Sunday, February 22, 2015

​អាជ្ញាធរ​ខេត្ដ​ព្រះវិហារ​ព្រមាន​ចាប់ខ្លួន​ពលរដ្ឋ​ករណី​ហ៊ាន​តវ៉ា​ជម្លោះ​ដីធ្លី​​

រូបភាពប្រជាពលរដ្ឋឈរតវ៉ា​ករណី​ជម្លោះដីធ្លី
ជាមួយ​ក្រុមហ៊ុន​សិលា​ដា​មិច​​(រូបថត៖ បូ សាវី )
អាជ្ញាធរ​ខេត្ដ​ព្រះវិហារ កាល​ពី​ម្សិលមិញ ព្រមាន​ចាប់ខ្លួន​ប្រជាពលរដ្ឋ ដាក់ពន្ធនាគារ បើ​ពួកគាត់​ហ៊ាន​តវ៉ា​ករណី​ជម្លោះដីធ្លី ជាមួយ​ក្រុមហ៊ុន​សិលា​ដា​មិច នៅ​ឃុំ​ស្រ​យ៉ង់ ស្រុក​គូ​លេន​ ។

​ការព្រមាន​នេះ ធ្វើឡើង​បន្ទាប់​ពី​ពលរដ្ឋ​ប្រហែល​៥០​នាក់ ទៅ​ដេកចាំ​ដី​រយៈពេល​ពីរ​យប់ ដើម្បី​ការពារ កុំឲ្យ​ក្រុមហ៊ុន​សិលាដាមិ​ចនោះ យក​គ្រឿងចក្រ​ឈូសឆាយ​ដី​ពួកគាត់ ។​

ពលរដ្ឋ​នៅ​ភូមិ​ស្របាល ឃុំ​ភ្នំពេញ ស្រុក​គូលែន អ្នកស្រី លឹម ស្មាន ប្រាប់​VOD​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ កាល ពី​ថ្ងៃ​ទី​២១​ ខែ​កុម្ភៈ អាជ្ញាធរ​ស្រុក​គូលែន និង​អភិបាលរង ខេត្ដ​ព្រះវិហារ ប្រាប់​ប្រជាពលរដ្ឋ មិន​ឲ្យ​រារាំង​គ្រឿងចក្រ​ក្រុមហ៊ុន​សិលា​ដា​មិច ដែល​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ដី​ចំការ​ពួកគាត់​នោះ​ទេ បន្ទាប់ពី​ពួកគាត់​ប្រហែល​៥០​នាក់​ដេក​យាម​ការពារ​ដី​ចំការ​ចំ​ពួកគាត់​រយៈពេល​ពីរ​ថ្ងៃ​ ។ អ្ន​ស្រី​បន្ថែមថា អាជ្ញាធរ​ទាំងនោះ បាន​ព្រមាន​ថា នឹង​ចាប់​ខ្លូន​ពួកគាត់​ដាក់ពន្ធនាគារ បើ​ហ៊ាន​ឃាត់​គ្រឿងចក្រ​មិន​ឈូសឆាយ ​។ ពួកគាត់​ខកចិត្ដ​នឹង​អាជ្ញាធរដែល​ប្រើពាក្យសំដី​បែបនេះនិង​បាន​ត្រឡប់ទៅផ្ទះ​វិញ​ទាំង​ភ័យ​ខ្លាច ​។​

​ពលរដ្ឋ​មួយរូប​ទៀត លោក ស៊ូ សាយ ឲ្យដឹងថា ដី​ជម្លោះ​នោះពួក​គាត់​កាន់កាប់និង​ធ្វើ​ចំការ​តាំងពីរ ដូនតា​មក ​។ លោក​ថា អាជ្ញាធរ​ប្រដាប់​ដោយ​កាំភ្លើង​និង​ខ្នោះដៃ ខណៈ​ដែល​សន្ដិសុខ​ប្រដាប់​ដោយ​ដំបង ដើម្បី​រារាំង​ពលរដ្ឋ​មិន​ឲ្យ​តវ៉ា​ ។​ លោក​បន្ថែមថា អាជ្ញាធរ​ទាំងនោះប្រាប់​ឲ្យធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​ប្រសើ​ជាង​ធ្វើ​ចំការ​ ។ ទោះជា​យ៉ាងនេះ​ក្ដី​លោក​ថា បើសិន​អាជ្ញាធរ​មិន​មាន​ដំណោះស្រាយ​ទេនោះពួកគាត់​ធ្វើ​ការតវ៉ា​និង​ចូល​កាន់កាប់​ដី​ចំការ​ពួក​គាត់​បន្ដ​ទៀត ​។​

​ករណីនេះអភិបាល​ស្រុក​គូលែន លោក ប៉ាង យាត មានប្រសាសន៍ថា ពលរដ្ឋ​ដែល​តវ៉ា​នោះ ពួកគេ​មក​ពី​ចំ​ង៉ាយដែល​លោក​ថា ដី​នោះ​អាជ្ញាធរ​បាន​បែងចែកឲ្យ​ពលរដ្ឋ​នៅ​តំបន់​នោះ​រួច​ហើយ ចំណែក​ការ​មក​តវ៉ា​នោះ​ពួកគាត់​ធ្វើ​តាម​ការ​ញុះញង់​ពី​អ្នក​ដ​ដៃដែល​បង្ក​ឲ្យ​កើត​មាន​បញ្ហា​ ។​

​អ្នកសម្របសម្រួល​សមា​គម​ការពារ​សិទ្ធិមនុស្ស អាដហុក ខេត្ដ​ព្រះវិហារ លោក ឡោ ចាន់ មានប្រសាសន៍ថា ករណី​ជម្លោះដីធ្លីរវាង​ពលរដ្ឋនិង​ក្រុមហ៊ុន នៅ​ខេត្ដ​ព្រះវិហារក្នុង​ឆ្នាំ​២០១៥ មាន​ការកើនឡើងបើ​ប្រៀបធៀប និង​ដើមឆ្នាំ​២០១៤​កន្លងមក ដោយសារ​អាជ្ញាធរ​មិន​មាន​ដំណោះស្រាយ​ជូន​ពលរដ្ឋ និង​ក្រុមហ៊ុន មិន​អនុវត្ដ​តាម​បទបញ្ជា​០០១​របស់​ប្រមុខ​រដ្ឋាភិបាលក៍​ដូច​សេចក្ដីប្រកាស​របស់​អន្ដរក្រសួង​ ។​

​បើ​តាម​សមាគម​ការពា​សិទ្ធិមនុស្ស អាដហុក​ខេត្ដ​ព្រះវិហារ ឲ្យដឹងថា នៅ​ដើមឆ្នាំ​២០១៥​នេះ ស្ថាប័ន​នេះទទួលបាន​ពាក្យបណ្ដឹង​ពី​ពលរដ្ឋ​ចំនួន​៤​ករណី ក្នុងនោះ​មាន​ពលរដ្ឋ មកពី​ស្រុក​រវៀង ស្រុក​ជាំ​ក្សាន្ដ និង​ស្រុក​គូ​លេន ខណៈ​ដែល​ពាក្យបណ្ដឹង​ជាច្រើន​ទៀត​នៅ​ឆ្នាំ​២០១៤​មិនទាន់​មាន​ដំណោះស្រាយ​នៅឡើយ​ ៕

VOD
ដោយ៖​ បូ សា​វី​​ | ថ្ងៃអាទិត្យ ទី22 កុម្ភៈ 2015

No comments:

Post a Comment