Monday, February 23, 2015

ពលរដ្ឋ​ជាង ១០០នាក់ មានទំនាស់ដីជាមួយលោក ឧកញ៉ា ថេង ប៊ុនម៉ា ហែក្បួនដាក់ញតិ្តរកដំណោះស្រាយ



ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ ប្រជាពលរដ្ឋជាង ១០០នាក់​មកពី ១៩សហគមន៍ មានទំនាស់ដីធ្លីក្នុងខេត្ត បានធ្វើការដង្ហែក្បួនចេញពីទីតាំង ដីទំនាស់នៅចំណុចកំពេញចាស់ ស្ថិតក្នុងក្រុម៧ ភូមិ១ សង្កាត់លេខ៣ ​តាម​បណ្តោយវិថី១៩មិថុនា ទៅកាន់មន្ទីររៀបចំដែនដីនគ​រូប​​នីយកម្ម សំណង់ និងសុរិយោដីខេត្ត ​ដើម្បីដាក់ញត្តិរក​ដំ​ណោះ​ស្រាយ បញ្ហាទំនាស់ដីធ្លីទំហំ ៤២,៧១០​ម៉ែត្រការ៉េ ស្មើនឹង ២៤គ្រួសារ កាលពី ១៩ឆ្នាំមុន ជាមួយក្រុមហ៊ុន ថៃ ប៊ុនរ៉ុង ដែលមានលោកឧកញ៉ា ថេង ប៊ុនម៉ា ជាប្រធាន ។

ខណៈ​ក្បួនដង្ហែរមកដល់មន្ទីរ តំណាងសហគមន៍ចំនួន ៧នាក់ ត្រូវបានអនុញ្ញាតឲ្យចូលក្នុងមន្ទីរ ដើម្បីពីភាក្សាពីបញ្ហាទំនាស់ ដោយមានលោក ជិន សេង ដែលជាអនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម ​ដោយលោកឯកភាពយក​ញត្តិរបស់បងប្អូនប្រជាពលរដ្ឋ ទៅដាក់ជូនលោកប្រធានមន្ទីរដើម្បីពិនិត្យ ពិចារណា និងសម្រេច ។ ក្រោយមកតំណាងសហគមន៍ទាំង ៧នាក់ក៏បានចាកចេញ ហើយប្រមូលគ្នាវិលត្រឡប់ទៅសម្រាកនៅទីតាំងដីទំនាស់វិញ ដើម្បីត្រៀមដាក់ លិខិតជូនលោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃស្អែកជាបន្តទៀត ។

លោកស្រី ហង្ស ចិន្តា តំណាងជនរងគ្រោះទាំង ២៤គ្រួសារ បានថ្លែងឲ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៧៩ ប្រជាពលរដ្ឋ​ជាច្រើនបានមករស់នៅ ដោយកាប់ឆ្ការ និងឈូសឆាយដី ដើម្បីដាំដំណាំផ្សេងៗដូចជា ខ្នុរ ស្វាយ ធូរេន ជាដើម នៅទីតាំងដីទំនាស់ខាងលើនេះ ។ ក្រោយមកទីតាំងដីនេះ ត្រូវបានក្រុមហ៊ុន ថៃ ប៊ុនរ៉ុង ធ្វើរបងហ៊ុំព័ទ្ធយកពេលនោះ ប្រជាពលរដ្ឋបានដាក់ពាក្យបណ្តឹង ទៅអាជ្ញាធរមូលដ្ឋានសង្កាត់ ខណ្ឌ និងក្រុង ដើម្បីសុំទាមទារដីនោះ មកវិញ តែគ្មាន​ដំណោះស្រាយណាមួយឡើយ ផ្ទុយទៅវិញនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០០២ អាជ្ញាធរក្រុង បានប្រើប្រាស់​កំលាំងសមត្ថកិច្ច នគរបាល យោធា និងប៉េអឹម មកចាប់ពួកគាត់យកទៅឃុំឃាំង ទាំង ២៤គ្រួសារយ៉ាងអយុត្តិធម៌ ។ មិនតែប៉ុណ្ណោះបានឈូសឆាយ ផលដំណាំ ដែលកំពុងទទួលផល និងរុះរើផ្ទះសម្បែងខ្ទេចខ្ទីអស់ ។

បន្ទាប់មកក្រោយឆ្នាំ១៩៩៦ អាជ្ញាធរក្រុងបានបិទសំណុំរឿង ពុំព្រមដោះស្រាយ ឲ្យពួកគាត់ឡើយ រហូតមកដល់​បច្ចុប្បន្ន​​នេះ អាជ្ញាធរបានចេញប្លង់ប្រព័ន្ធ ផ្តល់សិទ្ធិគ្រប់គ្រងកាន់កាប់ដីធ្លីទៅឱ្យអ្នកផ្សេងកាលពីខែមិនា ឆ្នាំ២០០៨ អស់ទៅហើយ៕

No comments:

Post a Comment