Tuesday, August 23, 2016

សាលាឧទ្ធរណ៍បើកសវនាការ សំណុំរឿង​បាតុកម្មរំដោះ​ទីលាន​ប្រជាធិបតេយ្យ​

CEN
ដោយ: មុនីរាជ



ភ្នំពេញ: នៅ​ព្រឹក​ថ្ងៃទី​២៣ ខែសីហា នេះ សាលាឧទ្ធរណ៍ បើកសវនាការ​ជំនុំជម្រះ លើ​សំណុំរឿង​របស់ សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ និង​សកម្មជន ចំនួន ១១​នាក់ ទាក់ទង​ការដឹកនាំ​បាតុកម្ម រំដោះ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៤​។​

​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ និង​សកម្មជន ចំនួន​១១​នាក់ ត្រូវបាន​តុលាការ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៥ ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ ពី ៧​ឆ្នាំ ទៅ​២០​ឆ្នាំ ចោទប្រកាន់​ពីបទ ដឹកនាំ​កុបកម្ម និង​ចូលរួម​ចលនា​កុបកម្ម ទាមទារ​ឲ្យ​មាន បើក​ទីលាន​ប្រជាធិបតេយ្យ​។​

​ជនជាប់ចោទ​ចំនួន ៣​នាក់ ដែល​ត្រូវ​តុលាការ​ផ្តន្ទាទោស ដាក់ពន្ធនាគារ ២០​ឆ្នាំ មានដូចជាៈ ១-​លោក មា​ជ សុវណ្ណារ៉ា (​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និង ប្រព័ន្ធ​ផ្សព្វផ្សាយ នៃ​គណបក្ស​សង្គ្រោះ​ជាតិ​)​។ ២.​លោក អឿ ណា​រិ​ទ្ធ (​មន្ត្រី​ទទួល បន្ទុក​កិច្ចការ សាធារណៈ នៃ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ជំនួយការ​ផ្ទាល់ របស់​អ្នកស្រី មូរ​សុខ​ហួរ​)​។ ៣.​លោក ឃិន រឿន ហៅ ឃិន ជំរឿន (​ប្រធាន​ចលនា​យុវជន រាជធានី​ភ្នំពេញ នៃ​គណបក្ស​សង្គ្រោះ​ជាតិ​)​។​

​ចំណែក​ជនជាប់ចោទ ចំនួន​៨​នាក់ ដែល​ត្រូវ​ផ្តន្ទាទោស ដាក់ពន្ធនាគារ ៧​ឆ្នាំ មានដូចជាៈ ១-​លោក ស៊ុំ ពុ​ទ្ឋី (​សមាជិក​ក្រុមប្រឹក្សា ខណ្ឌ​ច្បារអំពៅ នៃ​គណបក្ស​សង្គ្រោះ​ជាតិ )​។ ២-​លោក កែ ឃីម ហៅ​វីន ឌី (​សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ​)​។ ៣-​លោក ទេព ណារិន (​សមាជិក​ចលនា​មហាជន របស់​គណបក្ស​សង្គ្រោះ​ជាតិ​)​។ ៤-​លោក អ៊ុក ពេជ្រ​សំណាង (​សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ )​។ ៥- លោក​នាង សុ​ឃុន (​ប្រធាន​សម្ព័ន្ធ​យុវជន​ជាតិខ្មែរ និង​ជា​ហេរញ្ញិក​ចលនា​យុវជន គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខណ្ឌ​ច្បារអំពៅ​)​។ ៦-​លោក សាន គឹម​ហេង (​ប្រធាន​ចលនា​យុវជន គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​សមាជិក ក្រុមប្រឹក្សា​ខណ្ឌទួលគោក​)​។ ៧-​លោក សាន សីហៈ (​លេខាធិការ​គណបក្ស​ស​ង្គ្រោះ​ជាតិ​)​។ ៨-​លោក អាន បឋម ហៅ សុខុម (​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ )​។​

​សូម​រម្លឹកថា អំពើហិង្សា នៅក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៤ បណ្តាល​ឲ្យ​សន្តិសុខ ខណ្ឌដូនពេញ ៣៨​នាក់ ដែល​ក្នុងនោះ​សន្តិសុខ ៥​នាក់ រងរបួស​ធ្ងន់ធ្ងរ បន្ទាប់ពី​មន្ត្រីជាន់ខ្ពស់ គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ក្រុមបាតុករ ជិត ១.០០០ នាក់ ទាមទារ​ឲ្យ​បើក ទីលាន​ប្រជាធិបតេយ្យ ឡើងវិញ​។ ក្រុម​ជនជាប់ចោទ​ទាំងអស់ ត្រូវបាន​តុលាការ ចោទប្រកាន់​ពីបទ ដឹកនាំ​កុបកម្ម បទ​ញុះញង់ ឲ្យ​ប្រព្រឹត្ត​ឧក្រិដ្ឋ​ជាអាទិ៍ និង​បទ​ហិង្សា ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​៕

No comments:

Post a Comment