តាំង វីដា
![]() |
លោក ប៉ា ងួនទៀង ផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានក្រោយពីឡើងឆ្លើយបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ។ ម៉ៃ វីរៈ |
ភ្នំពេញ៖(ខ្មែរថាមស៍)លោក ប៉ាងួនទៀងប្រធានមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) និងជាអ្នកគ្រប់គ្រងវិទ្យុ VOD កាលពីម្សិលមិញ បានចូលខ្លួនបំភ្លឺក្នុងតុលាការ ពាក់ព័ន្ធនឹងសំណុំរឿងសូកប៉ាន់សាក្សី ក្នុងរឿងអាស្រូវស្នេហារបស់លោក កឹម សុខា និងនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ បន្ទាប់ពីអ្នកផ្តល់ចម្លើយមុនៗ បានផ្តល់ចម្លើយពាក់ព័ន្ធនឹងលោក ហើយភាគីតុលាការ អះអាងមានភស្តុតាងជាសំឡេងក្នុងរឿងនេះ។
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ធាម ច័ន្ទពិសិដ្ឋ តាមរយៈដីកាចុះថ្ងៃទី៣ ខែសីហា បានបង្គាប់ឲ្យលោក ប៉ា ងួនទៀង ចូលខ្លួនបំភ្លឺក្នុងនាមជាសាក្សី ដើម្បីសាកសួរជុំវិញដំណើររឿងសូកប៉ាន់សាក្សី ដែលផ្តើមចេញពីការចោទប្រកាន់អាស្រូវស្នេហារបស់លោ កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងនាង ខុម ចាន់តារ៉ាទី។
បន្ទាប់ពីដំណើរការសាកសួរអស់រយៈពេលជាង១ម៉ោង លោក ប៉ា ងួនទៀង បានប្រាប់អ្នកសារព័ត៌មានថា មូលហេតុ ដែលចៅក្រមកោះហៅរូបលោក ចូលបំភ្លឺ គឺដោយផ្អែកទៅលើភស្តុតាងជាសំឡេង ក្នុងកិច្ចសន្ទនា និងការឆ្លើយជាប់ពាក់ព័ន្ធរបស់អ្នកដែលបានផ្តល់ចម្លើយមុនៗ ក្នុងសំណុំរឿងនេះ តែតុលាការ មិនបានបញ្ជាក់លម្អិតថា សំឡេងនោះ ជាកិច្ចសន្ទនាជាមួយអ្នកណាពិតប្រាកដ និងផ្ដោតលើអ្វីនោះទេ។
លោកបានថ្លែងឲ្យដឹងថា៖ «គេ (ចៅក្រម) ដកស្រង់ចម្លើយអ្នកមុនៗ មកសួរខ្ញុំថា ខ្ញុំមានតេទៅលោក នី ចរិយា ដើម្បីជួបលោក កឹម សុខា ឬអត់។ ចម្លើយខ្ញុំ គឺដោយសារពេលយូរហើយ ខ្ញុំធ្វើការ តែជួបមនុស្សទូទៅ អុីចឹងខ្ញុំអត់ចាំទេ តែចៅក្រមថា គេមានភស្តុតាង គ្រាន់តែគេអត់បង្ហាញភស្តុតាង គេគ្រាន់តែសួរអុីចឹង យើងក៏មិនហ៊ានឆ្លើយអីដែរ កុំឲ្យខុស. . . គេថា មានភស្តុតាងជាសំឡេង មានភស្តុតាងចម្លើយអ្នកមុន គេឆ្លើយវាពាក់ព័ន្ធមកខ្ញុំ»។
លោក ប៉ា ងួនទៀង បានបញ្ជាក់ដែរថា លោកមិនបាននិយាយពីករណីកញ្ញា ស្រីមុំ ជាមួយភាគីណាមួយនោះទេ និងបានហៅរឿងអាស្រូវរបស់លោក កឹម សុខា ថា ជារឿងតូចតាច ដែលតុលាការ មិនគួរពង្រីកជារឿងធំនោះទេ។
អ្នកនាំពាក្យសាលាដំបូង លោក លី សុផាណា បានឲ្យដឹងថា ការសាកសួរលើលោក ប៉ា ងួនទៀង ក្នុងនាមជាសាក្សី បានផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ដល់ការស៊ើបសួរ ហើយចៅក្រមស៊ើបសួរ បានសម្រេចការស៊ើបសួរបន្តក្នុងរឿងនេះ។
លោកបានបន្តឲ្យដឹងទៀតថា៖ «ចៅក្រមស៊ើបសួរមិនអាចបង្ហាញ ឬប្រាប់អំពីចំណាត់ការស៊ើបសួរបន្តជូនសាធារណៈមតិបានទេ ព្រោះវាជាការសម្ងាត់នៃការស៊ើបសួរ»។
ស្របពេលកំពុងឆ្លើយទៅនឹងសំណួររបស់អ្នកកាសែត មុនពេលចូលខ្លួនបំភ្លឺកាលព្រឹកម្សិលមិញ លោក ប៉ា ងួនទៀង ក៏ត្រូវបានមន្ត្រីនគរបាលប្រចាំការនៅសាលាដំបូងរាជធានីភ្នំពេញ ច្រានចេញពីមុខរបងទ្វារ ហើយទិដ្ឋភាពនោះ ត្រូវបានថតជាវីដេអូចែករំលែកលើ Facebook ផងដែរ ដែលនាំឲ្យមានការរិះគន់ទៅលើឥរិយាបថ និងសីលធម៌របស់មន្ត្រីរូបនោះ។
យ៉ាងណាមិញ លោក លី សុផាណា ក៏បានបដិសេធទាំងស្រុងចំពោះការចោទប្រកាន់នោះថា ពុំមែនជាការពិតឡើយ។ ផ្ទុយទៅវិញ លោកថា មន្ត្រីរបស់សាលាដំបូង បានជួយសម្របសម្រួល និងរៀបចំសណ្ដាប់ធ្នាប់នៅបរិវេណសាលាដំបូង សម្រាប់ការធ្វើកិច្ចសម្ភាសន៍នោះ។
គិតត្រឹមពាក់កណ្តាលខែសីហា ឆ្នាំ២០១៦ នេះ អ្នកជាប់ពាក់ព័ន្ធ និងត្រូវបានតុលាការកោះហៅ ក្នុងសំណុំរឿងអាស្រូវស្នេហាលួចលាក់របស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ គឺកើនដល់ ១៧នាក់ហើយ។ ក្នុងនោះ ដើមបណ្តឹងមាន កញ្ញា ខុម ចាន់តារ៉ាទី ដែលត្រូវបានសង្ស័យថា ជាស្រីកំណាន់ កញ្ញា ធី សុវណ្ណថា អតីតសកម្មជនគណបក្សប្រឆាំង និងលោក ស្រី ចំរើន និស្សិតដែលអះអាងចង់ស្វែងរកយុត្តិធម៌សង្គមក្នុងរឿងនេះ។
ចំណែកអ្នកជាប់ឃុំ ៦នាក់ មានមន្ត្រីអាដហុក ៤នាក់ មន្ត្រី គ.ជ.ប. ម្នាក់ និងមេឃុំបក្សប្រឆាំងម្នាក់ រងចោទពីបទ សូកប៉ាន់ និងសមគំនិតសូកប៉ាន់សាក្សី។ តំណាងរាស្ត្រគណបក្សប្រឆាំង ៣រូប ដែលត្រូវបានតុលាការកោះហៅ មានលោក តុ វ៉ាន់ចាន់ លោក ពិន រតនា និងលោក កឹម សុខា។
សាក្សីចំនួន ៥រូប បានចូលបំភ្លឺជាបន្តបន្ទាប់មាន លោកស្រី ទ្រី ឈួន អតីតមេធាវីរបស់ស្រីមុំ លោកស្រី ធីតា ឃឹះ នាយិកាអង្គការសីលការ អ្នកស្រី អ៊ាង គឹមលី មន្ត្រីអាដហុក ប្រចាំខេត្តព្រៃវែង និងលោក ប៉ា ងួនទៀង ប្រធាន CCIM និងប្រធានផ្នែកស្ត្រីសមាគមអាដហុក អ្នកស្រី ឆន សុគន្ធា ដែលនឹងត្រូវចូលបំភ្លឺនៅសបា្តហ៍ក្រោយ។
គួររំឮកផងដែរថា កាលពីថ្ងៃទី១៤ ខែកក្កដា លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ ក្រោមបទចោទបដិសេធក្នុងការចូលខ្លួន ដោយមិនអនុញ្ញាតឲ្យចាកចេញទៅក្រៅប្រទេស ប៉ុន្តែសេចក្តីសម្រេចនេះ ត្រូវបានក្រុមសមាជិកសភា គណបក្សប្រឆាំង ចាត់ទុកថា ជាការរំលោភលើរដ្ឋធម្មនុញ្ញ៕
No comments:
Post a Comment