ដោយ ហ៊ុំ ចំរើន
អ្នកចុះឈ្មោះបោះឆ្នោតយករថយន្តចតនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦។ RFA/Hum Chamroeun |
ស្តាប់សំលេង
មន្ត្រីគណបក្សសង្គ្រោះជាតិ ខេត្តបាត់ដំបង កំពុងសិក្សាផ្លូវច្បាប់ដើម្បីដាក់ពាក្យប្ដឹងទៅគណៈកម្មការខេត្តរៀបចំការបោះឆ្នោត (គ.ខ.ប) ដើម្បីមានវិធានការផ្លូវច្បាប់ចំពោះបុគ្គលដែលមិនមែនជាប្រជាពលរដ្ឋមានទីសំណាក់ និងរស់នៅក្នុងឃុំសង្កាត់ដែលបានចុះឈ្មោះបោះឆ្នោតនៅការិយាល័យចុះឈ្មោះនៅឃុំតាគ្រាម ស្រុកបាណន់។
ការដាក់ពាក្យប្ដឹងនេះ ធ្វើឡើងបន្ទាប់ពីមានមនុស្សរាប់រយនាក់ជិះរថយន្តទំនើបដែលប្រជាពលរដ្ឋអះអាងថា ជាមនុស្សមកពីតំបន់ផ្សេងទៅឈ្មោះបោះឆ្នោតនៅការិយាល័យចុះឈ្មោះឃុំតាគ្រាម តាំងពីថ្ងៃទី១ ដល់ថ្ងៃ៥ ខែកញ្ញា ជាបន្តបន្ទាប់។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខេត្តបាត់ដំបង លោក ជា ជីវ មានប្រសាសន៍នៅថ្ងៃទី៥ ខែកញ្ញា ថា គណបក្សសង្គ្រោះជាតិ ខេត្តបាត់ដំបង មិនអាចទទួលយកបានឡើយចំពោះបុគ្គលទាំងឡាយដែលពុំបានមានទីសំណាក់នៅក្នុងឃុំរបស់ពួកគាត់ ហើយអាចចុះឈ្មោះបោះឆ្នោតនោះឡើយ។
លោកអះអាងថា សកម្មភាពបែបនេះ គឺជាអំពើអយុត្តិធម៌ដែលមិនឆ្លុះបញ្ចាំងអំពីឆន្ទៈពិតប្រាកដរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៖ «ព្រោះយើងមិនអាចបំបាត់សិទ្ធិបោះឆ្នោតបានទេ ប៉ុន្តែយើងសុំការចុះឈ្មោះបោះឆ្នោតនេះឲ្យស្របទៅនឹងគោលការណ៍ច្បាប់បោះឆ្នោត»។
ទាក់ទងនឹងបញ្ហានេះ មេឃុំតាគ្រាម លោក អ៊ឹម ប៊ុនយូ អះអាងថា អ្នកដែលចុះឈ្មោះបោះឆ្នោតនោះជាក្រុមការងារថ្នាក់ជាតិរបស់គណបក្សប្រជាជនកម្ពុជា ចុះជួយប្រជាពលរដ្ឋក្នុងឃុំតាគ្រាម ហើយមានទីសំណាក់នៅក្នុងឃុំត្រឹមត្រូវ ដូចប្រជាពលរដ្ឋដទៃដែរ។
លេខាធិការគណៈកម្មការរៀបចំការបោះឆ្នោត ខេត្តបាត់ដំបង លោក វន ពន មានប្រសាសន៍ថា លោកពុំទាន់ទទួលដំណឹងជុំវិញពីការចុះឈ្មោះរបស់ប្រជាពលរដ្ឋនៅឃុំតាគ្រាម ស្រុកបាណន់ នោះនៅឡើយ៖ «នេះជាសិទ្ធិរបស់គាត់ក្នុងការប្ដឹង បើសិនជាគណបក្សសង្គ្រោះជាតិ ពិនិត្យឃើញថា ការចុះឈ្មោះនោះមានភាពមិនប្រក្រតី»។
ទោះជាយ៉ាងនេះក្ដី មន្ត្រីផ្នែកស៊ើបអង្កេត និងតស៊ូមតិនៃអង្គការខុមហ្វ្រែល (COMFREL) លោក ស៊ិន ទិត្យសីហា មានប្រសាសន៍ថា ករណីនេះ គណបក្សប្រឆាំងមានសិទ្ធិប្ដឹងទៅគណៈកម្មការរៀបចំការបោះឆ្នោតខេត្តបាត់ដំបង ដើម្បីពិនិត្យមើល និងមានវិធានការតាមច្បាប់នៃការចុះឈ្មោះបោះឆ្នោតបាន ប្រសិនបើបុគ្គលដែលបានចុះឈ្មោះនោះពុំមានលំនៅឋាន និងទីសំណាក់ពិតប្រាកដនៅក្នុងឃុំនោះ៖ «ការបោះឆ្នោតជ្រើសរើសឃុំសង្កាត់ គឺទិសដៅរបស់គេគឺចង់ឲ្យប្រជាពលរដ្ឋនៅក្នុងឃុំសង្កាត់នោះ ជ្រើសថ្នាក់ដឹកនាំរបស់គាត់ប្រចាំក្នុងឃុំរបស់ខ្លួនរស់នៅ ហើយបើមានប្រជាពលរដ្ឋផ្សេងចុះឈ្មោះបោះឆ្នោត វាអាចឆ្លុះបញ្ចាំងអំពីឆន្ទៈប្រជាពលរដ្ឋក្នុងការបោះឆ្នោតក្នុងឃុំនោះ»។
ច្បាប់បោះឆ្នោតមាត្រាទី៤៦ សម្រាប់ការរៀបចំបញ្ជីបោះឆ្នោតថ្មីចែងថា ដើម្បីបោះឆ្នោតបានពលរដ្ឋត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ កថាខណ្ឌទី១ ដើម្បីមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប្រជាពលរដ្ឋត្រូវបំពេញលក្ខខណ្ឌដូចជា មានសញ្ជាតិខ្មែរមានអាយុ ១៨ឆ្នាំឡើងទៅ គិតដល់ថ្ងៃបោះឆ្នោត។ មានទីលំនៅឋាន ឬទីសំណាក់ក្នុងឃុំ សង្កាត់ ដែលសាមីខ្លួនត្រូវបោះឆ្នោត។ មិនស្ថិតនៅក្នុងស្ថានភាពជាប់ពន្ធនាគារ ឬមិនត្រូវដកសិទ្ធិបោះឆ្នោត។ ពុំមែនជាជនវិកលចរិត ឬស្ថិតក្រោមអាណាព្យាបាលទូទៅដោយមានលិខិតបញ្ជាក់ពីក្រសួងស្ថាប័នមានសមត្ថកិច្ច។
ទោះជាយ៉ាងនេះក្ដី អ្នកសង្កេតការណ៍នៅការិយាល័យចុះឈ្មោះបោះឆ្នោតឃុំតាគ្រាម សុំមិនឲ្យបញ្ចេញសំឡេងបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី១ ខែកញ្ញា ដល់រសៀលថ្ងៃទី៥ ខែកញ្ញា អ្នកដែលពុំមែនប្រជាពលរដ្ឋមានទីសំណាក់នៅក្នុងឃុំតាគ្រាម ចុះឈ្មោះបោះឆ្នោតកើនឡើងប្រមាណ ២៦០នាក់ហើយក្នុងចំណោមប្រជាពលរដ្ឋដែលបានចុះឈ្មោះរួចរាល់ជាង ១ពាន់នាក់៕
No comments:
Post a Comment