Friday, August 19, 2016

អាជ្ញាធរ​កម្ពុជា​ បដិសេធ​វៀតណាម ស្នើសុំ​សាងសង់​ខ្លោងទ្វារ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​នៅ​ស្រុក​អូរយ៉

Khmer Times
ម៉ៃ​ ទិត្យថារ៉ា

ទាហានវៀតណាម កំពុងសាងសង់ប៉ុស្តិ៍នៅតំបន់ស។ រូបថត អាដហុក

​រតនគីរី៖(ខ្មែរថាមស៍)អាជ្ញាធរ​ខេត្ត​រតនគិរីបាន​បដិសេធ​សំណើ​របស់​ភាគី​វៀតណាម​ដែល​សុំ​សាងសង់​ខ្លោងទ្វារ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ស្រុក​ដាក់កឺខេត្ត​យ៉ាឡាយជាប់​នឹង​ច្រកទ្វារ​ព្រំដែន​ស្រុក​អូរយ៉ាដាវខេត្ត​រតនគិរីខណៈ​ទាហាន​វៀតណាម កំពុង​បន្ត​សាងសង់​ប៉ុស្តិ៍​មួយ​កន្លែង​នៅ​ក្នុង​តំបន់​ស​ហាមឃាត់ នៅ​ក្នុង​ភូមិ​ឡំ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ រំលោភ​ទៅ​លើ​កិច្ច​ព្រមព្រៀង​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​១៩៩៥។

​អ្នកនាំពាក្យ និង​ជា​អភិបាល​រង​ខេត្ត​រតនគិរី លោក ញ៉ែម សំអឿន បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា អាជ្ញាធរ​ខេត្ត​យ៉ាឡាយ ប្រទេស​វៀតណាម បាន​ដាក់​លិខិត​ស្នើសុំ​សង់​ប៉ុស្តិ៍ មក​អាជ្ញាធរ​ខេត្ត ក្នុង​កិច្ច​ប្រជុំ​ទ្វេភាគី​រវាង​អាជ្ញាធរ​ខេត្ត​ទាំង​ពីរ​នៅ​ក្រុង​បានលុង។ វៀតណាម សំអាង​ថា​ កន្លែង​សង់​ខ្លោងទ្វារ​ប៉ុស្តិ៍​ព្រំដែន​ឋិត​ក្នុង​ដី​វៀតណាមក៏​ប៉ុន្តែ​តាម​កិច្ច​ព្រមព្រៀង​បោះ​បង្គោល​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ កំណត់​ថា តំបន់​ព្រំដែន​ដែល​ភាគី​ទាំង​ពីរ​មិន​ទាន់​ឯកភាព​នោះ បង្គោល​ខណ្ឌសីមា​ត្រូវ​រក្សា​ស្ថានភាព​ដដែល មិន​អនុញ្ញាត​ឲ្យ​សាងសង់ ឬ​ធ្វើ​អ្វី​បាន​ឡើយ។

​លោក​បាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា៖ «យើង​ធ្វើ​របាយការណ៍​បញ្ជូន​លិខិត​ស្នើ​សុំ​ទៅ​ថ្នាក់​ជាតិ​រួច​ហើយ យើង​មិន​មាន​សិទ្ធិ​អនុញ្ញាត​ឲ្យ​គេ​សាងសង់​នោះ​ទេ ដូច្នេះ​ត្រូវ​រង់ចាំ​ការ​សម្រេច​របស់​ថ្នាក់​ជាតិ យើង​បាន​ទៅ​ឃាត់​គេ​កុំ​ឲ្យ​សាងសង់​ទេ គឺ​យើង​មិន​អនុញ្ញាត​តែ​ម្តង»។​

​លោក​បាន​ឲ្យ​ដឹង​ទៀត​ថា កន្លែង​ដែល​វៀតណាម​ ស្នើ​សុំ​សាងសង់​ខ្លោងទ្វារ​នោះ​ គឺ​នៅ​ត្រង់ បង្គោល​ព្រំដែន​លេខ​៣០ នៅ​ចំណុច​មុខ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ ស្រុក​អូរយ៉ាដាវ ភាគី​ប្រទេស​ទាំង​ពីរ​ឯកភាព​បោះ​ផ្លូវការ​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៥។

​លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ទាក់ទិន​ទៅ​នឹង​ទាហាន​វៀតណាម បាន​រំលោភ​សង់​ប៉ុស្តិ៍​មួយ​កន្លែង​នៅ​ក្នុង​តំបន់​ស​ហាមឃាត់ ចំណុច​អូរកុមារ ជិត​ប៉ុស្តិ៍​ការពារ​ព្រំដែន​ខ្មែរ​ ភូមិ​ឡំ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ គឺ​គេ​នៅ​បន្ត​ធ្វើ​របាយការណ៍​ជា​ប្រចាំ​បញ្ជូន​ទៅ​ថ្នាក់​លើ ពី​ការ​វៀតណាម ​បន្ត​សាងសង់​នេះ។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា៖ «យើង​ចុះ​ទៅ​ហាមឃាត់​គេ​កុំ​ឲ្យ​ធ្វើ ប៉ុន្តែ​គេ​បាន​ប្រាប់​យើង​ថា លុះ​ត្រា​តែ​គេ​មាន​លិខិត​ណែនាំ​ពី​ថ្នាក់​ជាតិ​របស់​គេ​ដែរ​ទើប​គេ​ឈប់»។​

​លោក វ៉ា គឹមហុងប្រធាន​គណៈកម្មការ​ចម្រុះ​កិច្ចការ​ព្រំដែនបញ្ជាក់​ថា លោកមិន​ទាន់​ទទួល​របាយការណ៍​ពី​អាជ្ញាធរ​ខេត្ត​រតនគិរី នៅ​ឡើយ។ហើយ​ករណី​ទាហាន​វៀតណាម បាន​រំលោភ​សង់​ប៉ុស្តិ៍​មួយ​កន្លែង​នៅ​ក្នុង​តំបន់​ស​ហាមឃាត់ ចំណុច​អូរកុមារ ជិត​ប៉ុស្តិ៍​ការពារ​ព្រំដែន​ខ្មែរ ​ភូមិ​ឡំ​ នោះ លោក​បាន​ផ្ញើ​កំណត់​ការទូត​ទៅ​ប្រទេស​វៀតណាម​ តាំង​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា។

លោក​បាន​ថ្លែង​ថា៖ «គេ​មិន​ងាយ​នឹង​ឆ្លើយ​តប​មក​យើង​នោះ​ទេ»។

​កាល​ពី​ចុង​ខែ​កក្កដាកន្លង​ទៅ ទាហាន​វៀតណាម បាន​រំលោភ​សង់​ប៉ុស្តិ៍​មួយ​​កន្លែង​នៅ​ក្នុង​តំបន់​ស​ហាមឃាត់ ចំណុច​អូរកុមារ ជិត​ប៉ុស្តិ៍​ការពារ​ព្រំដែន​ខ្មែរ ​ភូមិ​ឡំ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ។ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាន​ផ្ញើ​កំណត់​ទូត​ទៅ​ភាគី​វៀតណាម បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត​រតនគិរី ផ្តល់​របាយការណ៍​វៀតណាម រំលោភ​សង់​ប៉ុស្តិ៍​នេះ។ ប៉ុន្តែ​ភាគី​វៀតណាម មិន​ទាន់​ឆ្លើយ​តប​កំណត់​ទូត​របស់​ភាគី​កម្ពុជា​ នៅ​ឡើយ​នោះ​ទេ។

យោង​តាម​​លោក ឆាយ ធី មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ​ប្រចាំ​ខេត្ត​រតនគិរី​ បាន​ឲ្យ​ដឹង​ថា រយៈពេល​មួយ​ឆ្នាំ​គត់​បើ​គិត​តាំង​ពី​ថ្ងៃ​ជីក​ស្រះ​ គឺ​វៀតណាម​ មិន​បាន​លប់​តាម​អ្វី​ដែល​សន្យា​នោះ​ទេ តែ​បែរ​ជា​បន្ត​ធ្វើ​ប៉ុស្តិ៍​នៅ​ក្នុង​តំបន់​ស​បន្ថែម​ទៀត នេះ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ភាគី​វៀតណាម ​គេ​មិន​ច្រឡំ​នោះ​ទេ​ គឺ​គេ​មាន​ចេតនា​រំលោភ​លើ​អធិបតេយ្យភាព​របស់​កម្ពុជា តែ​ម្តង។

លោក​បាន​ថ្លែង​បញ្ជាក់​ទៀត​ថា៖ «យើង​ហាមឃាត់​គេ​១​ខែ​កុំ​ឲ្យ​ធ្វើ ស្រាប់​តែ​ពេល​នេះ​លេច​រូប​រាង​ចេញ​តែម្តង គេ​លែង​ជីក​គ្រឹះ​ទៀត​ហើយ»។

​គួរ​បញ្ជាក់​ថា កាល​ពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៥ យ៉ាង​ហោច​ណាស់​ក៏​មាន​ស្រះ​ទឹក​ចំនួន៨ដែល​ត្រូវ​បាន​ជនជាតិ​វៀតណាម​ជីក​រួច​រាល់​នៅ​ក្នុង​តំបន់​ហាមឃាត់ ដោយ​ពុំ​មាន​អាជ្ញាធរ​កម្ពុជា​ បាន​ដឹង​ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​ឡំ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ជាប់​នឹង​ប្រទេស​វៀតណាម ​ស្ថិត​ក្នុង​ភូមិ​សេសៅ ឃុំ​យ៉ាណាង ស្រុក​ដាក់កឺ ខេត្ត​យ៉ាឡាយ។​

​រដ្ឋធម្មនុញ្ញ​មាត្រា​២ ចែង​ថា បូរណភាព​ទឹក​ដី​កម្ពុជា មិន​អាច​រំលោភ​បាន​ជា​ដាច់​ខាត​ក្នុង​ព្រំដែន​របស់​ខ្លួន​ដែល​មាន​កំណត់​ក្នុង​ផែន​ទី​ខ្នាត ១/១០០.០០០ (មួយ​លើ​មួយ​រយ​ពាន់) ធ្វើ​នៅ​ចន្លោះ​ឆ្នាំ​១៩៣៣ ដល់​ឆ្នាំ​១៩៥៣ ហើយ​ត្រូវ​ទទួល​ស្គាល់​ជា​អន្តរជាតិ​នៅ​ចន្លោះ​ឆ្នាំ​១៩៦៣ ដល់​ឆ្នាំ​១៩៦៩។

​របាយការណ៍​របស់​អាជ្ញាធរ​បង្ហាញ​ថា ព្រំដែន​គោក​ប្រទេស​កម្ពុជា ជាប់​នឹង​ប្រទេស​វៀតណាម មាន​បណ្ដោយ ១.២៧០​គីឡូម៉ែត្រ។ ចាប់​ពី​ឆ្នាំ​២០០៥ រហូត​បច្ចុប្បន្ន ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​បោះ​បង្គោល​ព្រំដែន​បាន​ជាង ៨៣​ភាគរយ ពោល​គឺ​បាន​ឯកភាព​គ្នា​បោះ​បង្គោល​ព្រំដែន​បាន ៣១១​បង្គោល ដោយ​ឡែក​ព្រំដែន​ទឹក​មាន​ប្រវែង​ជាង ២.៥០០​គីឡូម៉ែត្រ មិន​ទាន់​វាស់វែង​នៅ​ឡើយ៕

No comments:

Post a Comment