Wednesday, February 18, 2015

ចន ច័ន្ទលក្ខិណា បញ្ចូនប្អូនស្រី ដួល​បោក​ក្បាល ព្រោះ​ចោរ​ឆក់ ទៅ​សង្គ្រោះ​នៅ​វៀតណាម



ភ្នំពេញ៖ តារាសម្តែងអ្នកនាង ចន ច័ន្ទលក្ខិណា នៅល្ងាចថ្ងៃនេះបាន សម្រេចបញ្ចូនប្អូនស្រីទៅសង្គ្រោះបន្ទាន់ភ្លាមៗ នៅប្រទេសវៀតណាម ខណៈដែលអាការៈប្អូនស្រី នាងហាក់ធ្ងន់ធ្ងរ ក្អួតឈាមមិនឈប់ បន្ទាប់ពីនាងត្រូវបានចោរឆក់ កាបូប ដួលបោកក្បាល កាលពីព្រឹកមិញនេះ។

នៅថ្ងៃទី១៧ ខែកុម្ភៈនេះមានករណីចោរឆក់កាបូបប្អូនស្រីរបស់តារាសម្តែងមេម៉ាយកូនមួយ អ្នកនាង ចន ច័ន្ទលក្ខិណា ខណៈដែលប្អូនស្រីនាង ដែលជាអាជីវករនៅផ្សារថ្មី ទើបតែចេញពីដូរលុយនៅធនាគារ ហើយធ្វើដំណើរត្រឡប់ទៅផ្សារ ថ្មីវិញ ក៏ជួបហេតុការណ៍ ដូច្នេះធ្វើឲ្យប្អូនស្រីនាង ត្រូវដួលផ្ញារក្រោយបោកក្បាល ទៅថ្នល់មួយទំហឹងរងរបួសធ្ងន់ធ្ងរក្អួត ឈាមមិនឈប់ ទើបសម្រេចចិត្តបញ្ជូនប្អូន ទៅព្យាបាលនៅវៀតណាម ជាបន្ទាន់ ។

តារាស្រីនិងជាពិធីការិនី ប្រចាំស្ថានីយទូរទស្សន៍បាយ័ន អ្នកនាង ចន ច័ន្ទលក្ខិណា បានប្រាប់ឲ្យដឹងទៀតថា “ពេលនេះ (ម៉ោង១៧៖១៥នាទី) ខ្ញុំបានមកបាវិតហើយ ដើម្បីចូលទៅប្រទេសវៀតណាម ។ ប្អូនស្រីខ្ញុំ មានអាការៈធ្ងន់ធ្ងរក្រោយ ពីដួលបោកក្បាល ហើយបញ្ជូនទៅកាន់មន្ទីពេទ្យកាល់ម៉ែត្រ ស្គេនខួរក្បាល គឺឃើញមានឈាមកកក្នុងខួរក្បាល ។

ដោយសារថ្ងៃនេះស្ទះពេក ណាមួយខ្ញុំរវល់តែរកបាស្ព័រ ទើបតែបានបញ្ជូនមក នៅម៉ោងប្រហែល២រសៀលនេះ (ចេញ ពីភ្នំពេញ) ! ។

គួរបញ្ជាក់ថា ប្អូនស្រីរបស់អ្នកនាង ចន ច័ន្ទលក្ខិណា មានឈ្មោះថា ចន ពេជ្រកញ្ញារ័ត្ន អាយុ៣២ឆ្នាំ បានជួបហេតុ ការណ៍ ចោរឆក់កាបូប កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៧ខែកុម្ភៈនេះ នៅម្តុំមុខអគារ ខុនដូឌីខេសល ទួលគោក ក្នុងនោះសម្ភារៈដែលបាត់បង់មានដូចជា ទូរស័ព្ទ អាយផេត និងលុយប្រមាណជាង២ពាន់ដុល្លារ ៕

Tuesday, 17 February 2015 17:54 ដោយ៖ LookingToday ID-142

No comments:

Post a Comment