Fresh News
(ភ្នំពេញ)៖ ភ្លាមៗបន្ទាប់ពីគណបក្សសង្រ្គោះជាតិ ចេញសេចក្តីថ្លែងការណ៍, នៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ លោក សុខ ឥសាន មន្រ្តីអ្នកនាំពាក្យនៃគណបក្សកាន់អំណាច បានធ្វើការប្រកាសបដិសេធដាច់អហង្កា ចំពោះការចោទប្រកាន់ទាំងឡាយណារបស់គណបក្សសង្រ្គោះជាតិ ដែលថាសាលក្រមរបស់តុលាការក្រុងភ្នំពេញ ស្ថិតនៅក្រោមសម្ពាធគណបក្សប្រជាជនកម្ពុជា។
លោក សុខ ឥសាន បានបញ្ជាក់ទៀតថា ការមិនទទួលស្គាល់នូវសាលដីការបស់តុលាការ គឺជាសិទ្ធិរបស់បុគ្គលម្នាក់ៗ ប៉ុន្តែនីតិវិធីរបស់តុលាការនៅតែបន្ត មិនមានការរាំងស្ទះ ឬរងសម្ពាធពីស្ថាប័នណាមួយនោះទេ។
អ្នកនាំពាក្យគណបក្សកាន់អំណាចដដែលរូបនោះ បានថ្លែងយ៉ាងដូច្នេះថា «តុលាការគេបានដំណើរការ តាមនីតីវិធីរបស់គេរួចទៅហើយ សម្រេចរួចទៅហើយ ប្រសិនបើមិនមានជនប្រព្រឹត្តបទល្មើស គេមិនយកទៅកាត់ទោសទេ គេកាត់ទោសតែអ្នកប្រព្រឹត្តបទល្មើសនោះទេ គាត់ចង់ថាម៉េចគឺជារឿងរបស់គាត់ទេ ធម្មតាអ្នកជាប់ចោទ អ្នកល្មើសច្បាប់ មិនដែលទទួលស្គាល់ខ្លួនថា ល្មើសច្បាប់ទេ ហ្នឹងជាទូទៅចឹងហើយ មិនងាយមាននរណាប្រព្រឹត្តបទល្មើសហើយ ទទួលស្គាល់នោះទេ គណបក្សប្រជាជនកម្ពុជា មិនដែលទៅរករឿង ឬនៅពីក្រោយរឿងណានោះទេ»។ លោក សុខ ឥសាន បានអះអាងទៀតថា «គណបក្សប្រជាជន សុំធ្វើការបដិសេធរាល់ការចោទប្រកាន់ទាំងឡាយណា»។
ការអះអាង និងច្រានចោលការចោទប្រកាន់របស់គណបក្សកាន់អំណាច ធ្វើឡើងបន្ទាប់ពីនៅរសៀលថ្ងៃនេះ គណបក្សសង្គ្រោះជាតិបានចេញសេចក្តីថ្លែងការណ៍ ដោយប្រកាសមិនទទួលយកសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានផ្តន្ទាទោស លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦នេះ និងថា សាលក្រមរបស់តុលាការក្រុងភ្នំពេញ ស្ថិតនៅក្រោមសម្ពាធគណបក្សប្រជាជនកម្ពុជា។
សូមជំរាបថា នៅវេលាម៉ោង ២៖១៥នាទីរសៀល ថ្ងៃទី០៩ ខែកញ្ញានេះ សាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសលោក កឹម សុខា រយៈពេល ៥ខែ និងពិន័យជាប្រាក់ ៨សែនរៀល ពីបទ «បដិសេធក្នុងការចូលខ្លួន» តាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ បន្ទាប់ពីបានបើកសវនាការជំនុំជម្រះ រឿងក្តីលោក កឹម សុខា នៅព្រឹកថ្ងៃទី០៩ ខែកញ្ញានេះ។ ចៅក្រម កែវ មុនី បានប្រកាសថា សាលក្រមនេះ ប្រកាសចាត់ទុកជាចំពោះមុខ៕
No comments:
Post a Comment