Tuesday, August 23, 2016

ហ្សា​ម៉ាន់ ឲ្យ​ទូត​តួ​ក​គី​បង្ហាញ​ភស្តុតាង និង​ស្វាគមន៍​ការស៊ើបអង្កេត​

ថ្មី​ៗ
និពន្ធដោយ : ជា ធីរិទ្ធ



ភ្លាមៗ​ក្រោយពី​ស្ថានទូត​តួ​ក​គី​ប្រចាំ​នៅ​កម្ពុជា​ស្នើ​ជា​ផ្លូវការ​ឲ្យ​កម្ពុជា​បិទ​សាលា​អន្តរជាតិ​ហ្សា​ម៉ាន់ (ZAMAN) នោះ ក្រុមហ៊ុន​ហ្សា​ម៉ាន់ Co., Ltd បានចេញ​សេចក្តីថ្លែងការណ៍​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​របស់ខ្លួន និង​ទាមទារ​ឲ្យ​ឯកអគ្គរដ្ឋទូត​តួ​ក​គី​បង្ហាញ​ភស្តុតាង និង​ការសម្រេច​របស់​តុលាការ​ជា​សាធារណៈ​។ សកលវិទ្យា​ធិ​ការរង​នៃ​សកលវិទ្យា​ល័យ ZAMAN ក៏​ស្វាគមន៍ ប្រសិនបើ​ក្រសួងការបរទេស​កម្ពុ​ជា​ចង់​បើក​ការស៊ើបអង្កេត​រក​ការពិត​។

ការទាមទារ​ឲ្យ​បិទ​សាលា​អន្តរជាតិ​ហ្សា​ម៉ាន់​ពី​សំណាក់​រដ្ឋាភិបាល​តួ​ក​គី​ម្តង​ហើយ​ម្តងទៀត មិនបាន​ធ្វើ​ឲ្យ​ក្រ​ហ៊ុន​ហ្សា​ម៉ាន់ Co., Ltd នៅ​ស្ងៀ​ម​នោះឡើយ​។ នៅថ្ងៃនេះ តាមរយៈ​សេចក្តីថ្លែងការណ៍​របស់​ខ្លួន ក្រុមហ៊ុន​ហ្សា​ម៉ាន់ បាន​ផ្តាំ​ទៅ​លោក Ilhan Khemal Tug ឯកអគ្គរដ្ឋទូត​តួ​ក​គី​ប្រចាំ​នៅ​កម្ពុជា​ជាថ្មី ឲ្យ​បង្ហាញ​ភស្តុតាង និងសេចក្តីសម្រេច​រប​ស់​តុលាការ​ជា​សាធារណៈ ឬ​ដល់​អាជ្ញាធរ​ចំពោះ​ការចោទប្រកាន់​របស់រ​ដ្ឋា​ភិ​បាល​តួ​ក​គីម​កលើ​សាលា​អន្តរជាតិ​ហ្សា​ម៉ាន់​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​ចលនា​រដ្ឋប្រហារ​រដ្ឋាភិបាល​បរាជ័យ​កាលពី​ថ្ងៃទី ១៥ ខែកក្កដា កន្លងទៅ​។

​សេចក្តីថ្លែងការណ៍​រប​ស់​ក្រុមហ៊ុន​ហ្សា​ម៉ាន់​ដដែល បានបញ្ជាក់​យ៉ាងនេះ​ថា​៖« ពាក់ព័ន្ធ​នឹង​ភាព​ស្អាតស្អំ​របស់​យើងខ្ញុំ​ផ្ទាល់ យើង​សូម​អញ្ជើញលោក​ឯកអគ្គរដ្ឋទូត​ម្តងទៀត ឲ្យ​បង្ហាញ​ភស្តុតាង ឬ​សេចក្តីសម្រេច​ណាមួយ​ដោយ​តុលាការ ដែល​គាត់​ចោទប្រកាន់​យើង ទៅកាន់​សាធារណៈជន និង​អាជ្ញាធរ​»​។ សេចក្តីថ្លែងការណ៍​ដែល​ផ្ញើជូន​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​នោះ សង្កត់ធ្ងន់​បែបនេះ​ទៀតថា​៖«​យើង​មាន​ជំនឿ​ចិត្ត​លើ​ភាព​ស្អាតស្អំ​របស់​អង្គភាព​យើង​។ ដូចនេះ​វា​ជា​កាតព្វកិច្ច​របស់គាត់​(​លោក Ilhan Khemal Tug) ផ្ទាល់​ថា មាន​ភស្តុតាង​អ្វី ដើម្បី​បញ្ជាក់​ការចោទប្រកាន់​របស់ខ្លួន​»​។​

​ការឆ្លើយតប​របស់​ក្រុមហ៊ុន​ហ្សា​ម៉ាន់​ជា​លើក​ទី ២ នេះ ធ្វើឡើង​បន្ទាប់ពី​លោក លោក Ilhan Khemal Tug ឯកអគ្គរដ្ឋទូត​តួ​ក​គី​ប្រចាំ​នៅ​កម្ពុជា បានស្នើ​ជា​ផ្លូវការ​ទៅកាន់​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា​ឲ្យ​បិទ​សាលា​អន្តរជាតិ​ហ្សា​ម៉ាន់ ទាំង​ថ្នាក់​មតេយ្យ ថ្នាក់​បឋម ថ្នាក់​វិទ្យាល័យ និង​ទាំង​ថ្នាក់​សកលវិទ្យា​ល័យ កាលពី​ថ្ងៃ​ចន្ទ​ទី ២២ ខែ សីហា​។ សំណើ​នេះ ត្រូវ​លោក ប្រាក់ សុខុន ឆ្លើយតប​ទៅវិញ​ថា ក្រសួងការបរទេស​ក​ម្ពុ​ជា​នឹងធ្វើ​ការពិនិត្យ​ពិចារណា​នូវ​សំណើ​នេះ ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា​។​

​សារព័ត៌មាន​ថ្មីៗ នៅ​មិនទាន់​អាចទាក់ទង​ស្ថានទូត​តួ​ក​គី​ប្រចាំ​នៅ​កម្ពុជា ឲ្យ​ឆ្លើយតប​នឹង​សេចក្តីថ្លែងការណ៍​របស់​ក្រុមហ៊ុន​ហ្សា​ម៉ាន់ បាន​នោះទេ​នៅ​ថ្ងៃ​អង្គារ​នេះ​។ តែ​យ៉ាងណា លោក ឯកអគ្គរដ្ឋទូត​តួ​ក​គី លោក Ilhan Khemal Tug បាន​ប្រាប់​កាសែត​ខេ​ម​បូ​ឌា ដេលី កាលពី​ថ្ងៃ​ចន្ទ​ថា រដ្ឋាភិបាល​តួ​ក​គី «​កំពុង​រំពឹងថា នឹងមាន​កិច្ចសហប្រតិបត្តិការ​ពី​រដ្ឋាភិបាល​កម្ពុជា​» នៅក្នុង​ការបិទ​សាលា​ដែលមាន​ទំនាក់ទំនង​ជាមួយ​លោក ហ្វេ​ទុ​ឡា ហ្គូ​ឡេ​ន​។ ប៉ុន្តែ​លោក​បាន​បដិសេធ​មិន​បញ្ជាក់ថា តើ​ច្បាប់​កម្ពុជា​ណាមួយ​ដែល​សាលា​ហ្សា​ម៉ាន់​ប្រហែលជា​បាន​រំលោភបំពាន​នោះឡើយ​។

​លោក ដេ​ត សុខ​ឧ​ត្ត​ម សកលវិទ្យា​ធិ​ការរង​នៃ​សកល​វិទ្យាល័យ​ហ្សា​ម៉ាន់ ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា ដោយ​សារភាព​ស្អាតស្អំ សកល​វិទ្យាល័យ​ហ្សា​ម៉ាន់ គ្មាន​ក្តីកង្វល់​អ្វី​ឡើយ​ចំពោះ​សំណើ​របស់​ស្ថានទូត​តួ​ក​គី​ប្រចាំ​នៅ​កម្ពុជា​។ «​ក្នុងនាម​សកលវិទ្យា​ល័យ​ហ្សា​ម៉ាន់ ខ្ញុំ​អាច​ន​និយាយបានថា យើង​អត់​មាន​ព្រួយបារម្ភ​អ្វី​សោះឡើយ​។ យើង​កំពុងតែ​មមាញឹក​នឹង​ការងារ​សាលា​របស់​យើង ដើម្បី​រៀបចំ​ការប្រឡង​អាហារូបករណ៍​»​។ លោក ដេ​ត សុខ​ឧ​ត្ត​ម អះអាង​ដូច្នេះហើយ ក៏​បន្ត​បញ្ជាក់​យ៉ាងនេះ​ថា​៖« យើង​មិនទាន់​ទទួលបាន​ព័ត៌មាន​ណាមួយ​ថា ក្រសួងការបរទេស​ក​ម្ពុ​ជា ឬ​ស្ថាប័ន​ពាក់ព័ន្ធ ចង់​មក​ស៊ើបអង្កេត​នៅ​សកល​វិទ្យាល័យ​ទេ​។ តែ​យើង​ស្វាគមន៍​បើ​ក្រសួង​ចង់​បើក​ការស៊ើបអង្កេត​នោះ​»​។

​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា លោក ជុំ សុន្ទរី បាន​ថ្លែងប្រាប់​អ្នកកាសែត​ក្រោយពី​ជំនួប​លោក ប្រាក់ សុខុន ជាមួយ​ឯកអគ្គរដ្ឋទូត​តួ​ក​គី​កាលពី​ថ្ងៃ​ចន្ទ​ថា ភាគី​កម្ពុជា​នៅ​មិនទាន់មាន​ជំហរ​បែបណា​មួយ​ចំពោះ​សំណើ​របស់​រដ្ឋាភិបាល​តួ​ក​កី​ឲ្យ​បិទ​សាលា​អន្តរជាតិ​ហ្សា​ម៉ាន់​នោះទេ​។ «​យើង​មិនទាន់​អាច​និយាយ​ជ្រៅ​ពី​បញ្ហា​នេះ​ទេ​។ ខ្ញុំ​អាច​ប្រាប់​បាន​ថា យើង​កំពុងតែ​ពិនិត្យ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​។ យើង​មិនទាន់​ប្រកាន់​ជំហរ​ណាមួយ​ទេ​។ ខ្ញុំ​ឧទាហរណ៍ ដូច​ប្អូន​លើកឡើងថា អង្គការ​នេះ​ជា​អង្គការ​ភេរវកម្ម វា​បង្ហាញ​ពី​ជំហរ​របស់​យើង​បាត់ទៅហើយ​។ ដូច្នេះ​យើង​មិនទាន់​និយាយ​បានទេ​»​។​

​សាលា​អន្តរជាតិ​ហ្ស៉ា​ម៉ាន់ បច្ចុប្បន្ន​មាន​សិស្ស​ចុះឈ្មោះ​សិក្សា​ប្រមាណ ២០០០ នាក់ ដើម្បី​សិក្សា​ថ្នាក់​មតេយ្យ ថ្នាក់​បឋម ថ្នាក់​វិទ្យាល័យ និង​ថ្នាក់​សកលវិទ្យា​ល័យ​។ បើតាម​សេចក្តីថ្លែងការណ៍​របស់​ក្រុមហ៊ុន​ហ្សា​ម៉ាន់ សាលា​អន្តរជាតិ​ហ្ស៉ា​ម៉ាន់ ត្រូវបាន​គ្រប់គ្រង​ដោយ​ក្រុមប្រឹក្សា ដែល​ក្នុងនោះ​មាន​បុគ្គលិក​រដ្ឋបាល និង​លោកគ្រូ​អ្នកគ្រូ​តំណាងអោយ​ប្រទេស​ចំនួន ១៥ ផ្សេងៗ​គ្នា​៕

No comments:

Post a Comment