Monday, February 23, 2015

មាស សុខសោភា ​គាំទ្រ​លោក​អាឡិច មិន​ពាក់​ព័ន្ធ​នយោបាយ​​

ទោះ​ជា​សារ​របស់​មាស សុខសោភា ​​​មាន​ន័យ​គាំទ្រ​​​ឲ្យ​លោកអាឡិច សកម្មជន​ការពារ​ព្រៃ​​ឈើ​​​នៅ​តំបន់​​អារ៉ែង ត្រូវ​គេ​មើល​ឃើញ​ថា​មាន​ន័យ​ប្រឆាំង​នឹងរាជរដ្ឋាភិបាល​ ក៏​អ្នក​នាំ​ពាក្យ​របស់​តារា​​ស្រី​រូប​នេះប្រាប់​ថា​ សារ​​​នោះ​មិន​ពាក់​ព័ន្ធ​​នយោបាយ​ឡើយ​។ ​​​សារ​របស់​នាង​មាន​ន័យ​​ពញាក់​អារម្មណ៍​មហាជន​យ៉ាង​ខ្លាំង ​ដើម្បី​ឲ្យ​អនុប្រធានអង្គការចលនាមាតាធម្មជាតិ​រូប​នេះ​ ទទួល​បាន​សិទ្ធិ​ជ្រក​កោណ​នៅ​កម្ពុជា​បន្ត​ទៀត ផ្ទុយ​នឹង​ការ​ទាម​ទារ​របស់​​រាជរដ្ឋាភិបាល​​​។

​​ក្នុង​អំឡុង​ខែ​កុម្ភៈ​នេះ​ ករណី​​លោក​ អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) ដែល​ជា​សកម្មជន​​ការ​ពារ​​​ព្រៃ​ឈើ​នៅ​តំបន់​​អារ៉ែង ​ត្រូវ​គេ​កត់​សម្គាល់​​​ថា​បាន​​ឡើង​កម្តៅ​កាន់តែ​ខ្លាំង បន្ទាប់​​​​រដ្ឋាភិបាលកម្ពុជា​សម្រេច​​មិន​បន្ត​ទិដ្ឋាការ​ឲ្យ​លោក​​ស្នាក់​នៅ​កម្ពុជា​ និង​​កំណត់​ឲ្យ​ចេញ​​ពី​​ប្រទេស​កម្ពុជា​ឲ្យ​ខាន​តែ​បាន​។ ​នៅ​លើ​បណ្ដាញ​ហ្វេសប៊ុក មាន​ការ​បញ្ចេញ​មតិ​ជំទាស់​​យ៉ាង​ផុល​ផុស តប​ទៅ​កាន់​ការ​សម្រេច​ចិត្ត​របស់​​រាជរដ្ឋាភិបាល​ បន្ថែម​ពី​លើ​ការ​​ដាក់​ញត្តិ​​ស្នើ​ឲ្យ​មាន​ការ​អន្តរាគមន៍​​​ពី​រដ្ឋសភា ​និង​ពី​​​ព្រះ​មហាក្សត្រ​ខ្មែរ​ដែល​បាន​ធ្វើ​ឡើង​។ ​ក្រៅ​ពី​មហាជន​ជា​សាមញ្ញជន កញ្ញា​មាស សុខសោភា ដែល​ជា​​តារា​ល្បី​ឈ្មោះ​មាន​ឥទ្ធិពល​ម្នាក់ បាន​ចេញ​មុខ​​គាំទ្រ​ឲ្យ​​លោក​បន្ត​រស់​នៅ​កម្ពុជា​បន្ត​ទៀត ដើម្បី​ឲ្យ​លោក​បាន​បន្ត​សកម្មភាព​ការពារ​​តំបន់​ព្រៃ​អារ៉ែង ដែល​​ប្រឈម​នឹង​ការ​បំផ្លាញ បើ​​មាន​​ការ​អភិវឌ្ឍន៍​ជា​​ទំនប់​វារីអគ្គីសនី​នៅ​តំបន់​នោះ​ដូច​ការ​​​គ្រោង​ទុក​។

នៅលើទំព័រហ្វេស​ប៊ុកផ្លូវការរបស់​មាស សុខសោភា នាង​បាន​​សរសេរ​ជា​ភាសា​អង់​គ្លេស​​ថា«Allex Thank you! Hopefully you stay in our kingdom forever!! Mother Nature Cambodia» ដែល​មាន​ន័យ​ថា «អរគុណ អាឡិច! សង្ឃឹមយ៉ាងមុតមាំថា អ្នក(អាឡិច) នឹងរស់នៅក្នុងរាជាណា​ចក្រ​របស់យើងជានិរន្ត​តទៅ»។


សារ​មួយ​ឃ្លា​​របស់​នាង បង្ហាញ​ឆន្ទៈ​យ៉ាង​ច្បាស់​ថា នាង​ជំទាស់​នឹង​ការ​សម្រេច​ចិត្ត​របស់​​រដ្ឋាភិបាល ដែល​ចង់​ឲ្យ​​​សកម្មជន​ព្រៃ​ឈើ​រូប​នេះ​​ចេញ​ឲ្យ​ផុត​ពី​កម្ពុជា​។ នេះ​ជា​សារ​រសើប​មួយ​ថ្មី​ ដែល​​​​មាន​ន័យ​​ប្រឆាំង​ចំពោះ​រាជរដ្ឋាភិបាល បន្ទាប់​ពី​កន្លង​មក​នាង​ក៏​​បានចេញ​មុខ​​ដាំ​ដុះ​ដើម​ឈើ​នៅ​តំបន់​​​ឱរ៉ាល់ ដែល​មាន​ចម្រូង​ចម្រាស​រវាង​ប្រជាសហគមន៍ និង​ ​​ក្រុម​ហ៊ុន​​ទទួល​សិទ្ធិ​អភិវឌ្ឍន៍ ​ធ្វើ​ឲ្យ​មាន​ការ​បារម្ភ​ពី​សុវត្ថិភាព​របស់​នាង​ម្ដង​ទៅ​ហើយ​។ ​​ទង្វើ​​ចុះ​ការពារ​ព្រៃ​ និង​សារ​​គាំទ្រ​លោក​អាឡិច​ចុង​ក្រោយ​នេះ ​មាន​មហាជន​ភាគ​ច្រើន​កត់​សម្គាល់​ថា​ មាស សុខសោភា ជា​តារា​ចម្រៀង​ល្បី​​លំដាប់​ប្រទេស​ទី​១ ដែល​ហ៊ាន​​បញ្ចេញ​​ទស្សនៈ​ផ្ទុយ​ពី​​ការ​សម្រេ​ច​ចិត្ត​​របស់​​រាជរដ្ឋាភិបាល ដែល​​ផ្ទុយ​ពីបរិបទ​​របស់​​តារា​​ល្បី​ភាគ​ច្រើន​នៅ​កម្ពុជា​។

​យ៉ាង​ណា​ក៏​ដោយ លោក​ មាស សុខ​រតនៈ បង​ប្រុស​របស់​នាង​ប្រាប់​ថា​​អ្វី​ដែល​នាង​ធ្វើ​ឡើង​មិន​មែន​ជា​​រឿង​នយោបាយ​ ឬ​ដើម្បី​គាំទ្រ​គណបក្ស​ណា​​​​មួយ​នោះ​ទេ ពោល​គឺ​ជា​​គ្រាន់​តែ​ជា​​ការ​យល់​ឃើញ​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ​។ លោក​និយាយ​ថា អ្វី​ដែល​មាស សុខសោភាធ្វើ ​​​ទាំង​ការ​ចុះ​ដាំ​​ដើម​ឈើ ទាំង​ការ​​ចុះ​បំបួស​ដើម​ឈើ បូក​រួម​ទាំង​ការ​បង្ហោះ​សារ​ចុង​ក្រោយ​នេះ​ មិន​មាន​ន័យ​ប្រឆាំង​ចំពោះ​​រាជរដ្ឋាភិបាល​នោះ​ទេ ប៉ុន្តែ​​​​​ត្រឹម​តែ​មាន​ន័យ​ឆ្លុះ​បញ្ចាំង​ពី​​ទស្សនៈ​ក្នុង​នាម​ជា​ពលរដ្ឋ​ម្នាក់​។ លោក​និយាយ​ថា«​ខ្ញុំ​មិន​ទាន់​ដឹង​ថា​ប្អូន​ខ្ញុំ​សរសេរ​សារ​​អ្វី​ខ្លះ​ទាក់​ទង​នឹង​លោក​អាឡិច​ហ្នឹង​ទេ ប៉ុន្តែ​ពួក​ខ្ញុំ​អត់​មាន​​​​ពេល​គិត​រឿង​នយោបាយ​​ទេ ​ខ្ញុំ​មិន​ទាន់​ដឹង​ថា​អាភា​គាំទ្រ​អាឡិច​ហ្នឹង​ដើម្បី​អ្វី​ដែរ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​អះ​អាង​ថា ប្អូន​ខ្ញុំ​ធ្វើ​អ្វី​មិន​មាន​ពាក់​ព័ន្ធ​​រឿង​​​នយោបាយ ឬ​​​ប្រឆាំង​អ្នក​ណា​អី​ទេ​!»។ ​​​

មាស សុខសោភា ​បាន​បិទ​ទូរស័ព្ទ​ បន្ទាប់​ពី​បាន​បង្ហោះ​សារ ហើយ​មាន​ការ​ចែក​ចាយ​ទូលំទូលាយ​ពេញ​បណ្ដាញ​ហ្វេសប៊ុក កាល​ពី​ថ្ងៃ​ម្សិល​មិញ។ ប៉ុន្តែ​យោង​តាម​ការ​បញ្ជាក់​ក្នុង​​វេទិកា​​ថត​បទ​ចម្រៀង​របស់​ផលិតកម្ម​រ៉ៃ​​មាសកាល​ពី​ដើម​ខែ​កុម្ភៈ នាង​អាង​ថា អ្វី​ដែល​នាង​​​ធ្វើ​ឡើង​មិន​មាន​​ទំនោរ​ទៅ​រក​គណបក្ស​ប្រឆាំង ​ឬ​ប្រឆាំង​ចំពោះ​អ្នក​ណា​នោះ​ទេ ​​សំខាន់​គឺ​គ្រាន់​តែ​មាន​បំណង​​​ជួយ​សង្គមប៉ុណ្ណោះ​។ នាង​បាន​និយាយ​កាលពីពេលនោះ​ថា «​សម្រាប់​ខ្ញុំ​​អ្វី​ដែល​អាច​ជួយ​សង្គម​បាន ខ្ញុំ​នឹង​លូក​ដៃ ​ចំណែក​រឿង​​គណ​បក្សខ្ញុំ​អត់​ពាក់​ព័ន្ធ​ទេ​!»។​

មួយ​រយៈចុង​ក្រោយ​​នេះ​ មាស សុខសោភា ទទួល​បាន​​ការ​ចាប់​អារម្មណ៍​​​ពី​​​​មហាជន​ភាគ​ច្រើន​​ ​ជា​មួយ​ការ​​ចេញ​មុខ​​ការពារ​ព្រៃ​ឈើ​​នៅ​តំបន់​ឱកាស ​​​ដោយ​បាន​ចូល​រួម​ជា​មួយ​ប្រជាសហគមន៍​ប្រឆាំង​​នឹង​​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​ ​ដែល​ទទួល​បាន​​ដី​សប្បទាន​ពី​​​រាជរដ្ឋាភិបាល​។ ​ ​​ទង្វើ​ និង​សារ​ចុង​ក្រោយ​របស់​នាង​ត្រូវ​​គេ​មើល​ឃើញ​ថា ​លេច​ចេញ​ទឹក​ចិត្ត​ស្នេហា​ជាតិ​គួរ​ឲ្យ​សរសើរ​ ប៉ុន្តែ​ក៏​ស្ថិត​ក្នុង​គំរាម​កំហែង​ចំពោះ​អាជីព និងសុវត្ថិភាព​ដូច​គំរូ​​សកម្មជន​​​ព្រៃ​ឈើ​មួយ​ចំនួន​ផងដែរ ដោយ​សារ​តែ​នាង​គឺ​ជា​​តារា​ល្បី​​ដែល​មាន​​ឥទ្ធិពល​ខ្លាំង​ក្លា​​ម្នាក់​​​ក្នុង​ការ​​ពញាក់​ស្មារតី​​​មហាជន។

មាស សុខ​សោភា និង​​បង​ប្រុស​បាន​ស្នើ​កុំ​ឲ្យ​​យក​នាង​ទៅ​​លាយ​ឡំ​នឹង​គណបក្ស​ប្រឆាំង និង​កុំ​ឲ្យ​​​យក​នាង​ទៅ​លាប​ពណ៌​​​ថា​មាន​បំណង​​ប្រឆាំង​រាជរដ្ឋាភិបាល។ ​មក​ទល់​ពេល​នេះ លោក អាឡិច ត្រូវ​ចោទ​ថា​បាន​​​រារាំង​ ​និង​ញុះញង់ ​​​បង្ក​ផល​វិបាក​​ក្នុង​ការ​​ចុះ​សិក្សា​​តំបន់​​សាង​សង់​ទំនប់​​​​វារីអគ្គីសនី​នៅ​អារ៉ែង ទើប​​​មិន​អនុញ្ញាត​ឲ្យ​បន្ត​ទិដ្ឋាការ​រស់​នៅ​នៅ​កម្ពុជា​បន្ត​ទៀត៕ ​

VOD
ដោយ៖​ វង្ស សុម៉ាលីន​ | ថ្ងៃចន្ទ ទី23 កុម្ភៈ 2015

No comments:

Post a Comment