ដោយ ៖សុផល

(ភ្នំពេញ)៖ នាព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តីសាយ ឈុំ ប្រធានព្រឹទ្ធសភាបានអនុញ្ញាតឲ្យលោកចាង យុនហ្គន់ ( Jang Yun Gon ) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពថ្មីនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបធ្វើសវនាការ និងសម្តែងការគួរសម។
សម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភាបានសម្តែងនូវអំណរសាទរនិងស្វាគមចំពោះលោក Jang Yun Gonដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី ប្រចាំព្រះរាជាណាចក្រ កម្ពុជា។ តាមរយៈបេសកកម្មការទូតនេះសម្តេចជឿជាក់ថាលោកទូតនឹងបន្តពង្រឹងពង្រីកឥតឈប់ឈរ នូវទំនាក់ទំនងការទូត សហប្រតិបត្តិការល្អ រវាងប្រជាជន និងប្រទេសទាំងពីរ។
លោកឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍន៍ប្រទេសកម្ពុជាលើគ្រប់វិស័យក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជា។លោក ក៏បានកត់សម្គាល់ អំពីសភាពការណ៍នយោបាយនៅកម្ពុជានាពេលបច្ចុប្បន្នមានស្ថិរភាព សន្តិសុខនិងសន្តិភាពពេញលេញ ដែលជាកាលានុវត្តភាពសម្រាប់ទាក់ទាញវិនិយោគិនបរទេសនិងទេសចរណ៍មកប្រទេសកម្ពុជា កាន់តែច្រើនថែមទៀត។
ទាក់ទិននឹងបញ្ហាតំបន់ សម្តេច ប្រធានព្រឹទ្ធសភា បានបង្ហាញពីជំហររបស់កម្ពុជាក្នុងការគាំទ្រឲ្យមានដំណោះស្រាយតាមរយៈការចរចាប្រកបដោយសន្តិវិធី និងសន្តិភាព នៅក្នុងឧបទ្វីបកូរ៉េ និងគោរពតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕
No comments:
Post a Comment