មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានហាមជាដាច់ខាតមិនអនុញ្ញាតឲ្យកាត់ប្រាក់ខែពីពលទាហានឡើយ ទោះបីក្នុងគោលបំណងមនុស្សធម៌ឬទិញសម្ភារៈបន្ថែមក្ដី ហើយថា បើមេបញ្ជាការដែលល្មើសច្បាប់នឹងបទបញ្ជាត្រូវទទួលទោសតាមបទពិន័យទូទៅនៃកងយោពលខេរភូមិន្ទ ។
លិខិតកងរាជអាវុធហត្ថលើផ្ទៃប្រទេសចេញផ្សាយថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥ ឲ្យដឹងថា ថ្មីៗនេះមានការចុះផ្សាយតាមប្រព័ន្ធបណ្ដាញសង្គមដោយបានចោទប្រកាន់នាយស្នងការ នៃស្នងការដ្ឋានព័ត៌មានសន្ដិសុខកងរាជអាវុធហត្ថលើផ្ទៃប្រទេសលោក ហុង វីណុល បានកាត់លុយពីពលទាហានម្នាក់ៗចំនួន១២ទៅ១៣ម៉ឺនរៀល ។
សេចក្តីបំភ្លឺរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសឲ្យដឹងថា តាមគោលការរបស់រដ្ឋពលទាហានម្នាក់ត្រូវកំណត់ប្រាក់ម្ហូបក្នុងមួយថ្ងៃចំនួន៤២០០ រៀល (ខែខ្លះ២៨ថ្ងៃ ឬ៣០ និង៣១ថ្ងៃ) ហើយប្រាក់ម្ហូបទាំងនោះត្រូវបានបង្វិលចូលទៅក្នុងរោងបាយដើម្បីទិញម្ហូបឲ្យកងកម្លាំងនៃកងអន្ដរាគមន៍ចល័តហូបបាយរួមគ្នារីឯទាហានមិនបានស្នាក់នៅ និងហូបបាយនៅក្នុងបន្ទាយគឺជាទាហានមិនគោរពវិន័យឬជាទាហានសេរី ។ នៅក្នុងសេចក្ដីបំភ្លឺបញ្ជាក់ថា ការចុះផ្សាយទាំងនោះគឺជាព័ត៌មាននិយាយបំភ្លើសពីការពិត អ្នកនិយាយមិនបានយល់ពីនីតិវិធី នៃការគ្រប់គ្រងកងកម្លាំងទេហើយប្រាក់ខែដែលត្រូវកាត់នោះជាប្រាក់សម្រាប់ហូបបាយនិងទិញម្ហូបមិនមែនជាប្រាក់បៀវវត្យទេ ។
លិខិតខាងលើបញ្ជាក់ថា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសហាមមេបញ្ជាការគ្រប់អង្គភាពមិនឲ្យកាត់ប្រាក់ខែពីកម្លាំងចំណុះរបស់ខ្លួនឡើយ ហើយថា បើមេបញ្ជាការណានៅតែល្មើសនឹងត្រូវទទួលទោស ៕
VOD
ដោយ៖ ឡេង ចាន់រតនា | ថ្ងៃអាទិត្យ ទី22 កុម្ភៈ 2015, 10:30 AM
No comments:
Post a Comment