តំណាងរាស្ត្រមួយរូបមកពីគណបក្សសង្គ្រោះជាតិនៅមណ្ឌលខេត្តកំពង់ធំ ស្នើឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអន្តរាគមន៍ជម្លោះដីធ្លីជូនប្រជាពលរដ្ឋចំនួន៦ភូមិ ក្នុងឃុំចំណាលើ ស្រុក ស្ទោង ខេត្តកំពង់ធំ ដែលមានជម្លោះជាមួយអាជ្ញាធរមូលដ្ឋាននៃខេត្តនេះ ។
លិខិតអន្តរាគមន៍របស់តំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិលោក ម៉ែន សុថាវរិន្ទ្រ ផ្ញើជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង តាមរយៈប្រធានរដ្ឋសភាលោក ហេង សំរិន ចុះថ្ងៃទី១៣ ខែកុម្ភៈ បានលើកឡើងថា តំណាងប្រជាពលរដ្ឋចំនួន៦ភូមិ នៅឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ បានដាក់ពាក្យបណ្តឹង និងស្នើសុំអន្តរាគមន៍ដោយផ្ទាល់ពីលោក ឲ្យធ្វើអន្តរាគមន៍ជម្លោះដីធ្លីរបស់ពួកគេជាមួយអាជ្ញាធរមូលដ្ឋាន ។
លិខិតដដែលនេះបានចោទអាជ្ញាធរមូលដ្ឋានមួយចំនួនថា បានឃុបឃិតគ្នាជាប្រព័ន្ធ បន្លំលិខិតស្នាម និងគំរាមកំហែងដើម្បី រឹបអូសយកដីស្រែរបស់ប្រជាពលរដ្ឋចំនួន៧៧០ហិកតាទៅលក់ឲ្យឈ្មួញ ។ អាជ្ញាធរដែលរងការចោទប្រកាន់ទាំងនោះរួមមាន នាយករដ្ឋបាលខេត្តកំពង់ធំ លោក ឡង គីសឹង នាយកទីចាត់ការអន្តរវិស័យខេត្ត លោក លី គឹមពាវ មេឃុំចំណាលើ លោក ឡុច ប៊ុនធត និងសមាជិកក្រុមប្រឹក្សាឃុំចំណាលើ លោក ខាត់ ភាច ។
ជុំវិញការចោទប្រកាន់នេះ មេឃុំចំណាលើលោក ឡុច ប៊ុនធត បានបកស្រាយថា មន្ត្រីឃុំបានខិតខំទាក់ទងក្រុមហ៊ុនឯកជន ដើម្បីធ្វើការអភិវឌ្ឍន៍នៅតំបន់មានទំនាស់នោះ ដោយជីកអាងស្តុកទឹកទុកសម្រាប់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ធ្វើស្រែនៅរដូវប្រាំង ។ លោកអះអាងថា ដីដែលក្រុមហ៊ុនបានជីកអាងស្តុកទុកនោះ ប្រជាពលរដ្ឋបានបោះបង់ចោលយូរណាស់ហើយ ។
លិខិតអន្តរាគមន៍ដដែលបានស្នើឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ចាត់វិធានការឲ្យមានប្រសិទ្ធភាព ដើម្បីឲ្យមានដំណោះស្រាយបញ្ហាទំនាស់ដីធ្លីជូនប្រជាពលរដ្ឋនៅឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ ៕
VOD
ដោយ៖ ឡាយ សាមាន | ថ្ងៃអង្គារ ទី17 កុម្ភៈ 2015, 05:18 PM
No comments:
Post a Comment