Tuesday, September 6, 2016

លោក អ៊ុំ សំអាន និង​ក្រុម​មេធាវី​ដើរ​ចេញ​ពី​សវនាការ​ដោយ​យល់​ថា​ជា​សវនាការ​ខុស​ច្បាប់

RFA
ដោយ រ៉ាន់ សំណាង

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ លោក អ៊ុំ សំអាន (រូប​កណ្ដាល) ពេល​នាំ​ខ្លួន​មក​សវនាការ នៅ​តុលាការ​កំពូល នៅ​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៦។

ស្តាប់​សំលេង


សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​បើក​សវនាការ​ជា​លើក​ដំបូង​លើ​សំណុំ​រឿង​លោក អ៊ុំ សំអាន ទាក់ទង​នឹង​ការ​បង្ហោះ​ផែនទី និង​ការ​បញ្ចេញ​ទស្សនៈ​លើ​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook)។ ក្រុម​មេធាវី និង​កូន​ក្តី​ធ្វើ​ពហិការ​ដោយ​លើក​សំអាង​ថា សវនាការ​នេះ​មិន​អាច​ប្រព្រឹត្ត​ស្រប​ច្បាប់​បាន​ទេ ខណៈ​លោក អ៊ុំ សំអាន នៅ​មាន​អភ័យ​ឯកសិទ្ធិ​នៅ​ឡើយ ប៉ុន្តែ​ចៅក្រម​ថា សវនាការ​អាច​ធ្វើ​ទៅ​បាន ព្រោះ​ជា​សវនាការ​ស្រប​តាម​ច្បាប់។ ទោះ​បី​ជា​យ៉ាង​ណា តុលាការ​នឹង​ប្រកាស​សាលក្រម​រឿង​នេះ​នៅ​រសៀល​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០១៦។

ចំណុច​ដែល​នាំ​ឲ្យ​ក្រុម​មេធាវី និង​លោក អ៊ុំ សំអាន ដើរ​ចេញ​ពី​បន្ទប់​សវនាការ​នៅ​ព្រឹក​ថ្ងៃ​ទី​៥ កញ្ញា នេះ គឺ​ការ​ខ្វែង​គំនិត​គ្នា​រវាង​មេធាវី និង​ចៅក្រម​ត្រង់​អភ័យ​ឯកសិទ្ធិ​អ្នក​តំណាង​រាស្ត្រ និង​បណ្ដឹង​សុំ​មោឃភាព​នៅ​សាលា​ឧទ្ធរណ៍​លើ​នីតិវិធី​សាលា​ដំបូង​រាជធានី​ភ្នំពេញ។

ថ្លែង​ទៅ​កាន់​ចៅក្រម និង​តំណាង​អយ្យការ​ក្នុង​បន្ទប់​សវនាការ លោក​មេធាវី ជូង ជូងី លើក​ឡើង​ថា សវនាការ​លើ​ករណី​លោក អ៊ុំ សំអាន មិន​អាច​ធ្វើ​ទៅ​បាន​ទេ លុះត្រា​តែ​រដ្ឋសភា​សម្រេច​បោះឆ្នោត​ដក​អភ័យ​ឯកសិទ្ធិ​លោក អ៊ុំ សំអាន ដោយ​សំឡេង ២​ភាគ​៣ ឬ​ស្មើ​នឹង ៨២​សំឡេង​ជា​មុន​សិន។ មេធាវី​រូប​នេះ​និយាយ​ថា មក​ដល់​ពេល​នេះ រដ្ឋសភា​មិន​មាន​សំឡេង ២​ភាគ​៣ ដើម្បី​ចាត់​រឿង​នេះ​ទេ។ ផ្ទុយ​ទៅ​វិញ លោក​ថា បែរ​ជា​សំឡេង ៥០​ភាគរយ​បូក​១ ចេញ​ដោយ​សមាជិក​សភា​បក្ស​ប្រជាជន​កម្ពុជា ប៉ុណ្ណោះ ដែល​សម្រេច​ឲ្យ​សមត្ថកិច្ច​បន្ត​ចាត់ការ​ករណី​លោក អ៊ុំ សំអាន។

ករណី​ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​លោក អ៊ុំ សំអាន រួច​បញ្ជូន​ឲ្យ​ព្រះរាជអាជ្ញា​ចោទ​ប្រកាន់ និង​យក​ទៅ​ឃុំ​ខ្លួន​ជា​មុន ទើប​រដ្ឋសភា​អនុម័ត​ឲ្យ​អាជ្ញាធរ​បន្ត​ចាត់ការ​ជា​ក្រោយ​នោះ លោក ជូង ជូងី យល់​ថា ការ​អនុវត្ត​នីតិវិធី​ហាក់​ដូចជា​កាត់​ក្បាល​តម្រូវ​មួក។ បន្ថែម​ពី​លើ​ការ​លើក​ឡើង​របស់​លោក ជូង ជូងី លោក​មេធាវី ហែម សុជាតិ ថា​ចំណាត់ការ​របស់​រដ្ឋសភា​នោះ គឺ​មិន​ស្រប​នឹង​មាត្រា​៨០ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា៖ «គោល​បំណង​តុលាការ គឺ​គេ​ជម្រះ​ទៅ​លើ​ករណី ប៉ុន្តែ​មេធាវី​យល់​ឃើញ​ថា​ខុស​នីតិវិធី។ ចឹង​មេធាវី​យល់​ឃើញ​ថា យើង​មិន​អាច​ចូលរួម​សវនាការ​មួយ​ដែល​ខុស​នីតិវិធី​ទេ ព្រោះ​កូន​ក្ដី​ខ្ញុំ​ជា​អ្នក​តំណាង​រាស្ត្រ។ អ៊ីចឹង​វា​ត្រូវ​តែ​មាន​ការ​ដក​អភ័យ​ឯកសិទ្ធិ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​រដ្ឋធម្មនុញ្ញ​សិន បើ​យើង​ចេះ​តែ​បន្ត​អ្វី​មិន​ត្រឹមត្រូវ​ អ៊ីចឹង​វា​នឹង​នាំ​ឲ្យ​មាន​ផលវិបាក​ត​ទៅ​ទៀត​សម្រាប់​អ្នក​តំណាង​រាស្ត្រ​ដទៃ​ទៀត ឬ​​អ្នក​ណា​ដែល​មាន​អភ័យ​ឯកសិទ្ធិ»។

និយាយ​នៅ​ចំពោះ​មុខ​តុលាការ ត្រង់​មាត្រា​៨០ នេះ លោក អ៊ុំ សំអាន និយាយ​ថា លោក ហ៊ុន សែន និង​សមាជិក​សភា​បក្ស​ប្រជាជន​កម្ពុជា រួម​គ្នា​ធ្វើ​រដ្ឋ​ប្រហារ​រដ្ឋធម្មនុញ្ញ ដោយ​ឃុំ​ខ្លួន​លោក​ទាំង​កំពុង​មាន​អភ័យ​ឯកសិទ្ធិ​តំណាង​រាស្ត្រ។

ប៉ុន្តែ​ការ​លើក​ឡើង​នេះ ត្រូវ​បាន​ចៅក្រម​ជំនុំ​ជម្រះ លោក ហេង សុខណា ច្រាន​ចោល ដោយ​សំអាង​ថា គ្មាន​មូលដ្ឋាន​ច្បាប់​គ្រប់គ្រាន់។ ចំណែក​ការ​ដើរ​ចេញ​របស់​មេធាវី និង​ជន​ជាប់​ចោទ​ចេញ​ពី​បន្ទប់​សវនាការ​វិញ លោក​ចៅក្រម ហេង សុខណា លើក​ឡើង​ថា នោះ​ជា​សិទ្ធិ​របស់​ពួក​គេ។

ទោះ​បី​ជា​គ្មាន​វត្តមាន​មេធាវី និង​ជន​ជាប់​ចោទ​ក៏ដោយ សវនាការ​នៅ​តែ​បន្ត​ដដែល។ លោក​ចៅក្រម ហេង សុខណា សំអាង​ថា តុលាការ​អាច​បន្ត​សវនាការ​នេះ​បាន ដោយ​ផ្អែក​លើ​កត្តា​ច្បាប់​មួយ​ចំនួន។ កត្តា​ទាំងនោះ​រួម​មាន សេចក្ដី​សម្រេច​របស់​រដ្ឋសភា អនុម័ត​ឲ្យ​អាជ្ញាធរ​បន្ត​ចាត់ការ​ករណី​លោក អ៊ុំ សំអាន និង​សាល​ដីកា​របស់​សភា​ស៊ើបសួរ​សាលា​ឧទ្ធរណ៍ ដែល​បដិសេធ​លើ​បណ្ដឹង​សុំ​មោឃភាព​របស់​មេធាវី​លើ​នីតិវិធី​របស់​តុលាការ​រាជធានី​ភ្នំពេញ។

គិត​មក​ដល់​ពេល​នេះ លោក អ៊ុំ សំអាន ត្រូវ​តុលាការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស​អស់​រយៈពេល ៤​ខែ ២៤​ថ្ងៃ។ លោក អ៊ុំ សំអាន ត្រូវ​បាន​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចោទ​ប្រកាន់​ពី​បទ​ញុះញង់​នាំ​ឲ្យ​មាន​ការ​រើសអើង និង​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍ នៃ​ក្រម​ព្រហ្មទណ្ឌ បន្ទាប់​ពី​លោក​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ខេត្ត​សៀមរាប កាល​ពី​យប់​ថ្ងៃ​ទី​១១ ខែ​មេសា។ ការ​ចោទ​ប្រកាន់​នេះ ក្រោយ​ពី​លោក​បាន​រិះគន់​រឿង​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម ទាក់ទង​នឹង​ការ​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ។ ក្រោយ​មក លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​ថា ការ​ចាប់​ខ្លួន​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង លោក អ៊ុំ សំអាន គឺ​ត្រឹមត្រូវ​តាម​ច្បាប់ ព្រោះ​លោក ហ៊ុន សែន ថា​លោក អ៊ុំ សំអាន បាន​ញុះញង់​ឲ្យ​មាន​ជម្លោះ​ជាមួយ​ប្រទេស​ជិត​ខាង​ដោយសារ​ការ​ផ្សព្វផ្សាយ​ផែនទី និង​ប្រើ​ពាក្យ​សម្ដី​ក្នុង​ទិសដៅ​បំផុសបំផុល និង​មាន​ទិសដៅ​ទម្លាក់​នាយក​រដ្ឋមន្ត្រី៕

No comments:

Post a Comment