Wednesday, February 25, 2015

សម្តេចតេជោ ហ៊ុន សែន៖ «កម្លាំងប្រដាប់អាវុធមិនអាចអព្យាក្រឹត្យរវាងម្ខាងបក្សនយោបាយ និងម្ខាងរាជរដ្ឋាភិបាលនោះទេ»



(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងផ្ញើជាសារនយោបាយថា កម្លាំងប្រដាប់អាវុធអាចអព្យាក្រឹត្យបាននៅចំពោះមុខបក្សនយោបាយទាំងអស់ ប៉ុន្តែកម្លាំងប្រដាប់អាវុធ មិនអាចអព្យាក្រឹត្យរវាងម្ខាងបក្សនយោបាយ និងម្ខាងរាជរដ្ឋាភិបាលនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា «កម្លាំងប្រដាប់អាវុធទាំងអស់ ទាំងអាវុធហត្ថ ទាំងនគរបាល ជាឧបករណ៍ការពាររដ្ឋធម្មនុញ្ញ ការពារជាតិ ការពារសន្តិសុខរបស់ប្រទេស បើបក្សនយោបាយទាស់គ្នា លោកអ្នកអាចឃាត់បាន ប៉ុន្តែបើកាលណាបក្សនយោបាយបំពានទៅលើរដ្ឋត្រូវតែធ្វើ»។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងបញ្ហាកម្លាំងប្រដាប់អាវុធ មិនអាចអព្យាក្រឹត្យរវាងម្ខាងបក្សនយោបាយ និងម្ខាងរាជរដ្ឋាភិបាលនោះ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានរំលឹកដល់ការធ្វើបាតុកម្ម របស់បាតុករ កាលពីថ្ងៃទី១៥-១៦-១៧ ខែកញ្ញា ឆ្នាំ២០១៣កន្លងទៅ ដោយពេលនោះគណបក្សនយោបាយ បាននាំគ្នាដើរចែកផ្កា ចែកនំចំណីឲ្យកម្លាំងប្រដាប់អាវុធ ដើម្បីកុំឲ្យបង្ក្រាបក្រុមបាតុករ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានលើកឡើងខាងលើនេះ នៅក្នុងកម្មវិធីប្រកាសបិទ​​សន្និបាត​ បូកសរុប​លទ្ធផល ការងារ​ប្រចាំ​ឆ្នាំ​២០១៤ និង​លើកទិសដៅ​ការងារ​ឆ្នាំ២០១៥ របស់​ក្រសួង​មហាផ្ទៃ ។ ក្នុងសន្និបាតនេះក៏មានការបំពាក់ឋានន្តរសក្តិ និងគ្រឿងឥស្សរយស ដល់មន្រ្តីនគរបាលជាន់ខ្ពស់ ៤០រូបផងដែរ៕

Fresh News

No comments:

Post a Comment