធ បានឲ្យដឹងថា «យើងចង់ពន្លឿន នៃការពិភាក្សានេះ (សេចក្តីព្រាងច្បាប់ ស្តីពី សិទ្ធិទទួលព័ត៌មាន) ឲ្យបានឆាប់រហ័ស ពីព្រោះចប់ពិភាក្សាក្រុមការងារភាពបច្ចេកទេសហើយ បានយើងដាក់ច្បាប់នេះ ទៅជាការប្រជុំអន្តក្រសួង ហើយច្បាប់នេះ នៅពេលដែលវាចេញ នឹងគ្របទៅលើច្បាប់ជាច្រើសណាស់ ដូច្នេះត្រូវការធាតុចូលរបស់ក្រសួងជាច្រើន ព្រោះវាប៉ះក្រសួងនេះ ក្រសូងនោះ»។

លោករដ្ឋមន្រ្តីក្រសួងព័ត៌មានបន្តថា ការបើកវគ្គបណ្ដុះបណ្ដាល «សិទ្ធិទទួលព័ត៌មាន» ជំនាន់ទី២នេះ គឺដើម្បីឲ្យអ្នកសារព័ត៌មានយល់អំពីខ្លឹមសារ នៃសិទ្ធិទទួលព័ត៌មាន បើទោះបីច្បាប់នេះមិនទាន់ចេញក៏ដោយ ប៉ុន្តែអ្នកយកព័ត៌មាន មានតួនាទីយ៉ាងសំខាន់ ដើម្បីជួយពង្រាយ និងផ្សព្វផ្សាយ ទៅដល់ប្រជាជន ស្របតាមគោលការណ៍ថា «ព័ត៌មានត្រឹមត្រូវ និងការសំរេចចិត្តត្រឹមត្រូវ»។

ជាមួយគ្នានេះផងដែរ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក៏បានថ្លែងអំណរគុណទៅដល់អង្គការ យូឌីស្ដូ និងវិទ្យាស្ថានសារគមនាគមន៍កម្ពុជា ដែលបានរៀបចំ ដើម្បីឲ្យមានការពិភាក្សាសេចក្ដីព្រាង ច្បាប់នេះ ចំពោះអ្នកសារព័ត៌មាន ដែលជាការមួយល្អ ៕

Wednesday, September 7, 2016

លោក មាជ សុវណ្ណារ៉ា ត្រូវ​បាន​អនុរក្ស​ពន្ធនាគារ​ព្រៃ​ស​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រុស្ស៊ី

RFA
ដោយ ម៉ម មុនីរតន៍

លោក មាជ សុវណ្ណារ៉ា មន្ត្រី​គណបក្ស​សង្គ្រោះជាតិ ពេល​នាំ​ចេញ​ពី​សាលាឧទ្ធរណ៍ យក​ទៅ​ពន្ធនាគារ​ព្រៃស នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Rann Samnang

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា ដែល​កំពុង​ជាប់​ឃុំ​នៅ​គុក​ព្រៃ​ស ត្រូវ​បាន​អនុរក្ស​ពន្ធនាគារ​បញ្ជូន​ទៅ​ពិនិត្យ​សុខភាព​ភ្លាមៗ​នៅ​មន្ទីរពេទ្យ​រុស្ស៊ី បន្ទាប់​ពី​របួស​ចាស់​របស់​លោក​រើ​ឡើង​វិញ។ ប៉ុន្តែ​មក​ដល់​ពេល​នេះ មន្ត្រី​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ អះអាង​ថា សុខភាព​របស់​លោក មាជ សុវណ្ណារ៉ា បាន​វិល​ទៅ​រក​ភាព​ប្រក្រតី​ឡើង​វិញ​ហើយ។

លោក មាជ សុវណ្ណារ៉ា ដែល​ត្រូវ​បាន​ចៅក្រម​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ២០​ឆ្នាំ​ក្រោម​បទ​ចោទ​ដឹកនាំ​កុបកម្ម​នោះ ពេល​នេះ​លោក​ត្រូវ​បាន​ឆ្មាំ​ពន្ធនាគារ​បញ្ជូន​ទៅ​ព្យាបាល​រយៈពេល​ខ្លី​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត មុន​បញ្ជូន​ខ្លួន​ត្រឡប់​ទៅ​គុក​ព្រៃ​ស​វិញ។ ប៉ុន្តែ​លទ្ធផល​នៃ​ការ​ស្កេន (Scan) ពិនិត្យ​ត្រង់​របួស​ចាស់​នោះ គឺ​មិន​ទាន់​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​បញ្ចេញ​ឲ្យ​ដឹង​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ។

ជុំវិញ​រឿង​នេះ អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ បញ្ជាក់​ថា ក្រុម​ពេទ្យ​ប្រចាំ​ពន្ធនាគារ​កំពុង​តាមដាន​ពី​ស្ថានភាព​ជំងឺ​នេះ​ដោយ​យក​ចិត្ត​ទុក​ដាក់​ហើយ។

នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ផ្ទាល់​របស់​លោក មាជ សុវណ្ណារ៉ា ដែល​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៦ កញ្ញា សរសេរ​ថា ខាង​អនុរក្ស​ពន្ធនាគារ​បាន​នាំ​ខ្លួន​លោក មាជ សវុណ្ណារ៉ា ទៅ​ពិនិត្យ​សុខភាព ក្រោយ​ពេល​របួស​ក្បាល​របស់​លោក​ចាប់​ផ្ដើម​ប្រតិកម្ម​ខ្លាំង​ឡើង​វិញ ហើយ​និង​មាន​ការ​ឈឺ​ចាប់​ខ្លាំង។ របាយការណ៍​ដដែល​នេះ​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​នាំ​ឲ្យ​លោក មាជ សុវណ្ណារ៉ា មក​ដល់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត នេះ ដោយសារ​ខាង​ពន្ធនាគារ​ពុំ​មាន​លទ្ធភាព​ព្យាបាល។

លោក មាជ សុវណ្ណារ៉ា ដែល​ទទួល​បន្ទុក​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និង​ផ្សព្វផ្សាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នេះ ធ្លាប់​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៥។ ហេតុការណ៍​នេះ បណ្ដាល​ឲ្យ​លោក​ទទួល​រង​របួស​ត្រង់​ក្បាល​ជា​ទម្ងន់។

ស្ថានភាព​ជំងឺ​របស់​បុរស​ដែល​ធ្លាប់​វាយ​ប្រហារ​រដ្ឋាភិបាល​ដោយ​មិន​សំចៃ​មាត់​នេះ រើ​ឡើង​វិញ​បន្ទាប់​ពី​លោក​ខកខាន​ពិនិត្យ​សុខភាព​តាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ​ប្រចាំ​គ្រួសារ​នៅ​សហរដ្ឋ​អាមេរិក អស់​រយៈពេល​ជាច្រើន​ខែ​ណាស់​មក​ហើយ។ គិត​មក​ដល់​ពេល​នេះ លោក​ត្រូវ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​អស់​រយៈពេល​ជាង ១​ឆ្នាំ​មក​ហើយ​ចាប់​តាំង​ពី​ថ្ងៃ​ចាប់​ខ្លួន។

អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ លោក នុត សវនា ឲ្យ​ដឹង​ថា ស្ថានភាព​ជំងឺ​របស់​លោក មាជ សុវណ្ណារ៉ា នៅ​ពេល​នេះ បាន​វិល​ទៅ​រក​ភាព​ប្រក្រតី​ឡើង​វិញ​ហើយ។ លោក​បន្ត​ថា ប្រសិន​បើ​មាន​ការ​ប្រែប្រួល​បែប​ណា ខាង​ពន្ធនាគារ​ព្រៃ​ស​នឹង​មិន​ព្រងើយ​កន្តើយ​ឡើយ ជាពិសេស​ពេល​នេះ ក្រុម​គ្រូពេទ្យ​កំពុង​តាមដាន​ការ​វិវឌ្ឍន៍​ពី​ជំងឺ​នេះ។ លោក​បន្ត​ថា «គេ​បាន​រាយការណ៍​មក​ថា​ដូចជា​ឥត​មាន​បញ្ហា​អី​ទេ ដោយសារ​គាត់​ឈឺ​ក្បាល។ ដល់​អ៊ីចឹង​ទៅ ក៏​មន្ត្រី​យើង​បញ្ជូន​គាត់​ទៅ​ពិនិត្យ​នៅ​មន្ទីរពេទ្យ​រុស្ស៊ី។ មិន​បាន​សម្រាក​នៅ​កន្លែង​ហ្នឹង​អី​វែង​ឆ្ងាយ​ទេ គ្រាន់​តែ​ពិនិត្យ​ហើយ​ហ្នឹង គេ​ឲ្យ​បញ្ជូន​មក​វិញ បាន​ន័យ​ថា​អាការៈ​របស់​គាត់​ហ្នឹង​មិន​មាន​អី​ធ្ងន់ធ្ងរ​ទេ»។

ក្រោយ​ពី​សំណុំ​រឿង​ដ៏​ចម្រូងចម្រាស និង​ជា​សំណុំ​រឿង​ដែល​រង​ការ​រិះគន់​ខ្លាំង​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ ថា​ជា​រឿង​នយោបាយ​នោះ តុលាការ​គ្រប់​ជាន់​ថ្នាក់​តាំង​ពី​ថ្នាក់​ទាប​រហូត​ដល់​ថ្នាក់​កំពូល តែង​បដិសេធ​គ្រប់​ដំណាក់​កាល​នៃ​ការ​ស្នើសុំ​ឲ្យ​នៅ​ក្រៅ​ឃុំ​របស់​មេធាវី​ការពារ​ក្ដី។

ជុំវិញ​រឿង​នេះ មេធាវី​ការពារ​ក្ដី​លោក មាជ សុវណ្ណារ៉ា គឺ​លោក ជូង ជូងី បញ្ជាក់​ថា មក​ដល់​ពេល​នេះ ក្នុង​នាម​លោក​ជា​មេធាវី​ហាក់​ទាល់​តម្រិះ ដែល​ការ​ស្នើសុំ​ស្ទើរ​គ្រប់​នីតិវិធី និង​តាម​បែបបទ​នៃ​ច្បាប់​ហើយ ប៉ុន្តែ​សំណើ​របស់​លោក​តែង​ត្រូវ​តុលាការ​ទាត់​ចោល​ជានិច្ច។ លោក​បន្ត​ថា យោង​លើ​សុខភាព​របស់​លោក មាជ សុវណ្ណារ៉ា វា​ល្មម​តែ​តុលាការ​ពិចារណា​បាន​ឲ្យ​គាត់​ទទួល​ការ​ព្យាបាល​មួយ​ដ៏​សមរម្យ និង​ត្រឹមត្រូវ។ លោក​បន្ត​ថា «ខ្ញុំ​ព្យាយាម​តវ៉ា​រឿង​ហ្នឹង​ថា​សុខភាព​គាត់ គឺ​ត្រូវ​ឲ្យ​គាត់​ត្រូវ​ចេញ​ទៅ​ព្យាបាល​សុខភាព​នៅ​ក្រៅ​ប្រទេស ប៉ុន្តែ​តុលាការ​ហាម​គាត់​មិន​ឲ្យ​ចេញ​ទៅ​ក្រៅ​ប្រទេស។ ខ្ញុំ​មាន​ការ​សោកស្ដាយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​គាត់​ធ្ងន់ធ្ងរ»។

មន្ត្រី​ជាន់​ខ្ពស់​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត មិន​រំពឹង​ថា តុលាការ​អាច​ធ្វើ​សេចក្ដី​សម្រេច​មួយ​ដ៏​ត្រឹមត្រូវ​ក្នុង​សំណុំ​រឿង​នេះ​ឡើយ បើ​ទោះ​បី​ជា​ស្ថានភាព​ជំងឺ​នេះ​វិវឌ្ឍន៍​ទៅ​រក​ភាព​ធ្ងន់ធ្ងរ​ជាង​នេះ​ក្ដី។ លោក អំ សំអាត មើល​ឃើញ​ថា ករណី​របស់​គណបក្ស​ប្រឆាំង​នេះ វា​ជា​រឿង​នយោបាយ​សុទ្ធសាធ។ ហេតុ​នេះ គេ​ពិបាក​ជឿ​ណាស់​ថា តុលាការ​អាច​ដំណើរ​ការ​ក្ដី​ក្នុង​សំណុំ​រឿង​នេះ​ដោយ​ឆន្ទៈ​ដែល​ផ្អែក​លើ​ជំនាញ និង​បច្ចេកទេស​ច្បាប់។ លោក​បន្ត​ថា «ខ្ញុំ​គិត​ថា​ក្នុង​ស្ថានភាព​បែប​នេះ គឺ​បែប​មិន​អាច​មើល​ទៅ បើ​ទោះ​បី​ជា​មាន​សញ្ញា​ណា​មួយ​គាត់​ត្រូវ​ចេញ​ទៅ​ព្យាបាល​នៅ​ខាង​ក្រៅ​យ៉ាង​ណា​ក៏ដោយ។ គាត់​ធ្លាប់​អះអាង​ថា​គាត់​មាន​ពេទ្យ​ប្រចាំ​គ្រួសារ ឬ​ក៏​ពេទ្យ​នៅ​សហរដ្ឋ​អាមេរិក​នោះ អា​នោះ​វា​រឹត​តែ​មិន​អាច​ទៅ​ទៀត បើ​យើង​មើល​ទៅ​លើ​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​នេះ»។

លោក មាជ សុវណ្ណារ៉ា និង​សកម្មជន​គណបក្ស​ប្រឆាំង​ចំនួន ១០​នាក់​ផ្សេង​ទៀត ត្រូវ​បាន​ចៅក្រម​នៃ​តុលាការ​ក្រុង​ភ្នំពេញ ចោទ​ប្រកាន់ និង​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ចន្លោះ​ពី ៧​ឆ្នាំ​ទៅ ២០​ឆ្នាំ​ក្រោម​ហេតុផល​ចូលរួម និង​ដឹកនាំ​កុបកម្ម​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៤ នៅ​ម្តុំ​ស្ពាន​នាគ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ។ ចំនួន​នៃ​ការ​ឃុំ​ខ្លួន​សមាជិក​គណបក្ស​ប្រឆាំង​នេះ បណ្ដាល​ឲ្យ​ការ​ចាប់​ខ្លួន​បាន​កើន​ឡើង​ជា​បន្តបន្ទាប់​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ ដោយ​រួម​ទាំង​សមាជិក​រដ្ឋសភា សមាជិក​ព្រឹទ្ធសភា និង​លោក​មេ​ឃុំ​ស្រក ស៊ាង ចែត ជាដើម។ តួលេខ​នេះ គេ​នៅ​មិន​ទាន់​គិត​ដល់​ការ​ឃុំ​ខ្លួន​មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) នៅ​ឡើយ​ផង៕

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ទម្លាក់​បទ​ចោទ​ប្រឆាំង​លោក កឹម សុខា

RFA
ដោយ យ៉ង ចាន់តារា

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ក្នុង​ទីស្នាក់ការ​គណបក្ស​នា​សង្កាត់​ចាក់អង្រែលើ នៅ​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៦។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា ទម្លាក់​ចោល​បទ​ចោទ​ប្រឆាំង​លោក កឹម សុខា ដោះលែង​អ្នក​ជាប់​ឃុំ និង​អ្នក​ទោស​នយោបាយ ព្រម​ទាំង​បញ្ឈប់​ការ​គាប​សង្កត់​ផ្នែក​នយោបាយ​គ្រប់​រូបភាព ដើម្បី​ធានា​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​ពេល​ខាង​មុខ។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៦ កញ្ញា។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ ហៅ​ការ​ជំនុំ​ជម្រះ​បទ​ព្រហ្មទណ្ឌ​លើ​លោក កឹម សុខា ថា​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ហិង្សា​របស់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​រារាំង​មិន​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​ឆ្នាំ​២០១៨ ខាង​មុខ។

នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប៊្រែដ អាដាម (Brad Adams) ថ្លែង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ករណី​នេះ​ជា​ការ​គាប​សង្កត់​ផ្នែក​នយោបាយ​លើ​គណបក្ស​ប្រឆាំង៖ «ករណី​លោក កឹម សុខា គឺ​ជា​ការ​ជំនុំ​ជម្រះ​ចុង​ក្រោយ​មួយ​ដែល​មាន​ចរិត​នយោបាយ​សំដៅ​គណបក្ស​ប្រឆាំង អ្នក​ការពារ​សិទ្ធិ​មនុស្ស សកម្មជន​សង្គម និង​បញ្ញវន្ត​សាធារណៈ។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ប្រើប្រាស់​ល្បិចកល​គ្រប់​បែប​យ៉ាង​ក្នុង​សៀវភៅ ដើម្បី​បន្សាប​ក្រុម​ប្រឆាំង​នៅ​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ ក្រោយ​ពេល​គណបក្ស​របស់​គាត់​ធ្លាក់​ចុះ​ការ​គាំទ្រ​ក្នុង​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​មុន»។

ក្រៅ​ពី​នេះ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ ចាត់​ទុក​ការ​សម្ញែង​កង​កម្លាំង​យោធា​ដើម្បី​អនុវត្ត​បទបញ្ជា​ចាប់​ខ្លួន ឬ​ចូលរួម​ក្នុង​ការ​អនុវត្ត​ច្បាប់​លើ​មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ពេល​ថ្មីៗ​នេះ ថា​ជា​ការ​ប្រព្រឹត្ត​ផ្ទុយ​នឹង​និយាម​អន្តរជាតិ និង​ជា​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស។

លោក ប៊្រែដ អាដាម អះអាង​ថា នេះ​ជា​សកម្មភាព​បំភិត​បំភ័យ​ដ៏​ឃោរឃៅ និង​ជា​សញ្ញា​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការ​ប្រើប្រាស់​កម្លាំង​យោធា​ដើម្បី​រក្សា​អំណាច។ លោក​អំពាវនាវ​ដល់​រដ្ឋាភិបាល​បរទេស និង​ម្ចាស់​ជំនួយ ឲ្យ​ប្រើប្រាស់​ឥទ្ធិពល​របស់​ខ្លួន​ដើម្បី​ឲ្យ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដើរ​ទៅ​មុខ ដោយ​ពួក​គេ​ត្រូវ​ធ្វើ​កិច្ចការ​នេះ​រួម​គ្នា និង​ជា​បន្ទាន់។

អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ច្រាន​ចោល​ការ​លើក​ឡើង​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ។ លោក​ថា​ករណី​លោក កឹម សុខា ជា​ការ​អនុវត្ត​ច្បាប់​របស់​កម្ពុជា ហើយ​ថា​ការ​ថ្លែង​របស់​លោក ប៊្រែដ អាដាម ជា​រឿង​ដែល​មិន​ឆ្លុះ​បញ្ចាំង​ការ​ពិត៖ «ការ​ពិត​ហ្នឹង គឺ​ច្បាប់​កម្ពុជា ហាម​មិន​ឲ្យ​អ្នក​ណា​ធ្វើ​អំពើ​ពុក​រលួយ​ដែល​យើង​កំពុង​តែ​ពង្រឹង ហើយ​ទី​ពីរ គឺ​រឿង​ត្រូវ​តែ​ឆ្លើយ​តប​ចំពោះ​ការ​កោះ​ហៅ​របស់​តុលាការ។ អា​ហ្នឹង​ជា​កាតព្វកិច្ច​របស់​ប្រជាពលរដ្ឋ ដូច្នេះ​កុំ​យក​សាច់​រឿង​ហ្នឹង​ទៅ​ជា​រឿង​នយោបាយ»។

ទាក់ទង​នឹង​ការ​ស្នើ​ឲ្យ​អន្តរជាតិ​ដាក់​សម្ពាធ​លើ​កម្ពុជា លោក ផៃ ស៊ីផាន ថា​រាល់​កិច្ចព្រមព្រៀង​ផ្តល់ ឬ​ទទួល​ជំនួយ កើត​ឡើង​ដោយ​ការ​ស្ម័គ្រ​ចិត្ត​ពី​ភាគី​ទាំង​សង​ខាង ដែល​ជា​ទំនាក់ទំនង​ដៃគូ​ស្មើ​មុខ​គ្នា។

តុលាការ​ក្រុង​ភ្នំពេញ នឹង​បើក​សវនាការ​ជំនុំ​ជម្រះ​ករណី​លោក កឹម សុខា នៅ​ថ្ងៃ​ទី​៩ កញ្ញា ខាង​មុខ។ ប្រធាន​ស្តីទី​គណបក្ស​ប្រឆាំង​រូប​នេះ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​បដិសេធ​ក្នុង​ការ​ចូល​ខ្លួន​ក្នុង​នាម​ជា​សាក្សី ក្នុង​រឿង​សញ្ចារកម្ម​តាម​មាត្រា​៥៣៨ នៃ​ក្រម​ព្រហ្មទណ្ឌ។ អយ្យការ​ហៅ​ការ​មិន​ចូល​ខ្លួន​តាម​ដីកា​កោះ​របស់​លោក កឹម សុខា ថា​ជា​បទល្មើស​ជាក់ស្តែង។

មាត្រា​៥៣៨ នៃ​ក្រម​ព្រហ្មទណ្ឌ​ចែង​ថា រាល់​បុគ្គល​ណា​ដែល​ត្រូវ​បាន​កោះ​ហៅ​ឲ្យ​មក​ធ្វើ​ជា​សាក្សី​នៅ​មុខ​អយ្យការ ឬ​ចៅក្រម​ស៊ើបសួរ ឬ​មុខ​តុលាការ​ព្រហ្មទណ្ឌ ហើយ​មិន​ព្រម​ចូល​ខ្លួន​តាម​ដីកា​កោះ​ហៅ​នោះ​ដោយ​គ្មាន​មូលហេតុ​សមស្រប ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ខែ​ទៅ ៦​ខែ និង​ពិន័យ​ជា​ប្រាក់​ពី ១​សែន​រៀល​ទៅ ១​លាន​រៀល។

សមាជិក​ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា គឺ​លោក សំ សុគង់ ថ្លែង​ថា កាល​ពី​ថ្ងៃ​ទី​៦ កញ្ញា ក្រុម​មេធាវី​បាន​ដាក់​ពាក្យ​ស្នើសុំ​ពន្យារ​ពេល​សវនាការ​នៅ​ថ្ងៃ​ទី​៩ កញ្ញា ទៅ​ពេល​ក្រោយ​វិញ ដោយ​រង់ចាំ​ការ​សម្រេច​ពី​តុលាការ​កំពូល ចំពោះ​បណ្ដឹង​សារទុក្ខ​របស់​ក្រុម​មេធាវី ទៅ​នឹង​សាល​ដីកា​របស់​សភា​ស៊ើបសួរ​សាលា​ឧទ្ធរណ៍។ លោក​ថា បើ​សិន​ជា​មិន​មាន​ការ​ឆ្លើយ​តប​ពី​តុលាការ​នោះ​ទេ ក្រុម​មេធាវី​នឹង​មិន​ចូលរួម​ក្នុង​សវនាការ​នោះ​ឡើយ៖ «វា​ជា​រឿង​នីតិវិធី​សុទ្ធសាធ។ បើ​សិន​ជា​កុំ​ឲ្យ​ការ​កាត់​សេចក្តី​ទៅ​មាន​ការ​រិះគន់ គួរ​តែ​រង់ចាំ​តុលាការ​កំពូល​សម្រេច​សិន​ទៅ វា​មិន​ជា​ការ​យឺត​យូរ ឬ​ក៏​ហួស​ពេល​អី ដែល​តុលាការ​រាជធានី​ភ្នំពេញ​ត្រូវ​ចាំបាច់​កាត់​ថ្ងៃ​៩ (កញ្ញា) ដែរ»។

ក្រុម​មេធាវី​អះអាង​ថា ករណី​លោក កឹម សុខា មិន​មែន​ជា​បទល្មើស​ជាក់ស្តែង​នោះ​ទេ ហើយ​ថា​លោក កឹម សុខា មាន​មូលហេតុ​សមស្រប​ដែល​មិន​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ ព្រោះ​លោក​ជា​អ្នក​តំណាង​រាស្ត្រ​ដែល​មាន​អភ័យ​ឯកសិទ្ធិ​សភា៕

ទាហានថៃ​បាញ់សម្លាប់ពលរដ្ឋខ្មែរ​​ម្នាក់ និងរបួសម្នាក់​ ក្នុងចំណោម៦នាក់​​​​​​ ​ដែលចូលកាប់ឈើក្រញូង

Fresh News

(ឧត្តរមានជ័យ)៖​ បើយោងតាម​សេចក្តីរាយការណ៍ ពីមន្រ្តីនគបាលខេត្តឧត្តរមានជ័យ ​ប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា​ ឆ្នាំ២០១៦ នេះថា ទាហានថៃបានបាញ់សម្លាប់​ប្រជាពលរដ្ឋ ដែល​ឡើងទៅកាប់ឈើក្រញូង នៅចន្លោះភូមិសាស្ដ្រ បង្គោលព្រំដែនលេខ៥-៤ ចំងាយពីតំបន់ព្រំដែន​ប្រហែលជា​ ៣គីឡូម៉ែត្រ ចូលទៅក្នុងទឹកដីថៃបណ្តាលឲ្យ ស្លាប់​មនុស្សម្នាក់​​​ និងរងរបួសម្នាក់​ ក្នុងចំណោមប្រជាពលរដ្ឋ៦​នាក់ នៅថ្ងៃមិ្សលមិញនេះ។

មន្ដ្រីដដែល បានបញ្ជាក់ថា ពលរដ្ឋខ្មែរទាំង៦នាក់ នោះទី១-ឈ្មោះ​​ អៀត អូន​​​ អាយុ៣១ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ​ មានទីលំនៅភូមិសាមគ្គី ឃុត្រពាំងប្រិយ៍ ស្រុកអន្លង់វែង​ ទី២-ឈ្មោះ​ អុល យ៉េត អាយុ៤៩ឆ្នាំ​ (របួស) ​ទី៣-ឈ្មោះ​ យ៉េត កែវ អាយុ២៧ឆ្នាំ​ ទី៤-ឈ្មោះ​ ហ៊ាន ប៊ុល​​ អាយុ២៦ឆ្នាំ​​ មានទីលំនៅភូមិដងទង់ សង្កាត់កូនក្រៀល ក្រុងសំរោង (របួសធ្ងន់) ទី៥-ឈ្មោះ ឈឹម សាវី​ អាយុ៣៣ឆ្នាំ​​ មានទីលំនៅភូមិទួលស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លងវែង និងទី៦-ឈ្មោះ​ ប៊ុត សួស អាយុ៤២ឆ្នាំ មានទីលំនៅភូមិទួលស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង។

បច្ចុប្បន្នមន្ដ្រីជំនាញកម្ពុជា កំពុងធ្វើការចរចារជាមួយភាគីថៃដើម្បីយកសាកសពប្រគល់ឲ្យក្រុមគ្រួសារ និងយកជនរងគ្រោះទៅសង្គ្រោះ​ ព្រោះថាពេលនេះជនរងគ្រោះនៅលើភ្នំនៅឡើយទេ រីពលរដ្ឋ៤នាក់ទៀត ដែលមិនមានរងរបួស ពួកគាត់បានទៅដល់ផ្ទះរៀងៗខ្លួនហើយ៕

ក្រសួងសាធារណការ គ្រោងដាក់ឲ្យដំណើរការប្រព័ន្ធ ចុះបញ្ជីស្លាកលេខពិសេសតាម Online នៅចុងឆ្នាំនេះ

Fresh News



(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងដាក់ឱ្យដំណើរការប្រព័ន្ធ ចុះបញ្ជីស្លាកលេខពិសេស តាមប្រព័ន្ធ Online ជាផ្លូវការ នៅចុងឆ្នាំ២០១៦នេះ ដើម្បីសម្រួលដល់មធ្យោបាយ របស់ប្រជាពលរដ្ឋ ដែលមានការមមាញឹក មិនអាចមកបំពេញបែបបទផ្ទាល់។

ការបញ្ជាក់ពីគម្រោងនេះ ត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងារ រវាងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយក្រុមប្រឹក្សាយោបល់ផ្នែកដឹកជញ្ជូន នៃវិស័យឯកជន ដើម្បីពិនិត្យមើលឡើងវិញ នូវសមិទ្ធិផលសម្រេចបានសំខាន់ៗ របស់ក្រុមប្រឹក្សាយោបល់ផ្នែកដឹកជញ្ជូន និងសកម្មភាពនានារបស់ក្រសួង។

កិច្ចពិភាក្សានៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦ បានចេញសមិទ្ធិផលសម្រេចបានសំខាន់ៗ របស់ក្រុមប្រឹក្សាយោបល់ផ្នែកដឹកជញ្ជូន និងសកម្មរបស់ក្រសួង រួមមាន៖

ការធ្វើតេស្តសាកល្បងប្រព័ន្ធ ចុះបញ្ជីស្លាកលេខពិសេស តាមប្រព័ន្ធ Online និងប្រព័ន្ធផ្ញើសាររំឭក ឱ្យដឹងតាម Online អំពីការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត។ ក្រៅពីនេះ ក៏មានការចុះបញ្ជីរថយន្ត និងទោចក្រយានយន្តតាម Online ការត្រួតពិនិត្យ លក្ខណៈបច្ចេកទេសរថយន្តតាម Online និងប្រព័ន្ធចេញប័ណ្ណបើកបរតាម Online នឹងត្រូវដាក់ឱ្យដំណើរការជាផ្លូវការ នៅចុងឆ្នាំ២០១៦នេះ ដើម្បីផ្តល់សេវាសាធារណៈ ឱ្យបានឆាប់រហ័ស និងមានតម្លាភាពជូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី ក៏បានធ្វើបច្ចុប្បន្នភាព អំពីវឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន ការស្តារឡើងវិញផ្លូវជាតិលេខ៥ ច្រកព្រំដែនថ្មីនៅស្ទឹងបត់ និងការធ្វើឱ្យប្រសើរឡើង ដល់ផ្លូវដែកភាគខាងជើងប្រទេស។

ក្រុមប្រឹក្សាយោបល់ផ្នែកដឹកជញ្ជូន បានពិនិត្យមើលឡើងវិញនូវរបៀបវារៈ នាពេលកន្លងមក និងបានពិភាក្សាអំពីបញ្ហាប្រឈមនានាដូចជា៖ ការដឹកជញ្ជូនផលិតផលកសិកម្ម ពីព្រំដែនកម្ពុជាទៅកាន់ កំពង់ផែលែមចាបាង ក្នុងប្រទេសថៃ, ថ្លៃឈ្នួលលើកដាក់ទំនិញនៅកំពង់ផែបច្ចុប្បន្ន និងវិធីសាស្រ្តកាត់បន្ថយថ្លៃឈ្នួលទាំងនេះ ក្នុងតម្លៃប្រកួតផងដែរ៕

អគ្គនាយក​កម្ចាត់មីន : ប្រជាជន​កម្ពុជារង​ទុក្ខ និង​ឈឺចាប់២ដងដោយសារ​អាមេរិកាំង​

CEN
ដោយ: ដាវុធ



ភ្នំពេញ​: លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល កំចាត់មីន​កម្ពុជា បាន​សរសេរ ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​កថា ប្រជាជន​កម្ពុជា រង​ទុក្ខ និង​ឈឺចាប់ ចំនួន​២​ដង ពី​សហរដ្ឋអាមេរិក ករណី​ទំលាក់​គ្រាប់បែក នៅ​កម្ពុជា ហើយ​កាកសំណល់​សង្គ្រាម របស់​អាមេរិក​ទាំងនេះ បន្ត​សម្លាប់ និង​ធ្វើឱ្យ​របួស​ប្រជាជន​ស្លូតត្រង់​កម្ពុជា យ៉ាង​អ​យុ​តិ្ត​ធម៌​បំផុត មិន​ត្រឹមតែ​ប៉ុណ្ណោះ កំពុង​ធ្វើឱ្យ​កូន​ខែ្មរ ជំពាក់​ជាន់ក ដោយសារ​សង្គ្រាម​អាមេរិក​-​វៀតណាម ឡើង​ចំនួន​ជិត ៤០០ លាន​ដុល្លារ​ទៅហើយ​។

​ការលើក​បែបនេះ បន្ទាប់ពី​សេត​វិមាន សហរដ្ឋអាមេរិក នៅ​ថ្ងៃទី​៦ ខែកញ្ញា បានប្រកាសថា អាមេរិក នឹង​ផ្ដល់ជំនួយ​បន្ថែម ចំនួន ៩០ លាន​ដុល្លារ ក្នុងពេល​បី​ឆ្នាំ​ខាងមុខ ដើម្បី​ជួយ​ប្រទេស​ឡាវ ក្នុងការ​ដោះស្រាយ គ្រាប់​មិនទាន់​ផ្ទុះ ដែល​បានសម្លាប់​ប្រជាជន​ឡាវ អស់​ជាច្រើន ដោយសារ​អាមេរិក បាន​ទម្លាក់​លើ​ប្រទេស​ឡាវ តែ​កម្ពុជា​វិញ ទទួលបាន​តិចតួច​ប៉ុណ្ណោះ​! តើ​មាន​មូលហេតុ​អ្វី ដែល​អាមេរិក​រំលោភ​សិ​ទិ្ធ ប្រជាជន​កម្ពុជា ម្តង ជា​២ ដង​បែបនេះ​។ ការប្រកាស​នេះ ធ្វើឡើង ស្រប​ពេលដែល​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា កំពុង​ទស្សនកិច្ច នៅ​ឡាវ ជា​លើកដំបូង​។​

​បើ​យោងតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល កំចាត់មីន​កម្ពុជា បាន​សរសេរ នៅ​យប់​ថ្ងៃទី​៦ ខែកញ្ញា​ថា​
​ប្រជាជន​កម្ពុជា រង​ទុក្ខ និង​ឈឺចាប់ ចំនួន​២​ដង ពី​សហរដ្ឋអាមេរិក ករណី​ទំលាក់​គ្រាប់បែក​នៅ​កម្ពុជា​។

​ភាពឈឺចាប់​លើក​ទី​១ គឺ​ដោយសារ​អាមេរិក ទំលាក់​គ្រាប់បែក​ជិត ៣ លាន​តោន គ្រាប់បែក​ចង្កោម ជិត ៣០ លាន​គ្រាប់ គ្រាប់បែក​គីមី CS ជាដើម ។​ល​។ ក្រោមលេស​ថា តាម​កម្ទេច​ពួក​យៀកកុង យួន​ឈ្លានពាន ប៉ុន្តែ​ស្លាប់​តែ​ខែ្មរ អស់​រាប់សែន​នាក់ និង​កម្ទេច​តែ​ភូមិករ ផ្ទះសំបែង​ខែ្មរ រាប់ម៉ឺន​កន្លែង​។

​ទី​២ គឺ​នៅពេលដែល​អាមេរិក ដឹងខ្លួន នឹង​ទទួលស្គាល់​ការពិត ក្នុង​សង្គ្រាម​នៅ​ឥណ្ឌូចិន និង​សោក​វិនាសកម្ម បង្កឡើង និង​បន្ត​បន្សល់ទុក​កាកសំណល់ ពី​សង្គ្រាម​នោះ ខាង​ប្រទេស​វៀតណាម និង​ឡាវ បានទទួល​ជំនួយ កើនឡើង រហូតដល់​ជិត ១០០ លាន​ដុល្លារ ក្នុង​រយ​:​ពេល ៣ ឆ្នាំ ដើម្បី​ជាការ​ដោះស្រាយ​ស្រាយ បញ្ហា​ធានា​សុខ​សុ​វ​តិ្ថ​ភាព ដល់​ប្រជាជន​របស់ខ្លួន តែ​កម្ពុជា ទទួលបាន​តិចតួច​ប៉ុណ្ណោះ​! តើ​មាន​មូលហេតុ​អ្វី ដែល​អាមេរិក រំលោភ​សិ​ទិ្ធ​ប្រជាជន​កម្ពុជា ម្តង ជា​២ ដង​បែបនេះ​?​។

​កាកសំណល់​សង្គ្រាម របស់​អាមេរិក​ទាំងនេះ បន្ត​សម្លាប់ និង​ធ្វើឱ្យ​របួស​ប្រជាជន ស្លូតត្រង់​កម្ពុជា យ៉ាង​អ​យុ​តិ្ត​ធម៌​បំផុត​! មិន​ត្រឹមតែ​ប៉ុណ្ណោះ កំពុង​ធ្វើឱ្យ​កូន​ខែ្មរ ជំពាក់​ជាន់ក ដោយសារ​សង្គ្រាម អាមេរិក​-​វៀតណាម ឡើង​ចំនួន​ជិត ៤០០ លាន​ដុល្លារ​ទៅហើយ​! គេ​យក​ដំបង​ដ៏​ធំ មក​វាយ​សំពង​សំលាប់​យើង តែ​មិន​ស្លាប់ គេ​បែរជា​មក​ទារ​សង​ថ្លៃ​ដំបង មិន​គិត​ប្រឹង​ជួយ ព្យាបាល​របួស​ធ្ងន់ធ្ងរ​នោះទេ​! តើ​យុ​តិ្ត​ធម៌ និង​ការគោរព​សិ​ទិ្ធ​មនុស្ស នៅឯណា សំរាប់​ប្រជាជន​កម្ពុជា ដែល​រង​ទុក្ខសោក​នោះ​? យើង​បានធ្វើការ​ស្រាវជ្រាវ យ៉ាងច្រើន ពី​មូលហេតុ​អាមេរិក ប្រ​ព្រឹ​តិ្ត​មកលើ​កម្ពុជា លើ​ករណីនេះ មានការ​អះអាង​យ៉ាងច្រើន ហើយ​មាន​មូលហេតុ​មួយ​នោះ គឺថា កាល​មក​ទំលាក់​គ្រាប់បែក អាមេរិក​ថា ក្រុម​ខែ្មរ​មួយ​ជំពូក​នោះ ស្នើ​សុំឱ្យ អាមេរិក​ជួយ​ទំលាក់ ហើយ​នៅពេល​អាមេរិក ពិបាក​ផ្តល់ជំនួយ​មក​កម្ពុជា ដោយសារ​ពួក​ខែ្មរ ជំពូក​ដដែល​ហ្នឹង សុំឱ្យ អាមេរិក ផ្តាច់ជំនួយ​! រីឯ​ឡាវ និង​វៀតណាម រស់នៅ​អាមេរិក ពួកគេ​រួមគ្នា​ទាមទារ និង​រុក​គួ​ន​ឱ្យ ព្រឹ​ទិ្ធ​សភា​អាមេរិក ជួយ​ដល់​រដ្ឋាភិបាល និង​ប្រជាជន​គេ រីឯ​ខែ្មរ​យើង​ខ្លះ ខិតខំ​ទាមទារ និង​រុក​គួ​ន​ព្រឹ​ទិ្ធ​សភា​អាមេរិក ឱ្យ​ផ្តាច់ជំនួយ​ទៅវិញ នេះ​បាន​ហៅថា ....?៕