អនុប្រធានទី១នៃរដ្ឋសភាលោក កឹម សុខា រកព្រះរាជអន្តរាគមន៍ពី ព្រះមហាក្សត្រ និងស្ថាប័ជាតិមួយចំនួនទៀត ដើម្បីទប់ស្កាត់កុំឲ្យមានការបណ្តេញសកម្មជនការពារបរិស្ថានដ៏លេចធ្លោរម្នាក់គឺលោក អាឡិច ចេញពីកម្ពុជា ។
ការស្វែងរកកិច្ចអន្តរាគមន៍បន្ទាន់នេះបានធ្វើឡើងចំពេលដែលប្រធានអង្គការមាតាធម្មជាតិ នៅតំបន់អារ៉ែង ខេត្តកោះកុងលោក អាឡិច ត្រូវក្រសួងមហាផ្ទៃច្រានចោល ដោយមិនបន្តទិដ្ឋាការដើម្បីឲ្យជនដែលមានសញ្ជាតិអេស្ប៉ាញរូបនោះបានរស់នៅស្របច្បាប់បន្តទៀតនៅកម្ពុជា ។
លិខិតដាច់ដោយឡែកពីគ្នាផ្ញើថ្វាយព្រះមហាក្សត្រ និងប្រធានរដ្ឋសភាលោកហេង សំរិន របស់អនុប្រធានទី១នៃរដ្ឋសភា លោក កឹម សុខា ដែលមានន័យដូចគ្នា ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥នេះ បានទូលស្នើព្រះមហាក្សត្រសូមឲ្យព្រះអង្គទ្រង់ព្រះរាជតម្រិះអន្តរាគមន៍ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអនុញ្ញាតឲ្យលោកអាឡិចអាចស្នើសុំបន្តទិដ្ឋាការ ដោយពុំបាច់ចាកចេញពីប្រទេសកម្ពុជាជាមុន ។
លោកកឹម សុខា បញ្ជាក់ក្នុងលិខិតនោះថា ពាក់ព័ន្ធនឹងករណីនេះ ក្នុងនាមលោកជាតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាអនុប្រធានទី១នៃរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា លោកបានទទួលនូវសំណូមពរយ៉ាងច្រើនពីពលរដ្ឋខ្មែរដែលស្រឡាញ់ធម្មជាតិ និងបរិស្ថាន ចង់ឲ្យលោកអាឡិច បាន រស់នៅកម្ពុជាបន្តទៀត ។
លោក កឹម សុខា បញ្ជាក់ទៀតថា «ទូលបង្គំយល់ឃើញថា លោកអា ឡិច ជាជនបរទេសមួយរូប ពុំមែនជាឧក្រិដ្ឋជន ឬជាអ្នកបំផ្លាញធនធានធម្មជាតិ របស់ខ្មែរយើងឡើយ ។ តែផ្ទុយទៅវិញលោកអា ឡិច ជាអ្នកចូលរួមថែរក្សា និងការពារធនធានធម្មជាតិយ៉ាងសកម្ម» ។
យ៉ាងណាក៏ដោយ ទីប្រឹក្សាព្រះរាជលេខាធិការដ្ឋានរបស់ព្រះមហាក្សត្រីនរោត្តម មុនីនាថ លោកអ៊ុំ ដារ៉ាវុធ ប្រាប់VODនៅល្ងាចថ្ងៃពុធនេះថា លោកមិនទាន់បានទទួលលិខិត របស់លោកកឹម សុខា ជាផ្លូវការនៅឡើយទេ ។
នៅថ្ងៃនេះដែរ ក្រសួងមហាផ្ទៃ បានចេញលិខិតឆ្លើយតប នឹងប្រធានគណបក្សសង្គ្រោះជាតិ លោកសម រង្ស៊ី ថាក្រសួងមួយនេះ តម្រូវឲ្យលោក អាឡិច ចាកចេញពីកម្ពុជាមួយរយៈ ។ លិខិតបន្តថា នៅពេលណា ដែលអាឡិចគិតថា ពេលវេលាដ៏សមស្របណាមួយដែលអា ឡិច ចង់មកកម្ពុជាវិញ ពេលនោះក្រសួងមហាផ្ទៃ ពុំមានគោលការណ៍ហាមឃាត់លោក អាឡិច ទេប្រសិនបើគាត់បានបំពេញបែបបទ និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដូចជនអន្តោប្រវេសន៍ ដទៃទៀត ស្របតាមគោលការណ៍ច្បាប់កម្ពុជា ។
បើតាមលោកអាឡិច អះអាងថា ទិដ្ឋាការ របស់លោក នឹងផុតកំណត់នៅថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០១៥នេះ ជាងនេះទៅទៀត លោកបញ្ជាក់ថា ក្រសួងសាមីមួយនេះ ធ្លាប់គំរាមចាប់ខ្លួនលោក បើមិនចាកចេញពីកម្ពុជាមុនថ្ងៃផុតកំណត់៕
VOD
ដោយ៖ ញឹម សុខន | ថ្ងៃពុធ ទី18 កុម្ភៈ 2015
No comments:
Post a Comment