Sunday, August 21, 2016

គណបក្ស​ថ្មី​ចំនួន​៥ ជឿជាក់ថា នឹង​អាច​ឈ្នះ​កៅអី​ឃុំ​-​សង្កាត់ ដើម្បី​បំបែក​អំណាច​មន្ត្រី​មូលដ្ឋាន​CPP

ថ្មី​ៗ
និពន្ធដោយ:រំដួល ចិត្រា



ភ្នំពេញ​៖​នៅ​ថ្ងៃទី​០១ កញ្ញា ខាងមុខនេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នឹង​រៀបចំ​បញ្ជី​ចុះឈ្មោះ​បោះឆ្នោត​ឃុំ​-​សង្កាត់ ដែល​ការចុះឈ្មោះ​នឹង​ប្រព្រឹត្តិ​ទៅ​រហូតដល់​ថ្ងៃទី​២៩ វិច្ឆិកា ឆ្នាំ​២០១៦​។ ហើយ​ការបោះឆ្នោត​ជ្រើសរើស​មេឃុំ​-​សង្កាត់ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​០៤ មិថុនា ឆ្នាំ​២០១៧​។ មុន​ការបោះឆ្នោត​ឃុំ​-​សង្កាត់​មកដល់​នោះ គណបក្សនយោបាយ​ថ្មី​ចំនួន​៥ បាន​ត្រៀមខ្លួន និង​កំណត់​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​រួចរាល់​ហើយ ។ គណបក្ស​ទាំង​៥​នេះ ជឿជាក់ថា នឹង​ទទួលបាន​កៅអី​ឃុំ​-​សង្កាត់ ដើម្បី​បំបែក​អំណាច​មូលដ្ឋានរ​បស់​គណបក្សកាន់អំណាច​។​

​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​លោក សួន សេរី​រដ្ឋា​៖«​ខ្ញុំ​ត្រៀម​បេក្ខជន​ឈរឈ្មោះ យ៉ាងហោចណាស់​៨០០​នាក់ (​ស្មើ​៥០​ភាគរយ​) ក្នុងចំណោម​ឃុំ​-​សង្កាត់ ចំនួន​១៦៣៣ នៅតាម​បណ្ដា​ខេត្ត​ចំនួន​១៥​។ នៅតាម​ឃុំ​-​សង្កាត់ ទាំងនោះ បេក្ខជន​ឈរឈ្មោះ​របស់​យើង​សុទ្ធ​តែមាន​សមាភាព​ខ្លាំង ជាង​គណបក្ស​ដទៃ ក្នុងការ​ដឹកនាំ​ឃុំ​-​សង្កាត់ ដែល​គណបក្ស​ខ្ញុំ បាន​បណ្ដុះបណ្ដាល​កំណត់​ទិសដៅ​ឲ្យ​ពួកគេ​បម្រើ​ផលប្រយោជន៍​ពលរដ្ឋ​»​។ លោក​បន្ថែមថា​៖«​យើង​នឹង​គាស់​រំលើង​អំណាច​ស្ដេចត្រាញ់​មន្ត្រី​ថ្នាក់មូលដ្ឋាន​គណបក្សកាន់អំណាច ដូច្នេះ​ខ្ញុំ មាន​មហិច្ឆតា ចង់បាន​បេក្ខជន​ឈ្នះឆ្នោត​ជា​ថ្នាក់ដឹកនាំ​មូលដ្ឋាន​ទាំង​៨០០​ឃុំ​-​សង្កាត់ ដែលមាន​បេក្ខជន​ឈរឈ្មោះ ។ ហើយ​បើ​មិនបាន​ឈ្នះឆ្នោត​ជា​មេឃុំ ឬ​ចៅសង្កាត់​ទេ គឺ​យ៉ាងហោចណាស់​យើង​បាន​ជំទប់​ទី​១ ឬ​ទី​២ តែបើ​មិនបាន​ជំទប់​ទី​១​ឬ​ទី​២​ទៀត ក៏​យើង​ទទួលបាន​តំណែង​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ យើង​មិន​យក​លេខ​សូន្យ​ដាច់ខាត ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​យើង​មាន​សំឡេង​តទល់​ជាមួយ​មន្ត្រី​ត្រាញ់​អំណាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា​»​។​

​អគ្គលេខា​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​លោក សាម អ៊ី​ន​៖«​គណបក្ស​ខ្ញុំ​ត្រៀម​ឈរឈ្មោះ​បោះឆ្នោត​នៅក្នុង​ឃុំ​សង្កាត់​ចំនួន​១០០​ក្នុង​ខេត្ត​ក្រុង​ចំនួន​ពី​១០​ទៅ​១៥​នៅ​ទូទាំងប្រទេស​។ យើង​កំណត់​ឈ្នះ​ដឹកនាំ​ឃុំ​សង្កាត់​ចំនួន​២០ និង​ទទួលបាន​អាសនៈ​ជា​ក្រុមប្រឹក្សាឃុំ​សង្កាត់​ក្នុង​ឃុំ​សង្កាត់​ចំនួន​៨០​ផ្សេងទៀត ដើម្បី​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ និង​ផ្លាស់​ជីវភាព​ពលរដ្ឋ នៅតាម​មូលដ្ឋាន​»​។​លោក​បន្តថា​«​យើង​ជ្រើសរើស​បេក្ខជន​ឃុំ​-​សង្កាត់​ដោយ​តម្លាភាព អ្នកមាន​សមត្ថភាព ជា​មនុស្ស​ល្អ និង​គុណសម្បត្តិ​ខ្ពស់​។ បេក្ខជន​ភាគច្រើន​ត្រូវ​រើស​ចេញពី​ថ្នាក់មូលដ្ឋាន​។​យើង​កំពុង​ជំរុញ​ឲ្យ​និស្សិត​រៀន​ចំ​ត្រឡប់​នៅ​មូលដ្ឋាន​វិញ និង​ឈរឈ្មោះ​ជា​មេឃុំ​សង្កាត់​សម្រាប់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​។ ខេត្ត​អាទិភាព​ទី​១ និង​អាទិ​ភាពជា​បន្តបន្ទាប់រ​បស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ជារួម​មាន​៖​ខេត្តតាកែវ កំពត កំពង់ស្ពឺ ស្វាយរៀង កំពង់ធំ ត្បូង​ធំ​។​ល​។ ហើយ​នៅក្នុង​រាជធានី​ភ្នំពេញ គណបក្ស​យើង​នឹង​ឈរឈ្មោះ​នៅក្នុង​សង្កាត់​ក្បាលកោះ​តែមួយគត់​ពីព្រោះ នយោបាយ​របស់​បក្ស​គឺ​ផ្តោតលើ​ការអភិវឌ្ឍ​តំបន់​ជនបទ​។ ផ្តោតលើ​ការកាត់បន្ថយ​គម្លាតរ​វាង​អ្នកមាន និង​អ្នកក្រ និង​ផ្តោតលើ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម »​។

​ប្រធាន​គណបក្ស​យុវជន​កម្ពុជា​លោក ពេ​ជ្យ ស្រស់​៖«​គណបក្ស​យើង​នឹងដាក់​បញ្ចូល​បេក្ខជន​ឈរ​បោះឆ្នោត​តែ​៤៥​ឃុំ​ទេ នៅក្នុង​ចំណោម​ឃុំ​-​សង្កាត់​១៦៣៣ ទូទាំងប្រទេស ព្រោះ​គណបក្ស​យើង​ថ្មី​ទើបតែ​បង្កើត​មក ដូច្នេះ​ខ្ញុំ​ចង់​ស្ទាបស្ទង់​មើល​សិន​។ ហើយ​ឃុំ​-​សង្កាត់ ដែល​យើង​ដាក់​បេក្ខជន​នេះ គឺឃុំចំនួន៤៥ ក្នុងចំណោម៦៤ឃុំ នៅក្នុងេខត្តត្បូងឃ្មុំ ដែល​ខ្ញុំ​គិតថា ជា​ខេត្ត​មាន​អទិភាព​ទទួល​បានការ​គាំទ្រ​ដល់​បេក្ខជន​គណបក្ស​ខ្ញុំ​។ បើ​និយាយ​ពី​សមត្ថភាព​វិញ បេក្ខជន​ដែល​ខ្ញុំ​ដាក់​ឈរឈ្មោះ​បោះឆ្នោត​នេះ សុទ្ធតែ​បញ្ចប់​បរិញាបត្រ និង​មាន​សមត្ថភាព ក្រមសីលធម៌​ជាង​គណបក្ស​ដទៃ ដោយ​ខ្ញុំ​សង្ឃឹមថា ពលរដ្ឋ​នឹង​ងាក​មក​គាំទ្រ​បេក្ខជន​គណបក្ស​ខ្ញុំ​»​។​

​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​លោក ម៉ម សូណង់ដូ​៖«​គណបក្ស​ខ្ញុំ​នឹងដាក់​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ទាំង​១៦៣៣ ទូទាំង​២៥​ខេត្ត​-​ក្រុង​។ ហើយ​នៅពេលនេះ​យើង​មាន​សមាសភាព​បេក្ខជន​ដែលមាន​សមត្ថភាព​គ្រប់គ្រាន់​ហើយ ដែល​យើង​សង្ឃឹមថា នឹង​ទទួលបាន​កៅអី​មេឃុំ​-​សង្កាត់ នៅក្នុង​ចំណោម​ខេត្ត​-​ក្រុង ដែល​យើង​ដាក់បញ្ចូល​បេក្ខជន​ឈរឈ្មោះ​នេះ​។ តែ​ខ្ញុំ​មិនទាន់​អាច​កំណត់ថា អាច​នឹង​ឈ្នះ​បាន​ប៉ុន្មាន​ឃុំ​-​សង្កាត់​ទេ ព្រោះ​វា​អាស្រ័យ​លើ​ប្រជាពលរដ្ឋ ដែល​គាំទ្រ​លើ​គោលនយោបាយ​គណបក្ស និង​គាំទ្រ​លើ​ប្រវត្តិ​ខ្ញុំ​ដែល​តែងតែ​ចេញមុខ​ដោះស្រាយ​បញ្ហា​ពលរដ្ឋ និង​មិនដែល​បោកប្រាស់​ពលរដ្ឋ​ដូច​គណបក្ស​ដទៃទៀត​»​។​

​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​លោក ញឹក ប៊ុនឆៃ​៖«​គណបក្ស​យើង​នឹងដាក់​បញ្ចូល​បេក្ខជន​ឲ្យ​បាន​មួយ​១០០​ភាគរយ ក្នុងចំណោម​ឃុំ​-​សង្កាត់​១៦៣៣​នេះ ហើយ​នៅពេលនេះ​យើង​បានជ្រើសរើស​បេក្ខជន​ជាង​៨០​ភាគរយ​ហើយ​។ ហើយ​ក្នុងចំណោម​ឃុំ​-​សង្កាត់ ដែល​យើង​ដាក់បញ្ចូល​បេក្ខជន​ឈរឈ្មោះ​នេះ យើង​ជឿជាក់ថា អាច​ឈ្នះ​កៅអី​មេឃុំ​-​សង្កាត់ តាមរយៈ​គោលនយោបាយ​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​តាម​មូលដ្ឋាន ដែល​គណបក្ស​ធ្លាប់បាន​ចុះជួយ​ពលរដ្ឋ​កន្លងមក​។ តែ​ខ្ញុំ​អត់​ទាន់​ហ៊ាន​និយាយ​កំណត់ថា អាច​ឈ្នះ​បាន​ប៉ុន្មាន​ទេ រង់​ចាំមើល​លទ្ធផល​ចេញមក​ទាំងអស់គ្នា​»​។​

​គួរ​រំ​ឮ​កថា ការបោះឆ្នោត​ជ្រើសរើស​ថ្នាក់ដឹកនាំ​ឃុំ​-​សង្កាត់ នៅ​អាណត្តិ​ទី​៣ កាលពី​ឆ្នាំ​២០១២​កន្លងមក គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​កៅអី​ជាង​១៥០០ ឃុំ​-​សង្កាត់ ក្នុងចំណោម​កៅអី​១៦៣៣ ទូទាំងប្រទេស​។ សូម​បញ្ជាក់ដែរថា ការបោះឆ្នោត​ឃុំ​-​សង្កាត់ អាណត្តិ​ទី​៤ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​០៤ មិថុនា ឆ្នាំ​២០១៧​ខាងមុខនេះ​៕

No comments:

Post a Comment