Sunday, February 22, 2015

​ស្ពាន​អ្នក​លឿង នឹង​ត្រូវ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការណ៍​នៅ​ថ្ងៃ​ទី​១​មេសា​

ស្ពានអ្នកលឿង​ដែល​នឹង​បើ​ក​ឲ្យ​ដំណើរ​ការ​នៅ​ដើម​ខែមេសា ឆ្នាំ​២០១៥
(រូបថត៖ ញឹម សុខន​)
ស្ពាន​អ្នក​លឿង​ដែលជា​ស្ពាន​បំពាក់​ដោយ​ខ្សែកាប​ធំជាងគេ​នៅ​កម្ពុជា នឹង​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃទី ១ ខែ មេសា ខាងមុខនេះ មុន​ថ្ងៃ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ឈាន​ចូល​មក​ដល់ ដើម្បី​សម្រួល​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ចរាចរណ៍​នៅ​តំបន់​នោះ ​។​

​តាម​គេហទំព័រ​ហ្វេ​សប៊ុក​របស់លោក គឹម គុណ​វឌ្ឍន៍ អគ្គនាយក​ទូរទស្សន៍​ជាតិ​កម្ពុជា ឲ្យដឹងថា ស្ពាន​អ្នក​លឿង​ដែលជា​ចំណងដៃ​ជំនួយឥតសំណង​ពី​ប្រទេស​ជប៉ុន នឹង​បើក​សម្ពោធ​ជា​ផ្លូវ​ការឲ្យ​ប្រជាពលរដ្ឋ​ធ្វើចរាចរ​ជា​សាធារណៈ នៅ​ថ្ងៃ​ទី​0១ ខែ មេសា ឆ្នាំ​២០១៥ មុន​បុណ្យចូលឆ្នាំ​ខ្មែរ ក្រោម​អធិបតីភាព​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ ។​

​គួរបញ្ជាក់​ថា ស្ពាន​អ្នក​លឿង​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា និង​ជប៉ុន បានសម្រេច​ប្រសិទ្ធ​នាម​ឲ្យឈ្មោះ​ថា ជា​ស្ពាន ស៊ូ​បា​សា​។ ស៊ូ​បា​សា គឺជា​ភាសា​ជប៉ុន ដែល​មាន​អត្ថន័យ​ថា (​សត្វ​បក្សី​ត្រដាងស្លាប​ហោះ​)​។ ការឲ្យឈ្មោះ​បែបនេះ ដោយសារ​តែ​ស្ពាន​អ្នក​លឿង​សាងសង់​បែប​ជា​ស្ពាន​យោល ដែល​មាន​ខ្សែកាប​សងខាង ពណ៌​លឿង ប្រៀប​ដូច​ជា​សត្វ​បក្សី កំពុង​ត្រដាងស្លាប​ហោះ ​។​

​ស្ពាន​អ្នក​លឿង​ជា​ជំនួយ​ឥត​សំណង​ពី​ប្រទេស​ជប៉ុន​តម្លៃ​ជាង​៩៥​លាន ដុល្លារ ដែល​ត​ភ្ជាប់​ពី​ស្រុក​លើកដែក ខេត្ត​កណ្តាល និង​ស្រុក​ពាមរ​ខេត្តព្រៃវែង ដែល​ស្ថិតនៅ​ត្រើយម្ខាង​ម្នាក់​នៃ​ទន្លេ​មេគង្គ​ក្រោម​។ ស្ពាន​នេះ​មាន​បណ្តោយ​ប្រវែង ២.២២០​ម៉ែត្រ ទទឹង ១៣,៥០​ម៉ែត្រ និង​មាន​កម្ពស់​៣៧,៥ ម៉ែត្រ​ផុតពី​ផ្ទៃ​ទឹក​នៅ​រដូវវស្សា​។​ការដ្ឋាន​គម្រោង​សាងសង់​ស្ពាន​អ្នក​លឿង​នេះ​ត្រូវបាន​ចាប់ផ្តើម​ពី​ថ្ងៃ​ទី ៧ ខែ​ធ្នូ ឆ្នាំ​២០១០ ហើយ​គ្រោង​នឹង​បញ្ចប់​រួចរាល់​នៅ​ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០១៥ ៕

VOD
ដោយ៖​ ឡាយ សា​មាន​​ | ថ្ងៃអាទិត្យ ទី22 កុម្ភៈ 2015

No comments:

Post a Comment