Tuesday, February 24, 2015

លោក ខៀវ កាញារីទ្ធ៖ អ្នក​នាំពាក្យគួរមានទំនាក់ទំនងល្អជាមួយអ្នកសារព័ត៌មាន ហើយកុំធ្វើសត្រូវជាមួយអ្នកកាសែត


(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ នៅថ្ងៃអង្គារ៍នេះ បានជំរុញឱ្យអ្នកនាំពាក្យគ្រប់បណ្តាក្រសួងនានា នៅកម្ពុជា បង្កើនទំនាក់ទំនង ជាមួយអ្នកសារព័ត៌មានក្នុងការបំភ្លឺព័ត៌មានផ្សេងៗ ជៀសវាងយកអ្នកសារព័ត៌មានធ្វើជាសត្រូវ ។ ការថ្លែងជំរុញបែបនេះរបស់លោក ខៀវ កាញារីទ្ធ បានធ្វើឡើង​ នៅក្នុង សិក្ខាសាលាមួយ ស្តីពីការប្រជុំពិភាក្សាជាមួយ អ្នកនាំពាក្យនៅតាមបណ្តាក្រសួងនានា ដែលធ្វើឡើងនៅក្រសួងព័ត៌មាន នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៥នេះ។

លោក ខៀវ កាញារីទ្ធ បានថ្លែងថា «ទំនាក់ទំនងសាធារណៈ វាសំខាន់ណាស់ មិនមែនជាការផ្សាយពាណិជ្ជកម្មទេ អត់មានត្រូវការលុយទេ សំខាន់យើងចេះទាក់ទងគ្នា អញ្ចឹងវាទាមទារឥរិយាបទមួយសមរម្យណាស់ គឺឥរិយាបទមួយ ត្រូវតែទំនាក់ទំនងជាអចិន្រ្តៃយ៍ មិនមែនទាល់តែមានការណ៍ ទើបយើងពឹងគេ នោះទេ ហើយក៏មិនមែនទាល់តែមានការណ៍ ទើបយើងហៅគេហូបបាយរាល់ថ្ងៃដែរ សំខាន់មានការទំនាក់ទំនងចំហរជាមួយគ្នា ហើយសំខាន់ណាស់ ដូច្នេះខ្ញុំតែងនិយាយថា កុំធ្វើសត្រូវជាមួយ អ្នកកាសែត»។

លោករដ្ឋមន្រ្តីបានបន្ថែមថា កាសែតអាចមានការសរសេរខុស ឬបកស្រាយខុស ប៉ុន្តែសំខាន់បំផុត អ្នកនាំពាក្យត្រូវចេះធ្វើការកែតម្រូវ បើសិនជាកាសែត ឬសារព័ត៌មាននោះ មិនធ្វើការកែតម្រូវសាមីខ្លួន អាចធ្វើការប្តឹងបាន។ ប៉ុន្តែដាច់ខាតអ្នកនាំពាក្យមិនត្រូវនិយាយមិនពិតឡើយ ត្រូវមានមូលដ្ឋានច្បាស់លាស់ មុននឹងបកស្រាយប្រាប់អ្នកកាសែត។

យ៉ាងណាក៏ដោយលោករដ្ឋមន្រ្តី បានអំពាវនាវឱ្យអ្នកនាំពាក្យតាមបណ្តាក្រសួងទាំងអស់ ខិតខំបង្កើតសមត្ថកិច្ច ដើម្បីទំនាក់ទំនងជាមួយអ្នកសារព័ត៌មាន។ ជាពិសេស ជំរុញឱ្យពួកគេ ចេះប្រើប្រាស់បណ្តាញសង្គម Facebook Youtube Twitter និងបណ្តាញអ៉ីនធើណិតឱ្យស្ទាត់ជំនាញ៕

Fresh News

No comments:

Post a Comment