Tuesday, August 30, 2016

ភរិយា​លោក​បណ្ឌិត កែម ឡី និង​កូនៗ​បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា​ហើយ

រស្មីកម្ពុជា​
ដោយ ៖វិបុល



(​ភ្នំពេញ​) ៖ ភរិយា​របស់លោក​បណ្ឌិត កែម ឡី អ្នកស្រី​ប៊ួ រចនា និង​កូនៗ​ទាំង​បួន​នាក់ បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា​ហើយ​កាលពី​ថ្ងៃទី​២៨ សីហា​។

​ព្រះតេជព្រះគុណ ប៊ុត ប៊ុន​តិ​ញ ដែលជា​សមាជិក​គណៈកម្មកា​រ​រៀបចំ​បុណ្យសព​លោក​បណ្ឌិត កែម ឡី​មាន​ថេរ​ដីកា​ប្រាប់​វិទ្យុ​ក្រៅ​ស្រុក​មួយ​ថា អ្នកស្រី ប៊ួ រចនា និង​កូនៗ​បាន​ទៅដល់​ទីកន្លែង​សុវត្ថិភាព​ហើយ ប៉ុន្តែ​ព្រះអង្គ​មិនអាច​បញ្ជាក់​ប្រាប់ថា​ទៅ​នៅ​ប្រទេស​ណា​នោះទេ​។​

​ព្រះតេជព្រះគុណ​បន្ថែមថា នៅ​មុនពេល​អ្នកស្រី ប៊ួ រចនា និង​កូនៗ​បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា អ្នកស្រី ប៊ួ រចនា​បានធ្វើ​លិខិត​ផ្ទេរ​​សិទ្ធិ​ឲ្យ​គណៈកម្មការ​រៀបចំ​បុណ្យសព ដើម្បី​សុំ​ឲ្យ​ធ្វើ​បុណ្យសព​១០០​ថ្ងៃ ជូន​ស្វាមី​អ្នកស្រី គឺ​លោក​បណ្ឌិត កែម ឡី​។​

​ព្រះតេជព្រះគុណ ប៊ុត ប៊ុន​តិ​ញ បន្ថែមថា បុណ្យសព​គម្រប់ ១០០​ថ្ងៃនេះ នឹងធ្វើ​រយៈពេល​បី​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៦ ខែតុលា ខាងមុខ​។ ពិធី​បុណ្យសព​១០០​ថ្ងៃនេះ ព្រះអង្គ​មាន​ថេរ​ដីកា​ថា គណៈកម្មការ​មិនទាន់​សម្រេច​ថា​នឹងធ្វើ​នៅ​រាជធានី​ភ្នំពេញ​ឬ​នៅ​ខេត្ត​តាកែវ នោះទេ​។ ការកំណត់​ទីតាំង​នេះ គឺ​អាស្រ័យ​លើ​ប្រជាពលរដ្ឋ​ភាគច្រើន​ជា​អ្នកសម្រេច ថា​តើ​ចង់​ធ្វើ​នៅ​ទីតាំង​វត្ត​ចាស់​រាជធានី​​ភ្នំពេញ ឬ​ធ្វើ​នៅ​ខេត្តតាកែវ នោះ​៕

No comments:

Post a Comment