Friday, August 26, 2016

ជាង​២​រយ​គ្រួសារ​នៅតែ​ជិះ​ក្បូន​ឆ្លង​កាត់ទឹក​ព្រែក​ស្ថិតក្នុង​តំបន់​ដាច់ស្រយាល​នា​ខេត្តមណ្ឌលគិរី​

រស្មី​កម្ពុជា
ដោយ៖ សាត​ចាន់​បុត្រ



(​មណ្ឌលគិរី​)៖​ប្រជាពលរដ្ឋ​ជាង​២​រយ​គ្រួសារ​មានការ​ព្រួយ​បារ​ម្មណ៍​និង​ភ័យខ្លាច​គ្រា​ដែល​ត្រូវ​ជិះ​ក្បូន​ឆ្លងកាត់​លើទឹក​ព្រែក​ធម្មជាតិ​ជិត​១០០​ម៉ែត្រ​នា​រដូវវស្សា​ដើម្បី​ប​ញ្ជួ​ន​ផល​អនុផល​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយទៀត​ពិសេស​ក្មេងៗ​ឆ្លងទៅ​សាលារៀន​។​

​ក្តី​ព្រួយ​បារ​ម្មណ៍​នេះ​កើតមាន​ក្នុងចំណោម​ប្រជាពលរដ្ឋ​នៅ​២​ភូមិ​ស្ថិតក្នុង​ឃុំ​សុខសាន្ត​ ​ស្រុក​កោះ​ញែក​ ​ខេត្តមណ្ឌលគិរី​ ​ដោយ​ពួកគាត់​ទទូច​សុំ​ការជួយ​សាង​សង់ស្ពាន​។​

ថ្មីៗ​នេះ​នៅក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​កបាន​សួរ​គ្នា​ថា​ករណីនេះ​ពិត​ឬ​មិន​ពិត​ត្បិត​សម័យនេះ​ទៅហើយ​នៅតែ​មានការ​ជិះ​ក្បូន​ដើម្បី​ឆ្លង​ទឹក​ដែលមាន​សភាព​ហូរ​កាត់​ខ្មួលខ្មាញ់​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយទៀត​ខុសប្លែក​ពី​បណ្តា​ភូមិ​ឃុំ​នានា​ក្នុងប្រទេស​កម្ពុ​ជាមាន​ផ្លូវ​គ្រប់​ច្រកល្ហក​ដែល​បាន​ស្ថាបនា​រួចរាល់​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ទៅហើយនោះ​។​ឈ្មោះ​គណនី​មួយ​មាន​ឈ្មោះថា​(​អញ្ចឹង​សោះ​)​នៅ​ម៉ោង​ប្រមាណ​ជា​៤​ល្ងាច​ថ្ងៃ​២៤​សីហា​២០១៦​នេះ​បាន​បង្ហោះ​រូបភាព​ប្រជាពលរដ្ឋ​នគរបាល​និង​សិស្សានុសិស្ស​ជិះ​លើ​ក្បូន​និង​បាន​សរសេរ​អក្សរ​ថា​(​សិស្ស​វិទ្យាល័យ​កោះ​ញែក​មួយចំនួន​ត្រូវ​ជិះ​លើ​ក្បូន​ដើម្បី​ទៅ​សាលា​)​។​អត្ថន័យ​នេះ​បាន​បង្ករ​ជាការ​ងឿងឆ្ងល់​សួរដេញដោល​គ្នា​រហូត​មាន​អ្នក​ចូល​មើល​រាប់ពាន់​អ្នក​ត្រឹម​រយៈពេល​ប៉ុន្មាន​ម៉ោង​ក្រោយ​ការ​បង្ហោះ​តែប៉ុណ្ណោះ​។​

​នៅ​ម៉ោង​ប្រមាណ​ជា​៥​ល្ងាច​ថ្ងៃ​២៤​សីហា​ដដែល​រស្មី​កម្ពុជា​បាន​ទំនាក់ទំនង​ទៅ​លោក​ ​ខ្លូត​ ​សុ​ឃា​ ​អធិការនគរបាល​ស្រុក​កោះ​ញែក​លោក​បាន​ឆ្លើយ​ទាំង​ក្តី​អាណិត​ថា​រឿង​ហ្វេ​ស​ប៊ុ​ក​បង្ហោះ​ពិតជា​មាន​ករណី​នោះ​ប្រាកដ​មែន​។​លោ​កថា​ប្រជាពលរដ្ឋ​ជាង​២​រយ​គ្រួសារ​បូករួម​និង​សិស្សសាលា​ផង​បាន​សំដែង​ការ​ព្រួយ​បារ​ម្មណ៍​លើ​បញ្ហា​សុ​វត្ថ​ភាព​នៃ​ការធ្វើដំណើរ​ខណៈ​ត្រូវ​ជិះ​ក្បូន​ឆ្លង​កាត់ទឹក​ព្រែក​ធម្មជាតិ​មួយ​ដែលមាន​ទទឹង​តាម​ការ​ស្មាន​ចាប់ពី​៨០​ទៅ​១០០​ម៉ែត្រ​និង​មាន​ជំរៅ​ជាង​១០​ម៉ែត្រ​នា​រដូវវស្សា​នេះ​។​លោក​បញ្ជាក់​ថាបើ​នៅ​រដូវប្រាំង​ព្រែក​ធម្មជាតិ​ដែល​គេ​ស្គាល់​ថា​ឈ្មោះ​"​អូរ​ច្បារ​"​នេះ គឺអាច ធ្វើដំណើរ​តាមរយៈ​ម៉ូតូ​ឬ​រថយន្ត​បាន ព្រោះ​ទឹក​ស្រក​សល់​តិចតួច តែបើ​រដូវវស្សា​នេះ​គឺ​មិនអាច​ឆ្លង កាត់​បាន ក្រៅពី​ក្បូន​ឬ​ទូក​នោះទេ​។​

​នាយប៉ុស្តិ៍​នគរបាល​ឃុំ​សុខសាន្ត​លោក​ ​ជួន​ ​ប៊ុនធឿន​ ​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​ប្រជាពលរដ្ឋ​ជាង​២០០​គ្រួសារ​ដែល​រស់នៅ​ភូមិ​ចំនួន​២​គឺ​ភូមិ​ថ្មី​និង​ភូមិ​ជី​ក្លប​គឺ​ត្រូវ​ឆ្លងកាត់​អូរ​ច្បារ​ដើម្បី​មកកាន់​ភូមិ​ដែល​គេ​ហៅថា​ភូមិ​ទូល​ស្ថិតក្នុង​ឃុំ​សុខសាន្ត​ដូចគ្នា​ដែល​ទីនោះ​មាន​សាលារៀន​និង​ទីប្រជុំជន​ដើម្បី​សិក្សា​និង​ដោះដូរ​ផលិតផល​កសិកម្ម​ប្រចាំថ្ងៃ​។​លោ​កថា​ការឆ្លង​លើ​ក្បូន​នេះ​ត្រូវបាន​បង់ថ្លៃ​ក្នុង​ម៉ូតូ​មួយគ្រឿង​ចំនួន​៥​ពាន់​រៀល​។​ចំណែក​សិស្សសាលា​ម្នាក់​១​ពាន់​រៀល​ទាំង​ទៅ​ទាំង​មក​បង់​ឲ្យ​ថៅកែ​ឯកជន​។​ដោយ​សង្កេតឃើញ​បញ្ហា​ទាំងនេះ​អជ្ញាធរ​បាន​ប្រជុំ​និង​បានលើកឡើង​ថាបើ​សិស្សសាលា​មក​ឆ្លង​ជុំគ្នា​គឺ​មិន​ត្រូវបាន​បង់ថ្លៃ​ក្បូន​នោះទេ​តែបើ​មក​រប៉ាត់រប៉ាយ​គឺ​ត្រូវ​បង់ប្រាក់​ធម្មតា​។​

​លោក​យន់​ ​សា​រ៉ោ​ម​ ​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តមណ្ឌលគិរី​បាន​សំដែង​ការអាណិតអាសូរ​ចំពោះ​ប្រជាពលរដ្ឋ​ក្មេងៗ​សិស្សានុសិស្ស​នៅក្នុង​តំបន់​ខាងលើ​ដោយ​លោក​បាន​បញ្ជាក់ថា​កាលពី​ប៉ុន្មាន​ថ្ងៃមុន​ក្រុម​កា​ងារ​លោក​ក៏បាន​ចុះ​ផ្ទាល់​ដល់​ចំណុច​លំបាក​នោះ​និង​បាន​ជួយ​សំរួលការ​លំបាក​ជូន​ប្រជាពលរដ្ឋ​ដោយបាន​ធ្វើ​ក្បូន​ពី​ឬ​ស្សី​មួយ​មាន​ទំហំ​២​ម៉ែត​គុណ​និង​៦​ម៉ែត​ទុក​ឲ្យ​ធ្វើដំណើរ​លើទឹក​ព្រែក​អូរ​ច្បារ​នេះ​។​លោ​កថា​ចំពោះ​ផ្លូវ​មន្ទីរ​បាន​ស្ថាបនា​រួចរាល់​ហើយ​នៅតែ​ស្ពាន​ឆ្លងកាត់​ព្រែក​តែប៉ុណ្ណោះ​។​

​លោក​ប្រធាន​មន្ទីរ​បាន​បន្តថា​នៅក្នុង​គម្រោង​ឆ្នាំ​២០១៧​លោក​បានដាក់​សំណើរ​ទៅ​ថ្នាក់លើ​ដើម្បី​ស្ថាបនា​ស្ពានបេតុង​១​ដែរ​តែ​នៅ​មិនទាន់មាន​កញ្ចប់​ថវិកា​រ​នៅឡើយ​។​ជាបឋម​លោក​កំពុងតែ​គៀរគរ​ប្រាក់​ពី​សប្បុរសជន​ដើម្បី​បាន​មូលនិធិ​ខ្លះ​ស្ថាបនា​ស្ពាន​យោល​មួយអន្លើរ​សិន​សំរាប់​ការឆ្លងកាត់​បណ្តោះ​អាសន្ន​។​លោក​ក៏បាន​ស្នើរ​ឲ្យ​មិនមាន​ការបង់ប្រាក់​សម្រាប់​ការ​ជិះ​ក្បូន​របស់​ក្មេងៗ​ជា​កុមារកំព្រា តែបើ​គ្មាន ករណី​លើកលែង​នោះ លោក​សុខចិត្ត​បរិច្ចាគ​ប្រាក់​ផ្ទាល់ខ្លួន​ថែមទៀត​៕

No comments:

Post a Comment