អង្គការសង្គមស៊ីវិលក្នុងស្រុកចំនួន៨៣ ស្នើឲ្យរដ្ឋាភិបាលបន្តទិដ្ឋាការឲ្យលោក អាឡិច ជនជាតិអេស្ប៉ាញ ដែលជាស្ថាបនិកចលនាមាតាធម្មជាតិ និងជាសកម្មជនការពារបរិស្ថាន ដើម្បីឲ្យជនបរទេសរូបនេះបានស្នាក់នៅក្នុងប្រទេសកម្ពុជាបន្តទៀត ។
សេចក្ដីថ្លៃងការណ៍រួមចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៥ អង្គការទាំង៨៣បានស្នើឲ្យរដ្ឋាភិបាលបន្តទិដ្ឋាការឲ្យលោកអាឡិច ដើម្បីឲ្យជនបរទេសរូបនេះអាចចូលរួមសកម្មភាពអភិរក្ស និងការពារធនធានធម្មជាតិនៅតំបន់អារ៉ែងបន្តទៀត ។
លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិនៃអង្គការ NGO Forum ជាអង្គការមួយក្នុងចំណោមអង្គការទាំង៨៣ លើកឡើងថាវត្តមានរបស់លោកអាឡិច មានសារសំខាន់ក្នុងការការពារធនធានធម្មជាតិ ក៏ដូចជាការផ្តល់ព័ត៌មានពីស្ថានភាពប្រភពធនធានធម្មជាតិឲ្យសាធារណជនបានដឹង ។ លោកថា «លោក អាឡិច គ្រាន់ជាសកម្មជនបរិស្ថានមួយរូប ដែលមានលក្ខណៈសកម្ម ចូលរួមក្នុងការកសាងសមត្ថភាពទៅដល់សហគមន៍នៅក្នុងតំបន់អារ៉ែង ក៏ដូចជាតំបន់ដែលសម្បូរដោយធនធានធម្មជាតិផ្សេងៗ ដើម្បីឲ្យសហគមន៍ហ្នឹងគាត់យល់ពីសិទ្ធិស្របច្បាប់ សិទ្ធិ សេដ្ឋកិច្ច សង្គម និងវប្បធម៌របស់គាត់ ហើយគាត់ចូលរួមក្នុងការការពារបរិស្ថានក្នុងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព» ។
អ្នកនាំពាក្យទីស្តីការគណរដ្ឋមន្ត្រីលោក ផៃ ស៊ីផាន មានប្រសាសន៍ថា កម្ពុជាជាប្រទេសមួយដែលមានអធិបតេយ្យភាពពេញលេញ មានការគោរពច្បាប់ ហើយការឲ្យជនបរទេសម្នាក់ចេញពីប្រទេសកម្ពុជានោះគឺធ្វើទៅតាមច្បាប់អន្តោប្រវេសន៍ ដែលរដ្ឋាសភាបានអនុម័ត ។ លោកបញ្ជាក់ថា «នៅក្នុងករណីនេះ ជនណាក៏ដោយ ទោះបីជាគេតំណាងឲ្យអង្គការ ទូត ឬមន្ត្រីផ្លូវការណាមួយ គឺត្រូវការទិដ្ឋាការ ហើយទិដ្ឋាការហ្នឹងមិនមែនសុំនៅក្នុងប្រទេសក្នុងការបន្តទេ ទិដ្ឋាការហ្នឹងត្រូវចេញទៅក្រៅដើម្បីដាក់ពាក្យសុំទិដ្ឋាការ ។ នេះជាយន្តការ និងនីតិវិធីនៃការទទួលបានទិដ្ឋាការ» ។
ជុំវិញការបណ្តេញលោកអាឡិចនេះដែរ លោក កឹម សុខា អនុប្រធានទី១រដ្ឋសភា បានស្នើទៅព្រះមហាក្សត្រកាលពីថ្ងៃទី១៨ ខែកុម្ភៈ សុំព្រះរាជអន្តរាគមន៍ជួយឲ្យជនជាតិអេស្ប៉ាញរូបនេះ បានបន្តរស់នៅកម្ពុជា ។ តែរហូតដល់ព្រះថ្ងៃទី២០ ខែកុម្ភៈ លោក អ៊ំ ដារ៉ាវុធ មន្ត្រីខុទ្ទកាល័យព្រះមហាក្សត្រអះអាងថា លោកមិនទាន់បានដឹងពីសំណើរបស់លោក កឹម សុខា នៅឡើយទេ ។
លោក អាឡិច ជាជនជាតិអេស្ប៉ាញម្នាក់ដែលបានមករស់នៅក្នុងប្រទេសកម្ពុជាជាង១០ឆ្នាំ ហើយគាត់ជាសកម្មជនមួយរូបបានចូលរួមថែរក្សាការពារបរិស្ថាន និងធនធានធម្មជាតិនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ទោះជាយ៉ាងណាក៏ដោយលោក អាឡិច ត្រូវបានក្រសួងមហាផ្ទៃអះអាងថា ទិដ្ឋាការរបស់លោកនឹងត្រូវផុតកំណត់នៅថ្ងៃទី២០ ខែកុម្ភៈនេះ ហើយអាចប្រឈមនឹងវិធានការផ្លូវច្បាប់ ប្រសិនបើមិនចាកចេញពីកម្ពុជា ។
ក្រសួងមហាផ្ទៃ និងតំណាងគណបក្សប្រជាជនកម្ពុជាធ្លាប់ចោទលោក អាឡិច ថាបានញុះញង់ប្រជាពលរដ្ឋឲ្យធ្វើសកម្មភាពតវ៉ាប្រឆាំងរដ្ឋាភិបាល ក្នុងការអភិវឌ្ឍទំនប់វារីអគ្គិសនីនៅតំបន់អារ៉ែងខេត្តកោះកុង ៕
VOD
ដោយ៖ ខាន់ លក្ខិណា | ថ្ងៃសុក្រ ទី20 កុម្ភៈ 2015
No comments:
Post a Comment