Tuesday, September 13, 2016

សិស្ស​ឆ្នើម​និទ្ទេស A និង B ទទួលបាន​អាហារូបករណ៍​ពី​សាកលវិទ្យាល័យ​ល្បី​ជាងគេ​នៅ​កម្ពុជា​

CEN



ភ្នំពេញ​: ដើម្បី​ចូលរួមចំណែក​ក្នុង​វិស័យ​អប់រំ​នៅ​កម្ពុជា និង​ដើម្បី​លើកទឹកចិត្ដដ​ល់​សិស្ស​ពូកែ សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ (AUPP) បានប្រកាស​នៅ​ថ្ងៃ​សៅរ៍​ទី​១០ ខែកញ្ញា​នេះ​ថា AUPP នឹង​ផ្តល់​អាហារ​រូបករណ៍​ដល់​សិស្ស​ឆ្នើម​ទាំងអស់​ដែល​ទទួលបាន​និទ្ទេស A និង B ។​

​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់ AUPP បាន​ឲ្យ​ដឹងថា សិស្ស​ដែល​ទទួលបាន​និទ្ទេស A នឹង​ទទួលបាន​អាហារ​រូបករណ៍​ដែលមាន​តម្លៃ ៤៥០០​ដុល្លារ (​បួន​ពាន់​ប្រាំ​រយ​ដុល្លារ​) ក្នុង​មួយឆ្នាំ​សិក្សា រហូតដល់​ចប់​ថ្នាក់​បរិញ្ញាបត្រ​បូ​ន​ឆ្នាំ​។ ដោយឡែក​សិស្ស​ដែល​ទទួលបាន​និទ្ទេស B នឹង​ទទួលបាន​អាហារ​រូបករណ៍​ដែលមាន​តម្លៃ ៣០០០​ដុល្លារ (​បី​ពាន់​ប្រាំ​រយ​ដុល្លារ​) រហូតដល់​ចប់​ថ្នាក់​បរិញ្ញាបត្រ​ដូចគ្នា ។​

​ការផ្តល់​អាហារ​រូបករណ៍​នេះ គឺជា​ការលើកទឹកចិត្ត​យ៉ាងខ្លាំង​ទៅ ដល់​សិស្សានុសិស្ស ដើម្បី​ផ្តល់ឱកាស​ឱ្យ​ពួកគេ ទទួលបាន​នូវ​ការអប់រំ​ប្រកបដោយ​គុណភាព ហើយ​សញ្ញាបត្រ​ត្រូវបាន​ទទួលស្គាល់ ជា​សាកល​។​

AUPP ត្រូវបានគេទទួលស្គាល់​ថា​ជា​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​លេចធ្លោ​ជាងគេ​នៅ​កម្ពុជា ទាំង​គុណភាព និង​ស្តង់ដារ អន្តរជាតិ​។ រហូតដល់​ពេលនេះ AUPP បាន​ចុះ​កិច្ចព្រម ព្រៀង​ជាមួយ​សាកលវិទ្យាល័យ​ធំៗ​ចំនួន​ពីរ​នៅ​សហរដ្ឋអាមេរិក សម្រាប់​ការផ្តល់​កម្មវិធីសិក្សា​សញ្ញាបត្រ​ពីរ (Dual Degrees) ។ សញ្ញាបត្រ​មួយ​ចេញ​ដោយ AUPP និង​មួយទៀត​ចេញ​ដោយ​សាកលវិទ្យាល័យ​អា​រី​ហ្សូ​ណា (University of Arizona) ឬ​សាកលវិទ្យាល័យ​រដ្ឋ​ហ្វ​ត​ហេ​យ (Fort Hays State University) បន្ទាប់ពី​បញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​នៅ AUPP​។​

​សម្រាប់​ព័ត៌មាន​លម្អិត ចំពោះ​ការផ្តល់​អាហារ​រូបករណ៍​នេះ សូម​ទំនាក់ទំនង​មកកាន់​ទូរ​សព្ទ​លេខ ០២៣ ៩៩០ ០២៣/ ០១២ ២៦៦ ៦៣១/ ០១២ ៨៩៨ ១២៤ ឬ​ចូលទៅ​កាន់​គេហទំព័រ www.aupp.edu.kh៕​

No comments:

Post a Comment