បថតពីបណ្តាញសង្គមហ្វេសប៊ុក |
លោកអាឡិចត្រូវបានចាប់ខ្លួននៅភោជនីយដ្ឋានមួយក្បែរផ្សាររាត្រី រាជធានីភ្នំពេញ នៅថ្ងៃចន្ទនេះ វេលាម៉ោងជាង១រសៀល។
លោកអាឡិច បានផ្ញើសារSMSនៅម៉ោងប្រមាណ៤និង៤០នាទីក្រោយការចាប់ខ្លួនថាលោកនឹងត្រូវបញ្ជូនចេញពីកម្ពុជានៅពេលនេះ។
លោក សំ សុផល មន្រ្តីអង្គការសហប្រជាជាតិដែលបានចូលជួបមន្រ្តីអន្តោប្រវេសន៍កម្ពុជានៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មានប្រសាសន៍យ៉ាងខ្លីថាលោកអាឡិចនឹងត្រូវបញ្ជូនទៅយប់ថ្ងៃចន្ទនេះ តែមិនអាចបញ្ជាក់ពេលវេលាជាក់លាក់នោះទេ។
VOD មិនទាន់អាចទាក់ទងមន្ត្រីនាយកដ្ឋានជនបរទេសមិនអន្តោប្រវេសន៍ លោក សុខ វាសនា និងអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ដើម្បីសុំអត្ថាធិប្បាយភ្លាមៗលើគម្រោងបញ្ជូនលោកអាឡិចចេញពីកម្ពុជាបាននៅឡើយទេ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់VODក្រោយពីការចាប់ខ្លួនលោកអាឡិចថាអាជ្ញាធរកម្ពុជាបានប្រើប្រាស់វិធានការត្រជាក់អស់ពីសមត្ថភាព ដើម្បីឲ្យលោកអាឡិច ចាកចេញពីកម្ពុជាមួយរយៈសិន ប៉ុន្តែលោកថាវិធីសាស្ដ្រនេះនៅតែមិនទទួលបានទទួលជោគជ័យ។ លោកបន្ដថាបើវិធីនេះអស់ជម្រើស គឺមានតែប្រើច្បាប់ខ្មែរតែម្ដង ដើម្បីបណ្ដេញចេញ ហើយអ្នកដែលត្រូវបណ្ដេញចេញនឹងត្រូវបានចាត់ចូលក្នុងបញ្ជីខ្មៅ ហើយនឹងមិនអាចអនុញ្ញាតឲ្យចូលក្នុងប្រទេសកម្ពុជាវិញឡើយ។ លោក ខៀវ សុភ័គ មានប្រសាសន៍ថា«យើងបានប្រើប្រាស់អស់ហើយវិធានការតាមការត្រជាក់ វិធានការត្រជាក់នោះគឺថាយើងបានប្រាប់គាត់ឲ្យចេញទៅម្តងហើយ ទៅហើយមកវិញមក គាត់និយាយមែនទែនទៅគាត់ប្រហែលជាស្ដាប់ខ្មែរមិនបាន ក្រែងលោគាត់ជាជនជាតិបរទេសស្ដាប់គ្នាមិនបានអញ្ចឹងទៅ យើងក៏សុំឲ្យទូតអេស្ប៉ាញនិយាយអេស្ប៉ាញជាមួយគាត់ ភាសាអេស្ប៉ាញជាភាសាកំណើតរបស់គាត់ ទូតក៏ប្រាប់ដែរ អាឡិចអើយចេញទៅ ជាភាសាអេស្ប៉ាញនោះណា ហើយគាត់នៅតែស្ដាប់ភាសាអេស្ប៉ាញមិនបានទៀត ដល់អញ្ចឹងមានតែធ្វើច្បាប់កម្ពុជា។ យើងមិនចាំអីឈឺក្បាលជាមួយមនុស្សម្នាក់នោះទេ តាមច្បាប់នេះបណ្ដេញចេញហើយចូលក្នុងបញ្ជីខ្មៅ ចូលមកកម្ពុជាវិញលែងបាន»។
ការចាប់ខ្លួនសកម្មជនរូបនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃចន្ទនេះ ប្រតិកម្មនឹងអ្នករិះគន់រដ្ឋាភិបាលដែលមិនបានពន្យារទិដ្ឋាការដល់សកម្មជនការពារព្រៃឈើនៅតំបន់អារ៉ែង លោក លោក អាឡិច ឲ្យបន្តរស់នៅប្រទេសកម្ពុជាបន្តទៀត។ លោកបញ្ជាក់ថា« គេសុខចិត្តឲ្យនៅរហូតដល់អស់ទិដ្ឋាការ។ អញ្ចឹងយើងចេញទៅសិនទៅ រួចហើយចាំសុំត្រឡប់មកវិញ វាទាស់ខុសអី។ ចាំបាចប់ង្កើតស្ថានភាពនេះ(ឲ្យកាន់តែអាក្រក់)។ តែគេបណ្តេញចេញហើយ វាត្រូវចូលក្នុងបញ្ជីខ្មៅ។ វាចប់ហើយ។ អាហ្នឹងហើយគេថាចង់ជ្រុល…»។
លោក ស៊ីម សំណាង សមាជិកមាតាធម្មជាតិ មានប្រសាសន៍ថាការចាប់ខ្លួនលោកអាឡិចនេះ ជារឿងមិនគប្បី និងអាក្រក់មួយសម្រាប់រដ្ឋាភិបាលកម្ពុជា។ លោកបន្តថាលោកអាឡិចមិនបានប្រព្រឹត្តខុសដូចការចោទប្រកាន់នោះទេ ហើយលោកអាឡិចបានជួយប្រទេសកម្ពុជាទៅវិញនោះទេ។
លោក អាឡិច ជាជនជាតិអេស្ប៉ាញដែលបានមករស់នៅលើទឹកដីកម្ពុជានេះជាង១០ឆ្នាំមកហើយ និងចេះនិយាយភាសាខ្មែរបានយ៉ាងច្បាស់លាស់ ព្រមទាំងបានបង្កើតសមាគមការពារព្រៃឈើមួយឈ្មោះថា មាតាធម្មជាតិ ដែលមានសមាជិកភាគច្រើនជាជនជាតិដើមភាគតិចនៅតំបន់អារ៉ែង។ ទិដ្ឋាការរបស់លោកអាឡិច បានផុតកំណត់កាលពីថ្ងៃទី២០ខែកុម្ភៈ ឆ្នាំ២០១៥៕
VOD
ដោយ៖ ណាត សុភាព និងស៊ុន ណារិន | ថ្ងៃចន្ទ ទី23 កុម្ភៈ 2015
No comments:
Post a Comment