Tuesday, February 17, 2015

មន្រ្តីជំនាញកម្ពុជា-ជប៉ុនចុះត្រួតពិនិត្យស្ថានភាពទ្រុឌទ្រោមស្ពានជ្រោយចង្វារចាស់​

ផ្លូវ​ឡើងទៅ​ស្ពាន​ជ្រោយ​ចង្វារចាស់ ត្រូវ​បាន​ដាក់​របាំង​មិន​ឲ្យ​ធ្វើ​ដំណើរ​
(រូបថត៖ កាន់ វិច្ឆិកា)
ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ឬស្ពានជ្រោយចង្វារចាស់ត្រូវបានផ្អាកមិនឲ្យធ្វើចរាចរណ៍នៅថ្ងៃអង្គារនេះ ដើម្បីឲ្យមន្ត្រីជំនាញរបស់កម្ពុជា និងជប៉ុន ចុះទៅធ្វើការសិក្សាពីភាពស្ថានភាពទ្រុឌទ្រោមរបស់ស្ពានដែលមានអាយុជិត៥០ឆ្នាំមួយនេះ ។

ការចុះត្រួតពិនិត្យនេះធ្វើឡើង បន្ទាប់ពីអាជ្ញាធរកាលពីចុងខែមករាកន្លងទៅបានរកឃើញថា កំណល់នៃទម្រស្ពានជ្រោយចង្វារមិត្តភាពកម្ពុជា-ជប៉ុនបានប្រេះដោយសារតែភាពទ្រុឌទ្រោម ។ ក្រោយមកមានការប្រជុំរវាងមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មន្ត្រីសាលារាជធានីភ្នំពេញ និងក្រុមវិស្វករបច្ចេកទេសនៃប្រទេសជប៉ុនដើម្បីរៀបចំជួសជុលស្ពាននេះ ។

មន្ត្រីជំនាញនាយកដ្ឋានផ្លូវថ្នល់នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានចុះទៅពិនិត្យស្ពានជ្រោយចង្វារនៅព្រឹកនេះនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះឲ្យដឹងថា មន្រ្តីជំនាញទាំងពីរក្រុមសហការគ្នាសិក្សាពីកម្រាស់កម្រាលរបស់ស្ពាន ចំនួនយានយន្តដែលឆ្លងកាន់ស្ពាន និងភាពធន់របស់សសរស្ពាន ។ មន្ត្រីជំនាញរូបនោះឲ្យដឹងទៀតថា ក្នុងការចុះត្រួតពិនិត្យនេះ ក៏មានការប្រើកូនយន្តហោះបញ្ជា(drone)ថត និងសិក្សាពីទ្រង់ទ្រាយស្ពានទាំងមូល ដើម្បីឲ្យដឹងថាលទ្ធភាពទ្រទម្ងន់របស់ស្ពាននេះនៅបានកម្រិតណា ។

លោកបន្តថា «មានមួយក្រុមទៀតគេចុះសិក្សារកភាពធន់របស់សរសរគ្រឹះស្ពាន...សសរស្ពានក្នុងទឹក គេចុះរកហ្នឹងដើម្បីឲ្យដឹងថាតើបេតុងហ្នឹងពុកផុយ មានប្រេះស្រាំ ប្រេះហ្នឹង មានប្រេះបណ្តោយ ប្រេះទទឹងអីអញ្ចឹង»។

មន្ត្រីជំនាញរូបនេះឲ្យដឹងដែរថា ភាគីជប៉ុនដែលកំពុងធ្វើការសិក្សានិយាយប្រាប់គាត់ថា លទ្ធផលនៃការសិក្សាអាចនឹងត្រូវបញ្ចេញឲ្យដឹងក្នុងរយៈពេល១ខែបន្ទាប់ពីថ្ងៃសិក្សា ។ លោកថា ភាគីជប៉ុនត្រូវការយកសំណាករបស់ស្ពាន់ទៅពិសោធជាមុនសិន ។

មន្ត្រីដដែលនោះឲ្យដឹងទៀតថា ភាគីជប៉ុននឹងអាចធ្វើការផ្លាស់ប្តូរបង្កាន់ដៃស្ពាន បង្គោលភ្លើង និងកម្រាលកៅស៊ូនៅលើស្ពាន បើការសិក្សារកឃើញថា របស់ទាំងនេះមានភាពចាស់ទ្រុឌទ្រោម ។

ក្នុងការចុះទៅត្រួតពិនិត្យនៅថ្ងៃអង្គារនេះបានតម្រូវឲ្យមាន ការបិទចរាចរណ៍លើស្ពានចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៥ល្ងាច ដែលតម្រូវឲ្យអ្នកធ្វើដំណើរទៅប្រើប្រាស់ស្ពានថ្មីតែមួយ ធ្វើឲ្យមានការកកស្ទះចរាចរណ៍ជាខ្លាំង ។

គួរបញ្ជាក់ថា ស្ពានជ្រោយចង្វារ ឬស្ពានមិត្តភាពកម្ពុជា-ជប៉ុន ត្រូវបានសាងសង់ឡើងកាលពីឆ្នាំ១៩៦៦ ក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុន ប៉ុន្តែអំឡុងដើមទសវត្សរ៍ឆ្នាំ៧០ ស្ពាននេះត្រូវបានកាត់ផ្តាច់ក្នុងសម័យសាធារណរដ្ឋខ្មែរ ដែលគ្រប់គ្រងដោយរបបលោក លន់ នល់ ។ រហូតដល់ឆ្នាំ១៩៩៥ ស្ពាននេះត្រូវបានរាជរដ្ឋាភិបាលជប៉ុនជួសជុលតភ្ជាប់ឲ្យដំណើរការវិញរហូតដល់បច្ចុប្បន្ន ៕

VOD
ដោយ៖​ ទូច សុខា​ | ថ្ងៃអង្គារ ទី17 កុម្ភៈ 2015

No comments:

Post a Comment