ដោយ យន់ សាមៀន
![]() |
| លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និងកូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត ក្នុងពិធីមួយនាការដ្ឋានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ។ រូបឯកសារ |
រដ្ឋាភិបាលកម្ពុជា បានទទួលដីកាតុលាការករណីបណ្តឹងរបស់លោក មាជ សុវណ្ណារ៉ា ចោទប្រកាន់រដ្ឋាភិបាល និងលោក ហ៊ុន ម៉ាណែត កូនប្រុសនាយករដ្ឋមន្ត្រីពីបទធ្វើទារុណកម្ម និងអំពើភេរវកម្ម។
ឯកសារតុលាការដែលអាស៊ីសេរី ទទួលបានកាលពីថ្ងៃទី២៥ ខែសីហា បង្ហាញថា រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុន បានចុះហត្ថលេខាទទួលដីកាតុលាការទីក្រុងឡូសអែនជឺឡេស (Los Angeles) ស្ថិតក្នុងរដ្ឋកាលីហ្វ័រញ៉ា (California)។
លោក មូរតុន ក្លារ (Morton Sklar) មេធាវីលោក មាជ សុវណ្ណារ៉ា ប្រាប់អាស៊ីសេរី កាលពីថ្ងៃទី២៥ សីហា ថា ការចុះហត្ថលេខាទទួលយកដីកាតុលាការនេះ មានន័យជាផ្លូវការថា រដ្ឋាភិបាលកម្ពុជា ក្លាយជាគូភាគីក្នុងបណ្តឹងហើយ៖ «ម្សិលមិញយើងទទួលបានសេចក្ដីជូនដំណឹងតាមរយៈអ៊ីម៉ែលដែលបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា នៅពេលនេះបានទទួលដីការបស់តុលាការអាមេរិក រួចហើយ។ ចំណុចនេះសំខាន់ខ្លាំងណាស់ ព្រោះពេលដែលភាគីបានទទួលដីកាតុលាការ ភាគីនោះត្រូវតែបង្ហាញខ្លួននៅចំពោះមុខតុលាការពេលមានសវនាការ។ តុលាការមានសិទ្ធិចាប់បង្ខំឲ្យភាគីចូលខ្លួនមកបំភ្លឺក្នុងករណីមិនព្រមចូលខ្លួន»។
តុលាការទីក្រុងឡូសអែនជឺឡេស នៅរដ្ឋកាលីហ្វ័រញ៉ា នឹងបើកសវនាការលើកដំបូងចំពោះករណីបណ្ដឹងរបស់លោក មាជ សុវណ្ណារ៉ា នៅព្រឹកថ្ងៃទី១ ខែកញ្ញា ខាងមុខ។
គោលបំណងនៃសវនាការនេះ គឺដើមបណ្ដឹងស្នើឲ្យតុលាការចេញសេចក្ដីបង្គាប់ ឬហៅជាអង់គ្លេសថា jurisdictional discovery ដើម្បីឲ្យដើមបណ្ដឹងអាចស្វែងរកព័ត៌មានសំខាន់ៗមួយចំនួនជាប្រយោជន៍បង្ហាញឲ្យច្បាស់ថា រដ្ឋាភិបាលកម្ពុជា និងលោក ហ៊ុន ម៉ាណែត ជាប់ពាក់ព័ន្ធនឹងយុទ្ធនាការជាប្រព័ន្ធធ្វើទុក្ខបុកម្នេញខ្មែរ-អាមេរិកាំង ដែលវិលត្រឡប់ទៅស្នាក់នៅប្រទេសកំណើត។
ប្រសិនបើតុលាការសម្រេចតាមសំណើរបស់ដើមបណ្ដឹងនោះ លោក ហ៊ុន ម៉ាណែត និងរដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវតែបញ្ចេញព័ត៌មានអាម៉ាស់ពីការរំលោភសិទ្ធិមនុស្ស រួមទាំងការវាយប្រហារទៅលើជំនួយការរត់លិខិតស្នាមតុលាការ លោក ផល ហេយស៍ (Paul Hayes) នៅពេលលោកបានយកលិខិតមួយច្បាប់ទៅឲ្យលោក ហ៊ុន ម៉ាណែត កាលពីខែមេសា និងការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធ ដើម្បីបំបិទមាត់អ្នករិះគន់ និងគណបក្សប្រឆាំង៕
មេធាវី លោក ហ៊ុន ម៉ាណែត សង្ឃឹមឈ្នះក្ដី
មេធាវីលោក ហ៊ុន ម៉ាណែត កូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់អាស៊ីសេរីថា តុលាការទីក្រុងឡូសអែនជឺឡេស ស្ថិតក្នុងរដ្ឋកាលីហ្វ័រញ៉ា នឹងមិនកាត់ឲ្យកូនក្ដីលោកចាញ់បណ្ដឹងរបស់ក្រុមគ្រួសារលោក មាជ សុវណ្ណារ៉ា ឡើយ។
ក្រុមគ្រួសារខ្មែរ-អាមេរិកាំង រូបនោះបានប្ដឹងរដ្ឋាភិបាលកម្ពុជា និងលោក ហ៊ុន ម៉ាណែត ពីបទធ្វើទារុណកម្ម អំពើភេរវកម្ម និងបទឧក្រិដ្ឋពាក់ព័ន្ធនឹងការបង្កអំពើហិង្សាលើស្មៀនរត់ការឯកសារតុលាការ។
លោកមេធាវី ចន ផូសែល (John Purcell) ប្រាប់អាស៊ីសេរី កាលពីថ្ងៃទី២៤ ខែសីហា ថា ការចោទប្រកាន់ក្នុងបណ្ដឹងលោក មាជ សុវណ្ណារ៉ា គ្មានមូលដ្ឋាននោះទេ។
លោក មាជ សុវណ្ណារ៉ា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្ដន្ទាទោសដាក់ពន្ធនាគារ ២០ឆ្នាំ ក្រោមបទចោទដឹកនាំកុបកម្មនាំឲ្យមានអំពើហិង្សានៅស្ពាននាគក្បែរទីលានប្រជាធិបតេយ្យ កាលពីខែកក្កដា ឆ្នាំ២០១៤ កន្លងទៅ៕

No comments:
Post a Comment