Tuesday, September 6, 2016

លោក ខៀវ កាញារីទ្ធ៖ បើតុលាការខ្មែរ ចង់ប្តូរមិនឱ្យអ្នកកាសែតចូលថត គួរតែបញ្ជាក់ប្រាប់ អ្នកយកព័ត៌មានឱ្យបានល្អ

Fresh News



(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបង្ហាញចំណាប់អារម្មណ៍ ចំពោះការមិនអនុញ្ញាតឱ្យអ្នកកាសែតចូលថត នៅតុលាការក្រុងភ្នំពេញ កាលពីម្សិលមិញ។ លោកថា ជាទម្លាប់តុលាការកម្ពុជាកន្លងមក បានអនុញ្ញាតឱ្យអ្នកកាសែតចូលថតរហូតមក ប៉ុន្តែបើចង់ផ្លាស់ប្តូរនោះ តុលាការគួរតែប្រាប់អ្នកយកព័ត៌មានឱ្យបានល្អ។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងនៅលើបណ្តាញសង្គម Facebook នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦ថា «ជាធម្មតាក្នុងសាកលលោក តុលាការមិនអនុញ្ញាតឱ្យមានការថតនៅក្នុងសាលកាត់ក្តីទេ បើរឿងសំខាន់គេអាចគូរបាន (នៅអាមេរិកមានទូរទស្សន៍មួយ​ ជំនាញតែថតពីការកាត់ក្តីរដ្ឋប្បវេណី)។ តែដោយតុលាការខ្មែរទំលាប់អោយគេថតយូរហើយ បើចង់ប្តូរគួរតែបញ្ជាក់ប្រាប់អ្នកយកព័ត៌មានអោយបានល្អ»។

កាលពីម្សិលមិញ មានការផ្សព្វផ្សាយថា ប៉ូលិសយាមតុលាការក្រុងភ្នំពេញ បានបណ្តេញអ្នកយកព័ត៌មាន មិនឱ្យចូលយកព័ត៌មាន និងថតរូបនៅក្នុងតុលាការក្រុងភ្នំពេញនោះទេ ដោយសំអាងថា មានការសម្រេចពីថ្នាក់លើ។ បន្ទាប់ពីមានហេតុការណ៍នេះ ប្រព័ន្ធផ្សព្វផ្សាយបានរិះគន់តុលាការថា មិនបានកំណត់គោលការណ៍ឱ្យច្បាស់លាស់​ ជាមួយអ្នកយកព័ត៌មាន។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យតុលាការក្រុងភ្នំពេញ លោក លី សុផាណា បានអះអាងថា តុលាការកំពុងរកវិធីដោះស្រាយ ដើម្បីឱ្យប្រសើរឡើងនូវការបំពេញវិជ្ជាជីវៈទាំងអស់គ្នា។ លោកថា «យើងកំពុងពិនិត្យនិងពិភាក្សាអំពីរឿងនេះ ដើម្បីរកដំណោះស្រាយនិងយន្តការសមស្រប សម្រាប់ជាប្រយោជន៍វិជ្ជាជីវៈទាំងអស់គ្នា»។ លោក លី សុផាណា ក៏មានគម្រោងជួបប្រជុំជាមួយអ្នកសារព័ត៌មាន ដែលចាត់តាំងឱ្យតាមយកព័ត៌មាននៅតុលាការ ដើម្បីដោះស្រាយរឿងនេះផងដែរ៕

No comments:

Post a Comment