និពន្ធដោយ:រ៉ឹម ភារី

ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានរៀបចំការប្រកួតជ្រើសរើសយុវជនដែលមានថ្វីមាត់៣រូប ដើម្បីទៅជជែកពិភាក្សាជាមួយយុវជនអាស៊ាន ស្តីពីបញ្ហាសិទ្ធិមនុស្សនៅប្រទេសម៉ាឡេស៊ី។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចេញផ្សាយនៅថ្ងៃទី២៧ សីហា ព្រឹកនេះ ។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល មានបេក្ខជនបេក្ខនារីចំនួន១២រូប មកពីសាកលវិទ្យាល័យចំនួនបីក្នុងរាជធានីភ្នំពេញ រួមមាន សាកលវិទ្យាល័យភូមិន្ទភ្នំពេញចំនួន៣នាក់ សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា៣នាក់ និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច៣នាក់ រួមទាំងមកពីសហភាពសហព័ន្ធយុវជនកម្ពុជា៣រូបផងដែរ។ ក្នុងចំណោមបេក្ខជនបេក្ខនារីទាំង១២នាក់ខាងលើនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងជ្រើសរើសយក៣រូប ដើម្បីទៅចូលរួមពិភាក្សាស្តីពីសិទ្ធិមនុស្សអាស៊ាន ជាមួយយុវជនមកពីបណ្តាសមាជិកអាស៊ានដទៃទៀតនៅប្រទេសម៉ាឡេស៊ី។
កម្មវិធីជជែកពិភាក្សានេះ គឺជាការប្រកួតលើកទីមួយហើយ ដើម្បីជ្រើសរើសយុវជនកម្ពុជាដែលមានថ្វីមាត់៣រូបក្នុងក្របខ័ណ្ឌអាស៊ាន(Best Speaker on Human Rights of ASEAN)។
ការប្រកួតនេះ គឺដើម្បីបង្កើនចំណេះដឹង និងឲ្យយុវជនចាប់អារម្មណ៍ទៅលើសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ានរបស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស(AICHR) ដែលបានអនុម័តជាឯកច្ឆ័ន្ធនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១២ គ្រាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងប្រធានប្តូរវេន។ ជាងនេះទៅទៀតនោះ កម្មវិធីនេះ ក៏ជំរុញយុវជនឲ្យមានការយល់ដឹងពីរបៀបវីរៈឆ្នាំ២០៣០ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ(UNSDGs)។ បន្ថែមពីនេះ កម្មវិធីនេះ ក៏អនុញ្ញាតឲ្យយុវជនអាស៊ាន បានសម្តែង បំណងប្រាថ្នា តស៊ូមតិ សម្តែងគំនិតផ្ទាល់ខ្លួន ជុំវិញបញ្ហាសិទ្ធិមនុស្សអាស៊ានទៀតផង។
សូមបញ្ជាក់ថា យុវជន៣រូប ដែលជាប់ក្នុងការជ្រើសរើសនេះ នឹងធ្វើដំណើរទៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាស៊ីឡេ នៅថ្ងៃទី២២-២៣ ខែកញ្ញា ឆ្នាំ២០១៦ខាងមុននេះ ដើម្បីប្រកួតជាមួយយុវជនមកពីបណ្តាប្រទេសសមាជិកអាស៊ានដទៃទៀត៕
No comments:
Post a Comment