
ភ្នំពេញ ៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង ២និង៣០នាទីរសៀល ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតឲ្យ ឯកឧត្តម William A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋ អាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការ គួរសម និងពិភាក្សាការងារ។
នៅក្នុងជំនួបនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ជា សុផារ៉ា បាន សម្តែងនូវសេចក្តីសោមនស្សរីករាយទទួលស្វាគមន៍ ឯកឧត្តម ឯកអគ្គរដ្ឋទូត និងបានជម្រាបអំពីការងារអាទិភាពមួយចំនួន របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺ៖
១. ការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋទូទាំងប្រទេស ដែផ្តល់នូវ សុវត្ថិភាពដីធ្លីជូនម្ចាស់កម្មសិទ្ធី ការកៀរគរវិនិយោគទុនក្នុង វិស័យដីធ្លី ការបង្កើនចំណូលពន្ធរដ្ឋ និងការកាត់បន្ថយ ឈានទៅដល់ការបញ្ចប់បញ្ហាវិវាទដីធ្លីទូទាំងប្រទេស ។
២. ការដោះស្រាយវិវាទដីធ្លី ដែលមានរហូតដល់ជាង ៧០០០ ករណី កាលពី ៤ ខែមុន ប៉ុន្តែរហូតមកដល់ពេលនេះ គឺនៅសល់ប្រមាណ ៨០០ ករណី ហើយក្រសួងកំពុង ខិតខំជម្រុញការដោះស្រាយវិវាទដីធ្លីឲ្យបានកាន់តែឆាប់ផង ដែរតាមរយៈក្រុមការងារចុះដោះស្រាយវិវាទដីធ្លីទាំង ៣៦ ក្រុម ។
៣. ការរៀបចំប្លង់គោលប្រើប្រាស់ដីធ្លីនៅតាមបណ្តា រាជធានី ខេត្ត ឲ្យបានឆាប់រហ័ស ។
៤. និង ការបង្កើតលំនៅឋានសាធារណៈមានតម្លៃសមរម្យ ពិសេសខិតខំអភិវឌ្ឍន៍ឡើងវិញ នូវអគារស្នាក់នៅរួមចាស់ៗ ដែលមានសភាពទ្រុឌទ្រោម ដូចជាអគារប៊ូឌីញស ស្ថិតនៅ ខណ្ឌចំការមនជាដើម ។
ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើសុំ ឯកឧត្តម ឯកអគ្គរដ្ឋទូត ពិនិត្យលទ្ធភាពផ្តល់ជំនួយហិរញ្ញប្បទាន ជាថវិកាលើកទឹកចិត្ត ដល់ក្រុមការងារចុះដោះស្រាយវិវាទ ដីធ្លីដែលត្រូវចុះដោះស្រាយវិវាទដីធ្លីផ្ទាល់នៅតាមបណ្តារាជធានីខេត្ត ដោយបន្ថែមលើថវិកាលើកទឹកចិត្តចំនួន ១ លាន រៀលដែលក្រសួងបានផ្តល់ជូនសម្រាប់ក្រុមនីមួយៗ ដែល បានដោះស្រាយវិវាទដោយជោគជ័យ។
ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវ អំណរសាទរចំពោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ដែលបានទទួល មុខដំណែងថ្មី និងមានកិច្ចការងារសំខាន់ៗជាច្រើនក្រោម សមត្ថិកិច្ចរបស់ក្រសួង ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច ក្នុងព្រះរាជាណាចក្រកម្ពុជា និងសំដែងការកោតសរសើរ ចំពោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ដែលតែងតែមានចក្ខុវិស័យ វែងឆ្ងាយក្នុងកិច្ចការងារកន្លងមក ចាប់តាំងពី ឯកឧត្តម ទេសរដ្ឋមន្ត្រី នៅកាន់តំណែងជាអភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញមកម្លេះ ។ ក្នុងនេះផងដែរ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏នឹងសូមយកសំណើររបស់ ឯកឧត្តមទេស រដ្ឋមន្ត្រី ទៅពិនិត្យនិងដើម្បីរកកញ្ចប់ថវិការបស់ស្ថានទូត និងធ្វើការជូនដំណឹងមកក្រសួងវិញក្នុងពេលឆាប់ៗនេះ ។
លើសពីនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានយល់ព្រមនឹង សំណើររបស់ ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានស្នើសុំជួបជា មួយក្រុមការងារចុះដោះស្រាយវិវាទដីធ្លីរបស់ក្រសួងផ្ទាល់ ដើម្បីធ្វើការស្វែងយល់ឲ្យបានកាន់តែច្បាស់អំពីនីតិវិធីនៃការដោះស្រាយវិវាទដីធ្លីរបស់ក្រសួង ពិសេសការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេច តេជោនាយករដ្ឋមន្ត្រី ក្នុងការស្វែងរកភាពយុត្តិធម៌ដោះ ស្រាយវិវាទដីធ្លីជូនប្រជាពលរដ្ឋ ។
ចុងបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជូនពរ ឯកឧត្តម William A. Heidt និងក្រុមការងារទាំងអស់ទទួលបានជោគជ័យក្នុង បេសកកម្មក្នុងព្រះរាជាណាចក្រកម្ពុជា នឹងសង្ឃឹមជឿជាក់ ថាកិច្ចសហប្រតិបត្តិការនេះនឹងផ្តល់ទំនាក់ទំនង់កាន់តែជិត ស្និតសម្រាប់រដ្ឋាភិបាលនៃប្រទេសទាំង ២ ។
កិច្ចប្រជុំបានបញ្ចប់នៅវេលាម៉ោង បី និងដប់ប្រាំនាទី នៅ ថ្ងៃខែឆ្នាំដដែល ក្រោមបរិយាកាសរីករាយ និងទទួលខុស ត្រូវខ្ពស់ ៕
No comments:
Post a Comment