
(ភ្នំពេញ)៖ សមត្ថកិច្ចបានរកឃើញពីមូលហេតុមួយចំនួន ដែលបណ្ដាលឲ្យក្មេងប្រុសអាយុ៩ឆ្នាំ រងគ្រោះធ្លាក់ពីជណ្ដើរយន្តស្លាប់ យ៉ាងអាណោចអធ័ម នៅក្នុងមន្ទីរពហុព្យាបាល ហុង អិនហើយ។
សមត្ថកិច្ចបញ្ជាក់ថា មុនពេលកើតហេតុ ក្មេងប្រុសរងគ្រោះខាងលើ បានរត់លេងជាមួយមិត្តភក្តិម្នាក់ ដែលបានទៅតាមឪពុករបស់គេ ក្នុងមន្ទីរពេទ្យនោះ ប៉ុន្តែពេលកំពុងរត់លេង ក្មេងប្រុសរងគ្រោះ បានរត់ទៅចុចជណ្ដើរយន្ត ក្នុងបំណងចុះមកក្រោម តែមិនបានដឹងថា ជណ្ដើរយន្តនោះខូចទេ ទើបបណ្ដាលឲ្យធ្លាក់ មកក្រោមបែកក្បាល សន្លប់ស្ដូកស្ដឹងតែម្ដង។ ក្រោយកើតហេតុ ខាងមន្ទីរពហុព្យាបាល ហុង អិន បានដឹកក្មេងរងគ្រោះ ទៅសង្គ្រោះនៅមន្ទីរកាល់ម៉ែត តែមន្ទីរកាល់ម៉ែត ឲ្យបញ្ជូនទៅពេទ្យ គន្ឋបុប្ផាវិញ តែកុសលក្មេងរងគ្រោះ បានស្លាប់បាត់ទៅហើយ ។
សូមជម្រាបថា ក្មេងរងគ្រោះឈ្មោះ លីវ វ៉ៃយៀក ភេទប្រុស អាយុ ៩ឆ្នាំ មានម្តាយឈ្មោះ នី សុខា អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ និងឪពុកឈ្មោះ លីវ វ៉ៃមីង អាយុ ៥៤ឆ្នាំ ជនជាតិចិន ក្នុងរោងចក្រចាហួយ ស្ថិតនៅភូមិប្ញស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ដោយឡែកសពរបស់ក្មេងរងគ្រោះ ត្រូវបានមន្ទីរពហុព្យាបាល ដឹកយកទៅតម្កល់នៅ វត្តសំបួរមាស រង់ចាំម្តាយឪពុក យកទៅស្រុកកំណើត ក្នុងខេត្តតាកែវ ខណៈដែលសំណងចំពោះជនរងគ្រោះ នៅមិនទាន់ដឹងនោះឡើយ៕
សូមទស្សនាវិដេអូ-->
Fresh News
No comments:
Post a Comment