លោក Alex Gonzalez Davidson សកម្មជនការពារធនធាន ធម្មជាតិនៅតំបន់អារ៉ែង (រូបថតពី៖ បណ្តាញសង្គម) |
លិខិតរបស់អគ្គនាយកអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ចុះថ្ងៃទី ២២ ខែ កុម្ភៈ ឲ្យដឹងថា សុពលភាពនៃទិដ្ឋាការពន្យាការស្នាក់នៅកម្ពុជារបស់លោក អាឡិច (Alejandro Gonzalez Davidson) ដែលមានសុពលភាពចាប់ពីថ្ងៃទី ១២ សីហា ឆ្នាំ២០១៤ ត្រូវផុតកំណត់នៅថ្ងៃទី ២០ កុម្ភៈ ឆ្នាំ២០១៥ ហើយសមត្ថកិច្ចកម្ពុជាមិនបានពន្យារការស្នាក់នៅរបស់លោកអាឡិចបន្តទៀតឡើយ ។
VOD មិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បានទេនៅថ្ងៃអាទិត្យនេះ ។ តែកន្លងទៅលោកធ្លាប់ថ្លែងថា បើលោកអាឡិចបន្តរស់នៅកម្ពុជាដោយទិដ្ឋាការអស់សុពលភាពនោះចាត់ទុកថា រស់នៅដោយខុសច្បាប់ហើយក្រសួងនឹងមានវិធានការលើជនបរទេសរូបនេះ ។
ស្ថាបនិកចលានាមាតាធម្មជាតិលោក អាឡិច មានប្រសាសន៍ថា លោកបានទទួលលិខិតជូនដំណឹងរបស់អគ្គនាយកអន្តោប្រវេសន៍ហើយ ។ តែលោកនៅតែអះអាងថា លោកមិនចាកចេញពីកម្ពុជាឡើយដោយរង់ចាំលិខិតឆ្លើយពីព្រះមហាក្សត្រ និងប្រធានរដ្ឋសភា ឆ្លើយតបនឹងលិខិតរបស់លោក កឹម សុខា ដែលបានសុំអន្តរាគមន៍ពីបញ្ហានេះ ។ មួយវិញទៀតលោកអះអាងថា លោកនឹងចេញកម្ពុជាមួយរយៈប្រសិនបើនាយកដ្ឋានអន្តោប្រវេសន៍បន្តទិដ្ឋាឲ្យលោកជាមុនសិន ។
លោកអាឡិច ជាជនជាតិអេស្ប៉ាញដែលបានមករស់នៅលើទឹកដីកម្ពុជានេះជាង១០ឆ្នាំមកហើយ និងចេះនិយាយភាសាខ្មែរបានយ៉ាងច្បាស់លាស់ ព្រមទាំងបានបង្កើតសមាគមការពារព្រៃឈើមួយឈ្មោះថា មាតាធម្មជាតិ ដែលមានសមាជិកភាគច្រើនជាជនជាតិដើមភាគតិចនៅតំបន់អារ៉ែង ។ តែលោកត្រូវបាននាយកដ្ឋានអន្តោប្រវេសន៍បដិសេធផ្តល់ទិដ្ឋាឲ្យរស់នៅកម្ពុជាបន្តទៀតដោយអះអាងថា ជនបរទេសមួយនេះរារាំងដល់ការភិវឌ្ឍប្រទេសជាតិ ៕
VOD
ដោយ៖ ឡាយ សាមាន | ថ្ងៃអាទិត្យ ទី22 កុម្ភៈ 2015, 10:15 AM
No comments:
Post a Comment