រដ្ឋមន្ដ្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ |
លោក ខៀវ កាញារីទ្ធ បានថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំស្តីពីសេចក្ដីព្រាងច្បាប់នៅទីស្តីការក្រសួងព័ត៌មាន។
លោក ខៀវ កាញារីទ្ធ មានប្រសាសន៍ថាកិច្ចប្រជុំនេះជាកិច្ចប្រជុំទី២របស់ក្រុមការងារ ដោយធ្វើឡើងដើម្បីពិនិត្យនូវអ្វីដែលក្រសួងបានធ្វើកន្លងមក ហើយនិងជជែកលើខ្លឹមសារនៃច្បាប់នេះ។ លោកបញ្ជាក់ថាច្បាប់នេះនឹងគ្របដណ្តប់លើច្បាប់ផ្សេងៗទៀត។ លោកបាននិយាយថា«ច្បាប់នេះវាជាច្បាប់មួយដែលទាក់ទិនទៅដល់សិទ្ធិទទួលបានព័ត៌មាន និយាយរួមត្រង់សេរីភាពក្នុងការបញ្ចេញមតិ និងសេរីភាពក្នុងការទទួលបានព័ត៌មាន អញ្ចឹងវាខុសពីច្បាប់ទាំងអស់ អញ្ចឹងនរណាប្រាប់ការសម្ងាត់ នរណាដឹង គឺត្រូវតែសម្លាប់គ្នា បើយើងចេញច្បាប់នេះហើយ វានឹងដណ្ដប់លើច្បាប់គេផ្សេងទៀត»។
នៅក្នុងកិច្ចប្រជុំព្រឹកថ្ងៃចន្ទនេះ កម្មវិធីប្រជុំត្រូវបានកែប្រែឡើងវិញ ដោយតម្រូវឲ្យស្ថាប័នពាក់ព័ន្ធទាំងអស់យកច្បាប់ដែលបានព្រាងហើយចំនួន២ជំពូកនោះ ទៅពិនិត្យមើល ហើយបញ្ចេញមតិជាលាយលក្ខអក្សរលើចំណុចនីមួយៗ ដែលខ្លួនយល់ឃើញ និងចង់កែប្រែ ហើយផ្ញើអ៊ីម៉ែលទៅក្រសួងឲ្យបានមុនថ្ងៃទី០៨ ខែមីនា ខាងមុខនេះ ដើម្បីទុកឲ្យក្រុមនិពន្ធរបស់ក្រសួងសម្រួលឡើងវិញ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០១៤ ក្រសួងព័ត៌មានបានបង្កើតអនុសារណៈយោគយល់គ្នាជាមួយអង្គការយូណេស្កូ ដើម្បីធ្វើសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាននៅកម្ពុជាឲ្យប្រព្រឹត្តទៅតាមស្ដង់ដាអន្ដរជាតិ។ រហូតមកដល់ពេលនេះ សេចក្ដីព្រាងច្បាប់នេះសម្រេចបានពីរជំពូក ដែលកំពុងដាក់ឲ្យស្ថាប័នព័ត៌មាន និងអង្គការក្រៅរដ្ឋាភិបាលផ្សេងៗ ត្រួតពិនិត្យមើល និងបញ្ចេញមតិលើខ្លឹមសារ និងបច្ចេកទេស។
សេចក្ដីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាននេះមាន៨ជំពូក ដែលមាត្រាមួយចំនួនបានផ្ដោតលើទម្រង់ព័ត៌មានដែលអាចស្នើសុំព័ត៌មានសម្ងាត់របស់ស្ថាប័នសាធារណៈ ទោសបញ្ញត្ដិក្នុងការផ្ដល់ ឬរក្សាទុកព័ត៌មានប៉ះពាល់សន្ដិសុខជាតិដោយខុសច្បាប់ជាដើម។ ច្បាប់នេះនឹងចេញជា២ភាសាគឺ ភាសាខ្មែរ និងភាសាអង់គ្លេស។
ទីប្រឹក្សាក្រសួងព័ត៌មាន លោក អ៊ុក គឹមសេង ធ្លាប់មានប្រសាសន៍ថាតាមការគ្រោងទុក សេចក្តីព្រាងច្បាប់នេះនឹងត្រូវបញ្ចប់នៅឆ្នាំ២០១៧ ក្រោមការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ លោកបានបន្តថាការតាក់តែងសេចក្តីព្រាងច្បាប់នេះ បច្ចុប្បន្នគឺបានដំណើរយ៉ាងរលូន ដោយមានការបញ្ចេញមតិយោបល់ពីគ្រប់ភាគី និងមតិកែលម្អ ដោយផ្អែកលើគោលការណ៍ដែលមានស្រាប់។ លោកថា«ការរៀបចំតាក់តែងហ្នឹង ព្រាងហ្នឹង ប៉ុន្មានខែ ប៉ុន្មានថ្ងៃទៀតចប់ ខ្ញុំមិនមានអត្ថាធិប្បាយទេ ក៏ប៉ុន្តែនៅក្នុងដំណើរការនេះ ពីពេលនេះរហូតដល់ឆ្នាំ២០១៧ ៣ឆ្នាំដែលទាំងក្រសួងព័ត៌មាន ទាំងដៃគូអភិវឌ្ឍន៍សង្ឃឹមថានឹងរៀបចំការងារតាក់តែងច្បាប់ហ្នឹងចប់សព្វគ្រប់ ដែលអាចបញ្ជូនទៅសភាបាន» ៕
VOD
ដោយ៖ យ៉ា រសាត់ | ថ្ងៃចន្ទ ទី23 កុម្ភៈ 2015
No comments:
Post a Comment