Wednesday, September 14, 2016

ក្រសួង​វប្បធម៌​ដាក់​វិធានការ​​ដើម្បី​ពង្រឹងគុណភាព​ភាពយន្ត

Everyday



រាជធានី​ភ្នំពេញ ៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​តាម​រយៈ​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌​បាន​ដាក់​ឲ្យ​អនុវត្ត​នូវ​វិធានការ​៣​ចំណុច​ចំពោះ​ផលិតករ អ្នកដឹកនាំ​រឿង សំដៅ​ពង្រឹងគុណភាព​ក្នុង​ការ​ផលិតភាព​យន្ត​ឲ្យ​បាន​ល្អ​ប្រសើរ ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​នាយកដ្ឋាន​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៦​ឲ្យ​ដឹង​ថា អនុវត្ត​តាម​ស្មារតី​អង្គ​សិក្ខាសាលា​ភាពយន្ត​ក្រោម​ប្រធានបទ «​ដើម្បី​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​» ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០១៥ ដោយ​បាន​ឯកភាព​សម្រេច​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន សំដៅ​លើកកម្ពស់​សមត្ថភាព​ផលិត​ស្នាដៃ​ថ្មី​ប្រកបដោយ​គុណភាព មាន​ភាព​ទាក់ទាញ និង​អាច​ប្រកួតប្រជែង​បាន​នៅ​លើ​ទីផ្សារ​ភាពយន្ត​ក្នុងស្រុក​នោះ នាយកដ្ឋាន​សិល្បៈ​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌​បាន​ដាក់​ឲ្យ​អនុវត្ត​នូវ​វិធានការ៣​ចំណុច​ដល់​ចាងហ្វាង​ផលិតកម្ម​ភាពយន្ត ផលិតករ អ្នកដឹកនាំ​រឿង ផលិតករ​ភាពយន្ត​វ័យក្មេង ទាំងអស់ ។

១-​ភាព​មិន​ពេញលេញ​ក្នុង​ការ​ផលិត​ស្នាដៃ​ភាពយន្ត​នា​ពេល​បច្ចុប្បន្ន គឺ​កង្វះ​គុណភាព​នៃ​ការ​តែង​និពន្ធ​អត្ថបទ​និពន្ធ​រឿង ។ អត្ថបទ​និពន្ធ​រឿង​ល្អ​មួយ​ត្រូវ​មាន​លក្ខណៈសម្បត្តិ​វិជ្ជាជីវៈ​គ្រប់គ្រាន់​អាច​ពិនិត្យ​យល់ និង​អាច​វាយតម្លៃ​បាន​អំពី​គោល​គំនិត​រឿង មាតិកា និង​បរិបទ​នៃ​រឿង​នោះ​ទើប​នាយកដ្ឋាន​ទទួល​សំណើសុំ​ពិនិត្យ ដើម្បី​ផ្តល់​ការ​អនុញ្ញាត​ផលិត ។

២-​ឆ្លង​តាម​ការ​វាយតម្លៃ​លើ​ស្នាដៃ​ដែល​មាន​កន្លង​មក អ្នកដឹកនាំ​រឿង ដែល​មិន​មាន​លក្ខណៈសម្បត្តិ វិជ្ជាជីវៈ​បទ​ពិសោធន៍ និង​សមត្ថភាព​ជំនាញ​សម​ល្មម​ទេ​នឹង​មិន​អនុញ្ញាត​ឲ្យ​ដឹកនាំ​ផលិត​ស្នាដៃ​ភាពយន្ត​រឿង​ខ្នាត​វែង​ទៀត​ឡើយ ។ ចំពោះ​អ្នកដឹកនាំ​រឿង​ថ្មី ដែល​មាន​បំណង​ដឹកនាំ​ផលិតភាព​យន្ត​រឿង​ខ្នាត​វែង ត្រូវ​មាន​ស្នាដៃ​ភាពយន្ត​ខ្នាត​ខ្លី​ចំនួន​២​ស្នាដៃ​ដែល​ផលិត​ដោយ​សាមីខ្លួន​ផ្ទាល់ ដាក់​ភ្ជាប់​ជា​ឯកសារ​សម្រាប់​វាយតម្លៃ និង​វិនិច្ឆ័យ​សម្រេច​អំពី​សមត្ថភាព ចំណេះដឹង និង​បទ​ពិសោធន៍​របស់​ខ្លួន​មុន​នឹង​អនុញ្ញាត ឬ​មិន​អនុញ្ញាត​ឲ្យ​ដឹកនាំ​ផលិត​ស្នាដៃ​ភាពយន្ត ។

៣-​ចាប់​អនុវត្ត​ដំណើរការ​រៀបចំ​កសាង​បញ្ជី​ឈ្មោះ​អ្នកដឹកនាំ​រឿង ដោយ​ឆ្លង​តាម​រយៈ​ការ​វាយតម្លៃ​លើ​ស្នាដៃ​ដែល​មាន​រួច​ហើយ ការ​បណ្តុះបណ្តាល​ជំនាញ និង​ការ​សាកល្បង​បង្កើត​ស្នាដៃ​ថ្មី ។ បញ្ជី​ឈ្មោះ​អ្នកដឹកនាំ​រឿង​ត្រូវ​តែ​មានការ​ឯកភាព គាំទ្រ និង​ទទួលស្គាល់​ជា​ទូទៅ​ក្នុង​ឧស្សាហកម្ម​ភាពយន្ត​ជាតិ ។

សេចក្តីជូនដំណឹង​នោះ​ស្នើ​សុំ​ឲ្យ​ចាងហ្វាង​ផលិតកម្ម ផលិតករ អ្នកជំនាញ​ភាពយន្ត ផលិតករ​វ័យក្មេង​ទាំងអស់​ត្រូវ​អនុវត្ត​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ។ សេចក្តីជូនដំណឹង​នោះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​ទស្សនិកជន​ភាគច្រើន​ដែល​ទស្សនា​ខ្សែភាពយន្ត​ខ្មែរ​មួយ​ចំនួន​ពិនិត្យ​ឃើញ​ថា នៅ​មាន​កម្រិត និង​មាន​កង្វះខាត​គុណភាព​ច្រើន ។

ភាពយន្ត​ខ្មែរ​បាន​ងើបឡើង​វិញ ក្នុង​រយៈពេលប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ប៉ុន្តែ​អ្នកជំនាញ​បាន​ព្យាករ​ទុក​ថា វិស័យ​ភាពយន្ត​ខ្មែរ​អាច​នឹង​ធ្លាក់​ចុះ​វិញ បន្ទាប់​ពី​ផលិតករ និង​អ្នកដឹកនាំ​រឿង​នៅ​តែ​ផលិត​ស្នាដៃ​ភាពយន្ត​របស់​ខ្លួន​ដោយ​មិន​មានគុណ​ភាព​នោះ ៕

No comments:

Post a Comment