ដោយ: ដាវុធ

ភ្នំពេញ: រដ្ឋាភិបាលចិន បានផ្តល់ការគាំទ្រ ជាបន្តដល់ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា តាមរយ:ការផ្តល់ ប្រាក់កម្ចីសម្បទាន និងជំនួយឥតសំណង ដល់កម្ពុជា និងជាពិសេសលោក ស៊ុន ចាន់ថុល បានស្នើសុំការគាំទ្រ ពីសមភាគីចិន ជួយកសាងសមត្ថភាព ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។
បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្សព្វផ្សាយថា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងដឹកជញ្ជូន ទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូកម្ពុជា មួយក្រុម ពីក្រសួងសាធារណការ និងដឹកជញ្ជូន ជួបពិភាក្សាការងារ ជាមួយលោក Yang Chuantang រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋប្រជាមានិតចិន។
ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោកទេសរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់ការគាំទ្រ ជាបន្តដល់ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ នៅកម្ពុជា។ សាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ប្រាក់កម្ចីសម្បទាន និងជំនួយឥតសំណង ដល់កម្ពុជា ដើម្បីសាងសង់ផ្លូវថ្នល់ ប្រវែងជាង ២.០០០ គីឡូម៉ែត្រ និងស្ពានប្រវែង សរុបជិត ៧ គីឡូម៉ែត្រ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានផ្លាស់ប្តូរទស្សនៈ ទៅវិញទៅមក ជាមួយលោក Yang Chuantang ស្តីអំពីបញ្ហាផ្សេងៗ ដែលទាក់ទងទៅនឹង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវល្បឿនលឿន ផ្លូវដែក ការដឹកជញ្ជូនតាមផ្លូវទឹក ការដឹកជញ្ជូន តាមផ្លូវសមុទ្រ ភ័ស្តុភារដឹកជញ្ជូន ផែនការមេ និងការអភិវឌ្ឍ ធនធានមនុស្សរបស់កម្ពុជា។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី បានសម្តែងនូវការគាំទ្រ ចំពោះគំនិតផ្តួចផ្តើម ខ្សែក្រវាត់មួយវិថីមួយ និងវិថីសូត្រសមុទ្រ ដែលបានបង្កើតឡើង ដោយសាធារណរដ្ឋប្រជាមានិតចិន។
លោក ក៏បានគូសបញ្ជាក់ថា កម្ពុជា ជាសមាជិកស្ថាបនិកដើមមួយ ក្នុងចំណោមសមាជិកស្ថាបនិកនានា នៃធនាគារវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដែលជំរុញគាំទ្រ ដោយសាធារណរដ្ឋ ប្រជាមានិតចិន។ កម្ពុជារំពឹងថា នឹងទទួលបានអត្ថប្រយោជន៍ ពីគំនិតផ្ដួចផ្ដើមទាំងនេះ សម្រាប់ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើសុំការគាំទ្រ ពីសមភាគីចិន ទាក់ទងនឹងការកសាងសមត្ថភាព ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។
លោករដ្ឋមន្ត្រី Yang បានសម្តែងនូវការប្តេជ្ញាចិត្ត យ៉ាងមុតមាំ ក្នុងការបន្តជួយដល់កម្ពុជា លើការកសាងហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយប្រសិទ្ធភាព និងធ្វើឱ្យប្រសើរឡើង ដល់ការអភិវឌ្ឍធនធានមនុស្ស។ លោក បានស្នើឱ្យក្រសួងទាំងពីរ ធ្វើការរៀបចំ និងចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការ លើកម្មវិធីកសាងសមត្ថភាព។
លោករដ្ឋមន្ត្រី Yang ក៏បានយល់ព្រម ជាមួយនឹងសំណើ របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងការបង្កើតគណៈកម្មការរួមមួយ ឬក្រុមការងារ ដែលមានសមាសភាពចូលរួម ពីក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋប្រជាមានិតចិន (MOT) និងក្រសួងសាធារណការ និងដឹកជញ្ជូន (MPWT) នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ជាយុទ្ធសាស្ត្របន្ថែមទៀត លើគ្រប់វិស័យ ដែលទាក់ទង ទៅនឹងហេដ្ឋារចនាសម្ព័ន្ធ និងការដឹកជញ្ជូន។
ឆ្លៀតក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញលោក Yang និងគណៈប្រតិភូ ពីក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋប្រជាមានិតចិន មកបំពេញទស្សនកិច្ច ជាផ្លូវការនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនង រវាងក្រសួងទាំងពីរ ក៏ដូចជា ប្រទេសទាំងពីរ បន្ថែមទៀតផងដែរ៕
No comments:
Post a Comment