Wednesday, February 18, 2015

​អភិបាលខេត្ដ​បន្ទាយមានជ័យ​បន្ទោស​មន្ដ្រី​ច្រកចេញចូល​តែ​មួយ​ក្រុង​ថា​អស​កម្ម​​

អភិបាលខេត្ដ​បន្ទាយមានជ័យ​បាន​ស្ដីបន្ទោស និង​រិះគន់​ធ្ងន់ៗ​ទៅលើ​មន្ដ្រី​ច្រកចេញចូល​តែ​មួយ​របស់​ក្រុង​សិរីសោភ័ណ និង​ក្រុង​ប៉ោយ​ប៉ែត ថា​ធ្វើការ​មិន​ស៊ីសង្វាក់​គ្នា​បង្ក​ការ​ស្មុគ្រស្មាញ និង​ធ្វើឲ្យមាន​ការយឺតយ៉ាវ​ក្នុង​ការបំពេញ​ក្នុងការ​បំពេញ​សេវា​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ ។​

​គេហទំព័រ​របស់​អគ្គ​ស្នងដ្ឋាន​នគរបាលជាតិ​បាន​ចេញផ្សាយ​ថា អភិបាលខេត្ដ​បន្ទាយមានជ័យ​លោក គោ​ស៊ុំ សារឿ​ត បាន​ធ្វើ​ការស្ដីបន្ទោស​បែ​ប​នេះ​នៅក្នុង​ពិធី​បិទ​អង្គសន្និបាត​ការងារ​ប្រចាំឆ្នាំ​២០១៤ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៥ របស់​សាលាខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២១៥ ។​

​លោក គោ​ស៊ុំ សារឿ​ត បាន​លើកឡើង​ថា ការបំពេញ​ការងារ​មិន​ស៊ីសង្វាក់​គ្នា​របស់​មន្ត្រី​ច្រក​ចេញ​តែ​មួយ​នៃ​ក្រុង​ទាំងពីរ​បាន​បង្ក​ឲ្យមាន​ការយឺតយ៉ា​វ ធ្វើឲ្យ​ប៉ះពាល់​សតិអារម្ម​ណ៍​ប្រជាពលរដ្ឋ និង​ធ្វើឲ្យ​ប្រជា​ពលរដ្ឋ​កាន់តែ​ខ្វះ​ជំនឿ​ទុកចិត្ត​លើ​អង្គភាព​ច្រកចេញចូល​តែ​មួយ​របស់​ក្រុង​ទាំង​២​នេះ ។ លោក គោ​ស៊ុំ សារឿ​ត អះអាងថា ការ​មិន​ស៊ីសង្វាក់​គ្នា​នេះ​គឺ​ដោយសារតែ​មាន​ទំនាស់​រឿង​ផលប្រយោជន៍ ។​

​អភិបាលក្រុង​ប៉ោយប៉ែត​លោក ងោ ម៉េង​ជ្រួន បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ ដោយ​លោក​មានប្រសាសន៍​យ៉ាងខ្លី​ថា «​ខ្ញុំ​មិន​បាច់​បកស្រាយ​អ្វី​ទៀត​ទេ​ព្រោះ​គាត់​បកស្រាយ​រួចហើយ ព្រោះ​គាត់​មេ គាត់​ធ្វើការ​រួចហើយ​» ។​

​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ខេត្ដ​បន្ទាយមានជ័យ​លោក កែ គឹមយ៉ាន បាន​ថ្លែង​នៅក្នុង​ពិធី​អង្គសន្និបាត​កាលពី​ថ្ងៃ​ទី​១៧​នោះ​ថា ទោះបី​មាន​ការកែសម្រួល​ថ្លៃ​សេវា​រដ្ឋបាល​មួយចំនួន​ក៏​ដោយ ប៉ុន្តែ​តាម​បណ្តា​មន្ទីរ​អង្គភាព​ក៏ដូចជា​តាម​មូលដ្ឋាន​មួយចំនួន​នៅ​ពុំទាន់​អនុវត្ត​បាន​ល្អ​នៅឡើយ ។ លោក​ជំរុញ​ឲ្យ​អាជ្ញាធរ​បន្ត​យកចិត្ដទុកដាក់​ពិនិ​ត្យ​មើល​លើ​ការផ្ដល់​សេវា​រដ្ឋបាល និង​សេវា​សាធារណៈ​បន្ថែមទៀត ៕

VOD
ដោយ៖​ ឡេង ចាន់រតនា​ | ថ្ងៃពុធ ទី18 កុម្ភៈ 2015

No comments:

Post a Comment