Tuesday, February 17, 2015

​លោក​ ហ៊ុន សែន ជំរុញឲ្យឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមចាត់​វិធានការលើសំណុំរឿងដោះលែងឪពុកម្ដាយឧកញ៉ា​ថោង សារ៉ាត់​​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ជា​លើក​ទី​១ អំពាវនាវ​ដល់​ឧត្តមក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម ឲ្យ​ចាត់វិធានការ​ជាបន្ទាន់​លើ​សំណុំរឿង​ឪពុក​ម្តាយ​ឧកញ៉ា ថោង សារ៉ាត់ ករណី​តុលាការ​ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ទាំង​មាន​ភាពមិនប្រក្រតី ។​

​ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​សិស្ស​និស្សិត​សាកលវិទ្យាល័យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី ១៧ ខែ​កុម្ភៈ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា តុលាការ​ត្រូវ​តែ​ចាត់វិធានការ​លើ​ករណី​ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ​នានា ដែល​កើតមាន​កន្លង​មក ជា​ពិសេស​ពាក់ព័ន្ធ​នឹង​ករណី​បទឧក្រិដ្ឋ​រឿង​ឃាតកម្ម​ទៅលើ​ឧកញ៉ា អ៊ឹង ម៉េង​ជឺ និង​ករណី​ដោះលែង​ឪពុក​ម្តាយ​ឧកញ៉ា ថោង សារ៉ាត់ ។ លោក​អំពាវនាវ​ដល់​ឧត្តមក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម ឲ្យធ្វើ​សវនកម្ម​អធិការកិច្ច​ជាបន្ទាន់​លើ​សំណុំរឿង​មួយ​នេះ ដើម្បី​ស្វែងរក​យុត្តិធម៌ ។

លោក​មាន​ប្រសាសន៍ថា «រដ្ឋាភិបាលបាន​ប្រឹង​ដុត​ដៃ​ដុត​ជើង បញ្ជា​កម្លាំ​ង​ដើម្បី​តាម​រក​ឃាតក​សម្លាប់​ឧកញ៉ា​ អ៊ឹង​ ម៉េងជឺ ។ ទី​ចុង​បំផុត​យើង​សម្រេច​ចាប់បាន​​នូវ​មួយ​សំបុក ។ រឿង​ដែល​មិន​យល់​គឺ​នៅ​ត្រង់​ថា ឲ្យ​ឪពុក​ម្តាយ​មេខ្លោង​ឃាតក​ ដែល​បញ្ហា​ឃាតក ដែល​ជាប់​ពិរុទ្ធ​ភាព​លើ​បទចោទ​នេះឲ្យ​នៅក្រៅ​ឃុំ ហើយ​អានៅ​ក្រៅ​ឃុំ​នេះ បើ​ធ្វើ​ត្រូវ​នីតិវិធី​វា​មិនអីទេ ប៉ុន្តែ​វា​ខុស​នីតិវិធីទៅទៀត​​» ។

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ច្រានចោល​ផងដែរ​នូវ​ព័ត៌មាន​មួយ​ចំនួន​ដែល​បាន​លើកឡើង​ថា ការដោះលែង​ឪពុកម្តាយ​ឧកញ៉ា ថោង សារ៉ាត់ មាន​លោក​នៅ​ពីក្រោយ​ខ្នង ។​

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ យល់​ថា​តុលាការ​គួរតែ​ធ្វើការ​ដោយ​ឯករាជ្យ មិន​មាន​សម្ពាធ​ពី​អ្នកមានអំណាច និង​កុំ​យក​រឿង​នយោបាយ​មក​ពាក់ព័ន្ធ ។ លោក​បន្ថែមថា ប្រសិនបើ​តុលាការ​ស៊ើបអង្កេត​រក​ឃើញ​ភស្តុតាង​ពិតប្រាកដ គួរ​ធ្វើ​ទៅ​តាម​ច្បាប់ ។ លោក​បញ្ជាក់​ថា «ខ្ញុំ​គ្រាន់​តែ​ចង់​ផ្តល់​យោបល់​ថា ការ​ស៊ើប​អង្កេ​ត​ត្រូវ​ធ្វើ​ឲ្យ​ភាពឯករាជ្យ​ ហើយ​បើ​ជន​ល្មើសហ្នឹង​ធ្វើ​ខុស​​ពិត​ប្រាកដ​មែន​ នោះយើង​ត្រូវ​គោរព​ច្បាប់​ឲ្យ​បាន​ត្រឹម​ត្រូវ​​ សុំ​ឲ្យ​មាន​រឿង​នយោបាយ​ កុំ​ឲ្យ​មាន​រឿង​អ្វី​ៗ​ផ្សេងទៀត​ ផលប្រយោជន៍​ក្រុម​នេះ ផល​ប្រយោជន៍ក្រុម​នោះ យក​ទៅ​ធ្វើ​ជា​មូល​ដ្ឋាន​ក្នុង​កាត់​សេចក្តី​» ។

​ប្រធាន​ក្រុម​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី ចរិយា យល់​ថា​ការអំពាវនាវ​នេះ​មិនមែន​ជា​ច្បាប់​ទេ គ្រាន់តែ​ជា​ការលើកឡើង​ប៉ុណ្ណោះ ។ លោក​ថា​អ្វី​ដែល​សំខាន់ តុលាការ​ត្រូវ​តែ​អនុវត្ត​ច្បាប់​ទាំងអស់គ្នា​ឲ្យមាន​ប្រសិទ្ធភាព ។ ទោះជា​យ៉ាងណា លោក​បន្តថា​ការអំពាវនាវ​នេះ បង្ហាញឲ្យឃើញថា តុលាការ​ចំណុះ​អ្នកមានអំណាច មិន​ស្ថិត​នៅ​ឯករាជ្យ ដោយ​ធ្វើការ​តាមតែ​អ្នកមានអំណាច​ប៉ុណ្ណោះ ។ លោកថា «ខ្ញុំ​យល់​ថា នេះ​ជា​ការ​ទទួល​ស្គាល់​ថា តុលាការ​កម្ពុជា​ជា​តុលាការ​មួយដែល​ចំណុះ​ទៅ​លើអ្នក​មាន​អំណាច​ ឥឡូវ​យើង​គួរ​តែ​ពិនិត្យ​មើលថា នៅ​ពេលដែលនាយ​ក​រដ្ឋមន្ត្រី​និយាយ​ បាន​តុលាការ​នោះ​កម្រើក​ទៅ បាន​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គចៅ​ក្រុម​ហ្នឹង​កម្រើកទៅ ។ វាបង្ហាញ​ថា តុលាការ​ដែល​ស្ថិត​នៅក្រោម​អំណាច​បុគ្គល អំណាច​នាយក​រដ្ឋមន្ត្រី អ៊ីចឹង​គឺជាតុលាការ​មួយ​ដែល​មិន​អាចធានា​បាន​នូវ​ការ​រក​យុត្តិធម៌​​ឲ្យ​ប្រជាជន​ទូទៅទេ​» ។

​ការអំពាវនាវ​របស់​លោកនាយក​រដ្ឋមន្ត្រី ធ្វើឡើង​បន្ទាប់​ពីចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក លី សុខឡេង ស​ម្រេច​ឲ្យ​ឪពុក​ម្តាយ​ឧកញ៉ា ថោង សារ៉ាត់ នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​កាលពី​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ ។ ប៉ុន្តែ​កាលពី​ម្សិលមិញ តុលាការ​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាំ​ខ្លួន​ឪពុក​ម្តាយ​ឧកញ៉ា ថោង សារ៉ាត់ ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​ឡើងវិញ បន្ទាប់ពី​រកឃើញ​ថា ជនសង្ស័យ​ទាំង​ពីរ​នាក់​នោះ​ព្យាយាម​រត់គេច​ទៅ​លាក់ខ្លួន​នៅ​ប្រទេស​វៀតណាម រំលោភ​លើ​សេចក្តីសម្រេច​ឲ្យនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ។​

​អ្នកស្រី កែវ សារី និង​លោក ថោង ចំរើន ឪពុក​ម្តាយ​ឧកញ៉ា ថោង សារ៉ាត់ ឧត្តមសេនីយ៍ទោនៃ​កង​យុទ្ធ​ពល​ខេមរភូមិន្ទ មាន​កំណើត​ជា​ជនជាតិ​វៀតណាម និង​ជា​ថៅកែ​បុរី​៩៩៩​នេះ ត្រូវ​តុលាការ​បញ្ជា​ឲ្យ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​ម្តង​ហើយ កាលពី​ចុងឆ្នាំ​២០១៤ ចោទ​ពី​បទ​រក្សា និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់ បន្ទាប់ពី​សមត្ថកិច្ច​ឆែកឆេរ រកឃើញ​អាវុធ​វែង​ខ្លី​ច្រើន​ដើម ក្រោយពី​លោក​ឧកញ៉ា ថោង សារ៉ាត់ រង​ការ​ចោទថា ជា​មេគំនិត​រៀបចំ​គម្រោង​សម្លាប់​ឧកញ៉ា អ៊ឹង ម៉េង​ជឺ កាលពី​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤ ៕

VOD
ដោយ៖​ ឡាយ សាមាន​ | ថ្ងៃអង្គារ ទី17 កុម្ភៈ 2015, 12:14 PM​

No comments:

Post a Comment