ដោយ ៖វាសនា

(ភ្នំពេញ)៖សាលាដំបូងរាជធានីភ្នំពេញនឹងបើកសវនាការកាត់ទោសលោកកឹមសុខាប្រធានស្តីទីគណបក្សសង្គ្រោះជាតិជាប់ចោទពីបទ"បដិសេធក្នុងការចូលខ្លួន"ដែលជាបទល្មើសព្រហ្មទណ្ឌជាក់ស្ដែងនៅថ្ងៃទី៩ខែកញ្ញាខាងមុខនេះ។ទោះជាយ៉ាងណា ក្រុមមេធាវីរបស់ប្រធានស្តីទីរបស់គណបក្សប្រឆាំងរូបនេះកំពុងប្តឹងទាស់ទៅសាលាឧទ្ធរណ៍ប្រឆាំងនឹងសវនាការនៅពេលខាងមុខនេះ ដោយហេតុថាកន្លងមកខាងក្រុមចុងបណ្តឹងបានប្តឹងប្រឆាំងនឹងដីកាសំរេចមួយចំនួនរបស់ចៅក្រមស៊ើបសួរហើយរហូតដល់ពេលនេះនៅមិនទាន់ចប់ជាស្ថាពរនៅឡើយ។
មេធាវីការពារក្ដីលោកកឹមសុខាគឺលោកស្រីម៉េង សុភារី ថ្លែងប្រាប់រស្មីកម្ពុជាកាលពីរសៀលថ្ងៃទី២៦ខែសីហាថាមន្ត្រីតុលាការបានទូរស័ព្ទប្រាប់លោកស្រីអំពីគម្រោងបើកសវនាការករណីលោកកឹមសុខានៅថ្ងៃទី៩កញ្ញាខាងមុខនេះ។លោកស្រីមេធាវីបញ្ជាក់បន្ថែមថាលោកស្រីក៏បានដាក់ពាក្យបណ្ដឹងឧទ្ធរណ៍រួចហើយដែរចំពោះគម្រោងសវនាការនេះតែពុំទាន់ដឹងថាតុលាការនឹងផ្អាកឬយ៉ាងណានៅឡើយទេ។
លោកស្រីម៉េង សុភារី បានប្រាប់វិទ្យុក្នុងស្រុកមួយថា"រហូតដល់ដំណាក់កាលនេះ គឺបញ្ជូនទៅជម្រះ ហើយដីកាដំណោះស្រាយអនុញ្ញាតអោយភាគីពាក់ព័ន្ធប្តឹងដីកាដំណោះស្រាយក្នុងរយៈពេល៥ថ្ងៃ ហើយឥឡូវគ្រាន់តែចេញដីកាដំណោះស្រាយថ្ងៃ២៣ ថ្ងៃ២៤យើងបានទទួលយើងបានដាក់ប្តឹងទៅវិញ...ឥឡូវដីកាដំណោះស្រាយមិនទាន់ទាំងចូលជាស្ថាពរផង តុលាការបែរជាធ្វើចំណាត់ការយ៉ាងឆាប់រហ័ស...អ៊ីចឹងវាហាក់បង្ហាញអោយឃើញថារឿងនេះមានភាពមិនប្រក្រតី..."។
គួររំលឹកថាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចបញ្ចប់ការស៊ើបសួរនិងបញ្ជូនសំណុំរឿងលោកកឹមសុខាប្រធានស្តីទីគណបក្សសង្គ្រោះជាតិជាប់ចោទពីបទ“ បដិសេក្នុងការចូលខ្លួន“ ដែលជាបទល្មើសព្រហ្មទណ្ឌជាក់ស្តែងទៅបើកសវនាការជំនុំជម្រះ។
លោកកឹមសុខាតំណាងរាស្ត្រមណ្ឌលកំពង់ចាមក៏ត្រូវបានតុលាការសម្រេចមិនឲ្យចាកចេញទៅក្រៅប្រទេសផងដែរហើយបើមិនគោរពកាតព្វកិច្ចនេះតុលាការនឹងសម្រេចឃុំខ្លួនដាក់ពន្ធនាគារ៕
No comments:
Post a Comment