ភ្នំពេញ ៖ ព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ២ ជាមួយសហព័ន្ធរុស្ស៊ី ស្តីពីការបង្កើត មជ្ឈមណ្ឌលព័ត៌មានថាមពលនុយក្លេអ៊ែរ៊ និង ការបង្កើតក្រុមការងាររួមកម្ពុជារុស្ស៊ី លើកិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់ថាមពលបរមាណូក្នុងគោលបំណងសន្តិភាព ដើម្បីស្វែងរកលទ្ធភាពសាងសង់រោងចក្រនុយក្លេអ៊ែរក្នុងប្រទេសកម្ពុជា។ តែទោះបីយ៉ាងណាប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធានាអះអាងថា ការប្រើប្រាស់ថាមពលនុយក្លេអ៊ែ ក្នុងគោលដៅសន្តិភាព គោលដៅនៃការអភិវឌ្ឍន៍ ដែលនេះបើគ្មានជំនឿទុកចិត្តទេ វាមិនអាចមានកិច្ចព្រមព្រៀងនេះកើតឡើងបានទេ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងប្រាប់បញ្ហានេះ ទៅកាន់និស្សិតខ្មែរប្រមាណ ៤០០នាក់ ដែលកំពុងសិក្សាក្នុងប្រទេសរុស្ស៊ីថា នៅក្នុងដំណើរទស្សនកិច្ចទៅកាន់សហព័ន្ធរុស្ស៊ីនៅក្នុងសប្តាហ៍នេះថា «យើងគ្មានមហិច្ឆតា ក្លាយជាប្រទេសអភិវឌ្ឍ នុយក្លេអ៊ែ ឬ បរិម៉ាណូទេ ក៏ប៉ុន្តែយើងជាមួយនឹងរុស្ស៊ី បានព្រមព្រៀងគ្នាទៅលើបញ្ហាទាក់ទិននឹងការប្រើប្រាស់ថាមពលនុយក្លេអ៊ែ ក្នុងគោលដៅសន្តិភាព គោលដៅនៃការអភិវឌ្ឍន៍ ដែលនេះបើគ្មានជំនឿទុកចិត្តទេ វាមិនអាចមានកិច្ចព្រមព្រៀងនេះកើតឡើងបានទេ»។
សម្តេចនាយករដ្ឋមន្ត្រីបានបន្ថែមថា «កិច្ចព្រមព្រៀងពីម្សិលមិញនេះ ដែលយើងចុះហត្ថលេខា ទាក់ទងនឹងថាមពលបរមាណូគឺមានឯកសារដល់ទៅ២ យ៉ាងហោចណាស់យើងចាប់ផ្តើមធ្វើការស្រាវជ្រាវ និងការបណ្តុះបណ្តាលធនធានមនុស្សពីឥឡូវ សាកលវិទ្យាល័យនៅបាត់ដំបង ក៏កំពុងមានការបណ្តុះបណ្តាលលើបញ្ហានុយក្លេអ៊ែនេះផងដែរ ឥឡូវយើងត្រូវធ្វើកិច្ចការងារនេះយ៉ាងហោចណាស់ ការបណ្តុះបណ្តាលធនធានមនុស្សទៅលើបញ្ហានានា ដែលទាក់ទងការអភិវឌ្ឍនុយក្លេអ៊ែ បរមាណូនេះ ឧទាហរណ៍ថា ក្នុងករណីមានផ្ទុះនៅទីណាមួយ យើងក៏ត្រូវមានសមត្ថភាព ត្រូវការពារប្រជាជនពីផលវិបាកនៃការផ្ទុះអាហ្នឹង»។
សម្តេចតេជោ ហ៊ុន សែន និងលោក ឌីមីទ្រី មេដវេដេវ នាយករដ្ឋមន្ត្រីរុស្ស៊ីបានធ្វើជាសាក្សីក្នុងពិធី ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន ៨ កាលពីថ្ងៃអង្គារ ដែលក្នុងនោះមានឯកសារចំនួនពាក់ព័ន្ធការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ ទី១.អនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចិរភាពនៃព្រះរាជាណាចក្រកម្ពុជានិង សាជីវកម្មថាមពល បរមាណូរដ្ឋ ROSATOM (សហព័ន្ធរុស្ស៊ី) ស្តីពីការបង្កើតមជ្ឈមណ្ឌលព័ត៌មានថាមពលនុយក្លេអ៊ែរ៊ និង ទី២. អនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចិរភាពនៃព្រះរាជាណាចក្រកម្ពុជា និងសាជីវកម្មថាមពល បរមាណូរដ្ឋ ROSATOM (សហព័ន្ធរុស្ស៊ី) ស្តីពីការបង្កើតក្រុមការងាររួម កម្ពុជា រុស្ស៊ី លើកិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់ថាមពលបរមាណូក្នុងគោលបំណងសន្តិភាព។
គេនៅតែមិនច្បាស់ថាពេលណាកម្ពុជាអាចសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរនោះឡើយ ដោយគម្រោងថាមពលនាពេលអនាគតរបស់រាជរដ្ឋាភិបាល ពឹងផ្អែកទាំងស្រុងលើទំនប់វារីអគ្គិសនី និងស្ថានីយថាមពលដើរដោយធ្យូងថ្មនោះ។
លោក ឌិត ទីណា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងរ៉ែនិងថាមពល ធ្លាប់បានធ្វើការស្ទង់មតិតាមរយៈហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៥។
លោក ឌិត ទីណា បានលើកឡើងថា ថាមពលបរមាណូនេះផ្តល់អគ្គិសនីថោក មិនបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និង មិនបំពុលបរិស្ថានលើកលែងតែមានបញ្ហាផ្ទុះ ឬសាយភាយសារធាតុវិទ្យុសកម្ម។ លោកបន្តថា អត្តប្រយោជន៍ទាំងនេះបានធ្វើឲ្យប្រទេសវៀតណាម សម្រេចសាងសង់រោងចក្រអគ្គិសនីដើរដោយថាមពលបរមាណូ។ ដូច្នេះបើប្រទេសមួយនេះមានការថ្លោះធ្លោយប្រទេសកម្ពុជាយើង ដែលនៅជិតខាងក៏អាចរងគ្រោះដែរ។ ប្រទេសវៀតណាមអាចទទួលបានអគ្គិសនីក្នុងតម្លៃប្រហែល ១០០ រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង (USD0.025/KWh) ខណៈប្រទេសយើងអាចរងគ្រោះក្នុងករណីគេមានបញ្ហា។
លោក ឌិត ទីណា បានធ្វើការពន្យល់ទៀតថា ទំនប់វារីអគ្គិសនីស្ទឹងជាយអារ៉ែង ១០ មិនស្មើរោងចក្រថាមពលនុយក្លេអ៊ែ ១ ឡើយ ។ រោងចក្រថាមពលនុយក្លេអ៊ែ ១ ស្មើ ១.២០០ មេហ្គាវ៉ាត់រីឯវារីអគ្គិសនីស្ទឹងជាយអារ៉ែង១ ស្មើ ១០៨ មេហ្គាវ៉ាត់ តែប៉ុណ្ណោះ។ បើយើងមាន គង់តែប្រឈមនឹងហានិភ័យដូចគ្នា តើយើងគួរមានរោងចក្ររបស់យើង ដើម្បីទទួលបានភ្លើង ១០០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោងឬទេ? សូមជួយផ្តល់យោបល់តាមការគួរ។
នៅក្នុងការផ្តល់យោបល់ចំពោះសំណួររបស់លោក ឌិត ទីណា លើហ្វេសប៊ុករបស់លោកមានការបញ្ចេញយោបល់យ៉ាងច្រើន។ យោបល់ភាគច្រើនបានគាំទ្រ ចំពោះការលើកឡើងរបស់លោកឌិត ទីណា ដែលចង់ឲ្យកម្ពុជាសាងសង់រោងចក្រផលិតអគ្គិសនីប្រើថាមពលបរមាណូនុយក្លេអ៊ែរ ក្នុងបំណងឲ្យប្រទេសកម្ពុជាយើងមានភ្លើងអគ្គិសនីប្រើប្រាស់ក្នុងតម្លៃថោកហើយផ្គត់ផ្គង់គ្រប់គ្រាន់។
នៅក្នុងទំព័រហ្វេសបុករបស់លោក ឌិត ទីណា លោកក៏បានឆ្លើយតបទៅសំណួរជាច្រើនពាក់ព័ន្ធការសាងសង់ ការផ្តល់ជំនួយ ដែលសំណួរបានផ្តោតទៅកាន់ប្រទេសរុស្ស៊ី ។ លោក ឌិត ទីណា បានឆ្លើយតបថា “រុស្ស៊ីនឹងជួយក្នុងការបណ្តុះបណ្តាលធនធានមនុស្សមួយចំនួន”។
ទាក់ទងជាមួយបញ្ហាសុវត្ថិភាពលោក ឌិត ទីណា បានធ្វើការពន្យល់ថា សុវត្ថិភាពសំខាន់ណាស់គ្រប់ទីកន្លែងទាំងអស់ ដែលសង់រោងចក្រអគ្គិសនីប្រើថាមពលបរមាណូ ត្រូវគោរពស្តង់ដារអន្តរជាតិ AIEA។ បើមិនត្រូវស្តង់ដារក៏គេមិនឲ្យធ្វើដែរ។
តាមការព្យាករណ៍ការដាក់ឲ្យដំណើរការវារីអគ្គិសនីតាតៃ និង អគ្គិសនីដុតធ្យូងថ្មទី២ ខាងលើនេះនៅក្នុងឆ្នាំ ២០១៥ និង ២០១៦ អាចធ្វើឲ្យកម្ពុជាមានប្រភពអគ្គិសនីគ្រប់គ្រាន់រហូតដល់ឆ្នាំ ២០១៨ ហើយប្រសិនបើវារីអគ្គិសនីសេសាន្តក្រោម២ អាចដាក់ដំណើរការនៅឆ្នាំ ២០១៨ នោះកម្ពុជាអាចមានប្រភពអគ្គិសនីគ្រប់គ្រាន់រហូតដល់ឆ្នាំ ២០២០ ក៏ប៉ុន្តែតម្រូវការនៃការអភិវឌ្ឍទាមទារឲ្យកម្ពុជាត្រូវមានប្រភពថាមពលដែលមានតម្លៃថោក និង មានស្ថិរភាពដូចនេះអគ្គិសនីដែលបានមកពីរោងចក្រថាមពលនុយក្លេអ៊ែរ វានិងមានតម្លៃថោក និង និរន្តភាព ជាងវារីអគ្គិសនីដែលត្រូវការទឹកភ្លៀងជាចាំបាច់៕
No comments:
Post a Comment