Tuesday, February 17, 2015

លោក អេឡិចសង់ដ្រូ សម្រេចថា នឹងមិនចេញពី ប្រទេសកម្ពុជា មួយរយៈ តាមការបង្គាប់ របស់ក្រសួង មហាផ្ទៃ នោះទេ

លោក​ Alex Gonzalez Davidson​ សកម្មជន​ការពារ
ធនធាន​ធម្មជាតិនៅ​តំបន់​អារ៉ែង
(រូបថតពី៖ Facebook)
ភ្នំពេញ៖ លោក អេឡិចសង់ដ្រូ (Alejandro Gonzalez Davidson) ប្រធានអង្គការមាតាធម្មជាតិ ដែលជាសកម្មជនការពារបរិស្ថាន នៅតំបន់អារ៉ែង បានឱ្យដឹង នៅល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៥នេះថា លោកនឹងមិនចេញពីប្រទេសកម្ពុជា មួយរយៈ តាមការបង្គាប់ជាថ្មី របស់ក្រសួងមហាផ្ទៃនោះទេ។

ការបញ្ជាក់ជំហរនេះ បានធ្វើឡើងបន្ទាប់ពី អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានថ្លែងប្រាប់សារព័ត៌មានថា ក្រសួងមហាផ្ទៃ បានសម្រេចជាថ្មី ឱ្យលោកអេឡិចសង់ដ្រូ ចាកចេញពី ប្រទេសកម្ពុជា មួយរយៈ ដើម្បីឱ្យស្ថានការណ៍ ស្ងប់ស្ងាត់ ហើយថា បន្ទាប់ពីនោះ លោកអេឡិច ក៏អាចស្នើសុំវីសា (VISA) វិលត្រឡប់ ចូលប្រទេសកម្ពុជាវិញ ជាធម្មតា ដូចទៅនឹង ជនបរទេសដទៃទៀតដែរ។

លោក អេឡិចសង់ដ្រូ បាននិយាយថា «ខ្ញុំអត់បានធ្វើអ្វីខុស ហើយក៏ខ្ញុំអត់មានប្រព្រឹត្តបទល្មើស ឬក៏បិទបាំងអ្វីមួយ ដែលគួរឱ្យខ្លាច គួរឱ្យគេចពី ប្រទេសកម្ពុជានោះទេ គឺខ្ញុំ(ស្នាក់)នៅដដែលទេ បើសិនជាគេ មាននីតិវិធីណាមួយនោះ ជារឿងរបស់គេ»។

លោកបានបន្ថែមថា ឯកសាររបស់លោក បានដាក់ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ កាលពីជាងពីសប្តាហ៍មុន ដើម្បីសុំបន្តផ្តល់ទិដ្ឋាការ រស់នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែពេលនេះ សមត្ថកិច្ចជំនាញ មិនទាន់បានផ្តល់ជូននោះទេ ។ ចំណែកឯទិដ្ឋាការចាស់ នឹងផុតកំណត់នៅថ្ងៃទី២០ ខែកុម្ភៈខាងមុខនេះ ហើយថ្ងៃបន្ទាប់ពីនោះ លោកនឹងក្លាយជា ជនអន្តោប្រវេសន៍ខុសច្បាប់ ប៉ុប៉ុន្តែទោះជាយ៉ាងណា បើសិនជាមានសមត្ថកិច្ច ចាប់ខ្លួន លោកនឹងមិនតដៃនោះទេ។ លោកថា «អត់ចេញទេ បើសិនជាមានប៉ូលិស១០-២០នាក់ មកព័ទ្ធ មកចាប់ខ្ញុំ ចលនាមាតាធម្មជាតិ នឹងមិនតដៃនោះទេ ព្រោះយើងប្រកាន់នូវវប្បធម៌អហិង្សា១០០ភាគរយ»។

លោក Alejandro Gonzalez Davidson ជាជនជាតិអេស្ប៉ាញ ដែលជាប្រធានអង្គការមាតាធម្មតា បានមករស់នៅក្នុងប្រទេសកម្ពុជា ជាង១០ឆ្នាំមកហើយ ដោយបាន ធ្វើសកម្មភាពការពារ បរិស្ថានធម្មជាតិ នៅតំបន់អារ៉ែង ។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោកបានធ្វើយុទ្ធនាការជាបន្តបន្ទាប់ ប្រឆាំងចំពោះគម្រោងវិនិយោគលើ វារីអគ្គិសនី នៅតំបន់ អារ៉ែង ខេត្តកោះកុង ដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងសិក្សាពីផលប៉ះពាល់ នាពេលបច្ចុប្បន្ននេះ៕

ដើម​អំពិល
Tuesday, 17 February 2015 19:11 ដោយ ៖ ដើមអម្ពិល ID-014

No comments:

Post a Comment