Monday, February 23, 2015

​ប្អូន​​ប្រុស​សែន រ៉ាឌី វាយ​ថៃ​​សន្លប់​ ក្រោយ​​បែក​​​រយះ​​មុខ​

បន្ទាប់​ពី​ទទួល​កែង និង​កណ្ដាប់​ដៃ​​ផ្ទួនៗ​​បណ្ដាល​ឲ្យ​រយះ​ផ្ទៃ​មុខ កីឡាករ​សែន រ៉ាដេត ដែល​ជា​​ប្អូន​ប្រុស​បង្កើត​របស់​កីឡាករ​ល្បី​ឈ្មោះ​ សែន រ៉ាឌី​ ក៏​​ប្រើ​ស្នៀត​វាយ​ប្ដូរ​តែ​ម្ដង ទៅ​កាន់​​គូ​ប្រកួត​​។ ជា​លទ្ធផល​​គូ​ប្រកួត​ជា​ជន​ជាតិ​ថៃ​ ​​ត្រូវ​គេ​ឃើញ​សន្លប់​ដូច​ការ​គ្រោង​ទុក បន្ទាប់​ពី​​ត្រូវ​កែង​ផង និង​ម៉ាត់​ផង ​រហូត​ដល់​ទ្រាំលែង​បាន​។

កា​រប្រកួត​អន្តរជាតិ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​​នា​ថ្ងៃ​អាទិត្យ​ទី​​២២ កុម្ភៈ​ពេល​រសៀល​នោះ ​​កីឡាករ​វ័យ​ក្មេង​សែន រ៉ាដេត ដែល​​ត្រូវ​គេ​មើល​ឃើញ​ថាមិន​សូវ​មាន​បទ​ពិសោធន៍​ច្រើន​ ​​​ហាក់​មិន​គួរ​បំបាក់​ជើង​ខ្លាំង​ម​ក​ពី​ថៃ​​ឈ្មោះ​ Phitphong Thang ​បាន​ងាយ​នោះ​ឡើយ​​។ ​ទាំង​មាឌ ទាំង​កម្ពស់ គូ​ប្រកួត​ទាំង​ពីរ មិន​ស៊ី​សង​គ្នា​ឡើយ ខណៈដែល​​​​កម្រិត​នៃ​កា​រ​វាយ​លុក ​កីឡាករ​ថៃ​​គឺ​មាន​ស្នៀត​ខ្លះ​ល្អ​នាំ​មុខ​​ផង ​ពិសេស​ធាក់​ និង​ទាត់​។ ​​​​២​ទឹក​ដំបូង បង្គោល​ក្រហម​សែន រ៉ាដេត ​មិន​អាច​ធ្វើ​អ្វី​ទៅ​លើ​គូ​ប្រកួត​បាន​ទេ បើ​ទោះ​ជា​កម្រិត​នៃ​ការ​ទាត់​ចេញ និង​វាយ​កែង​ មាន​សន្ទុះ​​ខ្លាំង​ក្លា ដែល​ធ្វើ​ឲ្យ​មាន​ការ​ជឿជាក់​ថា​គូ​ប្រកួត​ជា​ជន​ជាតិ​ថៃ ​អាច​ពិបាក​តស៊ូ​។ គ្រប់​ពេល​​មាន​ការ​សម្រុក កីឡាករ​ថៃ Phitphong Thang ​រមែង​​សង​មក​វិញ​ដោយ​កែង ម៉ាត់ ​និង​ទាត់ បាន​យ៉ាង​ល្អ ​​​ធ្វើ​ឲ្យ​មាន​សម្រែក​កង​រំពង​​​នៅ​ក្នុង​សង្វៀន​។ គូ​នេះ ​បើក​ឆាក​ប្រយុទ្ធ​គ្នា ​ព្រម​ជា​មួយ​នឹង​លទ្ធផល​​បែក​ផ្កា​ភ្លើង​តាំង​ពី​ទឹក​ទី​១​ ​ដោយ​គ្រាន់​តែ​ឈាន​ដល់​ទឹក​ទី​៣​ភ្លាម​ ​បង្គោលខៀវ​របស់​​ថៃ​ក៏​វាយ​​ប៉ុន្មាន​កែង ធ្វើ​ឲ្យ​សែន រ៉ាដេត បែក​​ត្រង់​​ក្រោម​ភ្នែកខាង​ធ្វេង​តែ​ម្ដង ដោយ​ស្នាម​​​បែក​នោះ ​​​មាន​សភាព​រយះ​កាន់​តែ​ធំ​។ អញ្ចឹង​ហើយ​ទើប​កីឡាករ​ថៃ ​​ត្រូវ​គេ​ឃើញ​បង្កើន​សន្ទុះ​វាយ​លុក​​កាន់តែ​ខ្លាំង ​ដើម្បី​បំបុក​ទៅ​លើ​​​បង្គោល​ក្រហម​របស់​កម្ពុជា ដើម្បី​​មាន​ឈ្មោះ​​​ផ្ដួលសែន រ៉ាដេត ដោយ​សន្លប់​។ ​ស្នាម​បែក​នោះ ក៏​មាន​​ស្រក់​ឈាម​​​​​​​​​ និង​លាន​សាច់​ខាង​ក្នុង​ចេញ គួរ​ឲ្យ​ញញើត​ភ្នែក​ផង​ដែរ។ យ៉ាង​ណា​មិញ ​​សន្ទុះ​វាយគំរាម​របស់​​កីឡាករ​ថៃ មិន​ទទួល​បាន​ជោគជ័យ​​នោះ​ទេ ​បន្ទាប់​ពី​កីឡាករ​កម្ពុជា ​ដឹង​ច្បាស់​ថា​ខ្លួន​ត្រូវ​ចាញ់​ ហើយ​​ក៏​សម្រេច​ចិត្ត​វាយ​ប្ដូរ​ដោយ​មិន​​ខ្វល់​ពី​ស្នាម​រយះ ដើ​ម្បី​តប​វិញ​។

​ក្នុង​ទឹក​​ទី​៣​នេះ បាន​ក្លាយ​ជា​ទឹក​កាត់​ក្ដី នឹង​​មាន​សភាព​ស៊ី​សាច់​ហុត​ឈាម​រវាង​អ្នក​ទាំង​ពីរ​កាន់​តែ​ខ្លាំង ​ដោយ​ សែន រ៉ាដេត ​​ប្រឹង​វ័ធ​កែង​​​ទៅ​កាន់​សៀត​ផ្កា ​និង​​​ផ្នែក​​លើ​ក្បាល​​ ឯ​កីឡាករ​ ​Phitphong Thang ​ក៏​​ស្ទុះ​សំដៅ​ត្រង់​ស្នាម​រយះ​ទ្វេដង​។ ​នៅ​ទំបំផុត ​កីឡាករ​ថៃ​បាន​ក្លាយ​ជា​អ្នក​បែក​អំពិល​អំពែក និង​ដួល​ផ្ងារ​ជើង ​រហូត​ងើប​លែង​រួច ​​បន្ទាប់​ពី​កីឡាករ​សែន រ៉ាដេត ​វ័ធ​កែង​ត្រូវ​ផង ​និង​ម៉ាត់​ត្រូវ​ផង ​ត្រង់​បរិវេណ​សៀត​ផ្កា និង​ផ្ទៃ​មុខ​ដដែ​ល​ជា​ដដែល​។ ​​កីឡាករ​ថៃ​ត្រូវ​លោក​អាជ្ញាកណ្ដាល​រាប់​ដល់​១០​ និង​បន្ត​កា​រប្រកួត​​ទៅ​មុខ​លែង​រួច បើ​ទោះ​ជា​​ភាគី​កម្ពុជា មាន​សភាព​រយះ​កាន់​តែ​ធំ ពី​កា​រប្រកួត​វាយ​ប្ដូរ​នោះ​។ ​​​ក្រុម​អ្នក​ទស្សនា​​សុទ្ធ​តែ​ឃើញ​ដូច​គ្នា​​ថា ​បើ​គ្មាន​ការ​វាយ​ប្ដូរ នោះ​​កីឡាករ​កម្ពុជាមិន​ស្គាល់​ជ័យ​ជម្នះ​លើ​កីឡាករ​​ថៃ​នោះ​ទេ ដោយ​សារ​តែ​កា​រប្រកួត​ទាំង​មូល ភាគី​ខាង​ថៃ​ក៏​មាន​សន្ទុះ​ឈ្នះ​ប្រៀប​​ដោយ​អន្លើ​ស្រាប់ ដោយ​​​មិន​ទាន់​គិត​ដល់​សភាព​​ធ្វើ​ឲ្យ​បែក​រយះ​ត្រង់​​​ផ្ទៃ​មុខ​នោះ​ផង​។ លទ្ធផល​នេះ ​បាន​ធ្វើ​​ឲ្យ​​​ប្អូន​ប្រុស​របស់​​កីឡាករ​ សែន រ៉ាឌី ក្លាយ​ជា​​ជើង​ខ្លាំង​ឆ្នើម​​វ័យ​ក្មេង​មួយ​រូប ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍ ​ជា​មួយ​នឹង​ឱកាស​វាយ​​ប្ដូរ​​ស្នៀតធ្វើ​ឲ្យ​​កីឡាករ​​ថៃ Phitphong Thang សន្លប់​ក្នុង​ទឹក​ទី​៣។

អ្នក​រៀប​ចំ​កា​រប្រកួត​​ប្រចាំ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ប្រាប់​ថាវត្តមាន​របស់​សែន រ៉ាដេត ​គ្រាន់​តែ​​ក្នុង​ន័យ​ស្ទាប​ស្ទង់​ប៉ុណ្ណោះ ប៉ុន្តែ​​ក្រោយ​​កា​រប្រកួត​បាន​ល្អ ​កីឡាកររូប​នេះ នឹង​ទទួល​ឱកាស​​ឡើង​ប្រកួត​ជា​អន្តរជាតិ​បន្ត​ទៀត ​​ដើម្បី​ឲ្យ​មាន​កេរ្តិ៍​​ឈ្មោះ​​ខ្ទរ​ខ្ទារ​​ដូច​កីឡាករ​សែន រ៉ាឌី ជា​បង​បង្កើត​។

សែន រ៉ាដេត ទើប​​​ឡើង​ប្រកួត​បាន​១៨​លើក​ប៉ុណ្ណោះ ខណៈដែល​តួលេខ​ឈ្នះ​​ទើប​តែ​មាន​១១​ដង ​និង​ចាញ់​៧​ដង​។ ​សម្រាប់​កីឡាករ Phitphong Thang វិញ ​ធ្លាប់​​​ឆ្លង​កាត់​ការ​ប្រកួត​បាន​ដល់​២៧​ដង ឈ្នះ​២១​ដង ​និង​ចាញ់​៦​ដង ដែល​​ក្រៅ​ពី​នាំ​មុខខាង​បទ​ពិសោធន៍ ​ កម្រិត​ប្រកួត​ក៏​​​ល្អ​មិន​ធម្មតា​ផង​ដែរ។ ​មួយ​គូ​អន្តរជាតិ​ទៀត កីឡាករ​ផល សោភ័ណ្ឌ មិន​បាន​ឈ្នះ​ថៃ​ដូច​ការ​គ្រោង​ទុក​នោះ​ទេ ដោយ​សារ​តែ​​ភ្លាត់​ថែម​​លើ​កីឡាករ​ថៃ Thy Det ​បណ្ដាល​ឲ្យ​គូ​ប្រកួត​មាន​ឱកាស​ស៊ី​ឡាក់ ​តាម​រយៈការ​ដាក់​ពិន័យ​​​ឲ្យ​ចាញ់​ដោយ​​ស្វ័យ​ប្រវត្តិ​។ ​មុន​ឈាន​ដល់​ការ​កំណត់នេះ ​​អ្នក​រៀប​ចំ​កម្មវិធី និង​អ្នក​ផ្ដល់​ពិន្ទុ ​បាន​​​ចាក់​វីដេអូ​មើល​​ពី​កំហុស​ឆ្គង​របស់​​​បង្គោល​ក្រហម​ដដែល​ជាដដែល ហើយ​ដោយ​មើល​ឃើញ​ថា ផល សោភ័ណ្ឌ ពិត​ជា​ភ្លាត់​ថែម​មួយ​ជើងត្រូវលើ​​កីឡាករ​ថៃពិត​មែន ទើប​កំណត់​ឲ្យ​កីឡាករ​ Thy Det ឈ្នះ​ក្នុង​ទឹក​ទី​១​តែ​ម្ដង​ បន្ទាប់​ពី​កីឡាករ​ថៃ​​​​​ប្រើ​​ល្បិច​ស៊ីឡាក់​​ធ្វើ​សន្លប់​​។

នេះ​​ក៏​ជា​លើក​ទី​១​ដែល​ផល សោភ័ណ្ឌ ជាប់​ប្រវត្តិ​ចាញ់ថៃ ក្នុង​ចំណោម​៧លើកជា​មួយ​ជន​ជាតិ​​ថៃ​​៕

VOD
ដោយ៖​ វង្ស សុម៉ាលីន​ | ថ្ងៃចន្ទ ទី23 កុម្ភៈ 2015

No comments:

Post a Comment