Saturday, January 24, 2015

​អ្នកជំនាញការ​EU​បង្ហាញ​បច្ចេកទេស​ចុះ​ឈ្មោះ​បោះឆ្នោត​៤​ជម្រើស​ដល់​បក្ស​ទាំងពីរ​​

លោក គួយ ប៊ុនរឿន (ឆ្វេង) និង​លោក ប៊ិន ឈិន ផ្ដល់​បទសម្ភាសន៍
បន្ទាប់​ពី​ចេញ​ពី​កិច្ច​ប្រជុំ​ជាមួយ​EU នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ
(រូបភាព៖ ណាត សុភាព)
អ្នកជំនាញ​លើ​កិច្ចការ​បោះឆ្នោត​មក​ពី​ស​ហ​ភាព​អឺរ៉ុប (EU) នៅ​ថ្ងៃ​សុក្រ​នេះ បាន​បង្ហាញ​ពី​បច្ចេកនៃ​ការចុះឈ្មោះ​បោះឆ្នោត និង​បញ្ជី​ឈ្មោះ​បោះឆ្នោត ចំនួន​៤​ជម្រើស ដល់​ក្រុមការងារ កំណែទម្រង់​ការបោះឆ្នោត​របស់​គណបក្ស​ទាំងពីរ ។​

ការបង្ហាញ​ពី​ជម្រើស​ទាំង​៤​នេះ​ធ្វើឡើង​នៅក្នុង​នៅក្នុង​កិច្ចប្រជុំ​ដាច់ដោយឡែក​ពីគ្នា​រវាង​ក្រុម​អ្នកជំនាញការ​មក​ពី​ស​ហ​ភាព​អឺរ៉ុប​ជាមួយ​ក្រុម​ការងារ​របស់​គណបក្ស​ប្រជាជ​ន​កម្ពុជា និង​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១៥​នេះ នៅ​វិមាន​រដ្ឋ​សភា ។

​ជម្រើស​ទាំង​៤​ដែល​EU បាន​លើកឡើង​នោះ​រួមមាន ទី​១ យក​សំបុត្រ​កំណើត​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត ទី​២ ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត​ដែល​មាន​សព្វថ្ងៃ ទី​៣ ធ្វើ​បញ្ជី​បោះឆ្នោត​ដោយ​មាន​ស្នាម​មេដៃ​ទាំង​ដប់ និង​ទី​៤ ប្រើ​អត្តសញ្ញាណប័ណ្ណ និង​ស្នាម​ម្រាមដៃ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត ។​

​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា លោក ប៊ិន ឈិន មានប្រសាសន៍​បន្ទាប់ពី​កិច្ចប្រជុំ​ថា លោក​នឹង​យក​សំណើ​របស់​EU​ទៅ​ពិចារណា តែ​លោក​បាន​លើកឡើង​ផងដែរ​ថា គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឯកភាពគ្នា​សរសេរ​នៅក្នុង​សេចក្តីព្រាងច្បាប់ គជប ថ្មី ទាក់ទង​នឹង​ការប្រើ​អត្តសញ្ញាណប័ណ្ណ​សម្រាប់​យក​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​។ លោក​ថា គណបក្ស​ប្រជាជន​ក៏​បាន​ស្នើ​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​យក​ចំណុច​ទី​៤​នេះដែរ តែ​ស​បក្ស​សង្គ្រោះ​ជាតិ​ចង់​បន្ថែម​ឲ្យមាន​ប័ណ្ណបោះឆ្នោត​មួយទៀត ។​

​ចំណែក​ប្រធាន​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ​លោក គួ​យ ប៊ុន​រឿន មានប្រសាសន៍​បន្ទាប់ពី​ជំនួប​ជាមួយ​EU​ថា​ ​លោក​ឯកភាព​ត្រង់ចំណុច​ទី​៤​ដែល​EU​បានស្នើ​នោះ ព្រោះ​ក្រសួង​មហាផ្ទៃ​មាន​ទិន្ន័យ​ទាក់ទង​នឹង​ការ​ផ្តល់​អត្តសញ្ញាណប័ណ្ណ ដូចជា ឈ្មោះ ភេទ អាយុ ថ្ងៃ​ខែ​ឆ្នាំ​កំណើត រូបថត ស្នាម​មេដៃ និង​ទីលំនៅ​ជាដើម ។ លោក​ថា គ​.​ជ​.​ប អាច​យក​ទិន្នន័យ​ទាំង​នេះ​ពី​ក្រសួង​មហាផ្ទៃ​មក​ត្រួតពិនិត្យ​ពី​សុ​ក្រិត​ភាព និង​បញ្ជាក់​ថា​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការចុះឈ្មោះ​បោះឆ្នោត និង​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការបោះឆ្នោត​ដែរឬទេ ។​

​លោក គួ​យ ប៊ុន​រឿន បន្តទៀតថា បន្ទាប់​ពី​ត្រួតពិនិត្យ​រួច គ​.​ជ​.​ប អាច​យក​ទិន្នន័យ​ទាំងនេះ​ទៅ​ប្រើប្រាស់​ដោយ គ​.​ជ​.​ប អាច​បន្ថែម​ចំណុច​មួយទៀត​គឺ​ទីតាំង​ការិយាល័យ​ដែល​ត្រូវ​បោះឆ្នោត ។ លោក​ថា ការធ្វើ​បែប​នេះ​មាន​ភាពងាយស្រួល និង​មាន​ប្រសិទ្ធិភាព ដោយ​គេ​អាច​បញ្ចូល​នូវ​ទិន្នន័យ​ភ្លាមៗ ហើយ​អាច​ព្រីន​ប័ណ្ណបោះឆ្នោត​សម្រាប់​អ្នក​បោះឆ្នោត​ភ្លាម​បាន​នៅ​កន្លែង​នោះ​តែម្ដង ។​

​លោក ប៊ិន ឈិន ឲ្យដឹងថា នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ ក្រុមការងារ​បក្ស​ទាំង​ពីរ​នឹង​មិន​ជួបប្រជុំ​ទេ ដោយសារ​គណៈកម្មការ​ជាប់រវល់​ទៅ​ថ្នាក់មូលដ្ឋាន ចំណែក​នៅ​ថ្ងៃ​សុក្រ រូប​លោក​ជាប់រវល់​ធុរៈ​ផ្ទាល់ខ្លួន ៕

VOD
ដោយ៖​ ណាត សុភាព​ | ថ្ងៃសុក្រ ទី23 មករា 2015, 11:42 PM​

No comments:

Post a Comment