ដោយ៖វិបុល

(ភ្នំពេញ) ៖ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិធម្មិកោ សមាជិក គណៈកម្មការនាយក នៃគណបក្សសង្គ្រោះជាតិ និងជាប្រធានក្រុមការងារគណបក្សប្រចាំខេត្តព្រះសីហនុ បានជំរុញដល់សកម្មជន និងពលរដ្ឋដែលមិនទាន់ពាក់អាវខ្មៅឲ្យចូលរួមស្លៀកពាក់ខ្មៅ នៅថ្ងៃច័ន្ទទាំងអស់គ្នា ។
មានព្រះបន្ធូលក្នុង វេទិកានយោបាយស្តីពី ប្រព័ន្ធយុត្តិធម៌ និងសិទ្ធិសេរីភាព នាព្រឹកថ្ងៃទី២៩ ខែសីហា នៅស្នាក់ការកណ្តាលគណបក្ស ព្រះម្ចាស់ធម្មិកោ បានបញ្ជាក់ថា “...ខ្ញុំសង្កេតឃើញថា ថ្ងៃនេះជាថ្ងៃច័ន្ទ ដែលជាយុទ្ធនាការពាក់អាវខ្មៅ...ប៉ុន្តែខ្ញុំសង្កេតឃើញនៅមានបងប្អូនជាច្រើនមិនបាន ពាក់អាវខ្មៅនោះទេ...ដូច្នេះ ខ្ញុំមិនថ្កោលទោស និងរិះគន់នោះទេ...តែខ្ញុំសុំបកស្រាយយុទ្ធនាការ ពាក់អាវខ្មៅថា ដើម្បីការពារសិទ្ធិសេរីភាព និងការពារប្រព័ន្ធយុត្តិធម៌...”។
យ៉ាងណាក្តីព្រះម្ចាស់ បានបញ្ជាក់ថា “...យើងការពាក់អាវខ្មៅមិន មែនប្រឆាំងរាជរដ្ឋាភិបាលនោះទេ...យើងពាក់ដើម្បីការពារសិទ្ធិសេរីភាពយើង និងប្រព័ន្ធយុត្តិធម៌ និងគ្រាន់តែសម្តែងមតិ និងសាមគ្គីភាពរវាងគ្នានឹងគ្នា ព្រមទាំងទាមទារនូវយុត្តិធម៌...”។
ជាមួយគ្នានេះ ព្រះម្ចាស់បានអំពាវនាវ ដល់សកម្មជន និងប្រជាពលរដ្ឋទាំងអស់ ចូលរួមពាក់អាវខ្មៅ ទាំងអស់គ្នា។
ទោះបីជាយ៉ាងណា លោក ផៃ ស៊ីផាន បានលើកឡើង ថា ការអំពាវនាវរបស់ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោជាការញុះញង់ដល់ប្រជាពលរដ្ឋឲ្យធ្វើសកម្មភាពខុស នឹងច្បាប់សង្គម។ ក្នុងនោះ លោកផៃ ស៊ីផាន ក៏បានស្នើឱ្យប្រជាពលរដ្ឋត្រូវគោរពច្បាប់ហើយកុំចូលរួមតាមការអំពាវនាវបែបនោះ។
ជាមួយគ្នានេះ លោក ផៃ ស៊ីផាន ក៏ស្នើឱ្យជនបរទេសមិនត្រូវចូលរួមក្នុងយុទ្ធនាស្លៀកពាក់ខ្មៅនេះឡើយដើម្បីជៀសវាងមានកំហុសឆ្គងដែលនាំឱ្យរងពិន័យបញ្ជូនចេញ។
លោក ផៃ ស៊ីផាន បានបញ្ជាក់ប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុកមួយថា “...គាត់ដើរផុត ពីអ្វីទៅដែលហៅថាគោលការណ៍នៃលទ្ធប្រជាធិបតេយ្យ...ហើយការអំពាវនាវនេះ បង្ហាញជាថ្មីម្ដងទៀត នៅការរៀបចំចលនាមហាជន ដើម្បីប្រឆាំងនឹងរដ្ឋអំណាច ប្រឆាំងដំណើរតុលាការ ដែលជាចាត់ទុកថាជាសកម្មភាពឧទ្ទាម ហើយសកម្មឧទាមនេះ អាចបង្កចលាចល ដែលជាចាត់ទុកថាជាបដិវត្តន៍ពណ៌...អាស្រ័យហេតុនេះ រាជរដ្ឋាភិបាលមិនអនុញ្ញាតិជាដាច់ខាត...”៕
No comments:
Post a Comment