Tuesday, February 17, 2015

​ក្រុង​ព្យុងយ៉ាង​មិន​បារម្ភ​ចំពោះ​ការ​នាំខ្លួន​ទៅ​ICC ករណី​រំលោភ​សិទ្ធិមនុស្ស​​


មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន
(រូបភាពពី www.ibtimes.co.in)
រដ្ឋាភិបាល​ទីក្រុង​ព្យុង​យ៉ាង​ប្រកាសថា ខ្លួន​មិន​មាន​ការព្រួយបារម្ភ​ចំពោះ​ការគំរាមកំហែង ដែល​ចង់​នាំ​មេដឹកនាំ​របស់​ប្រទេស​នេះ​ទៅកាន់​តុលាការ​ឧក្រិដ្ឋកម្ម​សង្គ្រាម​អន្តរជាតិ ICC ករណី​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ដោយ​អះអាង​ថា ខ្លួន​មិន​មាន​កំហុស​អ្វី​ឡើយ​។​

​ការ​ថ្លែង​បញ្ជាក់​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង បាន​ធ្វើឡើង​ឆ្លើយតប​ទៅ​នឹង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន គីមូន ដែល​បាន​ទទូច​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ របស់​អង្គការ​ពិភពលោក​នេះ​ពិចារណា​នាំ​របប​ដឹកនាំ​កូរ៉េខាងជើង ទៅកាន់​ICC បន្ទាប់​ពី​សន្និបាត​របស់​អង្គការ​សហប្រជាជាតិ កាលពី​ខែ​ធ្នូ​ឆ្នាំ​២០១៤ ថ្កោលទោស​ក្រុង​ព្យុង​យ៉ាង​ពី​បទ​រំលោភ​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ​។​

​លោក​ចាង អ៊ី​ហ៊ុន អគ្គរដ្ឋទូត​កូរ៉េខាងជើង​ប្រចាំ​អង្គការសហប្រជាជាតិ​បាន​ថ្លែង​នៅឯ​សន្និសីទ​សារព័ត៌មាន​នា​ក្រុង​ញូយ៉ក កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា ក្រុង​ព្យុងយ៉ាង​មិន​មាន​ការព្រួយបារម្ភ ចំពោះ​សេចក្ដីសម្រេច​ណាមួយ ដែល​ចង់​នាំ​មេដឹកនាំ​ទីក្រុង​ព្យុងយ៉ាង​ទៅកាន់​ICC ព្រោះថា ការចោទប្រកាន់​ទាំងនោះ មិន​មាន​មូលដ្ឋាន​ច្បាស់លាស់​ឡើយ​។​

​ទីក្រុង​ព្យុងយ៉ាង មាន​ជំនឿ​ដូចនេះ ត្រូវបាន​អ្នកវិភាគ​មើលឃើញថា ដោយសារតែ​ប្រទេស​ចិន និង​ប្រទេស​រុស្ស៊ី អាច​បោះឆ្នោត​ជំទាស់​នៅ​ឯ​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ហើយ​ដែល​ធ្វើឲ្យ​លទ្ធភាព​នៃ​ការនាំ​មេដឹកនាំ​ទាំង​នោះ​ទៅកាន់ ICC បរាជ័យ​។ ប៉ុន្តែ​អ្នកសង្កេតការ​ខ្លះ មើលឃើញថា នៅ​មាន​ច្រក​មួយទៀត ដែល​អាច​នាំ​មេដឹកនាំ​ក្រុង​ព្យុងយ៉ាង​ទៅកាន់ ICC តាមរយៈ​មហាសន្និបាត​វិសាមញ្ញ​របស់​អង្គការសហប្រជាជាតិ ដោយ​ត្រូវ​ផ្អែក​លើ​សំឡេង​២/៣ នៃ​សមាជិក​អង្គការសហប្រជាជាតិ​ទាំង​១៩៣​ប្រទេស​៕

VOD
ប្រែសម្រួលដោយ៖​ នួន បូរិន​ | ថ្ងៃអង្គារ ទី17 កុម្ភៈ 2015

No comments:

Post a Comment