និពន្ធដោយ: ម៉ៅ សុផា

ភ្នំពេញ៖ គណបក្សសង្គ្រោះជាតិ នឹងឲ្យមេធាវី ប្តឹងទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) និងតុលាការ ចំពោះជនបរទេសទាំងឡាយណា ដែលប្រើប្រាស់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដោយខុសច្បាប់ ហើយយកទៅចុះឈ្មោះបោះឆ្នោត។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់គណបក្សសង្គ្រោះជាតិ ចុះនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល គណបក្សសង្គ្រោះជាតិ គ្រោងដាក់លិខិតទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីស្នើឲ្យស្រាវជ្រាវ និងចាត់វិធានការ ចំពោះការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដោយខុសនីតិវិធីនៃច្បាប់។ លើសពីនេះទៀត គណបក្សសង្គ្រោះជាតិ នឹងសហការជាមួយក្រសួងមហាផ្ទៃ ចំពោះចំណាត់ការខាងលើ។
ក្រៅពីគម្រោងនៃការសុំអន្តរាគមន៍ពីក្រសួងមហាផ្ទៃ គណបក្សសង្គ្រោះជាតិ ក៏នឹងស្នើទៅក្រសួងយុត្តិធម៌ផងដែរ ដើម្បីសុំឲ្យផ្តល់បញ្ជីឈ្មោះជនបរទេសខុសច្បាប់ ដែលទទួលបានអត្តសញ្ជាតិខ្មែរ តាមរយៈសញ្ជាតូបនីយកម្ម ដោយមិនត្រឹមត្រូវទៅតាមច្បាប់។
ម្យ៉ាងទៀត គណបក្សសង្គ្រោះជាតិ នឹងរៀបចំភ្នាក់ងារសង្កេតការណ៍តាមការិយាល័យចុះឈ្មោះបោះឆ្នោត ដើម្បីឃ្លាំមើលដំណើរចុះឈ្មោះបោះឆ្នោត ព្រមទាំងប្តឹងជំទាស់និងប្តឹងតវ៉ា នូវភាពមិនប្រក្រតីទាំងឡាយ ដែលកើតឡើង។
បក្សប្រឆាំង បានបញ្ជាក់ថា វិធានការទាំងនេះ នឹងអាចជំរុញ ឲ្យដំណើរការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោតនាពេលខាងមុខ ប្រព្រឹត្តទៅដោយរលូន៕
No comments:
Post a Comment