ថ្មីៗ
និពន្ធដោយ: ថ្មីៗ
ភ្នំពេញ៖ បេក្ខជនប្រឡងជាប់សញ្ញាបត្រទុតិយសភូមិ (បាក់ឌុប) និទ្ទេស A ចំនួន៣០ នាក់ ក្នុងចំណោមសិស្សជាប់និទ្ទេស A ៤០៥ នាក់នឹងត្រូវទទួលបានម៉ូតូម្នាក់មួយគ្រឿង ពីលោក ស សុខា តំណាងរាស្ត្រមណ្ឌលព្រៃវែង របស់គណបក្សប្រជាជនកម្ពុជា។
តំណាងរាស្ត្រគណបក្សប្រជាជន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) មណ្ឌលព្រៃវែងលោក ស សុខា បានប្រកាសថា លោកនឹងប្រគល់ម៉ូតូ៣០គ្រឿង ដល់បេក្ខជនប្រឡងជាប់និទ្ទេសA ចំនួន៣០នាក់ នៅខេត្តចំនួនពីរ គឺខេត្តព្រៃវែង និងខេត្តបន្ទាយមានជ័យ។ បើតាមលោក ស សុខា ក្រៅពីប្រគល់ម៉ូតូនេះ បេក្ខជនជាប់និទ្ទេស៣០នាក់ ក៏អាចទទួលបានអាហារូបករណ៍សិក្សាពីលោកផងដែរ ។
តំណាងរាស្ត្រមណ្ឌលព្រៃវែងរូបនេះ បានសរសេរលើហ្វេសប៊ុកខ្លួនយ៉ាងដូច្នេះថា៖«តាមផែនការ និងការប្រកាសសន្យា យើងខ្ញុំនឹងរៀបចំប្រគល់ម៉ូតូម្នាក់១គ្រឿងដល់ជ័យលាភីនិទ្ទេស A ទាំង១៤នាក់ក្នុងខេត្តព្រៃវែង។ ដូចគ្នាដែរ ក៏នឹងផ្ដល់ម៉ូតូ១គ្រឿងដល់ប្អូនៗនិទ្ទេស A ទាំង១៦នាក់ក្នុងខេត្តបន្ទាយមានជ័យ នាពេលឆាប់ៗខាងមុខនេះ»។
បេក្ខជនប្រឡងជាប់សញ្ញាបត្រទុតិយសភូមិ (បាក់ឌុប) នៅឆ្នាំនេះ មានចំនួន៥៥ ៧៥៣នាក់ ត្រូវជា ៦២,១៨% នៃបេក្ខជនវត្តមានចំនួន ៨៩ ៦៦១នាក់ ។ ក្នុងចំណោមបេក្ខជនប្រឡងជាប់ទាំងនេះ មានបេក្ខជនទទួលបាននិទ្ទេស A មានចំនួន ៤០៥ នាក់ ។ និទ្ទេស B មានចំនួន ២ ៨០១ ។ និទ្ទេស C មានចំនួន ៥ ៥៩៥ នាក់ ។ និទ្ទេស D មានចំនួន ៨ ៨៣៥ នាក់ និងនិទ្ទេស E មានចំនួន ៣៨ ១១៧ នាក់។
ខេត្តដែលសិស្សជាប់និទ្ទេស A ចំនួន៤០៥នាក់ មកពីរាជធានី ខេត្តចំនួន១៩ ក្នុងនោះរួមមានរាជធានីភ្នំពេញ មានចំនួន ១៨៣ នាក់ , សៀមរាប មានចំនួន ៣៦ នាក់, បាត់ដំបង មានចំនួន ៣៤ នាក់ ,កណ្តាល មានចំនួន ២៩ នាក់, កំពង់ចាម មានចំនួន ២០ នាក់,បន្ទាយមានជ័យ មានចំនួន ១៦ នាក់,ព្រៃវែង មានចំនួន ១៤ នាក់,កំពត មានចំនួន ១១ នាក់,ត្បូងឃ្មុំ មានចំនួន ១១ នាក់,តាកែវ មានចំនួន ១១ នាក់,កំពង់ធំ មានចំនួន ១០ នាក់,ក្រចេះ មានចំនួន ០៩ នាក់,កំពង់ឆ្នាំង មានចំនួន ០៧ នាក់,ព្រះសីហនុ មានចំនួន ០៧ នាក់,កំពង់ស្ពឺ មានចំនួន ០២ នាក់,ពោធិ៍សាត់ មានចំនួន ០២ នាក់,មណ្ឌលគិរី មានចំនួន ០១ នាក់,ប៉ៃលិន មានចំនួន ០១ នាក់ និងខេត្តឧត្តរមានជ័យ មានចំនួន ០១ នាក់៕
No comments:
Post a Comment