Tuesday, August 23, 2016

តួកគី ចាប់ផ្តើមធ្វើការសងសឹក​ ទ្រង់ទ្រាយធំលើពួក ISIS ក្រោយការបំផ្ទុះគ្រាប់បែក​ សម្លាប់មនុស្ស ៥៤នាក់ និងរបួសជាង ២០០នាក់

Fresh News



(អង់ការ៉ា)៖ កងទ័ពតួកគីបានបើកការបាញ់ផ្លោងចំនួន ២០ដង ទៅលើមូលដ្ឋាន របស់ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ISIS នៅភាគខាងជើងប្រទេសស៊ីរី ដើម្បីជាការសសងសឹក ចំពោះការបំផ្ទុះគ្រាប់បែក អត្តឃាត នៅក្នុងពិធីរៀបការមួយ កាលពីសប្តាហ៍មុនដែលបាន សម្លាប់មនុស្ស ៥៤នាក់ និងជាង ២០០នាក់រងរបួស។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០១៦។

មន្ត្រីតួកគីមួយរូបនេះ បាននិយាយថាតួកគីកន្លង មកតែងតែមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការវាយប្រហារពីសំណាក់ គណបក្សពលករឃើដ PKK និង ក្រុមរដ្ឋអ៊ីស្លាម ISIS នៅតាមព្រំដែនស៊ីរី ប៉ុន្តែការវាយប្រហារ កាលពីយប់ថ្ងៃសៅរ៍ សប្តាហ៍មុននេះ គឺជារឿងដែលពិបាកនឹងអត់ធ្មត់ខ្លាំងណាស់។ កងកាំភ្លើងធំរបស់តួកគី បានធ្វើការបាញ់ផ្លោង ទៅលើមូលដ្ឋានសំខាន់ៗរបស់ក្រុម ISIS ដែលមានមូលដ្ឋាន នៅព្រំដែនស៊ីរី។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ ចុងសប្តាហ៍មុននេះ រដ្ឋាភិបាលតួកគីបានប្រកាសថា ខ្លួនមានបំណងរួមសហការគ្នា ជាមួយនឹងប្រទេសអ៊ីរ៉ង់ ដើម្បីធ្វើការដោះស្រាយបញ្ហានៅស៊ីរី ដែលជាប្រទេសក្បែរខាងគ្នា ហើយក្នុងនោះក៏មានការ គ្រោងពិភាក្សាគ្នាអំពើ ការប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម ISIS ផងដែរ។ បច្ចុប្បន្ននេះ អ្វីដែលជាការព្រួយបារម្ភរបស់​តួកគីនោះ គឺការរួមផ្តុំគ្នារបស់ពួក សកម្មប្រយុទ្ធនានា ដូចជា YPG និង PKK ដែលនឹងធ្វើឲ្យរដ្ឋាភិបាលពិបាកទប់ទល់៕

No comments:

Post a Comment