Wednesday, February 18, 2015

​ក្រុម​យុវជន​កម្ពុជាប្តេជ្ញា​ការពារ​តំបន់​អា​រ៉ែ​ង ទោះបី​លោក​អា​ឡិច​ត្រូវ​បាន​បណ្តេញចេញ​​

លោក កែម ឡី ថ្លែង​នៅ​ក្នុង​​សន្និសីទ​ស្តីសារព័ត៌មាននា​ព្រឹក​ថ្ងៃ​ពុធ​នេះ
(រូបភាព៖ ឡាយ សាមាន)
បណ្តាញ​យុវជន​កម្ពុជា​ដែល​ធ្វើការ​ផ្តោតលើ​ការការពារ​ព្រៃឈើ ប្តេជ្ញា​ការពារ​ព្រៃឈើ​នៅ​តំបន់​អា​រ៉ែ​ង បើ​ទោះ​ជា​រដ្ឋាភិបាល បដិសេធ​មិន​បន្ត​ទិដ្ឋាការ​ជូន​លោក អា​ឡិច ឲ្យ​រស់​នៅ​កម្ពុជា​ទៀត​ក៏ដោយ​។​

​ការបញ្ជាក់​ជំហរ​នេះ ធ្វើឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដី​ពីករណី​ក្រសួង​មហាផ្ទៃ​បដិសេធ​មិន​ផ្តល់​ទិដ្ឋាការ​ឲ្យ​លោកអា​ឡិច សកម្មជន​ការពារ​ព្រៃឈើ​នៅ​តំបន់​អា​រ៉ែ​ង ជា​ជនជាតិ​បរទេស នៅ​ថ្ងៃ​ទី ១៨ ខែ​កុម្ភៈ នៅ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​។​

​តំណាង​ក្រុមយុវជន​ខ្មែរ​មហានគ​រលោក សន ចាន់​ដា​រ៉ា មានប្រសាសន៍ថា កន្លង​មក​អា​ឡិច​បាន​បណ្តុះ​យុ​វជ​ខ្មែរ​ឲ្យ​ចេះ​ស្រឡាញ់​បរិស្ថាន និង​ធម្មជាតិ ជាពិសេស​នៅ​តំបន់​អា​រ៉ែ​ង​។ លោក​បន្តថា បើ​ទោះ​ជា​រដ្ឋាភិបាល​បណ្តេញ​លោក​អា​ឡិច​ចេញពី​កម្ពុជា ក្រុមយុវជន​របស់លោក​នៅតែ​បន្ត​សកម្មភាព​ក្នុង​ការការពារ​តំបន់​អា​រ៉ែ​ង​ដដែល​។

​នាយក​ប្រតិបត្តិ​នៃ​សហព័ន្ធ​និស្សិត​កម្ពុជា លោក​ទឹប ទាវ មានប្រសាសន៍ថា ទោះបី​លោក​អា​ឡិច​មិន​មាន​វត្តមាន​នៅ​កម្ពុជា ក្រុមយុវជន​របស់លោក នឹង​នៅតែ​បណ្តុះ​គំនិត​ប្រជា​ពលរដ្ឋ​ខ្មែរ និង​ជំរុញ​ឲ្យ​យុវជន​ការពារ​តំបន់​អា​រ៉ែ​ង​បន្ថែមទៀត តាម​មធ្យោបាយ​ផ្សេងៗ​។ តែ​លោក​បញ្ជាក់ថា អា​ឡិច នៅតែ​បន្សល់ទុក​នូវ​កេរ្តិ៍ឈ្មោះ ជា​ពិសេស​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​យល់ដឹង​ច្រើន​ពី​តំបន់​អា​រ៉ែ​ង​។

​អ្នក​ស្រាវជ្រាវ​ពី​ការអភិវឌ្ឍន៍​សង្គម និង​ជា​ស្ថាបនិក​បណ្ដាញ​ខ្មែរ​ដើម្បី​ខ្មែរ លោក កែម ឡី យល់ថា ការ​មិន​បន្ត​ទិដ្ឋាការ​ដល់​ជនជាតិ​បរទេស​មួយ​នេះ ហាក់បីដូច​ជា​រដ្ឋាភិបាល​ប្រឆាំង​នឹង​សកម្មជន​ការពារ​បរិស្ថាន និង​ការ​គាំពារ​ធនធានធម្មជាតិ ដែល​ធ្វើឲ្យ​កម្ពុជា​មិន​មាន​ផលចំណេញ​ឡើយ​។ ទោះជា​យ៉ាងណា​លោក យល់ថា លោក​អា​ឡិច បាន​បណ្តុះ​នូវ​ស្មារតី​ឲ្យ​យុវជន​ស្រឡាញ់​ធម្មជាតិ​រួចទៅហើយ ហើយ​រដ្ឋាភិបាល​គួរ​ផ្តល់​សញ្ជាតិ​ខែ្មរ ឬ​ផ្តល់​គោរមងារ​ជូន​លោក​អា​ឡិច​ដែល​ខំ​ការពារ​បរិស្ថាន​។

​បន្ទាប់​ពី​នាយកដ្ឋាន​អន្តោប្រវេសន៍​មិន​បន្ត​ផ្តល់​ទិ​ដ្ឋការ​ជូន​លោក​អា​ឡិច អង្គការ​សង្គម​ស៊ីវិល​ជាច្រើ​នៅ​កម្ពុជា បានចេញ​សេចក្តីថ្លែងការណ៍​រួម បង្ហាញ​ពី​ការសោកស្តាយ​ចំពោះ​ចំណាត់ការ​របស់​រដ្ឋាភិបាល​។​

​ប្រធាន​ចលនា​មាតា​ធម្មជាតិ​លោក អា​ឡិច ជា​ជនជាតិ​អេ​ស្ប៉ា​ញ ដែល​បាន​មក​រស់នៅ​លើ​ទឹកដី​កម្ពុជា​នេះ​ជាង​១០ឆ្នាំ​មកហើយ និង​ចេះ​និយាយ​ភាសា​ខ្មែរ​បាន​យ៉ាង​ច្បាស់លាស់ ព្រមទាំង​បាន​បង្កើត​សមាគម​ការពារ​ព្រៃឈើ​មួយ​ឈ្មោះថា មាតា​ធម្មជាតិ ដែល​មាន​សមាជិក​ភាគច្រើន​ជា​ជនជាតិដើម​ភាគតិច​នៅ​តំបន់​អា​រ៉ែ​ង​។ តែ​ថ្មីៗ​នេះ នាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ​បដិសេធ​ផ្តល់​ទិដ្ឋា​ការ​ជូន​លោក ដោយ​អះអាង​ថា ជន​បរទេស​មួយ​នេះ​រារាំង​ដល់​ការ​អភិវឌ្ឍ​ប្រទេសជាតិ​។ ទិដ្ឋាការ​របស់​លោក​នឹង​ត្រូវ​ផុតកំណត់​នៅ​ថ្ងៃទី​២០ ខែ​កុម្ភៈ ខាងមុខនេះ ៕

VOD
ដោយ៖​ ឡាយ សា​មាន​​ | ថ្ងៃពុធ ទី18 កុម្ភៈ 2015, 12:06 PM​

No comments:

Post a Comment