ដោយ ៖វាសនា

(ភ្នំពេញ)៖សហមេធាវីការពារក្តី របស់លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានប្តឹងឧទ្ធរណ៍ប្រឆាំងដីកាដំណោះស្រាយ លេខ ២៨៩១ ក១.ដ.ដ ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ករណីលោកចៅក្រម ថាន់ ឡេង សម្រេច បញ្ជូនសំណុំរឿង ឯកឧត្តម កឹម សុខាអនុប្រធានគណបក្សសង្គ្រោះជាតិ ដែលរងបទចោទប្រកាន់ បដិសេធក្នុងការចូលខ្លួនទៅជំនុំជម្រះ។
ពាក្យបណ្ដឹងរបស់មេធាវី៥រូបរបស់លោក កឹម សុខា ចុះថ្ងៃទី ២៤ ខែ សីហា បាននិយាយថា" ការចេញ ដីកាដំណោះស្រាយរបស់ចៅក្រមស៊ើបសួរ ហើយបញ្ជួនសំណុំរឿងព្រហ្មទណ្ឌ លេខ ២៤០១ ចុះថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០១៦ របស់សាលាដំបូងរាជធានីភ្នំពេញទៅជំនុំជម្រះ បានធ្វើឲ្យប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់កូនក្ដី នាងខ្ញុំយ៉ាងធ្ងន់ធ្ងរពីព្រោះមេធាវីយើងខ្ញុំបានប្ដឹងនឹងដីកាសម្រេចមួយចំនួនរបស់ចៅក្រមស៊ើបសួរ ហើយរហូតមកដល់ពេលនេះនៅមិនទាន់ចប់ជាស្ថាពរ នៅឡើយទេ។
ហេតុនេះយើងខ្ញុំសុំប្ដឹងឧទ្ធរណ៍ និងដីកាដីកាដំណោះស្រាយលេខ ២៨៩១ ក១.ដ.ដ ចុះថ្ងៃទី២៣ខែសីហាឆ្នាំ២០១៦ របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញត្រង់ ចំណុច ទាំងមូលនៃសេចក្តីសម្រេច"។
សូមបញ្ជាក់ថាក្រុមតំណាងរាស្ត្រគណបក្សប្រឆាំង បានហៅការសម្រេចរបស់តំណាងអយ្យការ និងចៅក្រមស៊ើបសួរតុលាការក្រុងភ្នំពេញ ថាជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ។
ប្រតិកម្មរបស់គណបក្សសង្គ្រោះជាតិ នៅពេលនេះធ្វើឡើងក្រោយពីមានសេចក្ដីសម្រេចស្ថាពររបស់តុលាការក្រុងភ្នំពេញ ដែលបានបិទការស៊ើបសួរជាស្ថាពរកាលពីថ្ងៃទី២៣ សីហា ដើម្បីដាក់ឲ្យមានការជំនុំជម្រះលើសំណុំរឿងលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ប៉ុន្តែនៅមិនទាន់កំណត់ពេលនៃសវនាការនៅឡើយទេ។
ករណីប្តឹងឧទ្ធរណ៍និងប្រតិកម្មពីគណក្សសង្គ្រោះជាតិនេះ រស្មីកម្ពុជានៅមិនទាន់សុំការបំភ្លឺពីមន្ត្រីតុលាការនៅឡើយទេ៕
No comments:
Post a Comment