លោក សូរិយា ស៊ូប៊ែឌី ក្នុងសន្និសីទសារព័ត៌មានបញ្ចប់បេសកកម្ម របស់លោករយៈពេល៦ឆ្នាំនៅកម្ពុជា |
ក្នុងសន្និសីទសារព័ត៌មានបញ្ចប់បេសកកម្មរបស់លោករយៈពេល៦ឆ្នាំនៅកម្ពុជា លោក ស៊ូប៊ែឌី មានប្រសាសន៍ថាអនុសាសន៍របស់លោកទាក់ទងនឹងកំណែទម្រង់ប្រព័ន្ធបោះឆ្នោត ត្រូវបានក្លាយជារបៀបវារៈសម្រាប់គណបក្សទាំងពីរ ក្រោយពីការចរចាទម្លាយការជាប់គាំងនយោបាយនៅថ្ងៃទី២២ខែកក្កដា ឆ្នាំ២០១៤។ លោក សូប៊ែឌី សង្ឃឹមថាកំណែទម្រង់នឹងត្រូវបញ្ចប់នៅចុងខែកុម្ភៈតាមការកំណត់ ហើយជាកំណែទម្រង់ពិតប្រាកដ មិនមែនគ្រាន់តែប្រយោជន៍រយៈពេលខ្លីនោះទេ។
លោក ស៊ូប៊ែឌី ថ្លែងថា «ជំហានបន្ទាប់ទៀត ខ្ញុំជំរុញឲ្យគណបក្សទាំងពីរធ្វើការជាមួយគ្នា ដើម្បីដោះស្រាយការយល់ឃើញខុសគ្នា និងដើម្បីឲ្យការបោះឆ្នោតលើកក្រោយៗទៀត នឹងមិនត្រូវបានបង្កដោយជម្លោះដូចការបោះឆ្នោតនៅខែកក្កដា ឆ្នាំ២០១៣នោះទេ»។
កាលពីថ្ងៃព្រហស្បតិ៍ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី អះអាងថាលោកនឹងខិតខំធ្វើឲ្យដំណើរកែទម្រង់ការបោះឆ្នោត និងស្ថាប័នរដ្ឋផ្សេងៗ ឲ្យមានភាពរលូនឡើងវិញ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រតិកម្មខ្លាំងៗលើថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ និងថាលែងខ្វល់នឹងកំណែទម្រង់នេះទៀតហើយ។ លោក សម រង្ស៊ី បានថ្លែងថាបើទោះជាមានបញ្ហាបន្តិចបន្តួច និងភាពរអាក់រអួ តែលោកថាលោកនឹងខិតខំស្តារស្ថានភាពនេះឲ្យមានភាពរលូនឡើងវិញ។លោកបញ្ជាក់ថា «ដំណើរការកែទម្រង់នៅតែឈានទៅមុខអញ្ចឹង ទោះជាមានបញ្ហាខ្លះ មានភាពរអាក់រអួល តែខ្ញុំនឹងខិតខំឲ្យដំណើរការនេះមានភាពរលូនឡើងវិញ» ។
ចំណែក កាលពីថ្ងៃចន្ទ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថាលោកលែងខ្វល់នឹងច្បាប់បោះឆ្នោតដែលក្រុមការងាររបស់ គណបក្ស ទាំងពីរកំពុងតែជួបពិភាក្សាគ្នា ដោយលោកថាចំណុចខ្វែងគំនិតគ្នាត្រូវដាក់ឲ្យសភា ដើម្បីអនុម័តមិនបាច់ឆ្លងថ្នាក់ដឹកនាំនោះទេ។ លោកបានប្រតិកម្មខ្លាំងៗ និងក្នុងន័យគំរាមដល់គណបក្សប្រឆាំងពីការកែទម្រង់ការបោះឆ្នោតថា «អាច្បាប់បោះឆ្នោត មិនបោះឆ្នោត អាណាធ្វើទាន់ មិនទាន់ក៏ហីទៅ។ បើលោកឯងដើរចេញពីការស្រុះស្រួលហើយ។ ពេលវេលានៅគគោក! នាំគ្នាទៅណាបាត់អស់ ត្រឡប់មកវិញបង្ខំ»។
រហូតមកដល់ពេលនេះ ក្រុមការងារចរចាកំណែទម្រង់ការបោះឆ្នោតរបស់គណបក្សទាំងពីរកំពុង ខ្វែងគំនិតគ្នាលើចំណុចមួយចំនួននៃការកែទម្រង់ការបោះឆ្នោត ដូចជាចំនួនថ្ងៃឃោសនាបោះឆ្នោត ការកំណត់ឲ្យមិនមន្ត្រីរាជការ កងកម្លាំងចូលឃោសនាបោះឆ្នោត និងបញ្ហាផ្សេងៗមួយចំនួនទៀត ដោយទុកឲ្យថ្នាក់ដឹកនាំរបស់គណបក្សទាំងពីរជាអ្នកសម្រេច។ ក្រុមការងារកំពុងតែជួបចរចាគ្នាលើជំពូកទី៨នៃច្បាប់បោះឆ្នោត ដែលនិយាយពីការបោះឆ្នោត ការរាប់សន្លឹកឆ្នោត ការបោះឆ្នោត ការបូកសរុបលទ្ធផលបោះឆ្នោត និងការប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ ៕
VOD
ដោយ៖ ស៊ុន ណារិន | ថ្ងៃសុក្រ ទី23 មករា 2015, 04:54 PM
No comments:
Post a Comment